ប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញសម្រាប់ដំណាក់កាល ២០២១-២០២៥
(VOVWORLD) - អញ្ជើញបង្ហាញរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងសម័យបើកកិច្ចប្រជុំលើកទី៩ នៃរដ្ឋសភា នីតិកាលទី១៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ បានបង្កើតសន្ទុះកំណែទម្រង់ បង្កើតសកម្មភាពដ៏រស់រវើករបស់សម្រាប់ឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយសមកាលកម្មនិងប្តូរផ្តាច់រាល់ដំណោះស្រាយ ដើម្បីវៀតណាមអាចសម្រេចបាននូវគោលដៅកំណើនសម្រាប់ដំណាក់កាល ២០២១-២០២៥ ទាំងមូល។
របាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ហើយសមតុល្យសំខាន់ៗត្រូវបានធានា។ ក្នុងនោះ អំពីសេដ្ឋកិច្ច កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦,៩៣% ដែលជាកម្រិតខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នានៅក្នុងដំណាក់កាល ២០២០ - ២០២៥; តំបន់ជាច្រើនមានកំណើនពីរខ្ទង់។ ទុន FDI សម្រេចបានជាង ៦,៧ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតក្នុងដំណាក់កាល ២០២០ - ២០២៥ ដែលបង្ហាញថា វៀតណាមនៅតែបន្តជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ។ទាក់ទងនឹងវប្បធម៌ និងសង្គម សន្ទស្សន៍សុភមង្គលរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ជាប់ចំណាត់ថ្នាក់លេខ ៤៦/១៤៣ កើនឡើង ៨ កាំបើធៀបនឹងឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ខួបអនុស្សាវរីយ៍ និងពិធីបុណ្យប្រពៃណីសំខាន់ៗរបស់ប្រទេសជាតិត្រូវបានរៀបចំយ៉ាងឱឡារិក ពោរពេញដោយអត្ថន័យ ក្នុងនោះមានពិធីក្បួនដង្ហែព្យុយាត្រាអបអរសាទខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិផងដែរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បង្ហាញរបាយការណ៍វាយតម្លៃបន្ថែមអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ ២០២៤; ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងខែដើមឆ្នាំ ២០២៥។ រូបថត៖ quochoi.vn |
ផ្តោតលើការអនុវត្តភារកិច្ច និងដំណោះស្រាយនៅក្នុង "ត្រីកោណយុទ្ធសាស្ត្រ"
របាយការណ៍របស់រដ្ឋាភិបាលបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% ឬលើសពីនេះ ទំហំសេដ្ឋកិច្ចសម្រេចបានជាង ៥០០ ពាន់លានដុល្លារ (រំពឹងថានឹងជាប់ចំណាត់ថ្នាក់ទី ៣០ លើពិភពលោក កើនឡើង ២ លំដាប់) GDP សម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២៥ ឡើងដល់ជាង ៥.០០០ ដុល្លារអាមេរិក រដ្ឋាភិបាលបន្តជ្រួតជ្រាបឲ្យបានហ្មត់ចត់ និងអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា ជាពិសេស សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។ ក្នុងនោះ ផ្តោតលើការអនុវត្តភារកិច្ច និងដំណោះស្រាយក្នុង "ត្រីកោណយុទ្ធសាស្ត្រ" រួមមាន៖ ការរៀបចំបង្រួមក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ; របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; សមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី; ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា៖
“ស្រាវជ្រាវ និងស្នើវិសោធនកម្មច្បាប់ជាបន្ទាន់ ដើម្បីលុបបំបាត់ការរាំងស្ទះ បើកទូលាយប្រភពធនធាន រំដោះកម្លាំងពីខាងក្នុង និងផលិតភាពសង្គមទាំងអស់ និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នៅឆ្នាំ ២០២៥ លុបចោលយ៉ាងហោចណាស់ ៣០% នៃលក្ខខណ្ឌវិនិយោគអាជីវកម្មដែលមិនចាំបាច់; កាត់បន្ថយយ៉ាងហោចណាស់ ៣០% នៃពេលវេលាដំណើរការនីតិវិធីរដ្ឋបាល។ ធ្វើកំណែទម្រង់អភិបាលកិច្ចរដ្ឋឱ្យកាន់តែស៊ីជម្រៅ សុក្រិតនូវទម្រង់ស្ថាប័ននៃប្រព័ន្ធនយោបាយ។ រៀបចំប្រមូលមតិសាធារណៈលើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ (ឆ្នាំ២០១៣)។ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើតទម្រង់កំណើនថ្មី ដោយយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង។ ខិតខំបំពេញគោលដៅដែលមានផ្លូវល្បឿនលឿនជាង ៣.០០០ គីឡូម៉ែត្រ និងផ្លូវតាមឆ្នេរសមុទ្រជាង ១.០០០ គីឡូម៉ែត្រនៅទូទាំងប្រទេសនៅឆ្នាំ ២០២៥។ ពន្លឿនការអនុវត្តគម្រោងសមាសភាគផ្លូវល្បឿនលឿនពីជើងទៅត្បូងក្នុងដំណាក់កាល ២០២១-២០២៥ និងគម្រោងសំខាន់ៗ ផ្សេងទៀត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បង្ហាញរបាយការណ៍វាយតម្លៃបន្ថែមអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ ២០២៤; ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងខែដើមឆ្នាំ ២០២៥។ រូបថត៖ quochoi.vn |
ប្រែក្លាយការលំបាក និងបញ្ហាប្រឈមទៅជាកម្លាំងចលករសម្រាប់ការស្ទុះឈានទៅមុខ
របាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ចាប់តាំងពីដើមឆ្នាំមក ស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ជាពិសេស ការដែលសហរដ្ឋអាមេរិកបានប្រកាសអំពីគោលនយោបាយពន្ធគយបដិកា ខ្ពស់ បានជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងវៀតណាមផងដែរ។ ក្នុងបរិបទនោះ រដ្ឋាភិបាលបានម្ចាស់ការដំណើការអនុវត្តន៍ប្រកបដោយសមកាលកម្មនូវវិធានការឆ្លើយតបទាន់ពេលវេលា ប្រកបដោយភាពបត់បែន និងសមស្រប ដោយសម្រេចបានលទ្ធផលវិជ្ជមានដំបូងនៅពេលដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលអាមេរិកបានព្រមព្រៀងចរចា ហើយការចរចានឹងចាប់ផ្តើមនៅថ្ងៃទី ៧ ឧសភា។ បច្ចុប្បន្ននេះ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបាននឹងកំពុងដឹកនាំយ៉ាងដិតដល់ ដល់ក្រុមការងារចរចា រៀបចំផែនការ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយដំណើការកិច្ចចរចាជាមួយសហរដ្ឋអាមេរិកក្នុងស្មារតី "អត្ថប្រយោជន៍សុខដុមរមនា - ហានិភ័យចែករំលែកជាមួយគ្នា"។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានមានប្រសាសន៍ថា៖
“បំពេញផែនការយ៉ាងសកម្ម និងអនុវត្តន៍កិច្ចចរចាប្រកបដោយប្រសិទ្ធភាពជាមួយសហរដ្ឋអាមេរិក ក្នុងស្មារតីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម សំដៅជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ដោយមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងអន្តរជាតិដែលវៀតណាមបានចូលរួម។ ទន្ទឹមនឹងនោះ ចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ; បង្កើនការត្រួតពិនិត្យ និងតាមដានប្រភពដើមទំនិញ; បន្តធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់; ធ្វើអោយប្រសើរឡើងនូវគុណភាព និងការប្រកួតប្រជែងនៃទំនិញ និងសេវាកម្ម ហើយត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងការអភិវឌ្ឍក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក; បង្កើត និងអនុវត្តដំណោះស្រាយជាបន្ទាន់ដើម្បីឧបត្ថម្ភដល់អាជីវកម្ម និងកម្មករដែលរងផលប៉ះពាល់ដោយគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក”។
នៅចំពោះមុខរាល់ការលំបាកនាពេលនេះ រដ្ឋាភិបាលបញ្ជាក់ថា ខ្លួននឹងមិនដកថយឡើយ នឹងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលដៅដែលបានកំណត់ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ជាង ការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង និងមានសកម្មភាពដ៏ខ្លាំងក្លាក្នុងការគ្រប់គ្រង និងការអនុវត្ត។ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានលើកច្បាស់ថា៖
“ក្នុងបរិបទនៃពិភពលោកដែលប្រែប្រួល និងការលំបាកក្នុងសេដ្ឋកិច្ច ជាងពេល ណាៗទាំងអស់ យើងត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាព បំណងប្រាថ្នាសម្រាប់ការផ្លាស់ប្តូរថ្មី ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ គិតឱ្យបានស៊ីជម្រៅ ធ្វើកិច្ចការធំ និងការតាំងចិត្តខ្ពស់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើសកម្មភាពយ៉ាងខ្លាំង បង្វែរបញ្ហាប្រឈមទៅជាឱកាស ប្រែក្លាយការលំបាកទៅជាកម្លាំងចិត្តដើម្បីសម្រេចបាននូវគោលដៅ ដែលបានដាក់ចេញសម្រាប់ដំណាក់កាល ២០២១-២០២៥ទាំងមូល ដោយប្រឡងណាំងសម្រេចបានសមិទ្ធផលនានា ដើម្បីស្វាគមន៍មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅកាន់មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស”។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថានាពេលខាងមុខ រដ្ឋាភិបាលនឹងសម្រេចជោគជ័យរាល់គោលដៅដែលបានដាក់ចេញ បង្កើតទំនុកចិត្តថ្មី ស្មារតីថ្មី កម្លាំងចិត្តថ្មី កសាងប្រទេសវៀតណាមរឹងមាំ អរិយ្យធម៌ និងវិបុលភាព៕