មិនអាចបំប្លែងលើការពិតនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាមឡើយ
(VOVWORLD) - អង្គការខ្វះសុឆន្ទៈមួយចំនួន ជាពិសេស “គណៈកម្មការសេរីភាពសាសនាអន្តរជាតិអាមេរិក” (USCIRF) នាពេលថ្មីៗនេះ បានធ្វើការវាយតម្លៃដោយលំអៀង និងបំប្លែងការពិតអំពីស្ថានភាពសេរីភាពសាសនានៅប្រទេសវៀតណាម ដោយមិនអើពើដល់ការពិតជាក់ស្តែងគឺ រដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម តែងតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជូននូវគោលនយោបាយធានាសេរីភាពខាងជំនឿ សាសនាសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយតំណាងអង្គការសាសនានៅស្រុក Hoc Mon នាខែឧសភា ឆ្នាំ ២០២១ (រូបថត៖ Thong Nhat/TTXVN) |
សិទ្ធិសេរីភាពខាងជំនឿ សាសនាត្រូវបានរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមកំណត់ជាក់ស្តែងនៅក្នុងមាត្រា ២៤ ថា៖ “១. មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿ សាសនា កាន់ ឬមិនកាន់សាសនាណាមួយ។ សាសនាទាំងអស់សុទ្ធតែមានសមភាពចំពោះមុខច្បាប់; ២. រដ្ឋគោរពនិងការពារសិទ្ធិសេរីភាពខាងជំនឿ សាសនា”។ ក្នុងស្មារតីនោះ រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនគ្រប់រូបក្នុងការអនុវត្តសេរីភាពសាសនា និងជំនឿ ហើយ កំពុងខិតខំប្រឹងប្រែងដើម្បីធានាឱ្យបានល្អបំផុតនូវសេរីភាពខាងជំនឿ សាសនា និងសមភាពរវាងបណ្តាសាសនា។
ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានអនុម័តលើច្បាប់ស្តីពីជំនឿ សាសនា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។ បន្ទាប់មក រដ្ឋាភិបាលបានចុះហត្ថលេខា និងប្រកាសឱ្យផ្សាយសេចក្តីសម្រេចចិត្តរលេខ ១៦២/២០១៧/ND-CP ដែលកំណត់លម្អិតអំពីមាត្រានិងវិធានការមួយចំនួន ដើម្បីប្រតិបត្តិច្បាប់ស្តីពីជំនឿ សាសនា។ លើសពីនេះទៅទៀត សកម្មភាពទាក់ទងនឹងសាសនាដូចជា៖ ការអប់រំ ការបណ្តុះបណ្តាលអ្នកមុខអ្នកការសាសនា; ការកសាង និងជួសជុលកន្លែងគោរពបូជាសាសនា; សកម្មភាពសប្បុរសធម៌ កិច្ចគាំពារសង្គម... សុទ្ធតែត្រូវបានកែសម្រួលក្នុងច្បាប់ពាក់ព័ន្ធមួយចំនួនដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ភូមិបាល ច្បាប់បេតិកភណ្ឌ ច្បាប់អប់រំ ជាដើម ដើម្បីឲ្យស្របតាមបទប្បញ្ញត្តិស្តីពីសេរីភាពជំនឿ សាសនា។
ក្នុងក្របខ័ណ្ឌច្បាប់ដែលបានរៀបរាប់ខាងលើ សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាកាន់តែខ្លាំងក្នុងរយៈពេលអនុវត្តន៍ជាក់ស្តែង។ យោងតាមការប៉ាន់ប្រមាណថា ចំនួនប្រជាជនវៀតណាម ៩៥% មានជីវភាពជំនឿសាសនា។ សាសនាចំនួន ១៦ និងអង្គការសាសនាចំនួន ៤៣ ដែលបានរដ្ឋទទួលស្គាល់ ក្នុងនោះមាន ព្រះពុទ្ធសាសនា សាសនាកាតូលិក សាសនាប្រូតេស្តង់ សាសនា Cao Dai ពុទ្ធសាសនា Hoa Hao សាសនាឥស្លាម សាសនា Baha'I....។ ប្រជាជនជាង ២៦,៥ លាននាក់កាន់សាសនា ស្រូបយក ២៨% នៃចំនួនប្រជាជនទូទាំងប្រទេស រួមជាមួយនឹងកន្លែងគោរពបូជារាប់ម៉ឺនកន្លែង។
ទន្ទឹមនឹងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការអនុវត្តជំនឿសាសនា ដោយសេរី រដ្ឋវៀតណាមតែងតែលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់អង្គការសាសនាដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ផ្តោតការយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់អង្គការសាសនា។ ជារៀងរាល់ឆ្នាំ គណៈប្រតិភូរាប់រយនាក់នៃអង្គការសាសនានិងបុគ្គលនៅក្នុងប្រទេសចូលរួមក្នុងសកម្មភាពសាសនានៅក្រៅប្រទេស; អ្នកមុខអ្នកការសាសនាបរទេសជាច្រើនបានចូលវៀតណាមដើម្បីអនុវត្តន៍សកម្មភាពសាសនា។ វៀតណាមក៏បានម្ចាស់ការផ្តល់ព័ត៌មាននិងមានកិច្ចសន្ទនាអំពីស្ថានភាពសេរីភាពជំនឿសាសនានៅវៀតណាមតាមរយៈកិច្ចប្រជុំ និងវេទិកាការងារទ្វេភាគី និងពហុភាគី ព្រមទាំងបណ្តាញសន្ទនាសិទ្ធិមនុស្សប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី ន័រវែស និងអឺរ៉ុប ជាដើម។
ទោះបីជាការពិតដ៏រស់រវើកនៃជីវភាពជំនឿសាសនានៅប្រទេសវៀតណាមក៏ដោយ អង្គការមួយចំនួនខ្វះសុច្ឆន្ទៈ ជាក់ស្តែងគឺ “គណៈកម្មការសេរីភាពសាសនាអន្តរជាតិអាមេរិក” (USCIRF) តែងតែធ្វើការវាយតម្លៃជាប្រចាំយ៉ាងអសកម្មអំពីវៀតណាម។ ថ្មីៗនេះ USCIRF បានប្រកាសនូវ “របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេរីភាពសាសនានៅវៀតណាមឆ្នាំ ២០២១” ជាមួយនឹងព័ត៌មានមិនពិតដោយលើកហេតុផលថា ការអនុវត្តច្បាប់ស្តីពីជំនឿ សាសនានៅក្នុងមូលដ្ឋានជាច្រើននៅតែមិនគ្រប់គ្រាន់; កងកម្លាំងមុខងាររបស់វៀតណាម “បន្តបង្រ្កាបនិងយាយីលើសាសនិក និងអង្គការសាសនាដែលមិនទាន់បានទទួលស្គាល់; ចាប់ខ្លួន ចោទប្រកាន់និងកាត់ទោស "សកម្មជនសាសនា" និង "អ្នកទោសមនសិការ” ក្នុងនោះ Nguyen Bac Truyen -មុខសញ្ញាល្មើសច្បាប់ដែលត្រូវបានកាត់ទោស។ USCIRF ផ្តល់អនុសាសន៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ប្រទេសវៀតណាមបញ្ចូលក្នុងបញ្ជី “ប្រទេសត្រូវការយកចិត្តទុកដាក់ជាពិសេស" (CPC)។ ព័ត៌មានដែល USCIRF ប្រើក្នុងរបាយការណ៍គឺត្រូវបានប្រមូលពីអង្គការប្រតិកម្មខាងក្រៅ (“គណៈកម្មាធិការសង្គ្រោះអ្នកឆ្លងសមុទ្រ - BPSOS”, “តុមូលពហុសាសនាវៀតណាម” ...) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនពួកជ្រុលនិយមនៅក្នុងប្រទេស។ ការវាយតម្លៃអវិជ្ជមាននិងមូលបង្កាច់របស់ USCIRF បានបដិសេធលើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសុក្រិដ្ឋច្បាប់ ក៏ដូចជាការអនុវត្តគោលនយោបាយធានានិងលើកកម្ពស់សេរីភាពសាសនាសម្រាប់មនុស្សគ្រប់រូប។
នៅក្នុងប្រទេសណាក៏ដោយ សកម្មភាពសាសនាត្រូវបានកែសម្រួលនិងដំណើរការទៅតាមច្បាប់។ វៀតណាមតែងតែបង្ហាញសុច្ឆន្ទៈ និងភាពបើកចំហក្នុងការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានដល់ប្រទេស និងអង្គការនានាដែលចាប់អារម្មណ៍លើបញ្ហាសិទ្ធិមនុស្ស រួមទាំងជំនឿសាសនា សូម្បីតែការអញ្ជើញគណៈប្រតិភូ (ក្នុងនោះមាន USCIRF) មកទស្សនាផ្ទាល់ ដើម្បីធ្វើជាសាក្សីផ្ទាល់នូវការខិតខំប្រឹងប្រែង និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿសាសនា នៅប្រទេសវៀត ណាម។ ដោយឡែកសម្រាប់ USCIRF វិញ វៀតណាមបានផ្តល់អនុសាសន៍ដោយស្នើឲ្យអង្គការនេះចាំបាច់ត្រូវទទួលបានព័ត៌មានត្រឹមត្រូវ និងអភិក្រមប្រកបដោយ បរានុម័ត និងមានលក្ខណៈស្ថាបនានៅពេលប្រកាសរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីសេរីភាពសាសនា មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសផ្សេងទៀតក្នុងពិភពលោកទៀតផង។ ទាំងនោះគឺជាគោលការណ៍និងគោលបំណងពិតរបស់អង្គការមួយ ដែលចង់ឆ្ពោះទៅលើកកម្ពស់សេរីភាពសាសនាជុំវិញពិភពលោក៕