ពង្រីកប្រភពធនធាន បង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត

(VOVWORLD) - វៀតណាមកំពុងអនុវត្តន៍កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩។ ក្នុងដំណើរការនេះ ការពង្រីកជាអតិបរមានូវប្រភពធនធាននិងកម្លាំងជំរុញ ពិតជាមានអត្ថន័យដ៏សំខាន់ ដើម្បី “ប្រែក្លាយហានិភ័យទៅជាឱកាស” ហើយរកឃើញឱកាសអភិវឌ្ឍថ្មីៗ។

វិធីអភិក្រមថ្មីក្នុងការកៀរគរ ទាញយកប្រយោជន៍ និងប្រើប្រាស់ ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ការកំណត់កម្លាំងជំរុញថ្មីសម្រាប់ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ត្រូវបានស្ដែងចេញពី៖ និន្នាការសកលចក្ខុវិស័យជាតិ និងសកម្មភាពប្រចាំមូលដ្ឋាន។

ផែនការមេ ដំណោះស្រាយសមកាលកម្ម

បើតាមលោកសាស្ត្រាចារ្យបណ្ឌិត Nguyen Van Thao អតីតអនុប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម ក្នុងបរិបទជំងឺកូវីដ-១៩ ដែលបានកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនលើពិភពលោក រារាំងសកម្មភាពវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនោះ បណ្តាប្រទេស សម្ព័ន្ធក្រុមហ៊ុន និងអាជីវកម្មលើទូទាំងពិភពលោក កំពុងខិតខំប្រឹងប្រែងស្វែងរកវិធីស្ដារឡើងវិញ។ ដូច្នេះ ប្រសិនបើអាជីវកម្មវៀតណាមចាប់យកបាននូវឱកាសនេះ នឹងចូលរួមយ៉ាងសកម្មក្នុងការស្តារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ ដើម្បីឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

ពង្រីកប្រភពធនធាន បង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត - ảnh 1លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ។
(រូបថត៖ daibieunhandan.vn)

ដើម្បីធ្វើបានដូច្នេះ វៀតណាមត្រូវតែមានផែនការមេ និងដំណោះស្រាយសមកាលកម្មជាច្រើន។ ជាក់ស្តែង គឺម្ចាស់ការ សកម្មជំរុញសកម្មភាពកិច្ចការបរទេសរបស់រដ្ឋ គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ដើម្បីតភ្ជាប់ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិ របស់សហគ្រាសក្នុងស្រុកជាមួយបរទេស។ ទន្ទឹមនឹងនោះ សុក្រិតរបៀបរបប ច្បាប់ គោលនយោបាយ (ជាពិសេសគោលនយោបាយហិរញ្ញវត្ថុនិងដីធ្លី) នីតិវិធីរដ្ឋបាល ដើម្បីបង្កើតបរិ យាកាសអាជីវកម្ម-វិនិយោគដ៏បើកចំហ គួរឲ្យទាក់ទាញ បណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាព។ លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិ ហូជីមិញបានបញ្ជាក់ថា៖ ការបង្កើនផលិតភាពគឺជាមធ្យោបាយសំខាន់បំផុតដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍនានា។

“ការបង្កើនផលិតភាពត្រូវការអនុវត្តន៍ ឲ្យសមស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ពោលគឺយើងមិនអាចមានគោលនយោបាយរួមសម្រាប់អ្វីៗទាំងអស់បានទេ។ ដំណើរការនេះត្រូវតែប្រព្រឹត្តទៅដោយឈរលើស្មារតីនវានុវត្តភាព ទាំងក្នុងការគិតគូនិងរបៀបធ្វើ ទាំងការត្រិះរិះនិងការធ្វើសកម្មភាព ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃតថភាពជាក់ស្ដែង ផ្ដោតលើការអភិវឌ្ឍវិស័យនានានៃខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ច ឌីជីថល; យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការទាញយកប្រយោជន៍ និងពង្រីកប្រភពធនធានមនុស្ស ពីព្រោះនេះជាប្រភពធនធានផ្ទៃក្នុង ប៉ុន្តែក៏ជាកម្លាំងជំរុញការអភិវឌ្ឍដ៏សំខាន់បំផុតដែលយើងត្រូវគិតគូរផងដែរ”។

បើកទូលាយប្រភពធនធានប្រចាំមូលដ្ឋាន

ចំណែកខាងមូលដ្ឋានវិញ ក្រោយពីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ អស់រយៈពេល២ឆ្នាំកន្លងមក ខេត្តក្រុងជាច្រើនកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញដោយផ្អែកលើឧត្តមភាពដែលមានស្រាប់។ លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Nguyen Xuan Ky បានចាត់ទុកថា ប្រភពធនធានប្រចាំមូលដ្ឋាន ត្រឹមតែអាចបើកទូលាយបាន លុះត្រាតែកំណត់បាននូវសក្តានុពលដ៏ខុសប្លែក ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង។ ពីការយល់ដឹងនោះ ខេត្ត Quang Ninh កំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកការអភិវឌ្ឍបៃតង។ ខេត្តក៏ឈានមុខគេក្នុងការកែទម្រង់រដ្ឋបាលដើម្បីពង្រីកគ្រប់សក្តានុពល និងប្រៀបខ្លាំងទាំងអស់សម្រាប់ការអភិវឌ្ឍ; ពន្លឿនការកសាងសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដោយសមកាលកម្មនិងទំនើប។

នៅខេត្ត Phu Yen វិញ ខេត្តកំពុងសុក្រិតផែនការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាលឆ្នាំ ២០២២ - ២០២៥។ ក្នុងនោះ ផ្តោតសំខាន់លើដំណោះស្រាយ យន្តការ និងគោលនយោបាយដោយមានលក្ខណៈទម្លុះទម្លាយដើម្បីស្តារឡើងវិញយ៉ាងឆាប់រហ័ស រក្សាស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន។ លោក Pham Dai Duong លេខាគណៈកម្មាធិការបក្សខេត្ត Phu Yen បានឲ្យដឹងថា៖

“Phu Yen បានកំណត់វិស័យសេដ្ឋកិច្ចមុខព្រួញដែលជា សេដ្ឋកិច្ចសមុទ្រ តំបន់នេសាទ ទេសចរណ៍ និងកំពង់ផែសមុទ្រ។ Phu Yen បានធ្វើផែនការមេកំពង់ផែទឹកជ្រៅ Bai Goc រួចរាល់ហើយ។ ខេត្តក៏កំពុងរៀបចំផែនការមេសាងសង់គម្រោងថាមពលដើរដោយកម្លាំងខ្យល់នៅឯនាយសមុទ្រ ដោយភ្ជាប់សេដ្ឋកិច្ចសមុទ្រជាមួយការពារជាតិ-សន្តិសុខ។ មានន័យថា យើងខ្ញុំមាន ផែនការ និងយុទ្ធសាស្ត្រដ៏ច្បាស់លាស់ដើម្បីទាញយកប្រយោជន៍ពីសមុទ្រឲ្យបានអតិបរមា។ ទាក់ទងនឹងវិស័យទេសចរណ៍ នាបច្ចុប្បន្ន យើងខ្ញុំកំពុងផ្តោតលើបញ្ហាចំនួន២ គឺកំណែទម្រង់រដ្ឋបាល ដើម្បីឲ្យគម្រោងវិនិយោគអាចអនុវត្តន៍បានយ៉ាងឆាប់រហ័ស; ទីពីរគឺទេសចរណ៍ឲ្យបានស៊ីជម្រៅផងដែរ”។

ក្នុងបរិបទដែលកើតឡើងឧប្បត្តិហេតុនិងវិបត្តិទ្រង់ទ្រាយធំដូចជាជំងឺរាតត្បាតកូវីដ-១៩ ការដែលវៀតណាមកំពុងពង្រីកប្រភពធនធាននិងកម្លាំងជំរុញ គឺមានអត្ថន័យដ៏សំខាន់ណាស់។ ប្រការនេះរួមចំណែកដល់ការបង្កើនភាពធន់នៃសេដ្ឋកិច្ច-សង្គម ហើយបង្កើតបុព្វបទសម្រាប់ស្ថិរភាព “ប្រែក្លាយហានិភ័យទៅឱកាស” ស្វែងរកឱកាសអភិវឌ្ឍថ្មីៗក្នុងអំឡុងពេលនិងក្រោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ