(VOVWORLD) - ស្ថានភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរគឺ ឥណ្ឌា និងប៉ាគីស្ថាន បានកើនឡើងនាប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលភាគីទាំងពីរបានអនុវត្តប្រតិបត្តិការយោធាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ប្រឆាំងនឹងគ្នាទៅវិញទៅមក ដោយបង្កើនការព្រួយបារម្ភនៅក្នុងសហគមន៍អន្តរជាតិ។
នៅព្រឹកព្រលឹមថ្ងៃទី ៧ ឧសភា កងទ័ពឥណ្ឌាបានធ្វើការវាយប្រហារតាមផ្លូវអាកាសលើទីតាំងជាបន្តបន្ទាប់នៅក្នុងតំបន់ Kashmir ផ្នែកគ្រប់គ្រងដោយប៉ាគីស្ថាន និងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុង Pahalgam រដ្ឋ Jammu & Kashmir (ឥណ្ឌា) បណ្តាលឲ្យមនុស្ស ៣៦ នាក់បានស្លាប់។
ស្ថានភាពឡើងជណ្ដើរយ៉ាងឆាប់រហ័ស
ការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃទី៧ ឧសភា របស់កងទ័ពឥណ្ឌា គឺជាប្រតិបត្តិការយោធាដ៏ធំបំផុត ដែលប្រទេសនេះបានធ្វើឡើងប្រឆាំងនឹងទឹកដីប៉ាគីស្ថាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ គួរកត់សម្គាល់ថា ការវាយប្រហារតាមផ្លូវអាកាសទាំងនេះ មិនត្រឹមតែសំដៅទៅលើទីតាំងដែលឥណ្ឌាចាត់ទុកជា “ហេដ្ឋារចនាសម្ព័ន្ធភេរវករ” នៅក្នុងតំបន់ Kashmir ផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសំដៅទៅលើគោលដៅមួយចំនួនក្នុងខេត្ត Punjab ស្ថិតជ្រៅក្នុងទឹកដីប៉ាគីស្ថានទៀតផង។ យោងតាមព័ត៌មានពីប៉ាគីស្ថាន មានមនុស្ស៣១នាក់បានស្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ឥណ្ឌា ប៉ាគីស្ថាននាថ្ងៃទី ៨ ឧសភាក៏ត្រូវបានចាត់ទុកថា បានបាញ់មីស៊ីលនិងយន្តហោះដ្រូន(UAVs) ចូលទៅក្នុងរដ្ឋ Jammu & Kashmir របស់ឥណ្ឌា ហើយបានអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងនិង UAV ជាច្រើនគ្រឿង របស់ប្រទេសខាងខ្លួន។
យោងតាមលោក Michael Kugelman នាយកវិទ្យាស្ថានអាស៊ីខាងត្បូងនៃមជ្ឈមណ្ឌលអ្នកប្រាជ្ញ អន្តរជាតិ Woodrow Wilson (សហរដ្ឋអាមេរិក) បានឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ជម្លោះយោធាក្នុងតំបន់រវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងលើសពីទំហំនៃជម្លោះដ៏ធំបំផុតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩។
ដោយចែករំលែកការព្រួយបារម្ភនេះ អ្នកជំនាញ Walter Ladwig នៃមហាវិទ្យាល័យ King's College (ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស) បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ កងទ័ពប៉ាគីស្ថានបានរក្សាគោលនយោបាយមួយហៅថា "quid pro quo plus" ដែលមានន័យថា នឹងតែងតែឆ្លើយតបដោយស្មើ ឬខ្ពស់ជាង ដូច្នេះហើយ ហានិភ័យនៃការវាយប្រហារសងសឹករវាងឥណ្ឌា និងប៉ាគីស្ថាន ដែលនាំឱ្យមានជម្លោះរីករាលដាលហួសពីការគ្រប់គ្រងគឺគួរឲ្យព្រួយបារម្ភណាស់។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងបរិបទនៃអស្ថិរភាពបច្ចុប្បន្ន ដោយសារតែជម្លោះធំៗនៅអ៊ុយក្រែននិងមជ្ឈិមបូព៌ា ពិភពលោកមិនអាចទ្រាំទ្រនឹងជម្លោះធំមួយទៀតនៅអាស៊ីខាងត្បូងបានទេ។
“កុំឲខុសឆ្គង៖ ដំណោះស្រាយយោធាមិនមែនជាដំណោះស្រាយទេ។ យើងខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយរដ្ឋាភិបាលទាំងពីរស្វែងរកសន្តិភាព។ អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រគំនិតផ្តួចផ្តើមណាមួយដែលជួយកាត់បន្ថយភាពតានតឹង ជំរុញការទូត ក៏ដូចជាធ្វើបច្ចុប្បន្នភាពការសន្យាសន្តិភាព”។
ក្នុងពេលនោះ ភ្លាមៗបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ២២ ខែមេសា នៅទីក្រុង Pahalgam ឥណ្ឌាក៏បានផ្អាកជាបណ្តោះអាសន្ននូវសន្ធិសញ្ញាទន្លេ ឥណ្ឌូស ដែលគ្រប់គ្រងការចែករំលែកធនធានទឹករវាងឥណ្ឌា និងប៉ាគីស្ថាន។ បច្ចុប្បន្ននេះ ៨០% នៃផ្ទៃដីកសិកម្មរបស់ប៉ាគីស្ថានពឹងផ្អែកលើធនធានទឹកពីទន្លេឥណ្ឌូសដែលត្រូវបានគ្រប់គ្រងក្រោមសន្ធិសញ្ញានេះ។
ដំណោះស្រាយសម្រាប់បណ្តុះកម្តៅ
ក្រៅពីអង្គការសហប្រជាជាតិ មហាអំណាចដូចជាអាមេរិក រុស្ស៊ី ចិន និងសហភាពអឺរ៉ុប (EU) ក៏បានអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់ការសងសឹកខាងយោធាភ្លាមមួយរំពិច និងដោះស្រាយវិវាទទាក់ទងនឹងការចោទប្រកាន់ពីអំពើភេរវកម្ម ឬការផ្តល់ហិរញ្ញប្បទានដល់ភេរវករ។ កាលពីថ្ងៃទី ៨ ឧសភា មន្ត្រីការទូតមកពីប្រទេសមួយចំនូ (អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត) បានមកកាន់ប្រទេសឥណ្ឌា ដើម្បីស្វែងរកដំណោះស្រាយសម្របសម្រួលរវាងភាគីទាំងពីរ។
អ្នកសង្កេតការណ៍ជាច្រើនជឿជាក់ថា ឥណ្ឌា និងប៉ាគីស្ថាននឹងយល់ដឹងពីរបៀបគ្រប់គ្រងស្ថានការណ៍។ លោក Shashank Joshi អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានការពារជាតិនិងសន្តិសុខអង់គ្លេស (RUSI)បានឲ្យដឹងថា៖ "មានកត្តាជាច្រើនដែលអាចជួយបន្ថយភាពតានតឹង ជាពិសេសការដែលប្រទេសឥណ្ឌាបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ខ្លួនបានជៀសវាងទីតាំងយោធាប៉ាគីស្ថាន ដែលមានន័យថា ពួកគេមិនកំណត់គោលដៅលើកងទ័ពប៉ាគីស្ថាន ហើយប្រតិបត្តិការនេះត្រូវបានគិតគួរដោយប្រុងប្រយ័ត្ន។ ប្រការនេះបង្ហាញថា ឥណ្ឌាកំពុងបញ្ជូនសញ្ញាទៅប៉ាគីស្ថានថា នេះមិនមែនជាការចាប់ផ្តើមនៃការកើនឡើងធំជាងនេះទេ"។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍ក៏ជឿជាក់ថា ទាំងឥណ្ឌានិងប៉ាគីស្ថាន ដឹងយ៉ាងច្បាស់ថា ជម្លោះទ្រង់ទ្រាយធំមិននាំមកនូវអត្ថប្រយោជន៍ដល់ភាគីណាមួយឡើយ ក្នុងបរិបទដែឡឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែមានបំណងចង់ទាក់ទាញការវិនិយោគពីបរទេស និងកសាងមុខមាត់ប្រទេសខ្លួនដូចជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដែលទើបលេចចេញអញ្ជឹង៕