មជ្ឈិមបូព៌ាកំពុងខិតជិតហានិភ័យកើតមានឡើងសង្គ្រាមទ្រង់ទ្រាយធំ

(VOVWORLD) - ទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតពីភាគីជាច្រើនក៏ដោយ ប៉ុន្តែ ការប្រឈមមុខដាក់គ្នារវាង
កងកម្លាំងអ៊ីស្រា អែលនិងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ បានឡើងជណ្តើរទៅជាជម្លោះថ្មីមួយ នៅពេលដែល កងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារទៅលើភាគខាងត្បូងនៃប្រទេសលីបង់ ដោយរុញច្រានឲ្យតំបន់ទាំងមូលខិតមកជិតហានិភ័យកើតមានឡើងសង្គ្រាមទ្រង់ទ្រាយធំ។ ការព្រមាននេះបានបង្ហាញកាន់តែច្បាស់ខណៈដែល នៅយប់ថ្ងៃទី១ តុលា អ៊ីរ៉ង់ជាលើកដំបូង បានប្រើកាំជ្រួចទំនើបបំផុតតម្រង់ទៅលើអ៊ីស្រាអែល។

នាថ្ងៃទី ១ ខែតុលា កងទ័ពអ៊ីស្រាអែល (IDF) បានប្រកាសពីការចាប់ផ្តើមជាផ្លូវការនៃយុទ្ធនាការវាយប្រហារលើដីគោកមានកម្រិតនៅភាគខាងត្បូងប្រទេសលីបង់ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់កងកម្លាំងហេបូឡា ដែលជាសញ្ញាបង្ហាញថា  ភាគីទាំងពីរនឹងរុញច្រានស្ថានភាពអរិភាពយូរអង្វែងចូលទៅក្នុងជម្លោះថ្មីជាមួយនឹងហានិភ័យធ្ងន់ធ្ងរជាច្រើន។

មជ្ឈិមបូព៌ាកំពុងខិតជិតហានិភ័យកើតមានឡើងសង្គ្រាមទ្រង់ទ្រាយធំ - ảnh 1រថក្រោះរបស់កងទ័ពអ៊ីស្រាអែលត្រូវបានដឹកជញ្ជូនទៅតំបន់ព្រំដែន ក្នុងបរិបទដែលអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារលើលោកនៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃទី ១ ខែតុលា។ រូបថត៖ រ៉យទ័រ

សមរភូមិនៃជម្លោះថ្មី

យុទ្ធនាការវាយប្រហារលើដីគោករបស់កងទ័ពអ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់ បានប្រព្រឹត្តទៅបន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅពេលដែលកងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនថ្ងៃលើទីតាំងជាច្រើនក្នុងប្រទេសលីបង់ រួមទាំងរដ្ឋធានី Beirut បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍យោធាជាច្រើនរបស់កម្លាំងហេសបូឡា និងសម្លាប់មេដឹកនាំជាន់ខ្ពស់មួយចំនួនរបស់កងកម្លាំងនេះ ក្នុងនោះមានទាំងប្រមុខហេសបូឡាលោក Hassan Nasrallah នៅថ្ងៃទី ២៧ ខែកញ្ញា។

បើយោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ថ្វីត្បិតតែកងទ័ពអ៊ីស្រាអែលបានគូសបញ្ជាក់ថា  យុទ្ធនាការវាយប្រហារលើដីគោកនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ គឺមានកម្រិត និងតម្រង់ទៅលើគោលដៅជាក់ស្តែងក៏ដោយ ប៉ុន្តែនៅពេលដែលជម្លោះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ទៅជាសង្រ្គាមដូចបច្ចុប្បន្ន ហើយស្ថានការណ៍គឺពិបាកគ្រប់គ្រង។  លោក Paul Moorcraft នាយកមជ្ឈមណ្ឌលវិភាគគោលនយោបាយបរទេសនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) បានវាយតម្លៃថា កងទ័ពអ៊ីស្រាអែលពិតជាដកបានមេរៀនជាច្រើនពីយុទ្ធនាការវាយប្រហារលើដីគោកពីមុនៗ នៅក្នុងប្រទេសលីបង់ ប៉ុន្តែកងកម្លាំង ហេសបូឡាក៏ពិបាកទប់ទល់វិញ បើធៀបនឹងចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារសក្តានុពលយោធា និងបណ្តាញតភ្ជាប់ខ្លាំងក្លាជាង។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត យោងតាមលោក Paul Moorcraft ថា ប្រសិនបើអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ហេសបូឡាសម្រេចចិត្តគាំទ្រក្រុមហេសបូឡាកាន់តែខ្លាំងនោះ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ហើយនឹងមិនត្រូវបានកំណត់ចំពោះប្រទេសលីបង់ភាគខាងត្បូងនោះទេ៖

“ប្រការនេះអាចបង្កឱ្យមានជម្លោះដ៏ធំមួយនៅមជ្ឈិមបូព៌ា។ ពោលគឺ អាចជំរុញឱ្យមានចលនា Intifada ទីបី នៅតំបន់ West Bank ឬអាចជំរុញឱ្យមានសង្រ្គាមបន្ថែមទៀតនៅកន្លែងផ្សេងៗ ដូចជាជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន ឬប្រហែលជាស៊ីរីនឹងបញ្ជូនកងទ័ពត្រឡប់ទៅតំបន់ខ្ពង់រាប Golan វិញ។ នោះអាចជាសង្គ្រាមដ៏ធំមួយដែរ"។

ការព្រមានរបស់លោក Paul Moorcraft កាន់តែមានភាពបន្ទាន់ បន្ទាប់ពីកងទ័ពអ៊ីរ៉ង់នៅយប់ថ្ងៃទី ១ ខែតុលាបានបាញ់មីស៊ីលផ្លោងជិត ២០០ គ្រាប់សំដៅលើអ៊ីស្រាអែល ដោយអះអាងថា ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងហេសបូឡានាពេលថ្មីៗនេះ រួមទាំងបានប្រើប្រាស់មីស៊ីលលឿនជាងសំឡេងទំនើបបំផុតខ្លួន   ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងការវាយប្រហារស្រដៀងគ្នាកាលពីខែមេសាឆ្នាំនេះ ហើយបានរុញច្រានអ៊ីស្រាអែលធ្លាក់ចូលទៅក្នុងស្ថានភាពដែលខ្លួនត្រូវបង្ខំឱ្យសងសឹកយ៉ាងខ្លាំង។

មជ្ឈិមបូព៌ាកំពុងខិតជិតហានិភ័យកើតមានឡើងសង្គ្រាមទ្រង់ទ្រាយធំ - ảnh 2រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bouhibib ។ រូបថត៖ Getty Images/TTXVN

ហានិភ័យកើតមានវិបត្តិដ៏ទូលំទូលាយនៅក្នុងប្រទេសលីបង់

ការវិវឌ្ឍន៍ទាំងនេះកំពុងរុញច្រានប្រទេសលីបង់ធ្លាក់កាន់តែជ្រៅទៅក្នុងស្ថានភាពលំបាក ក្នុងបរិបទដែលប្រទេសនេះ អស់រយៈពេលជាច្រើនឆ្នាំកំពុងដោះស្រាយវិបត្តិនយោបាយ-សេដ្ឋកិច្ច-សង្គមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជាពិសេសបន្ទាប់ពីការផ្ទុះនៅកំពង់ផែ Beirut ក្នុងឆ្នាំ ២០២១។ អញ្ជើញថ្លែងមតិនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bouhibib បានឲ្យដឹងថា ស្ថានភាពនៅក្នុងប្រទេសនេះកាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ។

“បច្ចុប្បន្ន លីបង់កំពុងស្ថិតក្នុងវិបត្តិដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេស។ អនាគតរបស់ប្រជាជនលីបង់ និងវិបុលភាពរបស់ប្រទេសលីបង់ស្ថិតក្នុងគ្រោះថ្នាក់ ស្ថានភាពបច្ចុប្បន្នទាមទារឱ្យមានអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ មុនពេលអ្វីៗពិបាកគ្រប់គ្រង ជាមួយនឹងឥទ្ធិពល domino ដែលបណ្តាលឱ្យមានវិបត្តិនេះហួសពីដែនកំណត់”។

នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៅក្នុងប្រទេសលីបង់ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា សម្ភារៈបរិក្ខារពេទ្យ និងមនុស្សធម៌ជាច្រើននៅក្នុងប្រទេសលីបង់ចាប់ផ្តើមមានបញ្ហាលើសចំណុះដោយសារអំពើហិង្សាកើនឡើងនាពេលបច្ចុប្បន្ន។ នៅពេលនេះ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ក្រោមដំណោះស្រាយ ១៧០១ ក្នុងឆ្នាំ ២០០៦ ក៏ស្ទើរតែអស់កំរើស។ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបេសកកម្មរក្សាសន្តិភាពបានឲ្យដឹងថា សូម្បីតែកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) ត្រូវរងការគំរាមកំហែងដោយជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ខាងត្បូងដែរ ដែលបណ្តាលឱ្យបេសកកម្មរបស់ UNIFIL ដើម្បីការពារជនស៊ីវិលកាន់តែជួបការលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ