(VOVWORLD) - ថ្ងៃទី ២៨ ខែកក្កដានេះ គឺជាថ្ងៃគូសសញ្ញាខួបលើកទី ៣០ នៃការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការរបស់វៀតណាម (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៥)។ បន្ទាប់ពី ៣ ទសវត្សរ៍នៃការធ្វើសមាហរណកម្មជាមួយតំបន់ វៀតណាមបានអះអាងនូវតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ រួមចំណែកដោយឥតឈប់ឈរក្នុងការសម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់អាស៊ាន ក៏ដូច ជាផ្សព្វផ្សាយរឿងរ៉ាវជោគជ័យរបស់អាស៊ាន។
អគ្គលេខាបក្ស លោក តូ ឡឹម និងភរិយា រួមជាមួយអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងភរិយា អញ្ជើញកាត់នំខេកអបអរសាទរខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ខែមីនា ឆ្នាំ ២០២៥ (រូបថត៖ TTXVN) |
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ នៅទីក្រុង Bandar Seri Begawan នៃព្រះរាជាណាចក្រប្រ៊ុយណេ ទង់ជាតិវៀតណាមបានបក់រវិចៗ ជាមួយនឹងទង់ជាតិនៃសមាជិកអាស៊ានចំនួន ៦ ផ្សេងទៀត (សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ) ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃតំបន់៖ វៀតណាមបានក្លាយជាសមាជិកទី ៧ របស់អាស៊ានជាផ្លូវការ។
ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់សំខាន់មួយនៅលើមាគ៌ាចូលរួមសមាហរណកម្មរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ ព្រឹត្តិការណ៍នេះក៏ជាជំហានឆ្ពោះទៅមុខផងដែរ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ស្ថាបនិកអាស៊ាននៃតំបន់អាស៊ីអាគ្នេយ៍មួយ ដែលមានការឯកភាព ផ្សាភ្ជាប់ដោយសេចក្តីប្រាថ្នារួម អំពីសន្តិភាពនិងវិបុលភាព។
អនុវត្តន៍ជាក់ស្តែងចក្ខុវិស័យរបស់ប្លុក
ការដែលវៀតណាមចូលរួមជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៥របស់វៀតណាមគឺជាកត្តាជំរុញការផ្លាស់ប្តូរសម្រាប់ការពង្រីកប្លុកនៅទូទាំងតំបន់ ដោយត្រួសត្រាយផ្លូវសម្រាប់ការរួមបញ្ចូលឡាវ និងមីយ៉ាន់ម៉ាក្នុងឆ្នាំ ១៩៩៧ និងកម្ពុជានៅឆ្នាំ ១៩៩៩ តាមនោះ សម្រេចបាននូវចក្ខុវិស័យអាស៊ាន-១០។ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា៖ “ការប្តេជ្ញាចិត្តរបស់វៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយឆ្នាំ ២០០១ ស្តីពីការបង្រួមគម្លាតអភិវឌ្ឍន៍ឆ្ពោះទៅរក សមាហរណកម្មអាស៊ានកាន់តែជិតស្និទ្ធ ដែលសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមរបស់វៀតណាមក្នុងការរួមបញ្ចូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមចូលទៅក្នុងចរន្តសេដ្ឋកិច្ចស្នូលរបស់អាស៊ាន។ តួនាទីឈានមុខរបស់វៀតណាមក្នុងអាស៊ានត្រូវបានបង្ហាញច្បាស់ជាង តាមរយៈការកាន់ដំណែងប្រធានអាស៊ានរបស់ខ្លួនក្នុងឆ្នាំ ១៩៩៨, ២០១០ និង ២០២០។ អាណត្តិប្រធានអាស៊ាននីមួយៗរបស់វៀតណាម បានកត់ត្រានូវសមិទ្ធិផលគួរឲ្យកត់សម្គាល់ រួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះនៃទិសដៅរបស់អាស៊ាន”។
រយៈពេល ៣០ឆ្នាំ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក វៀតណាមតែងតែដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការបរទេសរបស់អាស៊ាន ដោយភ្ជាប់គោលនយោបាយការបរទេសពហុភាគីជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់អាស៊ាន។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំអាស៊ាន Sarah Al Bakri Devadason ដែលប្រទេសរបស់ខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៥ បានចែករំលែកថា វៀតណាមបានដើរតួនាទីមិនអាចខ្វះបានក្នុងដំណើររបស់អាស៊ាន៖
“ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក អាស៊ានមួយដែលមានសមាហរណកម្មសេដ្ឋកិច្ច សេរីភាវូបនីយកម្មពាណិជ្ជកម្ម បើកទ្វារទីផ្សារនិងមានឯកភាពនយោបាយ... គឺមិនអាចខ្វះបានការរួមចំណែករបស់វៀតណាមបានឡើយ។ មិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុកប៉ុណ្ណោះទេ វៀតណាមក៏ជាស្ពានមួយជំរុញទំនាក់ទំនងអាស៊ានជាមួយដៃគូផងដែរ។ អាចនិយាយបាន ថា ជាមួយនឹងក្រុមគ្រួសារអាស៊ានដែលមានសមាជិកទាំង ១០ នាពេលបច្ចុប្បន្ន តួនាទីរបស់វៀតណាមមានសារៈសំខាន់ និងមិនអាចខ្វះបានក្នុងរាល់សេចក្តីសម្រេចចិត្តនិងការកំណត់តំបន់។
កំណត់អនាគតអាស៊ាន
ក្នុងបរិបទដែលអាស៊ានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ឆ្នាំនេះ វៀតណាមត្រូវបានអាស៊ានរំពឹងថា នឹងបន្តដើរតួនាទីសំខាន់ក្នុងការរៀបចំអនាគតរួមរបស់អាស៊ាន។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ានលោក Tiffany McDonald បានសម្តែងថា៖
“អូស្ត្រាលីតែងតែសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមមិនត្រឹមតែក្នុងកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយឆ្នាំ ២០២០ បានជួយសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងសម្រាប់អនាគតរបស់អាស៊ាន ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាននៅឆ្នាំនេះ បានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ប្រការនោះបង្ហាញពីតួនាទីសំខាន់របស់វៀតណាមក្នុងការលើកកម្ពស់របៀបវារៈរបស់អាស៊ាន”។
ក្នុងបរិបទដែលអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាធំៗទាំងក្នុង និងក្រៅតំបន់ ប្រទេសជាច្រើនរំពឹងថា វៀតណាមនឹងដើរតួនាទីកាន់តែធំក្នុងអាស៊ាន ក្លាយជាស្ពានតភ្ជាប់រវាងអាស៊ាននិងប្រទេសដៃគូសន្ទនា។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន Kiya Masahiko បានចែករំលែកថា៖ “វៀត ណាមស្ថិតនៅលើផ្លូវសមុទ្រដ៏សំខាន់មួយរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយជាដៃគូសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ មិនត្រឹមតែបញ្ហាសន្តិសុខប៉ុណ្ណោះទេ វៀតណាមក៏ជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ក្នុងអាស៊ាន ដោយតែងតែផ្តោតលើវិស័យផលិតកម្មក្នុងបរិបទផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ រួមចំណែកដល់ការសម្រេចគោលដៅនៃចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ -ប៉ាស៊ីហ្វិក”។
ការចូលជាសមាជិកអាស៊ាន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងទាន់ពេលវេលា ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាយុទ្ធសាស្ត្រសម្រាប់ វៀតណាម។ រួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន បន្តជាគោលដៅយុទ្ធសាស្ត្រមួយនៃទំនាក់ទំនងការទូតពហុភាគីរបស់វៀតណាម។
អាទិភាពកំពូលរបស់វៀតណាមនាពេលនេះគឺរួមជាមួយបណ្តាប្រទេសជាសមាជិកដើម្បីពង្រឹងសាមគ្គីភាពនិងឯកភាពគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន រក្សាតួនាទីកណ្តាលរបស់អាស៊ាន ពង្រីកនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូ និងលើកកម្ពស់ភាពខ្លួនទីពឹងខ្លួន ភាពធន់ និងសម្របខ្លួនរបស់អាស៊ានក្នុងបរិយាកាសក្នុងតំបន់ និងអន្តរជាតិពោរពេញដោយការប្រែប្រួល៕