មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ​

(VOVWORLD) - សម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ ដោយបានបំពេញខ្លឹមសារបន្ទាន់ជាច្រើនដែលបានដាក់ចេញ។ លទ្ធផលនៃសម័យប្រជុំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

ច្បាប់ និងសេចក្តីសម្រេចចិត្តស្តីពីការងារបុគ្គលិកនិងរៀបចំក្បាលម៉ាស៊ីន រដ្ឋ ជាមួយនឹងគោលនយោបាយដោះស្រាយភាពជាប់គាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវបានរដ្ឋសភាអនុម័តនៅក្នុងសម័យប្រជុំនេះ។

បំពេញស្ថាប័ននិងកសាងក្បាលម៉ាស៊ីនដោយបង្រួម សុពលភាពនិងប្រសិទ្ធភាព

ការដែលរដ្ឋសភាបានអនុម័តលើច្បាប់និងសេចក្តីសម្រេចចិត្តសំខាន់ៗ និងសុក្រឹត្យការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលទទួលបានការវាយតម្លៃខ្ពស់ពីសមាជិកសភា។ នេះជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងក្បាលម៉ាស៊ីនរដ្ឋដោយលក្ខណៈបង្រួម ដំណើរការប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ធានារាល់ស្ថាប័ន អង្គការ និងអង្គភាពក្រោយការរៀបចំឡើងវិញ ពិតជាត្រូវបាន "កែលម្អ លើកកំពស់ មានគុណភាពកាន់តែប្រសើរ និងប្រសិទ្ធភាពកាន់តែខ្ពស់”។ តាមនោះ បំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាលដ៏សំខាន់ នាពេលខាងមុខ។ សមាជិកសភា Tran Quoc Tuan គណៈប្រតិភូខេត្ត Tra Vinh បានចាត់ទុកថា៖

“ការធ្វើវិសោធនកម្មច្បាប់និងសេចក្តីសម្រេចចិត្តដែលត្រូវបានដាក់ជូនក្នុងសម័យប្រជុំ បានឆ្លើយតបនឹងតម្រូវការបន្ទាន់ចំនួនបី រួមមាន៖ ធ្វើវិសោធនកម្មច្បាប់ដើម្បីបម្រើការងារផ្លាស់ប្តូរថ្មី រៀបចំនិងបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យមានភាពរលូន ដំណើរការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវឯកភាពខ្ពស់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។ ធ្វើវិសោធនកម្មច្បាប់ ដើម្បីជំរុញវិមជ្ឈការ សហវិមជ្ឈការ ដោះស្រាយការលំបាកនិងឧបសគ្គទាក់ទងនឹងគ្រឹះស្ថានច្បាប់ ពង្រីកប្រកបដោយប្រសិទ្ធភាពរាល់ប្រភពធនធាន បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ធ្វើវិសោធនកម្មច្បាប់ ដើម្បីរៀបចំការអនុវត្តគំនិតច្នៃប្រឌិតក្នុងការកសាងច្បាប់”។

ដោយវាយតំលៃខ្ពស់ចំពោះការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនរដ្ឋាភិបាល និងរដ្ឋសភា ស្របតាមទិសដៅរបស់មជ្ឈិម បណ្តាសមាជិកសភាក៏បានបង្ហាញពីការរំពឹងទុកចំពោះប្រសិទ្ធភាពនិងសុពលភាពនៃក្បាលម៉ាស៊ីនរដ្ឋ បន្ទាប់ពីការបង្រួម នៅពេលដែលវិមជ្ឈការនិងសហវិមជ្ឈការត្រូវបានជំរុញខ្លាំង។ លោកស្រី Dang Bich Ngoc គណៈប្រតិភូខេត្ត Hoa Binh បានឲ្យដឹងថា៖

“នៅពេលដែលសេចក្តីសម្រេចចិត្តស្តីពីការរៀបចំនិងបង្រួមរចនាសម្ព័ន្ធរដ្ឋសភានិងរដ្ឋាភិបាលបានចូលជាធរមាននោះ ភ្លាមមួយរំពិច រដ្ឋសភា និងរដ្ឋាភិបាលក៏បានបង្ហាញបញ្ជីទីភ្នាក់ងាររបស់ខ្លួនផងដែរ។ ពីរចនាសម្ព័ន្ធថ្មីនេះ ថ្នាក់មូលដ្ឋានក៏នឹងកសាងរចនាសម្ព័ន្ធឡើងវិញដោយផ្អែកនៅលើមូលដ្ឋាននៃការបង្រួមក្បាលម៉ាស៊ីនផងដែរ”។

ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ គឺជាសកម្មភាពសមស្របនឹងបរិបទ មុខងារ និងភារកិច្ចក្នុងសម័យកាលថ្មី រួមចំណែកជំរុញរដ្ឋាភិបាលប្រកបដោយលក្ខណៈស្ថាបនា អភិវឌ្ឍន៍ ឆ្លើយតបនឹងតម្រូវការកសាង និងសុក្រឹត្យរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម។

មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ​ - ảnh 1រូបភាព៖ quochoi.vn

បង្កើតបុព្វបទសម្រាប់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ក្នុងសម័យប្រជុំនេះ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តបំពេញបន្ថែម ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ២០២៥ ជាមួយនឹងគោលដៅកំណើនសម្រេចបាន ៨% ឡើងទៅ; សេចក្តីសម្រេចចិត្តស្តីពីការសាកល្បងគោលនយោបាយមួយចំនួន ដើម្បីលុបបំបាត់ឧបសគ្គក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ប្រការនេះបានរួមចំណែកលុបបំបាត់ភាពជាប់គាំង ដើម្បីឲ្យស្ថាប័នលែងជា “ឧបសគ្គនៃភាពជាប់គាំង” ទៀតហើយ។ តាមនោះ បញ្ចេញប្រភពធនធាន ទាក់ទាញវិនិយោគិន កៀងគរទុនវិនិយោគពីសង្គមទាំងមូល និងបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់សេដ្ឋកិច្ចសង្គម នាំប្រទេសវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍កាន់តែខ្ពស់ជាមួយនឹងសេដ្ឋកិច្ចទំនើប និងសមាហរណកម្មស៊ីជម្រៅ។ សមាជិកសភា Ly Tiet Hanh គណៈប្រតិភូខេត្ត Binh Dinh និងសមាជិកសភា Hoang Van Cuong គណៈប្រតិភូទីក្រុងហាណូយ បានឲ្យដឹងថា៖

“រដ្ឋាភិបាលបានកសាងសេណារីយ៉ូកំណើន ៨% ជាមួយនឹងខ្លឹមសារជាក់លាក់និងលេចធ្លោជាច្រើន។ រដ្ឋសភាក៏ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសុក្រឹត្យស្ថាប័នយ៉ាងឆាប់រហ័ស បង្កើតច្រករបៀងច្បាប់ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ យើងអាចមើលឃើញការប្តេជ្ញាចិត្តនយោបាយខ្ពស់ក្នុងការអនុវត្តគោលដៅកំណើននៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត”។

“សេចក្តីប្រាថ្នានាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ដ៏ទម្លុះទម្លាយ ដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នឹងក្លាយទៅជាការពិត ដោយមានការប្តេជ្ញាចិត្តរបស់បក្ស តាមរយៈសេចក្តីសម្រេចចិត្ត ក៏ដូចជាសកម្មភាពជាក់ស្តែង។ សេចក្តីសម្រេចចិត្តបានដោះស្រាយភាពជាប់គាំងទាក់ទងនឹងរបៀបរបបនាបច្ចុប្បន្ន។ ប្រការនេះនឹងបង្កើតកម្លាំងចលករដ៏ធំធេង ដើម្បីជំរុញសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយរំពឹងថាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងក្លាយជារបកគំហើញសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។

ចំណុចលេចធ្លោមួយទៀតនៃសម័យប្រជុំគឺ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗស្តីពីការវិនិយោគ សំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទិននឹងគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan; គម្រោងផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong; អភិវឌ្ឍប្រព័ន្ធបណ្តាញផ្លូវដែកក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងរួមចំណែកដល់ការធានាសន្តិសុខថាមពលជាតិ; ពង្រឹងការតភ្ជាប់ផ្នែកចរាចរណ៍និងសេដ្ឋកិច្ចរវាងមូលដ្ឋាននាពេលខាងមុខ។

សម័យប្រជុំវិសាមញ្ញលើកទី៩ បានបំពេញបេសកកម្មរបស់ខ្លួន បម្រើតម្រូវការបន្ទាន់ និងសំខាន់ក្នុងការរៀបចំ និងបង្រួមក្បាលម៉ាស៊ីន បញ្ហាសេដ្ឋកិច្ចសង្គម និងបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ