យថាទស្សន៍រស់រានមានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - ក្រោយពីការខិតខំព្យាយាមជាច្រើនក្នុងដំណើរការចរចា ភាគីនានាដែលចូលរួម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (ឬបានហៅថា ផែនការសកម្មភាពរួមគ្រប់ ជ្រុងជ្រោយ - JCPOA) បានរកឃើញសម្លេងរួមជាជំហានដំបូង ហើយបើកចេញយថាទស្សន៍ រស់រានមានជីវិតឡើងវិញសម្រាប់ឯកសារដែលធ្លាប់ត្រូវបានចាត់ទុកជា “កិច្ចព្រម ព្រៀងនៃសតវត្សរ៍” នេះ។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែបញ្ហាប្រឈមដើម្បីធ្វើឲ្យ JCPOA រស់រានមានជីវិតឡើងវិញ ត្រូវបានគេវាយតម្លៃថា នៅតែធំណាស់ ដែលទាម ទារឲ្យមានសុឆន្ទៈនិងការខិតខំប្រឹងប្រែងឲ្យបានពិតប្រាកដរបស់ភាគីពាក់ព័ន្ធទាំងអស់។
យថាទស្សន៍រស់រានមានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1ទិដ្ឋភាពជំនួបចរចាអំពីកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (រូបថត៖ CNA/VNA)
នៅថ្ងៃទី៧ ខែឧសភា ភាគីហត្ថលេខីនៃ JCPOA ឆ្នាំ២០១៥ រួមមានអ៊ីរ៉ង់និងក្រុម P5+1 (អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) បានបន្តកិច្ចចរចានៅរដ្ឋធានី វីយ៉ែន ប្រទេសអូទ្រីស ដោយទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ ជំនួបចរចាក្រោមការសម្រុះសម្រួលរបស់សហភាពអឺរ៉ុប (EU) នេះ គឺជាវង់ចរចាទី៤ ដែលត្រូវបានដំណើរការចាប់តាំងពីថ្ងៃទី៦ខែមេសាកន្លងមក សំដៅសង្គ្រោះ JCPOA ក្រោយពីការសម្រេចចិត្តដកខ្លួនចេញរបស់អាមេរិកកាលពីឆ្នាំ២០១៨ (អមដោយ បទដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់) ដែលបណ្ដាលឲ្យអ៊ីរ៉ង់បោះបង់ចោលការសន្យាមួយ ចំនួន។ បើតាមភាគីចូលរួមឲ្យដឹងថា ជំនួបចរចាខាងលើទទួលបានលទ្ធផលវិជ្ជមាន ជាដំបូង ដែលបើកចេញក្ដីសង្ឃឹមពីការរស់រានមានជីវិតឡើងវិញនៃកិច្ចព្រមព្រៀង នេះ។
សញ្ញាវិជ្ជមាន
ក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃទី១០ ខែឧសភា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានបញ្ជាក់ថា ដំណើរការចរចា បានបង្កើតឡើងបរិយាកាស ដ៏សកម្ម។ ក្នុងន័យនេះ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែភាគីទាំងអស់ កំពុងចរចាប្រកបដោយលក្ខណៈស្ថាបនា។
មុននោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ (IRNA) បានដកស្រង់សម្ដីរបស់អនុរដ្ឋមន្រ្តី ការបរទេសនៃប្រទេសនេះ លោក Abbas Araghi បន្ទាប់ពីជំនួបចរចានៅទីក្រុងវីយ៉ែន កាលពីថ្ងៃទី៧ ខែឧសភា ដែលវាយតម្លៃយ៉ាងដូច្នេះថា ភាគីទាំងអស់សុទ្ធតែប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងសម្រេចបានកិច្ចព្រមព្រៀងមួយ ដោយមិនអើពើដល់បញ្ហាប្រឈមជា ច្រើនឡើយ។
ចំណែកឯខ្លួនវិញ ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៦ ខែឧសភា ពោលគឺមួយ ថ្ងៃមុនពេលចាប់ផ្ដើមវង់ចរចាលើកទី៤នេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេស អាមេរិកក៏បានចាត់ទុកថា ប្រទេសនេះនិងអ៊ីរ៉ង់អាចសម្រេចបានការមូលមតិជាឯកឆ័ន្ទ អំពីរបៀបវិលត្រឡប់មក JCPOA វិញ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។
បើតាមបណ្ដាអ្នកវិភាគចាត់ទុកថា មិនត្រូវការពិនិត្យមើលលើលទ្ធផលដែលមិន ទាន់ត្រូវបានទម្លាយពីជំនួបចរចានោះទេ ត្រឹមតែទទួលស្គាល់ការដែលភាគីនានាបាននិង កំពុងព្យាយាមអត់ធ្មត់ជួបចរចាគ្នារហូតដល់៤វង់ជាបន្តបន្ទាប់ក្នុងរយៈពេល១ខែកន្លងទៅនោះ ក៏ជាវឌ្ឍនភាពដ៏សំខាន់មួយឆ្ពោះទៅរកលទ្ធភាពនៃការសង្គ្រោះកិច្ចព្រម ព្រៀង នុយក្លេអ៊ែរហើយ។ ពីព្រោះ ប្រការនោះបានបង្ហាញឲ្យឃើញថា ភាគីទាំងអស់ មានបំណង ការប្ដេជ្ញាចិត្តនិងជំនឿជាក់យ៉ាងពិតប្រាកដចំពោះលទ្ធភាពសម្រេចបាន លទ្ធផលដ៏វិជ្ជមាន។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី នៅតែមានបញ្ហាប្រឈមនិងការលំបាក ឧបសគ្គខ្លះៗ ដែលត្រូវបានគេព្រមានថា មិនងាយជំនះពុះពារទេ។
យថាទស្សន៍រស់រានមានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 2មូលដ្ឋានចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ (រូបថត៖ AP)
បញ្ហាប្រឈមនិងឧបសគ្គ
មុនពេលដែលដំណើរការចរចានៅទីក្រុងវីយ៉ែនត្រូវបានចាប់ផ្ដើម រហូតមកដល់ ពេលនេះ មតិយោបល់របស់អ្នកជំនាញសឹងតែទាំងអស់អំពីដំណើរការនេះ មានចំណុចរួមថា៖ បញ្ហាគន្លឹះ និងក៏ជាឧបសគ្គធំបំផុតចំពោះការខិតខំប្រឹងប្រែង សង្គ្រោះ JCPOA នោះគឺទស្សនៈដ៏ខុសប្លែកគ្នាដ៏ធំ រហូតមកដល់ពេលខ្លះមានការផ្ទុយគ្នារវាងអាមេរិកនិង អ៊ីរ៉ង់ទៀតផង។ ទស្សនៈឥតងាករេរបស់អាមេរិក គឺ អ៊ីរ៉ង់ត្រូវតែស្ដារឡើងវិញ កាតព្វកិច្ចតាមការ សន្យាឲ្យបានគ្រប់គ្រាន់សិនហើយអាមេរិកនឹងពិចារណាលើការលុបចោលបទដាក់ ទណ្ឌកម្ម។ ផ្ទុយទៅវិញ អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវទស្សនៈថា៖ អាមេរិកត្រូវតែលុប ចោលបទដាក់ទណ្ឌកម្មជាមុនសិន ដូចជាលក្ខខណ្ឌចម្បងដើម្បីអ៊ីរ៉ង់វិលត្រឡប់ទៅ រកការគោរពកិច្ចព្រមព្រៀងឡើងវិញ។
ទន្ទឹមនឹងនោះ ដំណើរការចរចាសង្គ្រោះ JCPOA នៅតែទទួលរងការជះឥទ្ធិពល ដោយបញ្ហាតំបន់ដ៏ស្មុគស្មាញជាច្រើនទៀត ដូចជាវិបត្តិនៅស៊ីរី បញ្ហាអ៊ីរ៉ាក់ ដំណើរ ការសន្តិភាពមជ្ឈឹមបូព៌ា សង្គ្រាមស៊ីវិលនៅយេម៉ែន ក៏ដូចជាការព្រួយបារម្ភរបស់ សម្ព័ន្ធមិត្តនានារបស់អាមេរិកនៅក្នុងតំបន់ដូចជា អ៊ីស្រាអែល អារ៉ាប់ប៊ីសាអូឌីត ជាដើម។
បើតាមមជ្ឈដ្ឋានអ្នកវិភាគ ការពិតជាក់ស្ដែងនេះបណ្ដាលឲ្យការខិតខំប្រឹងប្រែង ចរចាក្នុងអំឡុងពេលមួយខែកន្លងមក មិននាំមកនូវលទ្ធផលទាល់តែសោះ ព្រមទាំង គំរាមកំហែងដល់លទ្ធភាពសម្រេចបានការព្រមព្រៀងមុនខែមិថុនាឆ្នាំនេះ ស្របពេល ដែលអ៊ីរ៉ង់រៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលជាព្រឹត្តិការណ៍អាចនាំ ទៅការផ្លាស់ប្ដូរជាសារវ័ន្តនៃការអភិក្រមរបស់អ៊ីរ៉ង់ចំពោះJCPOA។ ពោលគឺ បន្ទាប់ ពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ទំនងជាគ្មានជំនួបចរចារ សំដៅស្ដារឡើងវិញ JCPOA ណាមួយត្រូវបានដំណើរការឡើយ ឬក៏បណ្ដាភាគីនឹងត្រូវតែចរចាឡើង វិញតាំងពីដំបូង ក្នុងកាលៈទេសៈដែលពិបាកមានក្ដីសោមនស្សរីករាយនិងថាមពល ដ៏សកម្មដូចនាបច្ចុប្បន្នឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ