ប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី

(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៥-១៧ ខែមីនា បានបញ្ចប់ដោយជ័យជំនះយ៉ាងលើសលុបសម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងចំនួនអ្នកទៅបោះឆ្នោតជាប់កំណត់ត្រាខ្ពស់បំផុត។ លទ្ធផលនៃការបោះឆ្នោតនេះបង្ហាញថា សង្គមរុស្ស៊ីកាន់តែរួបរួមគ្នានៅចំពោះមុខបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ន។

ប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ Reuters)

ការពង្រឹងសាមគ្គីភាពនៅក្នុងសង្គមរុស្ស៊ី

ជាមួយនឹងសំឡេងគាំទ្រជិត ៨៨% របស់អ្នកបោះឆ្នោតរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជំនះមួយក្នុងចំណោមជ័យជំនះដ៏លើសលប់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយរុស្ស៊ី ហើយនឹងបន្តកាន់អំណាចរយៈពេល ៦ ឆ្នាំខាងមុខ (២០២៤-២០៣០)។ នេះក៏ជាអាណត្តិប្រធានាធិបតីទី៥របស់លោកពូទីន ចាប់តាំងពីឡើងកាន់តំណែងជាប្រមុខរុស្ស៊ីលើកដំបូងក្នុងឆ្នាំ១៩៩៩។

ក្រៅពីចំនួនសំឡេងគាំទ្រលោកប្រធានាធិបតីវ្លាឌីមៀ ជាប់កំណត់ត្រាខ្ពស់បំផុត អត្រាអ្នកទៅបោះឆ្នោត (៧៤,២២%) ក៏ជាចំនួនខ្ពស់បំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលខ្ពស់ជាងអត្រា ៦៧,៥៤% ក្នុងឆ្នាំ ២០១៨។ តួរលេខទាំងនេះបង្ហាញថា អ្នកបោះឆ្នោតរុស្ស៊ីភាគច្រើន មិនត្រឹមតែមានជំនឿជាក់លើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសាមគ្គីភាពកាន់តែខ្លាំងក្នុងបរិបទបច្ចុប្បន្ន ដើម្បីឆ្លើយតបនឹងសម្ពាធពីខាងក្រៅទៀងផង។ យោងតាមលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អត្រាអ្នកទៅបោះឆ្នោតខ្ពស់បង្ហាញថា ប្រជាជន
រុស្ស៊ីយល់ដឹងយ៉ាងច្បាស់អំពីស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមរបស់ប្រទេសនេះ៖

“នោះគឺជាមូលហេតុដែលចំនួនអ្នកទៅបោះឆ្នោតមានកម្រិតកំណត់ត្រា។ ប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការពង្រឹងនយោបាយផ្ទៃក្នុងដើម្បីឈានទៅមុខ។ សាមគ្គីភាពនេះនឹងអនុញ្ញាតឱ្យយើងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅខ្សែជួរមុខ អភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រជាជន និងសម្រេចគោលដៅនានានៃផែនការអភិវឌ្ឍន៍សង្គម។ យើងមានគម្រោងអភិវឌ្ឍន៍ធំៗ។ ប្រជាជនយល់ឃើញប្រការនោះ ដូច្នេះបានជាពួកគេទៅបោះឆ្នោតដើម្បីនាំប្រទេសរុស្ស៊ីអភិវឌ្ឍន៍កាន់តែខ្លាំងក្លា”។

យោងតាមអ្នកសង្កេតការណ៍ ជ័យជំនះរបស់លោក វ្ល៉ាឌីមៀ ពូទីន សូម្បីតែជ័យជំនះដ៏លើសលប់មួយ ត្រូវបានគេព្យាករណ៍ពីមុន ពីព្រោះអត្រានៃការគាំទ្រចំពោះលោកប្រធានាធិបតីរុស្ស៊ីរូបនេះ ជានិច្ចកាលមានកម្រិតខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមក។ ដូច្នេះហើយ អ្វីដែលគួរឲ្យទន្ទឹងរង់ចាំពីការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី គឺសូចនាករអំពីសង្គមរុស្ស៊ីនាពេលបច្ចុប្បន្ន ពោលគឺ ២ ឆ្នាំ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងប្រទេសលោកខាងលិច។ លោកស្រី Angela Stent អ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី អឺរ៉ុប រុស្ស៊ីនិងអឺរ៉ុបខាងកើតនៃសាកលវិទ្យាល័យ Georgetown (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា មានរឿងចំនួនពីរដែលប្រទេសលោកខាងលិចយកចិត្តទុកដាក់ពិសេសចំពោះការបោះឆ្នោតនៅរុស្ស៊ី រួមមាន៖ របៀបប្រតិកម្មរបស់អ្នកបោះឆ្នោតរុស្ស៊ីចំពោះស្ថានភាពបច្ចុប្បន្នតាមរយៈសន្លឹកឆ្នោត; ការផ្លាស់ប្តូរគោលនយោបាយរបស់រុស្ស៊ីបន្ទាប់ពីការបោះឆ្នោត ជាពិសេសទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី - ảnh 2លទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើអេក្រង់នៅទីស្នាក់ការនៃគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្ស៊ីនៅទីក្រុងមូស្គូ កាលពីថ្ងៃទី ១៧ ខែមីនា។ (រូបថត៖ Reuters)

បញ្ហាប្រឈមដ៏វែងអន្លាយ

ជ័យជំនះដ៏លើសលប់នៅក្នុងការបោះឆ្នោតប្រធានាធិបតី បាននាំមកនូវធនធាននយោបាយដ៏ធំធេងដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយពង្រឹងជម្រើសគោលនយោបាយនាពេលថ្មីៗនេះ របស់រុស្ស៊ីទាក់ទងនឹងសន្តិសុខ កិច្ចការបរទេស និងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនទាន់មានសញ្ញានៃការរកឃើញច្រកចេញខាងនយោបាយ-ការទូតក្នុងពេលឆាប់ៗនេះ អ្វីដែលអ្នកបោះឆ្នោតរុស្ស៊ីយកចិត្តទុកដាក់ជាងនេះទៅទៀត ប្រហែលជាការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាស្ថិរភាពនៅក្នុងប្រទេសរុស្ស៊ី ក្នុងបរិបទមានបញ្ហាប្រឈមដ៏វែងអន្លាយដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច។  នេះក៏ជាកង្វល់ដ៏ធំបំផុតមួយរបស់អ្នកបោះឆ្នោតវ័យក្មេងនៅរុស្ស៊ីផងដែរ។ លោក Zaurbek Burnatsev យុវជនម្នាក់មកពី Vladikavkaz ដែលទទួលស្គាល់ដោយខ្លួនឯងថា ស្ថិតនៅក្នុង "ជំនាន់ពូទីន" បានចែករំលែកថា៖

“តើខ្ញុំចង់បានអ្វី? ទីមួយ ខ្ញុំចង់បានសន្តិសុខ និងយថាទស្សន៍សម្រាប់អនាគត ខ្ញុំចង់មានការរីកចម្រើននិងឱកាស។ តាមខ្ញុំសង្កេតឥឡូវនេះ អ្វីៗគ្រប់បែបយ៉ាងគឺប្រសើរជាងមុន។ សង្ឃឹមថា វានឹងត្រូវបានកែលម្អបន្ថែមទៀត មិនមែនជាអាក្រក់ទៅនោះទេ”។

នៅក្នុងសារដែលចេញផ្សាយមុនការបោះឆ្នោត លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានលើកឡើងពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនផងដែរ។ នៅក្នុងសារប្រចាំឆ្នាំកាលពីថ្ងៃទី ២៩ ខែកុម្ភៈ លោកពូទីន បានសរសើរពីភាពធន់នៃសេដ្ឋកិច្ចរុស្ស៊ីក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដោយនិយាយថា រុស្ស៊ីសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចចំនួន ៣,៦% កាលពីឆ្នាំមុន ដែលខ្ពស់ជាងប្រទេសណាមួយនៅក្នុងក្រុមប្រទេសមហាអំណាចឧស្សាហកម្ម (G7)។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញចាត់ទុកថា ទោះបីជាសេដ្ឋកិច្ចរុស្ស៊ីមានការរីកចម្រើនជាងការរំពឹងទុកក្នុងរយៈពេលពីរឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែប្រទេសរុស្ស៊ីនៅតែមានបញ្ហាប្រឈមធំៗជាច្រើននៅខាងមុខ រួមមាន៖ អត្រាអតិផរណាខ្ពស់ (៧,៧%); សេដ្ឋកិច្ចនៅតែពឹងផ្អែកខ្លាំងលើប្រាក់ចំណូលពីថាមពល។ ការពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីសម្របខ្លួនទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ហើយជាពិសេសគឺហានិភ័យផ្នែកសន្តិសុខ ប្រសិនបើជម្លោះក្នុងប្រទេសអ៊ុយក្រែនធ្លាក់ចេញពីការគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ