លើកទឹកចិត្តនិងការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ដើម្បីផលប្រយោជន៍រួម

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបតែបានចេញសេចក្តីសម្រេចចិត្តលេខ ៧៣/២០២៣ របស់រដ្ឋាភិបាល ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយកំណត់លើការលើកទឹកចិត្ត និងការពារកម្មាភិបាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម។ នេះគឺជាជំហានមួយដើម្បីបញ្ជាក់ពីសេចក្តីសន្និដ្ឋានលេខ ១៤ របស់ការិយាល័យនយោបាយ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីគោលនយោបាយលើកទឹកចិត្ត និងការពារកម្មាភិ បាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ដើម្បី ផលប្រយោជន៍រួម។ មតិសាធារណៈវាយតម្លៃខ្ពស់ចំពោះ គោលនយោបាយរៀបចំជួរកម្មាភិបាល បក្ខជនដែលមានទេពកោសល្យ ដែលតែងតែយកចិត្តទុកដាក់នឹងការងារ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។

លើកទឹកចិត្តនិងការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ដើម្បីផលប្រយោជន៍រួម - ảnh 1រូបថត៖ chinhphu.vn

សេចក្តីសន្និដ្ឋានលេខ ១៤ របស់ការិយាល័យនយោបាយ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ គឺជាឯកសារគោលនយោបាយមានលក្ខណៈយុទ្ធសាស្ត្រ ខណៈដែលសេចក្តីសម្រេចចិត្តលេខ ៧៣របស់រដ្ឋាភិបាល ចុះថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០២៣ គឺជារបៀងច្បាប់ច្បាស់លាស់ដើម្បីលើកទឹកចិត្ត និងការពារកម្មាភិបាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទម្លុះទម្លាយ និងហ៊ានទទួលខុសត្រូវដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ។

ពីសេចក្តីសន្និដ្ឋានលេខ ១៤

សេចក្តីសន្និដ្ឋានលេខ ១៤ របស់ការិយាល័យនយោបាយ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានប្រដូចទៅនឹង “ជំនោរខ្យល់ថ្មី” ដែលជះឥទ្ធិពលជាវិជ្ជមានដល់ចិត្តសាស្ត្រសង្គម និងបង្កើតការជឿទុកចិត្ត សេចក្តីប្រាថ្នា និងឆន្ទៈក្នុងការតស៊ូជំនះរាល់ការលំបាក បំផុសការច្នៃប្រឌិតសម្រាប់កម្មាភិបាលនិងបក្ខជន។ គណៈកម្មាធិការបក្ស និងអង្គការគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសបានចាត់ទុកសេចក្តីសន្និដ្ឋានលេខ ១៤ ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី។ លោកស្រី Ha Thi Bich Hong លេខាគណៈកម្មាធិការបក្សស្រុក Vo Nhai ខេត្ត Thai Nguyen បានឲ្យដឹងថា សេចក្តីសន្និដ្ឋាន លេខ ១៤ របស់ការិយាល័យនយោបាយ ជួយកម្មាភិបាល និងបក្ខជននៅភូមិសាស្ត្រស្រុកមានជំនឿចិត្តកាន់តែច្រើន ក្នុងការបញ្ចេញគំនិតល្អៗ ដើម្បីផលប្រយោជន៍សហគមន៍។

“ទាក់ទងនឹងពេលវេលា សេចក្តីសន្និដ្ឋាននេះគឺចាំបាច់បំផុត។ ត្រូវមានទីបង្អែកខាងនយោបាយមួយដើម្បីកម្មាភិបាល បក្ខជនប្រតិបត្តិ។ សេចក្តីសន្និដ្ឋាននោះ ក៏បានបញ្ជាក់អំពីទស្សនៈយ៉ាងច្បាស់លាស់ លើការការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ លើកទឹកចិត្ត និងជំរុញឱ្យកម្មាភិបាលមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកបដោយស្មារតីច្នៃប្រឌិត និងដើម្បីផលប្រយោជន៍រួម”។

សេចក្តីសន្និដ្ឋានលេខ ១៤ នេះ គឺពិតជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ស្តីពីការរៀបចំជួរកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានបង្កើតភាពទម្លុះទម្លាយ និងហ៊ានទទួលខុសត្រូវ។ ទន្ទឹមនឹងការសន្និដ្ឋាននេះ បក្ស និងរដ្ឋវៀតណាមក៏បានចេញសេចក្តីសម្រេចចិត្ត

សេចក្តីណែនាំ និងបទប្បញ្ញត្តិជាច្រើនស្តីពីការវាយតម្លៃ ការតែងតាំង និងការប្រើប្រាស់កម្មាភិបាលដែលមានការគិតថ្មី បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ដែលជាយុទ្ធសាស្ត្រក្នុងការងារបុគ្គលិក។ ក្នុងចំណោមនោះ គួរកត់សម្គាល់គឺបទប្បញត្តិលេខ ៤១ របស់ការិយាល័យ ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលលើកដំបូងបានចែងពីការលើកលេង និងការលាលែងពីតំណែងក្នុងការងារកម្មាភិបាល។

ទៅកាន់សេចក្តីសម្រេចចិត្តលេខ ៧៣

សេចក្តីសម្រេចចិត្តលេខ ៧៣ របស់រដ្ឋាភិបាល ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ បានកំណត់ថា ៖ កម្មាភិបាល កម្មាភិបាលជាថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់គ្រង  អ្នកកាន់តំណែង  និងអ្នកតំណាងផ្នែកទុននៃសហគ្រាសនានា តាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល មានការគិតប្រកបដោយភាពច្នៃប្រឌិត   ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវក្នុងដំណើរការអនុវត្តទំនួលខុសត្រូវ និងភារកិច្ចដែលបានកំណត់ ដោយផ្តើមចេញពីតម្រូវការជាក់ស្តែង ដើម្បីដកចេញបទពិសោធន៍ និងដោះស្រាយបញ្ហារអាករអួល រាំងស្ទះក្នុងយន្តការ និងគោលនយោបាយដែលមិនទាន់បានចែងក្នុងឯកសារគតិយុត្តិ ប៉ុន្តែនាំមកនូវតម្លៃជាក់ស្តែង និងប្រសិទ្ធភាព  បង្កើតការផ្លាស់ប្តូរយ៉ាងរឹងមាំ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរួម... គឺត្រូវបានលើកទឹកចិត្ត និងការពារជានិច្ច។ គោលការណ៍នៃការលើកទឹកចិត្ត និងការពារកម្មាភិបាលគឺ៖ កម្មាភិបាលមានសំណើប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានស្ថាប័នសាមីធ្វើការពិចារណា និងសម្រេចអនុវត្តក្នុងវិសាលភាពនៃសិទ្ធិអំណាចធ្វើសេចក្តីសម្រេចស្របតាមបទប្បញ្ញត្តិនៃច្បាប់ ហើយត្រូវបានទទួលស្គាល់ លើកតម្កើងផងដែរ។ លោក Luu Binh Nhuong អនុប្រធានគណៈកម្មាធិការ   នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកមតិថា៖ “បញ្ហាដែលលើកឡើងក្នុងសេចក្តីសម្រចចិត្តនេះគឺត្រឹមត្រូវណាស់។ ជាក់ស្តែង តាមមតិសាធារណៈដែលបានឆ្លុះបញ្ជាំង បានបង្កើតឡើងភាពនឹងនរចិត្ត។ ម្យ៉ាងវិញទៀត បង្កើតកម្លាំងចិត្តដល់អ្នកដែលមានសមត្ថភាព ស្មោះត្រង់ ហ៊ានតស៊ូ ហ៊ានលះបង់ដើម្បីផលប្រយោជន៍រួម ដើម្បីផលប្រយោជន៍សមូហភាព ត្រៀមជាស្រេច ប្រយុទ្ធប្រឆាំងនឹងបញ្ហាអវិជ្ជមានក្នុងប្រព័ន្ធសេវាសាធារណៈបច្ចុប្បន្ន”។

សេចក្តីសម្រេចចិត្តលេខ ៧៣  កំណត់ការលើកទឹកចិត្ត និងការការពារកម្មាភិបាល ត្រូវតែ អនុវត្តភ្លាមៗ តាមបែបប្រជាធិបតេយ្យ បើកចំហ និងតម្លាភាព ត្រឹមត្រូវតាមមុខសញ្ញា និងនីតិវិធីត្រឹមត្រូវតាមបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធ។ លើសពីនេះ ស្ថាប័ន អង្គការ កម្មាភិបាល និងបុគ្គលមិនត្រូវបានអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ពីគោលនយោបាយ និងវិធានការលើកទឹកចិត្ត និងការពារកម្មាភិបាល ដើម្បីអនុវត្តន៍ ឬបិទបាំងអំពើពុករលួយ អវិជ្ជមាន ការកិបកេង និងការរំលោភលើច្បាប់បក្ស និងច្បាប់រដ្ឋ; ឬប៉ះពាល់ដល់ការអនុវត្តភារកិច្ចនយោបាយ ជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន សកម្មភាពផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហគ្រាស។

យោងតាមការវាយតម្លៃទូទៅ ការចេញសេចក្តីសម្រេចចិត្តលេខ  ៧៣/២០២៣ របស់រដ្ឋាភិបាល គឺជាជំហានមួយដ៏ទាន់ពេល ដើម្បីបញ្ជាក់នូវគោលនយោបាយរបស់បក្ស ក្នុងការរៀបចំជួរកម្មាភិបាល ដែលមានទេពកោសល្យ និងយកចិត្តទុកដាក់ បង្កើតច្រករបៀងគតិយុត្តិដ៏សំខាន់មួយ ដើម្បីជម្រុញស្មារតីនៃការទទួលខុសត្រូវ បំណងប្រាថ្នាសម្រាប់ការលះបង់ និងស្មារតីច្នៃប្រឌិតក្នុងចំណោមកម្មាភិបាលរបស់បក្សនាបច្ចុប្បន្ន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ