គ្រាដែលទង់ជាតិរំដោះបក់រវីកៗលើដំបូលវិមានឯករាជ្យនៅពេលថ្ងៃត្រង់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានឈានចូលក្នុងប្រវត្តិសាស្ត្រជាតិ ជាព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សវិសេសវិសាល - ជាថ្ងៃដែលភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង ប្រទេសត្រូវបានបង្រួបបង្រួម។ នោះមិនត្រឹមតែជាជ័យជំនះដ៏មហិមាររបស់ប្រជាជនវៀតណាមក្នុងការតស៊ូពោរពេញដោយការលំបាកដើម្បីប្រយុទ្ធប្រឆាំងជាមួយអាមេរិកសង្គ្រោះប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តសញ្ញាដ៏ភ្លឺចែញចាំងនៃវីរភាពបដិវត្តន៍ នៃឆន្ទៈឯករាជ្យ ខ្លួនទីពឹងខ្លួន និងជាកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូលផងដែរ។
សេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ និងសេរីភាព គឺជាអណ្តាតភ្លើងដ៏ពិសិដ្ឋ ដែលបានបញ្ឆេះស្មារតីជាតិពេញរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រ។ ចាប់ពីពេលដែលបណ្តាស្តេចហ៊ុងបានកសាងប្រទេសជាតិ រហូតមកដល់សព្វថ្ងៃនេះ ឆ្លងកាត់តាមរយៈការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់បរទេសដើម្បីការពារប្រទេសជាតិ ហើយសេចក្តីស្នេហាជាតិ និងស្មារតីជាតិតែងតែជាខ្សែអំបោះក្រហមពាសពេញបណ្តោយប្រវត្តិសាស្ត្រ។ ក្រោមការដឹកនាំរបស់បក្ស និងលោកអ៊ំហូ សេចក្តីប្រាថ្នានោះ តែងតែជាកម្លាំងស្មារតីដែលមិនអាចប្រៀបផ្ទឹមបាន ដោយជំរុញឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈ រួមទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីជំនះរាល់ការលំបាក និងឧបសគ្គនានា ដើម្បីដណ្តើមបានឯករាជ្យនៅឆ្នាំ ១៩៤៥ បណ្តេញអាណានិគមនិយមនៅឆ្នាំ ១៩៥៤ និងបង្រួបបង្រួមប្រទេសនៅឆ្នាំ ១៩៧៥។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។ រូបថត៖ VOV |
ជ័យជំនះរបស់ប្រជាជាតិវីរភាព
ជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមតែបង្កប់នូវអត្ថន័យបញ្ចប់សង្គ្រាមអូសប្លាយនិងដ៏កាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាមសម័យទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍ដ៏ភ្លឺចិញ្ចាចក្នុងដំណើរកសាង និងការពារប្រទេសជាតិផងដែរ។ នោះគឺជាជ័យជំនះនៃជំនឿ នៃប្រាថ្នាចង់បានឯករាជ្យភាព សេរីភាពនិងការបង្រួបបង្រួមប្រទេសជាតិ; ជ័យជំនះនៃកម្លាំងមហាសាមគ្គីជនជាតិទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម; ជ័យជំនះនៃការពិតដែលថា "គ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងសេរីភាព" និងនៃស្មារតីស្នេហាជាតិ ឆន្ទៈតស៊ូ និងមិនចុះញ៉ុមរបស់ប្រជាជនវៀតណាមរាប់ពាន់ជំនាន់ របស់កម្លាំងជឿនលឿន និងប្រជាជនដែលស្រឡាញ់សន្តិភាពទូទាំងពិភពលោក។
ជ័យជំនះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាលទ្ធផលនៃការប្ដេជ្ញាចិត្តដែកថែប របស់ប្រជាជាតិវៀតណាមអំពីប្រទេសឯកភាពមួយ ដែលមិនអាចបែងចែកដោយកម្លាំងណាមួយឡើយ។ លោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេដ៏ឈ្លាសវៃរបស់ប្រជាជាតិ បានអះអាងនូវការពិតដ៏អមតៈថា “វៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ។ មេឃអាចនឹងរលំ ភ្នំអាចនឹងរលាយ ប៉ុន្តែការពិតនោះនឹងមិនផ្លាស់ប្តូរឡើយ”។ ប្រសាសន៍របស់លោកអ៊ំហូ មិនត្រឹមតែជាការប្រកាសដ៏ពិសិដ្ឋអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះទេ ថែមទាំងជាភ្លើងគប់បំភ្លឺផ្លូវ ដែលជាប្រភពនៃការបំផុសគំនិត និងផ្តល់កម្លាំងចិត្តដល់ប្រជាជនវៀតណាមគ្រប់ជំនាន់ក្នុងអំឡុងសង្គ្រាមដ៏លំបាក និងដ៏កាចសាហាវ។ ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាសក្ខីភាពរស់រវើកនៃទស្សនវិជ្ជានៃសម័យកាល "គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាព"។
មិនត្រឹមតែជាជ័យជម្នះយោធាប៉ុណ្ណោះទេ ជ័យជំនះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ក៏ជាការប្រមូលផ្តុំនៃបញ្ញា ភាពក្លាហាន និងបំណងប្រាថ្នាដ៏មុតមាំ អំពីសន្តិភាពយូរអង្វែង និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិមួយដែលធ្លាប់រងការជិះជាន់ សង្កាត់សង្កិន បំបែកបំបាក់។ ដូចនឹងប្រសាសន៍របស់អគ្គលេខាបក្ស Le Duan "ជ័យជំនះនោះមិនមែនជារបស់បុគ្គលណាម្នាក់ទេ ប៉ុន្តែជារបស់ប្រជាជាតិវៀតណាមទាំងមូល"។ ហើយដូចដែលកវី To Huu ធ្លាប់បានសរសេរថា "គ្មានការឈឺចាប់របស់អ្នកណាម្នាក់តែម្នាក់ឯងទេ/ ជ័យជំនះនេះគឺជារបស់មនុស្សជាតិទាំងអស់"។
មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ក៏បានបន្សល់ទុកនូវសញ្ញាណដ៏រឹងមាំមួយនៅលើឆាកអន្តរជាតិ ដោយបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ចលនារំដោះជាតិនៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន; លើកទឹកចិត្តប្រជាជាតិទាំងអស់ឱ្យក្រោកឈរឡើងប្រឆាំងនឹងរបបអាណានិគមនិយមថ្មី ដណ្តើមសេរីភាពនិងឯករាជ្យភាពឡើងវិញ។ នោះគឺជាការបញ្ជាក់ទៅកាន់សហគមន៍អន្តរជាតិថាៈ ប្រជាជាតិមួយមិនថាតូចយ៉ាងណានោះទេ បើមានយុត្តិធម៌ សាមគ្គីភាព និងឆន្ទៈដ៏មុតមាំ ដោយមានការគាំទ្រ និងជំនួយសុទ្ធសាធពីមិត្តអន្តរជាតិ ពីកម្លាំងរីកចម្រើន និងពីប្រជាជនដែលស្រលាញ់សន្តិភាពក្នុងពិភពលោក ប្រាកដជាប្រជាជាតិនោះនឹងឈ្នះលើ កម្លាំងខ្លាំងជាងច្រើនដងជាក់ជាពុំខាន។
ឆន្ទៈនិងប្រាថ្នាចង់បង្រួបបង្រួមជាតិ
ក្នុងអំឡុងពេលនៃការតស៊ូរយៈពេល ៣០ ឆ្នាំប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម (១៩៤៥-១៩៧៥) ប្រជាជាតិវៀតណាមត្រូវប្រឈមមុខនឹងការលំបាក ការលះបង់ និងការបាត់បង់រាប់មិនអស់ ប៉ុន្តែ ឆន្ទៈអំពីប្រទេសវៀតណាមឯកភាពនិងបង្រួបបង្រួម គឺគ្មានការប្រែប្រួលឡើយ។
ក្នុងសេចក្តីអំពាវនាវក្នុងថ្ងៃបុណ្យជាតិថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៥៥ លោកអ៊ំហូ បានបញ្ជាក់ថា៖ “ប្រទេសវៀតណាមប្រាកដជានឹងបានបង្រួបបង្រួម ព្រោះប្រទេសយើងជាប្លុកមួយ គ្មាននរណាអាចបំបែកបានឡើយ”។ នៅក្នុងលិខិតផ្ញើជូនជនរួមជាតិទូទាំងប្រទេសនៅឆ្នាំ ១៩៥៦ លោកអ៊ំហូបានសរសេរថា “ការបង្រួបបង្រួមប្រទេសជាតិ គឺជាមាគ៌ារស់របស់ប្រជាជនយើង”។ នៅពេលដែលសង្រ្គាមស្ថិតក្នុងដំណាក់កាលដ៏កាចសាហាវ និងខ្លាំងក្លាបំផុតនោះ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៦៦ លោកប្រធានបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា "សង្រ្គាមអាចអូសបន្លាយរយៈពេល ៥ ឆ្នាំ ១០ឆ្នាំ ២០ ឆ្នាំ ឬយូរជាងនេះ ហាណូយ ហាយហ្វុង ទីក្រុង និងសហគ្រាសមួយចំនួនអាចនឹងរងការបំផ្លាញ។ ប៉ុន្តែប្រជាជនវៀតណាមបានប្តេជ្ញាចិត្តមិនខ្លបខ្លាចទេ! គ្មានអ្វីមានតម្លៃជាងឯករាជ្យ សេរីភាព។ ដល់ទិវាជ័យជំនះ ប្រជាជននឹងកសាងប្រទេសយើងឡើងវិញឲ្យមានភាពថ្លៃថ្នូរ និងស្រស់ស្អាតជាងមុន”។ ហើយជាការពិតណាស់ ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញនិងបក្សយើង កងទ័ពនិងប្រជាជនវៀតណាមបានឆ្លងកាត់ការលំបាករាប់មិនអស់ ដោយបានយកឈ្នះលើយុទ្ធសាស្ត្រសង្រ្គាមទំនើបបន្តិចម្តងៗ ដោយមានជំនឿយ៉ាងមុតមាំលើកម្លាំងនៃយុត្តិធម៌ និងស្មារតីឯករាជ្យជាតិ។
សេចក្តីប្រកាសរបស់លោកប្រធានហូជីមិញ “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ” មិនត្រឹមតែជាការពិត ជាការតម្រង់ទិសយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាពាក្យបញ្ជាចេញពីបេះដូងរបស់ប្រជាជាតិទាំងមូលផងដែរ។ នៅក្នុងរណ្តៅសង្រ្គាម ពាក្យនោះបានក្លាយទៅជាប្រភពនៃកម្លាំងដ៏មហិមា ដែលជាការបំផុសគំនិតដ៏រឹងមាំ ជំរុញប្រជាជនវៀតណាមរាប់លាននាក់ឱ្យឈានជើងចូលសមរភូមិជាមួយនឹងឆន្ទៈ “ប្តេជ្ញាស្លាប់ដើម្បីមាតុភូមិរស់រានមានជីវិតឡើងវិញ”។ ប្រសាសន៍របស់លោកអ៊ំហូ គឺជាការអំពាវនាវដ៏ពិសិដ្ឋ ជានិមិត្តរូបនៃការតាំងចិត្តពុះពារជំនះលើការឈឺចាប់ និងទុក្ខលំបាក ដើម្បីដណ្តើមបានឯករាជ្យ និងសេរីភាពសម្រាប់ជាតិ បង្រួបបង្រួមប្រទេសជាតិ និងសុភមង្គល ភាពរុងរឿងសម្រាប់ប្រជាជន។
ក្នុងរយៈពេលជាង៣០ឆ្នាំនៃការតស៊ូ និងការកសាងប្រទេសជាតិ យុវជនយុវនារីឆ្នើមរាប់លាននាក់របស់ប្រជាជាតិបានតស៊ូយ៉ាងក្លាហាននិងពលីជីវិត។ គ្រួសាររាប់មិនអស់បានបាត់បង់មនុស្សជាទីស្រឡាញ់ ភូមិករ និងទីក្រុងរងការបំផ្លិចបំផ្លាញ ហើយយុវជនច្រើនជំនាន់ ត្រូវទុកចោលជាបណ្តោះអាសន្ននូវក្តីសុបិននៃការសិក្សា និងមហិច្ឆតាអនាគតរបស់ពួកគេ ដើម្បីចូលរំចំណែក រៀបចំការពារមាតុភូមិដោយពាក្យសម្បថថា "យើងនឹងមិនត្រឡប់មកវិញទេ ដរាបណាអស់ខ្មាំងសត្រូវ”។ ម្ដាយជូនដំណើរកូន ប្រពន្ធជូនដំណើរប្ដីចេញទៅសមរភូមិដោយគ្មានថ្ងៃត្រឡប់មកវិញ។ កុមារៗធំឡើងក្នុងភ្លៀងនៃគ្រាប់បែក និងគ្រាប់កាំភ្លើង រៀនអាន និងសរសេរនៅក្នុងលេណដ្ឋានក្រោមដី ហើយញ៉ាំពោត ដំឡូង និងដំឡូងមីជំនួសបាយ។ យុទ្ធជន យុវជនស្ម័គ្រចិត្ត និងកម្មករជួរមុខរាប់មិនអស់បានបាត់បង់…ប៉ុន្តែ ពួកគេទាំងអស់មានជំនឿយ៉ាងមុតមាំថា ប្រជាជនវៀតណាមនឹងដណ្តើមបានការគ្រប់គ្រងប្រទេស ហើយភាគខាងជើងនិងខាងត្បូងនឹងត្រូវបានបង្រួបបង្រួមវិញជាក់ជាពុំខាន។
ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាការជ្រួតជ្រាបនៃឧត្តមគតិ និងឆន្ទៈដ៏មុតស្រួចរបស់ប្រជាជាតិ ដែលមិនចេះចុះញ៉ម ការលះបង់សាច់ស្រស់ឈាមស្រស់របស់ប្រជាជនវៀតណាមរាប់លាននាក់ ពីស្នេហាជាតិមាតុភូមិ និងប្រទេសជាតិ ភាពក្លាហាន ជំនឿលើជ័យជំនះ និងការតាំងចិត្តមិនដកថយ។
កន្លះសតវត្សបានកន្លងផុតទៅ ចាប់តាំងពីប្រទេសត្រូវបានបង្រួបបង្រួមឡើងវិញ ប៉ុន្តែសំឡេងនៃបទចម្រៀងជ័យជំនះនៅតែដក់ជាប់ក្នុងដួងព្រលឹងនៃប្រជាជនវៀតណាម។ ក្នុងឱកាសនៃព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សវិសេសវិសាល យើងគោរពរំលឹកដល់លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់របស់យើង ជាអគ្គមគ្គុទេសដ៏ប៉ិនប្រសប់នៃបក្ស និងប្រជាជនយើង គ្រូដ៏មហិមានៃបដិវត្តន៍វៀតណាម វីរៈបុរសរំដោះជាតិ អ្នកវប្បធម៌ពិភពលោក យុទ្ធជនឆ្នើមនៃចលនាកុម្មុយនិស្តអន្តរជាតិ អ្នកដែលបានចាក់គ្រឹះមនោគមវិជ្ជាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ; តបស្នងសង់គុណនិងរំលឹកដល់វិញ្ញាណក្ខន្ធថ្នាក់ដឹកនាំជាន់ខ្ពស់ យុទ្ធជនពលី បញ្ញវ័ន្ត ប្រជាជន និងយុទ្ធជនទូទាំងប្រទេស ដែលបានតស៊ូ និងពលីកម្មដោយវីរភាព ដើម្បីឧត្តមគតិដ៏ថ្លៃថ្លានោះ។ កូនចៅវៀតណាមថ្ងៃនេះ និងថ្ងៃស្អែក ចងចាំជារៀងរហូតនូវគុណបំណាច់ និងការលះបង់ដ៏ធំធេង ដើម្បីឯករាជ្យជាតិមាតុភូមិ ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជន និងដើម្បីភាពគងវង្ស និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិអន្តរជាតិ កងកម្លាំងរីកចម្រើន បណ្តាប្រទេសសង្គមនិយមជាបងប្អូន អង្គការមនុស្សធម៌ និងប្រជាជនដែលស្រឡាញ់សន្តិភាពជុំវិញពិភពលោក ដែលបានរួមដំណើរ ជួយឧបត្ថម្ភនិងគាំទ្រវៀតណាមក្នុងអំឡុងឆ្នាំនៃការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្រោយសង្គ្រាម។ មនោសញ្ចេតនា និងការគាំទ្រដ៏បរិសុទ្ធ ស្មោះស្ម័គ្រ នឹងត្រូវបានប្រជាជនវៀតណាមគោរព ស្រឡាញ់ និងចារទុកក្នុងដួងចិត្តជារៀងរហូត។
ពាក់កណ្តាលសតវត្សនៃការស្តារ ការផ្សះផ្សា និងអភិវឌ្ឍន៍
រយៈពេលមួយសតវត្សកន្លងទៅនេះ ប្រជាជនវៀតណាមបានឆ្លងកាត់ប្រវត្តិសាស្ត្រសោកនាដកម្ម ដោយស៊ូទ្រាំនឹងការឈឺចាប់ និងការបាត់បង់រាប់មិនអស់ក្រោមនឹមនៃការត្រួតត្រាអាណានិគម សក្តិភូមិ និងការជិះជាន់សង្កត់សង្កិន ជាពិសេសសង្គ្រាមដ៏កាចសាហាវពីរដែលអូសបន្លាយជាងបីទសវត្សរ៍។ សង្គ្រាមមិនត្រឹមតែឆក់យកជីវិតមនុស្សរាប់លាននាក់ប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវផលវិបាកខាងរាងកាយ ផ្លូវចិត្ត សេដ្ឋកិច្ចសង្គម និងបរិស្ថានយ៉ាងជ្រាលជ្រៅ ដែលប៉ះពាល់ដល់មនុស្សជំនាន់ក្រោយ ទោះបីជាកាំភ្លើងបានស្ងប់ស្ងាត់រួចទៅហើយ។ គ្មានតំបន់ដីណានៅវៀតណាមដែលមិនរងពីការឈឺចាប់; គ្មានគ្រួសារណាដែលមិនរងការបាត់បង់ និងការលះបង់នោះទេ ហើយរហូតមកដល់ពេលនេះ យើងនៅតែត្រូវជម្នះនូវផលវិបាកនៃសង្រ្គាម គ្រាប់បែក មីន និងជាតិគីមីពុលលឿងទុំ...។
ប៉ុន្តែពេលវេលា ទឹកចិត្តសមប្បុរស ចិត្តសណ្តោសប្រណីបានជួយមនុស្សយើងបន្តិចម្តងៗ យកឈ្នះលើការឈឺចាប់ ព្យាបាលស្នាមរបួស ទុកអតីតកាលមួយអន្លើ គោរពភាពខុសគ្នា និងឆ្ពោះទៅអនាគត។ បន្ទាប់ពី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិ យើងមានភាពក្លាហានគ្រប់គ្រាន់ ជំនឿគ្រប់គ្រាន់ មោទនភាពគ្រប់គ្រាន់ និងការអត់ឱនគ្រប់គ្រាន់ដើម្បីជម្នះរាល់ការឈឺចាប់ ដើម្បីរួមគ្នាឆ្ពោះទៅមុខ។
ក្នុងដំណើរអភិវឌ្ឍន៍នោះ គោលនយោបាយបង្រួបបង្រួមជាតិតែងតែត្រូវបានបក្ស រដ្ឋកំណត់ថាជាជម្រើសយុទ្ធសាស្ត្រយូរអង្វែង ដែលជាសសរស្តម្ភក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល។ យើងយល់ពីបុព្វហេតុប្រវត្តិសាស្ត្រនៃសង្រ្គាម – ពីការជ្រៀតជ្រែកពីខាងក្រៅ និងការបែកបាក់គ្នារហូតដល់ឧបាយកល់ គ្រោងបំផ្លាញស្មារតីសាមគ្គីភាព និងសាបព្រួសគំនុំដើម្បីផលប្រយោជន៍នយោបាយ។ ប៉ុន្តែយើងក៏យល់ដែរថាៈ ជនជាតិវៀតណាមទាំងអស់ មិនថាក្នុងប្រទេស ឬក្រៅប្រទេស មិនថាធ្លាប់ឈរនៅខាងភាគីណានៃប្រវត្តិសាស្ត្រ គឺសុទ្ធតែមានដើមកំណើតដូចគ្នា ភាសាដូចគ្នា និងការស្រឡាញ់ជាតិមាតុភូមិដូចគ្នា។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងដំណើរទស្សនកិច្ចនៅទូទាំងទ្វីប ខ្ញុំមានឱកាសជួបជាមួយជនរួមជាតិវៀតណាមរាប់ពាន់នាក់ដែលកំពុងរស់នៅបរទេស តាំងពីបញ្ញវន្តវ័យក្មេងដែលធ្វើការនៅអឺរ៉ុប អាមេរិក អាស៊ី អូសេអានី រហូតដល់ពាណិជ្ជករជោគជ័យ សិល្បករល្បីៗ កម្មករសាមញ្ញក្នុង “ទឹកដីថ្មី” រួមទាំងមនុស្សជាច្រើនមកពី “ភាគីម្ខាងទៀត” ពីមុនមក។ ជំនួបនីមួយៗបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ៖ ទោះបីជាមានភាពខុសប្លែកគ្នានៅក្នុងទស្សនៈនយោបាយ បទពិសោធន៍ប្រវត្តិសាស្ត្រ ឬស្ថានភាពរស់នៅក៏ដោយ ក៏ពួកគេសុទ្ធតែមានមោទនភាពជាតិ សុទ្ធសឹងជា "ពលរដ្ឋវៀតណាម" ហើយមានការនឹករលឹកយ៉ាងខ្លាំងចំពោះពាក្យដែលថា "មាតុភូមិ"។
ខ្ញុំបានឃើញការជួបសំណេះសំណាលជាច្រើនរវាងអតីតយុទ្ធជនវៀតណាម និងអតីតទាហានអាមេរិក ដែលធ្លាប់ឈរទល់មុខសមរភូមិ ធ្លាប់កាន់កាំភ្លើងប្រឆាំងគ្នាទៅវិញទៅមក ប៉ុន្តែឥឡូវនេះអាចចាប់ដៃគ្នាដើម្បីនិយាយ និងចែករំលែកគ្នាទៅវិញទៅមកដោយការយល់ដឹងដោយស្មោះត្រង់ និងមិនមានអារម្មណ៍អន់ថយទៀតទេ។ សព្វថ្ងៃនេះ វៀតណាមនិងសហរដ្ឋអាមេរិក - ពីអតីតសត្រូវ - បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិការដើម្បីសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ដូច្នេះ គ្មានហេតុផលណាដែលប្រជាជនវៀតណាមតែងតែប្រាថ្នាចង់បានប្រទេសដែលមានឯកភាព និងរីកចម្រើន ដែលនៅរក្សាការស្អប់ខ្ពើម ការបែកបាក់ និងការបែកបាក់នៅក្នុងចិត្តរបស់ខ្លួននៅឡើយ។
ការបង្រួបបង្រួមជាតិមិនមែនមានន័យថា បំភ្លេចប្រវត្តិសាស្ត្រ ឬលុបបំបាត់ការខ្វែងគំនិតគ្នានោះទេ ប៉ុន្តែត្រូវទទួលយកទស្សនៈផ្សេងគ្នាក្នុងស្មារតីអត់ឱន និងគោរព ដើម្បីឆ្ពោះទៅរកគោលដៅធំជាងនេះ គឺការកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ខ្លាំងមាំមួន អរិយធម៌ និងវិបុលភាព ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយបានឃើញសង្គ្រាម ការបែកបាក់ ការស្អប់ខ្ពើម និងការបាត់បង់ដូចបុព្វបុរសរបស់យើងត្រូវប្រឈមមុខ។
យើងជឿជាក់ថា ប្រជាជនវៀតណាមគ្រប់រូប មិនថាពួកគេរស់នៅទីណា ឬអតីតកាលរបស់ពួកយ៉ាងណានោះទេ សុទ្ធតែអាចរួមដៃគ្នា និងរួមចំណែកកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសជាតិ។ បក្សនិងរដ្ឋតែងតែបើករង្វង់ដៃជានិច្ច គោរពរាល់ការរួមវិភាគទាន និងស្តាប់រាល់សម្លេងស្ថាបនា និងឯកភាពពីសហគមន៍ជនវៀតណាមនៅឯបរទេស ដែលជាអ្នករួមចំណែកក្នុងការតភ្ជាប់វៀតណាមជាមួយពិភពលោក។
យើងមិនអាចសរសេរប្រវត្តិសាស្រ្តឡើងវិញបានទេ ប៉ុន្តែយើងអាចរៀបចំផែនការអនាគតឡើងវិញបាន។ អតីតកាលគឺត្រូវចងចាំ ដឹងគុណ និងដកពិសោធន៍។ អនាគតគឺសម្រាប់កសាង ស្ថាបនា និងអភិវឌ្ឍន៍ជាមួយគ្នា។ នោះគឺជាការសន្យាដ៏ថ្លៃថ្លារបស់មនុស្សជំនាន់បច្ចុប្បន្នចំពោះអ្នកដែលពលីកម្ម ដែលជាបំណងប្រាថ្នារួមរបស់បប្រជាជាតិដែលបានឆ្លងកាត់ការឈឺចាប់ជាច្រើន ប៉ុន្តែមិនចេះចុះចាញ់ឡើយ។
មុននេះ៥០ឆ្នាំ ប្រជាជនវៀតណាមបានសរសេរវីរភាពដ៏ត្រចះត្រចង់ជាមួយនឹងឆន្ទៈដែក និងភាពធន់ - ភាពសុខដុមនៃឆន្ទៈ ការប្តេជ្ញាចិត្ត ឯកភាព និងសន្តិភាព។ កន្លះសតវត្សក្រោយមក ប្រជាជាតិតែមួយនោះកំពុងបន្តសរសេរវីរភាពថ្មីមួយ ដែលជាបទភ្លេងក្នុងនៅសតវត្សទី ២១។ កាលពីមុន គ្មានប្រជាជនវៀតណាមណាម្នាក់ចង់ឲ្យប្រទេសបែកបាក់ទេ។ សព្វថ្ងៃនេះ ប្រាកដជាគ្មានប្រជាជនវៀតណាមណាមួយឡើយ មិនមានបំណងចង់ឱ្យប្រទេសខ្លួនកាន់តែខ្លាំងមាំមួន និងវិបុលភាព ឈរកៀកស្មាជាមួយមហាអំណាចពិភពលោកនោះឡើយ។
សំឡឹងទៅមុខ - បន្តមរតកនិងស្ថាបនា ច្នៃប្រឌិត និងអភិវឌ្ឍ
ជាងអ្នកណាទាំងអស់ មនុស្សជំនាន់បច្ចុប្បន្នយល់ថា ឯករាជ្យភាព និងការបង្រួបបង្រួមមិនមែនជាទិសដៅចុងក្រោយទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណើរថ្មី៖ ដំណើរនៃការកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព វិបុលភាព អរិយធម៌ អភិវឌ្ឍន៍ និងជានិរន្តរភាព។ ប្រសិនបើមនុស្សជំនាន់មុនបានឆ្លាក់ការពិតថា “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ” តាមរយៈការលះបង់ និងការបាត់បង់នោះ គឺជំនាន់បច្ចុប្បន្នត្រូវតែប្រែក្លាយឧត្តមគតិនោះទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ទៅជាស្លាបដើម្បីក្រោកឡើងក្នុងយុគសម័យថ្មី។
ស្មារតីនៃការបង្រួបបង្រួមប្រទេសជាតិ - ធ្លាប់ជាជំនឿ និងឆន្ទៈដែកថែបដើម្បីជម្នះការលំបាក បញ្ហាប្រឈម គ្រាប់បែក និងគ្រាប់កាំភ្លើង - ឥឡូវនេះត្រូវតែក្លាយជាការប្តេជ្ញាចិត្តនយោបាយ ឆន្ទៈក្នុងការច្នៃប្រឌិត និងសកម្មភាពជាក់ស្តែងដើម្បីការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី អភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ យើងត្រូវតែធ្វើឱ្យប្រជាជនវៀតណាមគ្រប់រូប មិនថាពួកគេនៅទីណា ធ្វើអ្វីឡើយ គឺសុទ្ធតែមានមោទនភាពចំពោះប្រទេសខ្លួន មានទំនុកចិត្តទៅថ្ងៃអនាគត និងមានឱកាសចូលរួមចំណែកក្នុងការអភិវឌ្ឍរួមដែរ។
ក្នុងបរិបទនៃពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន វៀតណាមត្រូវមានភាពខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្ន មិនត្រូវជាប់គាំងនៅក្នុងភូមិសាស្ត្រនយោបាយ ឬធ្លាក់ចូលទៅក្នុងជំហរអកម្មក្នុងការប្រឈមមុខនឹងជម្លោះអន្តរជាតិ។ រាល់ចំណុចរបត់នៃប្រវត្តិសាស្ត្រពិភពលោកអាចក្លាយជាឱកាស ឬបញ្ហាប្រឈមដ៏អស្ចារ្យសម្រាប់ប្រទេសតូចៗ ប្រសិនបើពួកគេរៀបចំបានល្អ ឬរៀបចំផ្ទៃក្នុងមិនបានល្អ។ ប្រជាជនវៀតណាមយល់ច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្រ្គាម យើងជាប្រទេសដែលស្រឡាញ់សន្តិភាព មិនដែលចង់ឲ្យមានសង្រ្គាមកើតឡើងទេ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកុំឲ្យមានសង្រ្គាមកើតឡើង។ ប៉ុន្តែប្រសិនបើ "សត្រូវបង្ខំយើងឱ្យកាន់កាំភ្លើង" នោះយើងនឹងនៅតែជាអ្នកឈ្នះ។ ជាងពេលណាៗទាំងអស់ យើងត្រូវកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯង កសាងខឿនការពារ ជាតិនិងសន្តិសុខជាតិដ៏ទូលំទូលាយ ទំនើប និងគ្រប់ជ្រុងជ្រោយ; កសាងប្រព័ន្ធនយោបាយមួយប្រកបដោយប្រសិទ្ធភាព សង្គមអភិវឌ្ឍន៍ សាមគ្គីភាព វប្បធម៌ និងមនុស្សធម៌។
ដើម្បីធ្វើដូច្នេះបាន គឺចាំបាច់ត្រូវលើកកម្ពស់បញ្ញា និងកម្លាំងរបស់ប្រទេសជាតិទាំងមូល ក្នុងនោះមានសហគមន៍វៀតណាមនៅក្រៅប្រទេស - ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីផែនមហាសាមគ្គីជនជាតិទាំងមូល។ ក្នុងយុគសម័យឌីជីថល ជាយុគសម័យនៃការតភ្ជាប់ជាសាកល ប្រជាជនវៀតណាមគ្រប់រូបនៅទូទាំងទ្វីបទាំងប្រាំអាចរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេស ជាមួយនឹងចំណេះដឹង គំនិតច្នៃប្រឌិត ស្នេហាជាតិ និងទំនួលខុសត្រូវរបស់ពលរដ្ឋ។
យុគសម័យថ្មីដែលយើងកំពុងឆ្ពោះទៅមុខ – ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព – តម្រូវឱ្យមានការគិតថ្មី គំរូអភិវឌ្ឍន៍ថ្មី មនុស្សថ្មី។ នៅពេលអនាគតភ្លាមៗ យើងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងរបៀបរបប ផលិតភាពការងារ គុណភាពធនធានមនុស្ស សន្តិសុខបរិស្ថាន ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងហានិភ័យសន្តិសុខមិនប្រពៃណី។ ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញថា ប្រជាជនវៀតណាមមិនដែលថយក្រោយពេលប្រឈមមុខនឹងការលំបាក និងឧបសគ្គឡើយ។ សំណួរគឺថាតើយើងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរ មានឆន្ទៈគ្រប់គ្រាន់ដើម្បីក្រោកឡើង និងសាមគ្គីភាពគ្រប់គ្រាន់ដើម្បីប្រែក្លាយការលំបាកទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ដែរឬទេ?
ជំនាន់បច្ចុប្បន្ន - ពីកម្មាភិបាល បក្ខជន និយោជិត បុគ្គលិក ដល់កម្មករ កសិករ បញ្ញវ័ន្ត អ្នកជំនួញ សិស្សានុសិស្ស គ្រប់ស្រទាប់វណ្ណៈ ជាកូនចៅនាគ និងទេពអប្សរ - ត្រូវយល់ដឹងយ៉ាងជ្រាលជ្រៅថា ៖ យើងកំពុងទទួលមរតកនូវតម្លៃមរតកដ៏ថ្លៃថ្លាពីដូនតាយើង ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើឲ្យប្រទេសមានភាពល្បីល្បាញក្នុងយុគសម័យថ្មី។ រាល់សកម្មភាពថ្ងៃនេះត្រូវតែសក្តិសមនឹងការលះបង់ទាំងសាច់ស្រស់និងឈាមស្រស់ ដែលប្រជាជាតិទាំងមូលបានរងទុក្ខ។
យើងមិនអាចទុកឱ្យប្រទេសហួសសម័យឡើយ។ យើងមិនអាចទុកឲ្យជាតិបាត់បង់ឱកាសនោះទេ។ យើងមិនអាចវិលឡើងវិញនៃវដ្តប្រវត្តិសាស្របានទេ។ ដូច្នេះផលប្រយោជន៍ជាតិត្រូវតែដាក់លើសអ្វីទាំងអស់។ យើងត្រូវតែធ្វើសកម្មភាពសម្រាប់រយៈពេលវែង មិនមែនដើម្បីចំណេញរយៈពេលខ្លីនោះទេ។ ត្រូវរក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានរឹងមាំ និងរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព។ ទន្ទឹមនឹងនោះ ត្រូវមានការច្នៃប្រឌិតយ៉ាងមុតមាំក្នុងការអភិវឌ្ឍការគិត កំណែទម្រង់រដ្ឋបាល ការកសាងរដ្ឋនីតិរដ្ឋ សង្គមនិយម សេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម ជាមួយនឹងការគ្រប់គ្រងរបស់រដ្ឋ ក្រោមការដឹកនាំរបស់បក្ស និងកសាងសង្គមសង្គមនិយមទំនើប។
ក្រឡែកមើលទៅខាងមុខ យើងមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីមានមោទនភាព និងជឿជាក់លើកម្លាំងផ្ទៃក្នុងរបស់ប្រជាជនវៀតណាម ដែលជាប្រជាជាតិមួយដែលបានកម្ចាត់ខ្មាំងសត្រូវឈ្លានពានបរទេសជាច្រើនដង និងងើបចេញពីសង្គ្រាម ដោយអះអាងខ្លួនឯងនៅចំពោះមុខប្រវត្តិសាស្ត្រ និងចំពោះមុខពិភពលោក។ ជាមួយនឹងទំនៀមទម្លាប់ប្រពៃណីមួយពាន់ឆ្នាំនៃការកសាង និងការពារប្រទេស ដោយមានបំណងប្រាថ្នាឥតឈប់ឈរ ដោយមានទេពកោសល្យ មហិច្ឆតា ស្នេហាជាតិ ច្នៃប្រឌិត និងក្លាហាន - វៀតណាមពិតជានឹងទទួលបានជោគជ័យ។
សតវត្សទី ២១ គឺជាសតវត្សនៃប្រជាជាតិដែលចេះគ្រប់គ្រងជោគវាសនារបស់ខ្លួន។ ហើយប្រជាជនវៀតណាម - ជាមួយនឹងមេរៀនទាំងអស់ពីអតីតកាល ជាមួយនឹងសាមគ្គីភាពទាំងអស់នាពេលបច្ចុប្បន្ននេះ - ពិតជានឹងបន្តសរសេរជំពូកថ្មីយ៉ាងត្រចះត្រចង់ នៅក្នុងដំណើរនៃការអភិវឌ្ឍរបស់ខ្លួន។ ដើម្បីប្រទេសវៀតណាមឯករាជ្យ សេរីភាព សប្បាយរីករាយ វិបុលភាព អរិយធម៌ មានឋាៈ និងសំឡេងសំខាន់ក្នុងសហគមន៍អន្តរជាតិ៕