ភាពតានតឹងកើនឡើងក្នុងជម្លោះនៅតំបន់ហ្គាហ្សា

(VOVWORLD) - ជម្លោះដែលអូសបន្លាយជាង ១៨ ខែកន្លងមកនៅតំបន់ហ្គាហ្សា ហៀបនឹងឈានចូលដំណាក់កាលថ្មីដ៏កាន់តែសាហាវជាងមុន នៅពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលកាលពីថ្ងៃទី ៥ ឧសភា បានប្រកាសថា នឹងបើកយុទ្ធនាការយោធាដ៏ស៊ីជម្រៅមួយ សំដៅគ្រប់គ្រងតំបន់នេះយ៉ាងពេញលេញ។ វិធានការនេះអាចធ្វើអោយតំបន់មជ្ឈិមបូព៌ាទាំងមូលដែលមិនមានស្ថិរភាពរួចទៅហើយ នឹងកាន់តែស្មុគស្មាញថែមទៀត។

ភាពតានតឹងកើនឡើងក្នុងជម្លោះនៅតំបន់ហ្គាហ្សា - ảnh 1នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា នឹងបើកយុទ្ធនាការវាយប្រហារថ្មីនៅតំបន់ហ្គាហ្សា។ (រូបថត៖ Xinhua/VNA)

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ៥ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា នឹងបើកយុទ្ធនាការវាយប្រហារថ្មីនៅតំបន់ហ្គាហ្សា ដោយហៅនេះជាដំណាក់កាលបន្ទាប់នៃជម្លោះជាមួយនឹងគោលដៅថ្មីទាំងស្រុង។    

ចេតនាថ្មីរបស់អ៊ីស្រាអែល

ចំណុចគួរឲ្យកត់សម្គាល់ និងគួរឲ្យព្រួយបារម្ភបំផុតក្នុងផែនការយោធាថ្មីរបស់អ៊ីស្រាអែលនៅហ្គាហ្សានោះ គឺចេតនាយូរអង្វែងរបស់អ៊ីស្រាអែលនៅហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៥ ខែឧសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich ដែលជាឥស្សរជនល្បីល្បាញមួយរូបជាមួយនឹងទស្សនៈស្តាំជ្រុលនិយម បានប្រកាសថា អ៊ីស្រាអែលនឹងកាន់កាប់តំបន់ហ្គាហ្សា សូម្បីតែនៅពេលសម្រេចបានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងក៏ដោយ។ ក្នុងពេលជាមួយគ្នានោះ ទោះបីជាមិននិយាយដោយផ្ទាល់អំពីការកាន់កាប់តំបន់ហ្គាហ្សាដោយគ្មានកាលកំណត់ក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយផងដែរថា កងទ័ពអ៊ីស្រាអែលនឹងមិនអនុវត្តន៍យុទ្ធសាស្ត្រដូចកាលពីមុននោះទេ។

“ប្រការមួយដែលត្រូវបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពរបស់យើងនឹងមិនសម្រុកចូលទៅក្នុងហ្គាហ្សាហើយបន្ទាប់មកដកថយនោះឡើយ។ តើយើងគួរតែកោះហៅកងទ័ពបម្រុងដើម្បីកាន់កាប់តំបន់ដែនដីរួច ហើយបន្ទាប់មកបោះបង់ចោលវា និងបន្តយុទ្ធនាការនៅក្នុងតំបន់ដែលនៅសេសសល់ដែរឬទេ? នោះមិនមែនជាផែនការ និងចេតនារបស់យើងទេ។ចេតនារបស់យើងគឺធ្វើផ្ទុយទៅវិញ”។

ក្រៅពីផែនការយោធាថ្មី ប្រភពព័ត៌មានជាច្រើននៅមជ្ឈិមបូព៌ាក៏បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងបន្តជំរុញសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការផ្លាស់ទីដោយស្ម័គ្រចិត្តរបស់ប្រជាជនហ្គាហ្សា ទៅកាន់ប្រទេសជិតខាងដូចជាហ្សកដានីឬអេហ្ស៊ីប។ កាយវិកាទាំងនេះភ្លាមៗបានជួបប្រទះនឹងប្រតិកម្មជាច្រើនពីភាគីនានា។ អង្គការសហប្រជាជាតិបានព្រមានថា យុទ្ធនាការយោធាថ្មីនឹងធ្វើឱ្យគ្រោះមហន្តរាយមនុស្សធម៌នាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗ។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖

"អគ្គលេខាធិការអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ស្ដីពីផែនការរបស់អ៊ីស្រាអែលដែលចង់ពង្រីកប្រតិបត្តិការលើដីគោក ក៏ដូចជាពន្យារពេលវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ប្រការនេះប្រាកដណាស់ថា នឹងបណ្ដាលឲ្យជនស៊ីវិលស្លាប់ច្រើនបន្ថែមទៀត ហើយហេដ្ឋារចនាសម្ព័ន្ធរបស់ហ្គាហ្សាត្រូវបំផ្លិចបំផ្លាញផងដែរ។ ហ្គាហ្សា ត្រូវតែជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត"។ 

ផែនការយោធាថ្មីរបស់អ៊ីស្រាអែលត្រូវបានប្រកាសនៅពេលដែលអង្គការអន្តរជាតិជាច្រើនបានវាយតម្លៃថា គ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា ហៀបនឹងលើសពីកម្រិតស៊ូទ្រាំហើយ។ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ២ ខែឧសភា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ស្ទើរតែគ្រប់ប្រភពស្បៀងអាហារ ទឹកស្អាត ឱសថ និងបរិក្ខារពេទ្យហៀបនឹងអស់ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យស្លាប់។

ភាពតានតឹងកើនឡើងក្នុងជម្លោះនៅតំបន់ហ្គាហ្សា - ảnh 2ទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ (រូបថត៖ Xinhua)

ភាពតានតឹងនៅសមរភូមិជាច្រើន

យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ផែនការយោធាថ្មីរបស់អ៊ីស្រាអែលនៅហ្គាហ្សា ត្រូវបានរៀបចំអស់រយៈពេលជាច្រើនខែ ហើយការជ្រើសរើសប្រកាសផែនការនេះមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់មជ្ឈិមបូព៌ា ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣-១៦ ខែឧសភានោះ បានបង្ហាញថា រដ្ឋាភិបាលអ៊ីស្រាអែលចង់បន្តបញ្ចុះបញ្ចូលរដ្ឋអំណាចអាមេរិកឱ្យបន្តផែនការពីមុនរបស់លោកប្រធានាធិបតី Donald Trump នៅតំបន់ហ្គាហ្សានោះ គឺការផ្លាស់ទីជនស៊ីវិលទាំងអស់នៅហ្គាហ្សា ទៅកាន់ប្រទេសផ្សេងទៀត ហើយអាមេរិកនិងអ៊ីស្រាអែលនឹងកាន់កាប់តំបន់នេះរួមគ្នា។

យុទ្ធនាការយោធាថ្មីនៅតំបន់ហ្គាហ្សាអាចគ្រាន់តែជាការចាប់ផ្តើមនៃជម្លោះថ្មីដ៏កាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែលកំពុងខិតខំទាញយកប្រយោជន៍ពីឧត្តមភាពយោធារបស់ខ្លួន និងការគាំទ្រពីសហរដ្ឋអាមេរិក។ ក្តីបារម្ភនេះកាន់តែកើនឡើង នៅពេលដែលកាលពីថ្ងៃទី ៥ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការយោធាថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាឡើយ ហើយត្រឹមតែនិយាយថា សហរដ្ឋអាមេរិកនឹងជួយផ្តល់អាហារដល់ប្រជាជននៅតំបន់ហ្គាហ្សាប៉ុណ្ណោះ។ យោងតាមលោកស្រី Emma Ashford អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Stimson (សហរដ្ឋអាមេរិក) ក្នុងបញ្ហាអ៊ីស្រាអែល លោក Donald Trump ទទួលរងសម្ពាធយ៉ាងខ្លាំងសូម្បីតែពីខាងក្នុងសហរដ្ឋអាមេរិក។

“បរិមាណធំនៃអ្នកគាំទ្ររបស់លោក Donald Trump មិនថាជាទីប្រឹក្សាសេតវិមាន ឬសមាជិកនៃគណបក្សសាធារណៈរដ្ឋនោះទេ សុទ្ធតែមានការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលលើបញ្ហាតំបន់ហ្គាហ្សា អ៊ីរ៉ង់ ឬមជ្ឈិមបូព៌ានិយាយរួម សូម្បីតែច្រើនជាងការគាំទ្រចំពោះលោក Trump ខ្លួនឯង ឬគោលនយោបាយ “អាមេរិកទីមួយ”។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ប៉ុន្មានសប្តាហ៍ខាងមុខអាចចាត់ទុកថា ជា "រយៈ
ពេលដ៏គ្រោះថ្នាក់" នៅមជ្ឈិមបូព៌ា ពីព្រោះពេលវេលាដែលអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការយោធាថ្មីនៅតំបន់ហ្គាហ្សា នឹងស្របពេលដែលការចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវសម្រេចបានវឌ្ឍនភាពដ៏ធំ បើមិនដូច្នេះទេ រដ្ឋអំណាចអាមេរិកអាចនឹងត្រូវប្រើប្រាស់វិធានការយោធាដូចការគំរាមកំហែងពីមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ