មហាសន្និបាតសន្ទនាជាតិស៊ីរី៖ ការបោះជំហានចាំបាច់ដើម្បីសន្តិភាព

(VOVWORLD) - មហាសន្និបាតសន្ទនាជាតិស៊ីរី ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ទី៣០ ខែមករា នៅទីក្រុង Sochi របស់រុស្ស៊ី គឺសំដៅទទួលបានការយល់ដឹង គ្នារួមស្ដីពីដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញនិងការបោះឆ្នោតក្រោមការឃ្លាំមើល របស់អង្គការសហប្រជាជាតិ (អ.ស.ប)។
មហាសន្និបាតសន្ទនាជាតិស៊ីរី៖ ការបោះជំហានចាំបាច់ដើម្បីសន្តិភាព - ảnh 1 ប្រជាជនស៊ីរីជម្លៀសចេញពីទីក្រុង Aleppo (រូបថត៖ AFP/TTXVN)


 
នេះត្រូវបានរំពឹងទុកថា ជាឱកាសដើម្បីនាំមកនូវដំណោះស្រាយ នយោបាយមួយ ដែលជួយបញ្ចប់ជំលោះអស់រយៈពេលច្រើនឆ្នាំនៅប្រទេសនេះ។ ប៉ុន្តែសន្និសីទនេះក៏ប្រឈមមុខនឹងឧបសគ្គជាច្រើនដែរ។ទន្ទឹមនឹងកិច្ចចរចាសន្តិភាពស៊ីរីគាំពារដោយអ.ស.បនៅទីក្រុងហ្សឺណែវនោះ សន្និសីទនៅទីក្រុង Sochi ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រុស្ស៊ី អ៊ីរ៉ង់និងទួរគី សំដៅស្វែងរកដំណោះស្រាយចំពោះជំលោះរយៈពេលច្រើនឆ្នាំកន្លងមកនៅស៊ីរី។ មុននោះ នាឆ្នាំ២០១៧ ក្រុមប្រទេសទាំង៣ខាងលើបានរៀបចំកិច្ចចរចាស្ដីពីស៊ីរីនៅទីក្រុង Astana របស់អាហ្គានីស្ថាន ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងនោះមានការបង្កើតឡើងតំបន់បន្ធូរបន្ថយជំលោះនានានៅប៉ែកខាងលិចស៊ីរី។

ឱកាសស្វែងរកការស្រុះចិត្តគំនិត

វង់ចរចាសន្តិភាពទាំង៩រវាងភាគីប្រយុទ្ធគ្នានៅស៊ីរី គាំពារដោយអ.ស.បនោះ បានបញ្ចប់ដោយគ្មានការរីកចម្រើនណាមួយ។ មូលហេតុគឺនៅវង់ចរចាទាំងនេះ ស្ទើរតែដូចជាមានរដ្ឋាភិបាលនិងភាគីប្រឆាំងដែលមានឥទ្ធិពលប៉ុណ្ណោះ គឺមិនមែនតំណាងនៃភាគីទាំងអស់នៅស៊ីរីទេ។ដូច្នេះហើយ ខុសពីសន្និសីទខាងលើ នៅ Sochi តំណាងទាំងអស់សុទ្ធតែមានឱកាសបញ្ចេញទស្សនៈរបស់ខ្លួនស្ដីពីបច្ចុប្បន្នភាពនៅប្រទេសនេះ ហើយរួមគ្នាស្វែងរកដំណោះស្រាយ។ ភារកិច្ចស្នូលមួយនៅសន្និសីទនេះ គឺជ្រើសរើសបេក្ខជនចូលរួមគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញសំរាប់ស៊ីរី។ ក្រៅពីនោះ បណ្ដាតំណាងក៏ពិភាក្សាអំពីសេចក្ដីថ្លែងការណ៍រួមហើយដាក់ជូនអ.ស.ប សហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌អន្តរជាតិដើម្បីជួយឧបត្ថម្ភស្ដារប្រទេសឡើងវិញ។ ភាគីនានាដែលចូលរួមសន្និសីទនេះ ក៏អះអាងថាសេចក្ដីសំរេចចិត្តលេខ២២៥៤របស់អ.ស.បស្ដីពីស៊ីរី ជាឯកសារគន្លឹះដើម្បីដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះដែរ។ដោយភាពខុសប្លែកដូច្នេះបានជា សន្និសីទនៅ Sochi ទទួលបានការគាំទ្រពីអ.ស.ប។ ការដែលអង្គការពហុភាគីធំបំផុតលើពិភពលោកនេះ ទទួលស្គាល់លក្ខណៈស្របច្បាប់របស់កិច្ចសន្ទនាជាតិស៊ីរីក៏ដូចជាការសំរេចចិត្តបញ្ជូនបេសកជនស៊ីរីលោក Staffan de Mistura ទៅចូលរួមព្រឹត្តិការណ៍នេះ ជាភ័ស្តុភាដែលសរឲ្យឃើញនូវភាពចាំបាច់នៃការរៀបចំកិច្ចសន្ទនានៅ Sochi។ សូម្បីតែប្រជាជនស៊ីរីក៏មានការចាប់អារម្មណ៍ចំពោះកិច្ចសន្ទនានេះដែរ។ គេគិតថា នេះជាឱកសកម្រមាន ដើម្បីប្រមូលផ្ដុំទស្សនសៈនិងទទួលបានដំណោះស្រាយផ្នែកនយោបាយ ដោយសារគ្មានដំណោះស្រាយផ្សេងណាក្រៅពីដំណោះស្រាយសន្តិភាព។

ឧបសគ្គមួយចំនួន

បើទោះបីមហាសន្និបាតសន្ទនាជាតិស៊ីរីលើកនេះមានការចូលរួមរបស់ភាគីប្រឆាំងជាច្រើនក្ដី ប៉ុន្តែខ្វះវត្តមានរបស់គណៈម្មាធិការចរចាស៊ីរី (SNC) ចំណុះភាគីប្រឆាំងស្នូលនៅស៊ីរី។ សូម្បីតែក្រុមជនអំបូរ Kurde នៅស៊ីរី ក៏បានប្រកាសមិនចូលរួមមហាសន្និបាតនេះឡើយ។ នេះជាប្រការគួរឲ្យសោកស្ដាយ ដោយសារអវត្តមាននេះនឹងជះឥទ្ធិពលមិនតិចតួចទៅលើកិច្ចខិតខំប្រឹងប្រែង សំដៅទទួលបានដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់ជំលោះនៅស៊ីរី។ ក្រៅពីនោះ ភាគីពាក់ព័ន្ធនានាក្នុងសង្គ្រាមស៊ីរីសុទ្ធតែមានការគិតគូដោយឡែករបស់ខ្លួនដែរ។ នេះក៏ជាឧបសគ្គមួយសំរាប់ដំណើរការសន្តិភាពនៅប្រទេសនេះផងដែរ។ ប្រជាជនស៊ីរីកំពុងទន្ទឹងរង់ចាំសន្តិភាព ប៉ុន្តែដំណើរការនេះនៅមានការលំបាកជាច្រើន។ ប្រការនេះទាមទារឲ្យមានសុឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រឹមតែក្នុងមហាសន្និបាតសន្ទនាជាតិ Sochi លើកនេះប៉ុណ្ណោះទេ ថែមទាំងក្នុងដំណាក់កាលក្រោយៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ