ផ្ទាំងគំនូរមជ្ឈឹមបូព៌ាឆ្នាំ២០១៩៖ ពណ៌ខ្មៅអ័ព្ទអួរសឹងតែទាំងស្រុង

(VOVWORLD) - ក្នុងឆ្នាំ២០១៩ ផ្ទាំងគំនូរទូទៅនៃមជ្ឈឹមបូព៌ាបន្តត្រូវគ្របដណ្ដប់ដោយពណ៌ខ្មៅ អ័ព្ទអួរនៃជម្លោះ អំពើហឹង្សានិងវិបត្តិ។ ស្ថានភាពនៅតំបន់នេះត្រូវបានគេចាត់ ទុកថា នៅតែមានគ្រោះអាសន្នអស្ថិរភាពខ្ពស់។

វិបត្តិនៅស៊ីរីមិនទាន់បញ្ចប់នៅឡើយ

        នៅស៊ីរី ស្ថានភាពអំពើហឹង្សា ជម្លោះ ការបែកបាក់ជាតិសាសន៍ និងការ ប្រកួតប្រជែងដណ្ដើមឥទ្ធិពលរវាងបណ្ដាប្រទេស នៅតែប្រព្រឹត្តទៅយ៉ាងស្មុគ ស្មាញ។ រហូតដល់ចុងឆ្នាំ២០១៩ ដែនដីនៃប្រទេសអារ៉ាប់នេះនៅតែត្រូវចែកជា ផ្នែកជាច្រើន ក្រោមការកាន់កាប់របស់កម្លាំងយោធាខុសគ្នា ក្នុងនោះមានទាំង អានុភាពបរទេស។ ក្រោយពីយុទ្ធនាការ “និទាឃរដូវសន្តិភាព” បំផុសឡើងដោយ ប្រទេសទួរគីនៅតំបន់ភាគខាងជើងស៊ីរីកាលពីថ្ងៃទី៩ខែតុលាកន្លងទៅ ហើយ អូសបន្លាយក្នុងរយៈពេល២សប្ដាហ៍នោះ សភាពការណ៍នយោបាយនៅស៊ីរីបាន ផ្លាស់ប្ដូរយ៉ាងខ្លាំង។ អាមេរិកបានបាត់បង់ឋានៈរបស់ខ្លួន ខណៈដែលរុស្ស៊ីបង្កើន ឥទ្ធិពលឡើងកម្រិតគួរអោយកត់សម្គាល់។

        យ៉ាងណាមិញ លទ្ធផលដែលសាធារណៈមតិរំពឹងទុកច្រើនបំផុតនោះគឺ សន្តិភាពនិងស្ថិរភាពសម្រាប់ប្រជាជនស៊ីរី គឺនៅមិនទាន់សម្រេចបាននៅឡើយទេ។

ផ្ទាំងគំនូរមជ្ឈឹមបូព៌ាឆ្នាំ២០១៩៖ ពណ៌ខ្មៅអ័ព្ទអួរសឹងតែទាំងស្រុង - ảnh 1ការប៉ះទង្គិចគ្នារវាងជនប៉ាឡេស្ទីននិងទាហានអ៊ីស្រាអែលនៅតំបន់ Gaza នៅតែប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ (រូបថត៖ Xinhua/TTXVN) 

        គ្រោះអាសន្នបំផ្ទុះឡើងជម្លោះរវាងប៉ាឡេស្ទីនិងអ៊ីស្រាអែល

         ចំណែកផ្ទាំងខ្មៅងអ័ព្ទអួរមួយទៀតនៅក្នុងផ្ទាំងគំនូរទូទៅអំពីសន្តិភាពនៅមជ្ឈឹមបូព៌ា ឆ្នាំ២០១៩ គឺត្រូវនិយាយដល់ជម្លោះដែលបានអូសបន្លាយអស់រយៈពេលច្រើន ទសវត្សកន្លងមកនេះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ ការដែលអាជ្ញាធរអាមេរិក ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយបន្លាស់ទីស្នាក់ការ ស្ថានទូតអាមេរិកមកកាន់ទីក្រុងនេះ ព្រមទាំង ប្រកាសការគាំទ្រចំពោះសិទ្ធិរបស់ អ៊ីស្រាអែលក្នុងបញ្ហាកសាងទីប្រជុំជនជ្វីហ្វនៅលើតំបន់ដែនដីដែលអ៊ីស្រាអែល ទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន បានបន្តជីកចូលជ្រៅថែមទៀតចូលក្នុងភាពតានតឹង រវាងប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះ។ ការបាញ់ប្រហារឆ្លងដែនរវាងខ្មាន់កាំភ្លើង ប៉ាឡេស្ទីននៅតំបន់ Gaza និងកងទ័ពអ៊ីស្រាអែល បានប្រព្រឹត្តទៅយ៉ាងញឹក ញាប់ ដែលបណ្ដាលអោយគ្រោះអាសន្នសង្គ្រាមអាចផ្ទុះឡើងនៅគ្រប់ពេល ហើយបំផ្លិចបំផ្លាញអ្វីៗគ្រប់បែបយ៉ាង។

        សាធារណៈមតិក្នុងតំបន់និងលើពិភពលោកបានបង្ហាញការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពជាប់គាំងក្នុងដំណើរការចរចាសន្តិភាពនៅមជ្ឈឹមបូព៌ា ហើយអំពាវនាវអោយភាគីនានាត្រូវតែអត់ធ្មត់ ជៀសវាងការប្រើប្រាស់អំពើហឹង្សា ហើយខិតខំប្រឹងប្រែងសង្គ្រោះកិច្ចចរចាផងដែរ។

        ភាពតានតឹងកើនឡើងនៅច្រកទ្វារសមុទ្រ Hormuz គ្រោះអាសន្នសង្គ្រាម ជិតមកដល់

        នឹងជាការខ្វះខាតដ៏ធំមួយប្រសិនបើមិននិយាយដល់ដំណាក់កាលដែលភាពតានតឹងបានផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅច្រកទ្វារសមុទ្រ Hormuz ក្នុងឆ្នាំកន្លង ទៅ។ អាមេរិកនិងអ៊ីរ៉ង់បានឈរនៅលើច្រាំងនៃជម្លោះយោធាមួយយ៉ាងពិត ប្រាកដ។ វ៉ាស៊ីនតោនបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ Abraham Lincoln ទៅកាន់តំបន់ឈូងសមុទ្រពែក្សកាលពីខែឧសភា ខណៈដែល តេអេរ៉ង់បានបាញ់ ទម្លាក់យន្តហោះគ្មានអ្នកបើកបរក្នុងតម្លៃ២០០លានដុល្លាអាមេរិករបស់កងទ័ព ជើងទឹកអាមេរិកកាលពីខែមិថុនា។ ប្រធានាធិបតីអាមេរិកលោក Donald Trump សូម្បីតែបានបញ្ជាអោយធ្វើការវាយប្រហារតាមជើងអាកាសទៅលើអ៊ីរ៉ង់ ប៉ុន្តែ ត្រូវបានលុបចោលវិញនៅចុងបំផុត។ ក្រោយមក អ៊ីរ៉ង់បានចាប់ឃាត់នាវាដឹកប្រេងបរ ទេសជាច្រើននៅច្រកទ្វារសមុទ្រ Hormuz ដោយការចោទប្រកាន់ខុសគ្នា។

        ភាពតានតឹងនៅច្រកទ្វារសមុទ្រ Hormuz បានឆ្លុះបញ្ចាំងនូវការប្រឈមមុខ ដាក់គ្នាខាងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏កាចសាហាវនៅតំបន់ឈូងសមុទ្រពែក្សរវាងបណ្ដាអានុភាពអន្តរជាតិនិងតំបន់។ អាមេរិកនិងក្រុមសម្ព័ន្ធមិត្តរួមមានអារ៉ាប់ ប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមបានចោទប្រកាន់ជាច្រើនលើកច្រើនសារទៅលើអ៊ីរ៉ង់ពីការប្រជែងដណ្ដើមឥទ្ធិពលដោយកងកម្លាំងប្រូកស៊ី (proxy) នៅយេម៉ែន ស៊ីរីនិងអ៊ីរ៉ាក់។ ផ្ទុយទៅវិញ តេអេរ៉ង់ចាត់ទុកថា វ៉ាស៊ីនតោនបានគំរាមកំហែង ដល់សន្តិភាពតំបន់ ដោយការដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះចម្បាំង រួមជាមួយយុទ្ធភ័ណ្ឌជាច្រើននៅតំបន់ឈូងសមុទ្រពែក្ស។

        ចំណុចភ្លឺយ៉ាងតិចតួច  

      សំណាងល្អគឺនៅក្នុងផ្ទាំងគំនូរទូទៅនៃតំបន់មជ្ឈឹមបូព៌ាដ៏ខ្មៅងអ័ព្ទអួរសឹងតែទាំងស្រុងក្នុងឆ្នាំកន្លងទៅ នៅតែមានចំណុចភ្លឺមួយចំនួនដែរ។ ដំបូងឡើយត្រូវ និយាយដល់ការបន្ធូរស្រាលភាពតានតឹងគួរអោយកត់សម្គាល់នៃវិបត្តិការទូតរវាងក្រុមប្រទេសអារ៉ាប់ចំនួន៤រួមមានអារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែននិង អេហ្ស៊ីបជាមួយកាតាដែលបានផ្ទុះឡើងកាលពីខែមិថុនាឆ្នាំ២០១៧។ កាលពី ដើមខែធ្នូកន្លងទៅ អារ៉ាប់ប៊ីសាអូឌីតបានផ្ញើរលិខិតអញ្ជើញព្រះមហាក្សត្រកាតា ចូលរួមកិច្ចប្រជុំលើកទី៤០នៃក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រពែក្ស (GCC)។ ដល់ថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្រ្តីការបរទេសកាតាបានប្រកាសថា ស្ថានភាព ជាប់គាំងក្នុងទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីតត្រូវបានបំបែករួចហើយ។

        ក្រៅពីនោះ សង្គ្រាមប្រឆាំងនឹងអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ទទួលបានលទ្ធផលជាច្រើននៅស៊ីរីនិងអ៊ីរ៉ាក់។ តំបន់ប្រតិបត្តិការរបស់ IS ត្រូវ បានបង្រួញ ហើយមេដឹកនាំកំពូល IS លោក Abu Bakr al-Baghdadi ត្រូវសម្លាប់ ដោយកម្លាំងពិសេសអាមេរិកកាលពីថ្ងៃទី២៦ខែតុលាកន្លងទៅ។

        យ៉ាងណាមិញ សំខាន់បំផុតនោះគឺទោះបីជាជម្លោះនិងវិបត្តិមានការវិវឌ្ឍន៍ យ៉ាងណាក៏ដោយប៉ុន្តែសេចក្ដីប្រាថ្នានិងកិច្ចខិតខំប្រឹងប្រែងស្ថាបនាសន្តិភាពនៅតែគងវង្សជានិច្ចហើយទទួលបានការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងខ្លាំងក្លា របស់សហគមន៍អន្តរជាតិ។ នោះពិតជាចំណុចដ៏សកម្មមួយក្នុងផ្ទាំងគំនូរពោរពេញទៅ ដោយអំពើហឹង្សានៃមជ្ឈឹមបូព៌ាក្នុងឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ