ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្រជាមួយអូស្ត្រាលីនិងនូវែលសេឡង់

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានវិលត្រឡប់មករដ្ឋធានីហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅ អូស្ត្រាលីនិងនូវែលសេឡង់ តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាប អូស្ត្រាលី លោក Milton Dick ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines និងប្រធានរដ្ឋសភានូវែលសេឡង់ លោក Adrian Rurawhe ។ សកម្មភាពជាង ៤០ នៅប្រទេសទាំងពីរនេះ បានបើកឱកាសសហប្រតិបត្តិការថ្មីជាច្រើនរវាង វៀតណាមជាមួយប្រទេសទាំងពីរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលីនិងនូវែលសេឡង់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះ គឺជាជំហានជាក់ស្តែងមួយ ដើម្បីអនុវត្តន៍ គោលជំហរកិច្ចការបរទេសដ៏សំខាន់នៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ពោលគឺពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងនិងដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្ដែង។

ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្រជាមួយអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថានៅវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។ (រូបថត៖ VOV)

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រព្រឹត្តទៅក្នុងបរិបទ ដែលវៀតណាម និងអូស្ត្រាលី ត្រៀមរៀបចំអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ - ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣)។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំអូស្ត្រាលី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវទស្សនៈអភិវឌ្ឍន៍របស់វៀតណាម ក៏ដូចជាបំណងចង់រឹតបន្តឹងទំនាក់ទំនងអូស្ត្រាលី-វៀតណាម ផងដែរ។ មេដឹកនាំនៃភាគីទាំងពីរបានឯកភាពគាំទ្រចំពោះការពិចារណាលើកកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលវេលាសមស្រប ក្រោយពីបញ្ចប់នីតិវិធីពាក់ព័ន្ធ។ ចំណុចលេចធ្លោមួយទៀតក្នុងដំណើរទស្សនកិច្ចលើកនេះ គឺការដែលប្រទេសទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី។ នាយកប្រតិបត្តិសមាគមអាស៊ី លោក Philipp Ivanov ដែលចូលរួមវេទិកានេះបានសម្តែងថា៖

“ខ្ញុំគិតថាឱកាសជាច្រើននឹងត្រូវបានបើកចំហ ក្រោយពីវេទិកានេះ សូម្បីតែឱកាសដែលយើងអាចមើលឃើញភ្លាមៗនៅក្នុងវេទិកា នោះគឺប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយតំណាងសហគ្រាសធំៗរបស់អូស្ត្រាលីដែលកំពុងដំណើរការនៅវៀតណាម ហើយបានពិភាក្សាអំពីឱកាសសហប្រតិបត្តិការ។ លើសពីនេះ យើងខ្ញុំឃើញថា ប្រទេសទាំងពីរមានសក្តានុពលសហប្រតិបត្តិការដ៏ធំធេងលើវិស័យកសិកម្ម បច្ចេកវិទ្យា និងការពារជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើកាលានុវត្តភាពថ្មីៗនាពេលអនាគត បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue”។

ក៏ក្នុងវិស័យសេដ្ឋកិច្ចផងដែរ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅនូវែលហ្សេឡង់ ការពង្រឹង ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ហើយនាំវិស័យនេះក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម-នូវែលហ្សេឡង់ គឺជាការសន្យាដែលសម្រេចបាន ក្នុងជំនួបរវាងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងថ្នាក់ដឹកនាំនូវែលសេឡង់។ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មី និងមានសក្តានុពលដូចជា ការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពល និងការប្រែប្រួលអាកាសធាតុ។ វាយតម្លៃពីដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung បានឲ្យដឹងថា៖

“នេះជាដំណើរដ៏សែនសំខាន់ ដែលបង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរពីមុនមករវាងប្រទេសទាំងពីរ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវកម្មវិធីសកម្មភាពអនុវត្តក្របខណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងនូវែលសេឡង់សម្រាប់ដំណាក់កាល ២០២១-២០២៤”។

ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្រជាមួយអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភានូវែលសេឡង់
លោក Adrian Rurawhe។ (រូបថត៖ VOV)

បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសភា

ការពង្រឹងកិច្ចសហប្រតិបត្តិការសភាគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ នៅប្រទេសអូស្ត្រាលី តាមអគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាអូស្ត្រាលីសម្រាប់ដំណាក់កាលបន្ទាប់ ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការថ្មីនិងទូលំទូលាយជាងទៀត នាពេលខាងមុខ។

“ខ្ញុំវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ នេះប្រហែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រការទូតសភា ដែលមានការចុះហត្ថលេខាត្រីភាគី។ ប្រការនេះបង្ហាញថា អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម។ ទីពីរ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងព្រឹទ្ធសភានិងសភាជាន់ទាបអូស្ត្រាលីជាមួយរដ្ឋសភាវៀតណាម នឹងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងឡើងដល់កម្រិតថ្មី”។

នៅប្រទេសនូវែលសេឡង់ ភាគីទាំងពីរបានឯកភាពលើការស្រាវជ្រាវនិងកសាងកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ក្នុងបំណងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ភាគីទាំងពីរ ដើម្បីជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនាពេលខាងមុខ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានចាត់ទុកថា៖

“យើងនឹងបន្តជំរុញជាមួយខាងមិត្តដើម្បីពិភាក្សាអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ ហើយចុះហត្ថលេខាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសម្តែងនូវគោលបំណងថា មុនពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥ ភាគីទាំងពីរអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីធ្វើជាមូលដ្ឋានច្បាប់ ជំរុញទំនាក់ទំនងសភារវាងវៀតណាម-នូវែលសេឡង់”។

អាចនិយាយបានថា ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ជាង ៤០ នៅទាំងអូស្ត្រាលី និងនូវែលសេឡង់ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ជ្រាលជ្រៅ។ លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានឥទ្ធិពលយ៉ាងខ្លាំងក្លា ដែលបង្កើតកម្លាំងចលករដល់ទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីនិងនូវែលសេឡង់ដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ