រដ្ឋមន្ត្រីការបរទេសអាមេរិកព្យាយាមស្វែងរកផ្លូវចេញសម្រាប់វិបត្តិមជ្ឈិមបូព៌ា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងធ្វើដំណើរទៅកាន់បណ្តាប្រទេសមជ្ឈិមបូព៌ា  ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់យ៉ាងឆាប់ៗ ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប រាំងស្កាត់ហានិភ័យរីករាលដាលវិបត្តិ និងបង្កើតក្របខ័ណ្ឌនយោបាយរយៈពេលវែងសម្រាប់ដំណើរការសន្តិភាពអ៊ីស្រាអែល - ប៉ាឡេស្ទីន។

ក្នុងដំណើរទស្សនកិច្ចចាប់ផ្តើមនៅថ្ងៃទី៦ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគី ហ្ស៊កដានី កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអេហ្ស៊ីប។ នេះជាលើកទី៤ហើយដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា ចាប់តាំងពីជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាសនិងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

រាំងស្កាត់មិនឲ្យជម្លោះរាលដាលដល់តំបន់

ភាពខុសប្លែកគ្នាដ៏ធំបំផុតនៅក្នុងដំណើរទៅកាន់មជ្ឈិមបូព៌ាលើកនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកគឺការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងអាទិភាពសកម្មភាព នៅពេលដែលហានិភ័យរីករាលដាលជម្លោះនៅក្នុងតំបន់កំពុងជាការព្រួយបារម្ភ ជាជាងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបទៀត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសញ្ញាអាក្រក់ជាប់ៗគ្នាដែលថា ជម្លោះថ្មីរវាងកងកម្លាំង Hezbollah (ហេសបូឡាហ៍) នៅលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស និងកងទ័ពអ៊ីស្រាអែលនឹងផ្ទុះឡើងនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី ៨ ខែមករា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយក្រុម Hezbollah ដើម្បីលុបបំបាត់ការគំរាមកំហែងផ្នែកសន្តិសុខ ដែលអាចកើតមានពីកងកម្លាំងនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកព្យាយាមស្វែងរកផ្លូវចេញសម្រាប់វិបត្តិមជ្ឈិមបូព៌ា - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មកដល់ទីក្រុង Doha ប្រទេសកាតា ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ Evelyn Hockstein/AP

យោងតាមក្រុមអ្នកវិភាគ នេះមិនមែនជាការគំរាមកំហែងពីមាត់ទទេនោះទេ ពីព្រោះ     ភ្លាមៗ នៅពេលដែលជម្លោះហាម៉ាស់-អ៊ីស្រាអែលផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន រដ្ឋាភិបាលអ៊ីស្រាអែលបានពិចារណាលើផែនការបើកយុទ្ធនាការយោធា ប្រឆាំងនឹងកងកម្លាំង Hezbollah ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យនៃការកើតឡើងម្តងទៀតនូវសេណារីយ៉ូដែលស្រដៀងនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅថ្ងៃទី ៧ ខែតុលា។ ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិរបស់សភាអ៊ីស្រាអែល លោក Yuli Edelstein បានឲ្យដឹងថា គោលដៅរបស់អ៊ីស្រាអែល គឺដើម្បីរុញកងកម្លាំង Hezbollah ឲ្យនៅឆ្ងាយពីព្រំដែនអ៊ីស្រាអែល៖

“នោះហើយជាគោលដៅដែលយើងព្យាយាមសម្រេចបាន តាមរយៈបណ្តាញការទូត។ ខ្ញុំនឹងមិនឈានចូលចំណុចលម្អិតទេ ប៉ុន្តែយើងចង់ឲ្យពួកគេនៅឲ្យឆ្ងាយពីព្រំដែន ច្រើនៗម៉ែត្រ មិនមែនប៉ុន្មានម៉ែត្រនោះទេ”។

មិនឈប់ត្រឹមនៅក្នុងសង្គ្រាមពាក្យសម្តី ភាគីទាំងពីរកំពុងបង្កើនការវាយប្រហារលើគោលដៅរបស់គ្នាទៅវិញទៅមក។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើមូលដ្ឋានរបស់ Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ ហើយជាការឆ្លើយតប ក្រុម Hezbollah ក៏បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នៅថ្ងៃទី ៦ ខែមករា។ ភាពតានតឹងបានកើនឡើងបន្ថែមទៀត នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារ និងសម្លាប់លោក Saleh al-Arouri អនុប្រធានក្រុមហាម៉ាស់ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Hezbollah  នៅថ្ងៃទី ២ ខែមករា នៅជាយក្រុងបេរូត (ប្រទេសលីបង់)។ នៅក្នុងបរិបទនៃការកើនឡើងជម្លោះនាពេលបច្ចុប្បន្ននេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទទួលស្គាល់ថា បច្ចុប្បន្នគឺជាពេលវេលានៃភាពតានតឹងធ្ងន់ធ្ងរនៅក្នុងតំបន់ ហើយជម្លោះពីតំបន់ហ្គាហ្សាស្ទ្រីបអាចរាលដាលយ៉ាងងាយស្រួលទៅកាន់កន្លែងផ្សេងទៀត ប្រសិនបើភាគីទាំងអស់មិនមានសកម្មភាពបន្ទាន់៖

“នេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងងាយស្រួល និងបង្កឱ្យមានអស្ថិរភាព និងការខូចខាតបន្ថែមទៀតដល់តំបន់។ ដូច្នេះហើយ ក្នុងចំណោមអាទិភាពរបស់យើងចាប់តាំងពីថ្ងៃដំបូង យើងត្រូវបានផ្តោតលើការរារាំង ជម្លោះមិនឱ្យរាលដាល។ នោះក៏ជាអាទិភាពចម្បងក្នុងដំណើរទស្សនកិច្ចលើកទីបួនរបស់ខ្ញុំទៅកាន់តំបន់ចាប់តាំងពីជម្លោះបានផ្ទុះឡើង”។

រដ្ឋមន្ត្រីការបរទេសអាមេរិកព្យាយាមស្វែងរកផ្លូវចេញសម្រាប់វិបត្តិមជ្ឈិមបូព៌ា - ảnh 2រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយ រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅទីក្រុង Al Ula ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ Evelyn Hockstein/AP

ពិភាក្សាអំពីអនាគតនៃតំបន់ហ្គាហ្សាក្រោយជម្លោះ

យោងតាមក្រុមអ្នកសង្កេតការណ៍ បន្ទាប់ពីជាង ៣ ខែ ខណៈដែលកងទ័ពអ៊ីស្រាអែលធ្វើយុទ្ធនាការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប ជម្លោះរវាងរដ្ឋាភិបាលនៃប្រទេសនេះ និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលកំពុងលេចឡើងកាន់តែខ្លាំងឡើង។ ទោះបីជានៅតែរក្សាបាននូវការគាំទ្រផ្នែកនយោបាយ និងយោធាសម្រាប់អ៊ីស្រាអែលក៏ដោយ  ប៉ុន្តែសហរដ្ឋអាមេរិកមិនពេញចិត្តនឹងអ៊ីស្រាអែលលើបញ្ហាជាច្រើន ដែលទីមួយគឺការខ្វះកិច្ចសហប្រតិបត្តិការរបស់អ៊ីស្រាអែលជាមួយអង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (ICRC) ក្នុងការផ្តល់ជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសថា៖ “ជនស៊ីវិលប៉ាឡេស្ទីនច្រើន  ដែលភាគច្រើនជាកុមារ ទទួលរងការខ្វះខាតអាហារ ទឹក ថ្នាំពេទ្យ និងតម្រូវការចាំបាច់ផ្សេងៗ ទៀត។ ដូច្នេះ ខ្ញុំនឹងបន្តលើកឡើងពីកង្វល់ជាមួយភាគីអ៊ីស្រាអែលអំពីតម្រូវការ ជួយសម្រួលជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាស្ទ្រីប”។

ក្រៅពីបញ្ហាមនុស្សធម៌ រដ្ឋាភិបាលអាមេរិកបច្ចុប្បន្នក៏មិនយល់ស្របជាមួយរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការកសាងដំណោះស្រាយនយោបាយដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សាក្រោយជម្លោះ។ សហរដ្ឋអាមេរិក រួមជាមួយនឹងប្រទេសជាច្រើនផ្សេងទៀត ចង់កសាងរដ្ឋប៉ាឡេស្ទីនបង្រួបបង្រួមមួយ ដើម្បីគ្រប់គ្រងទាំងតំបន់ហ្គាហ្សាស្ទ្រីបនិងតំបន់ West Bank បន្ទាប់ពីជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបបានបញ្ចប់។ យ៉ាងណាមិញ មន្ត្រីជាច្រើននៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយជាសាធារណៈថា ពួកគេមិនចង់ប្រគល់តំបន់ហ្គាហ្សាស្ទ្រីប ទៅឱ្យការគ្រប់គ្រងរបស់ប៉ាឡេស្ទីនឡើយ។ ដូច្នេះក្នុងដំណើរនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវតែបញ្ចុះបញ្ចូលមេដឹកនាំអ៊ីស្រាអែលអំពីតម្រូវការដើម្បីពិភាក្សា យ៉ាង យកចិត្តទុកដាក់លើបញ្ហានេះក្នុងពេលឆាប់ៗនេះ។ មុននេះ នៅក្នុងសារព្រមានមួយផ្ញើទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងថា លោកបានពិភាក្សាជាមួយមេដឹកនាំនៃប្រទេសអារ៉ាប់ជាច្រើននៅក្នុងតំបន់ ហើយបានទទួលការប្តេជ្ញាចិត្តថាប្រទេសអារ៉ាប់នៅតែចាប់អារម្មណ៍ក្នុងការធ្វើឱ្យមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនាពេលអនាគត ប៉ុន្តែក្នុងលក្ខខណ្ឌដែលជម្លោះនៅហ្កាហ្សានឹងបញ្ចប់ឆាប់ៗ ហើយមានដំណោះស្រាយយូរអង្វែងសម្រាប់ដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលក្នុងនោះ មូលដ្ឋានគ្រឹះគឺការបង្កើតរដ្ឋប៉ាឡេស្ទីនស្របនឹងរដ្ឋអ៊ីស្រាអែលដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ