វៀតណាម និងដំណើរជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន

(VOVWORLD) - ថ្ងៃទី ៤ មេសា - ទិវាអន្តរជាតិយល់ដឹងអំពីគ្រាប់បែកមីន និងជំនួយក្នុងសកម្មភាពបោសសំអាតគ្រាប់បែកមីន - ត្រូវបានអង្គការសហប្រជាជាតិរៀបចំប្រចាំឆ្នាំ សំដៅលើកកម្ពស់ការយល់ដឹងរបស់មនុស្សស្ដីពីពិភពលោកមួយដែលគ្មានការគំរាមកំហែងពីគ្រាប់បែកមីន និងគ្រឿងផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។ ដោយមានគោលដៅក្លាយទៅជាប្រទេសមិនមានផលប៉ះពាល់ដោយសារគ្រាប់បែកមីន វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងទ្វេដងទាំងក្នុង និងក្រៅប្រទេស សំដៅជំរុញការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន បម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងធានាសុវត្ថិភាពជូនប្រជាជន។
វៀតណាម និងដំណើរជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន - ảnh 1បោសសម្អាតគ្រាប់បែកដែលនៅសេសសល់ពីសង្គ្រាម។ រូបថត៖ Minh Nhan

ដំណើរជិត៥០ឆ្នាំនាំមកនូវពណ៌ខៀវស្រងាត់សម្រាប់ដី

ភ្លាមៗបន្ទាប់ពីបញ្ចប់សង្គ្រាម  វៀតណាមតែងតែផ្តល់អាទិភាពចំណាយប្រភពធនធានដ៏ធំធេងសម្រាប់ការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន។ តាមការប៉ាន់ប្រមាណបានឲ្យដឹងថា ចំនួនគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នាពេលបច្ចុប្បន្ននេះ បានស្ថិតរាយប៉ាយតាមខេត្ត ក្រុងទាំង៦៣/៦៣ របស់វៀតណាម ក្នុងនោះភាគច្រើនគឺនៅតាមខេត្ត ក្រុងភូមិភាគកណ្ដាល។ ខេត្ត  Quang Binh និងខេត្ត Quang Tri គឺជាខេត្តដែលមានផ្ទៃដីរងការបំពុលពីគ្រាប់បែកមីនច្រើនបំផុត ហើយតំបន់ខ្លះមានផ្ទៃដីជាង ៨០% រងការបំពុលពីគ្រាប់បែក។

ទន្ទឹមនឹងមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតគ្រាប់បែកមីនជាតិវៀតណាមដែលបានបង្កើតឡើងកាលពី ១០ ឆ្នាំមុន នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអនុម័តលើផែនការអនុវត្តន៍កម្មវិធីសកម្មភាពជាតិដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាមដំណាក់កាល ២០២៣-២០២៥។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យបង្កើនជាអតិបរមារាល់ប្រភពធនធាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្រោយសង្គ្រាម បម្រើអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Dinh អនុប្រធានសមាគមជួយឧបត្ថម្ភជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនវៀតណាមបានអះអាងថា៖

វៀតណាម និងដំណើរជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន - ảnh 2លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Dinh អនុប្រធានសមាគមជួយឧបត្ថម្ភជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនវៀតណាម។ រូបថត៖ VOV

“បក្ស និងរដ្ឋវៀតណាមប្តេជ្ញាចិត្តបង្កើនប្រភពធនធាន ជំរុញខ្លាំងការបោសសម្អាតគ្រាប់បែកមីន ក៏ដូចជាជួយឧបត្ថម្ភជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនកៀរគរប្រភពធនធានទាំងជាតិ និងអន្តរជាតិដើម្បីផ្ដោតសំខាន់លើការពន្លឿន ជំនះពុះពារលើផលវិបាក ជួយប្រជាជនមានលក្ខខណ្ឌផលិតកម្ម ហើយមានផ្ទៃដីធ្លីសម្រាប់សាងសង់សំណង់នានាផងដែរ”។

រួមជាមួយនឹងការខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់បែកមីន ជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែកមីន វៀតណាមបានអនុវត្តន៍សកម្មភាពផ្សព្វផ្សាយ ឃោសនា អប់រំ និងលើកកម្ពស់ការយល់ដឹងបង្ការ ទប់ស្កាត់គ្រោះថ្នាក់សម្រាប់ប្រជាជន។ លោកវរសេនីយ៍ទោ Dau Phi Truong មកពីមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតគ្រាប់បែកមីនជាតិវៀតណាមបានឲ្យដឹងថា៖

“នារយៈពេលកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយ និងឧបករណ៍ផ្សព្វផ្សាយត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឃោសនាដល់ប្រជាជនទាំងមូលឲ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់បែកមីន។ លើសពីនេះ ការអប់រំ និងឃោសនាផ្ទាល់ក៏ត្រូវបានផ្ដោតសំខាន់តាមតំបន់ស្នូល តំបន់រងការបំពូលដោយគ្រាប់បែកមីន ដូចជារៀបចំការប្រឡងនៅតាមសាលារៀន សំដៅបញ្ជូនសារដល់ប្រជាជននៅតំបន់ដែលរងការបំពុល។ លើសពីនេះ ផ្សព្វផ្សាយតាមរយៈការជួបជុំរវាងប្រជាជន និងការជួបប្រាស្រ័យម្ចាស់ឆ្នោត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃគ្រាប់បែកមីនផងដែរ”។

បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភពលោកមួយសុវត្ថិភាពជាង

ផលវិបាកនៃគ្រាប់បែកមីននៅតែជាបញ្ហាដ៏ក្ដៅគគុកនៅតាមប្រទេសជាច្រើន និងតាមតំបន់ជាច្រើននៅលើពិភពលោក។ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងសហគមន៍ក៏ដូចជាភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន។ វៀតណាមបានចូលរួមយន្តការសហប្រតិបត្តិការអន្តរជាតិជាច្រើនលើវិស័យនេះ ដូចជាអនុសញ្ញាហាមប្រាម ឬកំណត់ការប្រើប្រាស់អាវុធសាមញ្ញមួយចំនួនដែលអាចបង្កការខូចខាតហួសហេតុ ឬមានឥទ្ធិពលមិនរើសអើង; អនុសញ្ញាហាមប្រាមគ្រាប់បែកចង្កោមជាដើម។

ការងារជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិយាយរួម និងការជំនះផលវិបាកដោយសារគ្រាប់បែកមីននិយាយដោយឡែកនៅវៀតណាមនៅតែមានការលំបាកជាច្រើន វៀតណាមបានកំណត់បន្តជំរុញខ្លាំងសកម្មភាពសហប្រតិបត្តិការអន្តរជាតិ ពង្រីកទំនាក់ទំនងជាមួយប្រទេសនិង អង្គការអន្តរជាតិនានា។ ការប្តេជ្ញាចិត្តនេះត្រូវបានលោកនាយករដ្ឋមន្ត្រី Pham Minh Chinhសង្កត់ធ្ងន់៖

“វៀតណាមនឹងបន្តសកម្ម ម្ចាស់ការក្នុងការងារជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាម វៀតណាមស្នើឱ្យរដ្ឋាភិបាលនៃប្រទេស អង្គការអន្តរជាតិ និងម្ចាស់ជំនួយនានាបន្តរួមដំណើរ នាំវៀតណាម រួចផុតពីឥទ្ធិពលនៃគ្រាប់បែកមីនដែលបន្សល់ទុកដោយសង្រ្គាមនាពេលឆាប់ៗខាងមុខ។ យើងចាំបាច់ត្រូវរួមគ្នាកសាងទំនុកចិត្ត រួមដៃគ្នាថែរក្សាសន្តិភាព បង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ នាំមកនូវសុវត្ថិភាព សុភមង្គលជូនប្រជាជនគ្រប់រូបផងដែរ”។

ជួយជ្រោមជ្រែងទិវាអន្តរជាតិយល់ដឹងអំពីគ្រាប់បែកមីន និងជំនួយក្នុងសកម្មភាពបោសសំអាតគ្រាប់បែកមីនរបស់អង្គការសហប្រជាជាតិ វៀតណាមបានផ្ញើសារជាថ្មីម្តងទៀតថា៖ វៀតណាមខិតខំប្រឹងប្រែងធ្វើសកម្មភាព ដើម្បីទប់ស្កាត់សង្គ្រាម ជម្លោះប្រដាប់អាវុធ សម្រាប់ប្រជាតិនានានៅលើពិភពលោកមិនរងផលវិបាក ដ៏ឈឺចាប់ដែលបន្សល់ទុកដោយគ្រាប់បែកមីន ដើម្បីពិភពលោកមួយមានសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ