ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមជាមួយអូស្ត្រាលី និងនូវែលសេឡង់
(VOVWORLD) - ថ្ងៃនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាប់ផ្តើម ដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់។ ដំណើរទស្សនកិច្ចអូសបន្លាយរយៈពេលមួយសប្តាហ៍នេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ក្នុងឋានៈជាប្រមុខស្ថាប័ននីតិបញ្ញត្តិវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ quochoi.vn) |
ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីរឹតបន្តឹងទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសំខាន់ពីររបស់វៀតណាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ។
ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីអភិវឌ្ឍន៍យ៉ាងល្អប្រសើរទាំងទ្វេភាគី និងពហុភាគី
អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់បន្តត្រូវបានរក្សា។ ទន្ទឹមនឹងនោះ យន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានអនុវត្តន៍ប្រកបដោយភាពបត់បែនទាំងផ្ទាល់ និងអនឡាញ។ កម្មវិធីធ្វើសកម្មភាពជាមួយអូស្ត្រាលីដំណាក់កាល ២០២០-២០២៣ កំពុងត្រូវបានអនុវត្តន៍យ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។
វៀតណាមនិងអូស្ត្រាលីកំពុងឆ្ពោះទៅរកពិធីរំលឹកខួបលើកទី ៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៣ ខាងមុខ។ នៅក្នុងជំនួបនានា ភាគីអូស្ត្រាលីបានសម្តែងគោលបំណងថា ក្នុងឱកាសនេះ ភាគីទាំងពីរនឹងតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុង “លំហូរ” នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរទាំងលើកម្រិតទ្វេភាគី និងពហុភាគី រួមចំណែកយ៉ាងសំខាន់ទៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំនៅអូស្ត្រាលីមុនដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រធានព្រឹទ្ធសភា ខ្ញុំចាត់ទុកថា ប្រការដ៏សំខាន់មួយគឺការផ្លាស់ប្ដូររវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ក្រុមសមាជិកសភាមិត្តភាពវៀតណាមក៏ជាក្រុមសមាជិកសភាមិត្តភាពធំបំផុតមួយ ក្នុងចំណោមក្រុមសមាជិកសភាមិត្តភាពអូស្ត្រាលី។ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលីក៏នឹងបើកឱកាសសម្រាប់ភាគីទាំងពីរធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនារយៈពេលខាងមុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគណបក្សនានាក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងរួម ដែលយើងត្រូវប្រឈមមុខផងដែរ”។
ក្នុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងជំនួបប្រាស្រ័យថ្នាក់គណៈកម្មាធិការរវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីររងការអាក់ខាន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនានា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានលើវិស័យនីតិបញ្ញត្តិ ការឃ្លាំមើល និងសម្រេចចិត្តលើបញ្ហាថ្នាក់ជាតិដ៏សំខាន់ៗនានា ព្រមទាំងឯកភាពគ្នាបង្កើនការសម្របសម្រួល ជំរុញ និងឃ្លាំមើលក្រសួង ស្ថាប័ន ខេត្ត ក្រុង និងសហគ្រាសនានាក្នុងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវៀតណាម-អូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាពថែមទៀត។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
នូវែលសេឡង់ក៏ជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងផងដែរ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ត្រូវបានរក្សាជាប្រចាំ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ក្នុងវិស័យសេដ្ឋកិច្ច បច្ចុប្បន្ន នូវែលសេឡង់ គឺជាដៃគូពាណិជ្ជកម្មធំទី ៣៦ របស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីមានកំណើនខ្ពស់ បើទោះបីរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ អប់រំ បណ្តុះបណ្តាល និងកសិកម្មអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយមានសក្តានុពលជាច្រើន។ គួរកត់សម្គាល់ថា ប្រទេសទាំងពីរកំពុងផ្តោតការការយកចិត្តទុកដាក់ជំរុញវិស័យសហប្រតិបត្តិការថ្មីមួយចំនួនដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពល។ លោកស្រីឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម Tredene Dobson បានអះអាងថា៖ “យើងខ្ញុំវាយតម្លៃខ្ពស់ពិសេសរាល់ការសន្យាយ៉ាងខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ យើងខ្ញុំក្នុងនាមជាដៃគូជំនួយនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះនូវែលសេឡង់ក៏ប្តេជ្ញាចិត្តជួយវៀតណាមកាត់បន្ថយការបំភាយឧស្ម័នមេតានផងដែរ”។
ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់របស់ ប្រធានរដ្ឋសភាលោក Vuong Dinh Hue គឺជាឱកាសដើម្បីរឹតបន្តឹងចំណងមិត្តភាព ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសំខាន់ទាំងពីររបស់វៀតណាមនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូដ៏សំខាន់ពីររបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យក្រោយជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិ និងផ្លាស់ប្ដូរ ចែករំលែកទស្សនៈអំពីរាល់បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕