វៀតណាមជាសមាជិកដ៏សកម្មដែលមានការរួមចំណែកសំខាន់ៗជាច្រើនសម្រាប់អាស៊ាន

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភា នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។ 
វៀតណាមជាសមាជិកដ៏សកម្មដែលមានការរួមចំណែកសំខាន់ៗជាច្រើនសម្រាប់អាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ (រូបថត៖ Nhat Bac/VGP)

ដោយប្រធានបទ "សារសំខាន់អាស៊ាន៖ ចំណុចស្នូលនៃកំណើន" កិច្ចប្រជុំលើកនេះបង្ហាញពីបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ប្រទេសនានា ខិតខំប្រឹងប្រែងនាំអាស៊ានក្លាយទៅជាចំណុចស្នូល និងជាកម្លាំងជចលករនៃកំណើន ជាមួយនឹងតួនាទីនាំមុខគេក្នុងដំណើរការសហប្រតិបត្តិការនិងតភ្ជាប់នៅក្នុងតំបន់ រួមចំណែកដល់គោលដៅរួមនោះ គឺសន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាអង្គការដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ហើយទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងផលប្រយោជន៍សន្តិសុខ ឋានៈ និងការអភិវឌ្ឍរបស់វៀតណាម វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ប្រកបដោយស្មារតីសកម្ម ការទទួលខុសត្រូវ ភាពច្នៃប្រឌិត រួមចំណែកដល់ជោគជ័យរួមនៃកិច្ចប្រជុំ។

ទិសដៅអនាគតរបស់អាស៊ានក្នុងសម័យកាលថ្មី

ចំណុចថ្មីនៃកិច្ចប្រជុំលើកនេះគឺភាពសម្បូរបែប និងភាពចម្រុះនៅក្នុងសម័យសន្ទនារបស់ថ្នាក់ដឹកនាំជាមួយក្រុម និងយេនឌ័រលើបញ្ហាដែលត្រូវបានយកចិត្តទុកដាក់នៅក្នុងដំណើរការកសាងសហគមន៍; ក្នុងនោះមានសម័យសន្ទនាជាមួយក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ នេះជាលើកដំបូងដែលមេដឹកនាំប្រទេសនានា ពិភាក្សាជាមួយតំណាងជាន់ខ្ពស់នៃក្រុមចងក្រង អំពីទិសដៅអនាគតនៃសហគមន៍អាស៊ានក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។ ដូច្នេះហើយ សម័យសន្ទនានេះមានអត្ថន័យដ៏សំខាន់ ដែលចាក់គ្រឹះលើអនាគតអាស៊ានក្រោយឆ្នាំ២០២៥។ កិច្ចប្រជុំលើកនេះក៏ជាលើកដំបូង ដែលមេដឹកនាំទីម័រខាងកើត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។

កិច្ចប្រជុំគ្រោងនឹងអនុម័តលើឯកសារសំខាន់ៗជាច្រើន ដែលលាតសន្ធឹងលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន រួមមាននយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។ ឯកសារនេះច្បាមជាប់នឹងអាទិភាពដែលប្រធានអាស៊ានបានដាក់ចេញក្នុងឆ្នាំ ២០២៣ ស្តីពីស្ថិរភាពហិរញ្ញវត្ថុ និងសន្តិសុខថាមពល។ នេះគឺជាខ្លឹមសារជាក់ស្តែង ដែលគាំទ្រប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការងើបឡើងវិញ និងកំណើនក្នុងតំបន់ រួមចំណែកនាំអាស៊ានក្លាយជាកម្លាំងស្នូលក្នុងដំណើរការអភិវឌ្ឍរួមនៃតំបន់ទាំងមូល។ កិច្ចប្រជុំក៏កំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានាក្នុងបរិបទថ្មី ជាមួយនឹងបញ្ហាប្រឈមថ្មី ដែលទាមទារឲ្យអាស៊ានត្រូវធានាបាននូវឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់ខ្លួន។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន មានប្រសាសន៍ថា៖

“អាស៊ានជាអង្គការដ៏សំខាន់នៃតំបន់និងពិភពលោក ដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីដៃគូនានា។ ដូច្នេះហើយ អ្វីដែលអាស៊ានធ្វើ ចរចា ឬធ្វើគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់អាស៊ានប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសជាដៃគូទៀតផង។ ប្រាកដណាស់ថា អាស៊ាននៅតែត្រូវផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងរបៀបបន្តកសាងអាស៊ានប្រកបដោយភាពធន់ និងភាពរឹងមាំ ក្លាយជាស្នូលនៃកំណើនក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ហេតុដូច្នេះ បណ្តាប្រទេសត្រូវតែជំរុញកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ ធានាថា តំបន់នៅតែទាក់ទាញវិនិយោគិនពីខាងក្រៅតំបន់ ពីបណ្តាប្រទេសជាដៃគូ ហើយធានាសន្តិភាព និងសន្តិសុខប្រកបដោយស្ថិរភាព ដើម្បីទាក់ទាញការវិនិយោគផងដែរ”។

វៀតណាមជានិច្ចកាលរួមចំណែកដើម្បីសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព រឹងមាំ និងការអភិវឌ្ឍ

ជាអង្គការដែលមានសារៈសំខាន់យុទ្ធសាស្ត្រ ហើយទាក់ទងយ៉ាងជិតស្និទ្ធដល់ផលប្រយោជន៍សន្តិសុខ ឋានៈ និងការអភិវឌ្ឍរបស់វៀតណាម អាស៊ានគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ចាប់តាំងពីចូលជាសមាជិកផ្លូវការរបស់អាស៊ាន (ឆ្នាំ ១៩៩៥) មក វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ដែលមានការរួមចំណែកសំខាន់ៗជាច្រើនសម្រាប់អាស៊ាន។ ក្នុងសកម្មភាពរបស់អាស៊ាន វៀតណាមតែងតែប្រកាន់ខ្ជាប់នូវចំណងសាមគ្គីភាព និងភាពជាឯកឆន្ទតាមស្មារតី “សាមគ្គីភាព”។  ជាពិសេស ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ នៅចំពោះមុខការលំបាករាប់មិនអស់ដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺរាតត្បាតកូវីដ-១៩ វៀតណាមបានប្រកាន់នូវគោលការណ៍នានារបស់អាស៊ាន ដោយបង្ហាញយ៉ាងពេញលេញនូវស្មារតី “ស្អិតរមួតនិងការឆ្លើយតប” ដើម្បីនាំនាវាអាស៊ានជំនះពុះពារលើខ្យល់ព្យុះ រក្សារឹងមាំនូវសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ ព្រមទាំងតម្រង់ទិសសម្រាប់ការអភិវឌ្ឍរបស់សហគមន៍អាស៊ានក្នុងដំណាក់កាលថ្មីផងដែរ។ វាយតម្លៃពីការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងអាស៊ាន អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានអះអាងថា៖

“មិនថាកាន់តួនាទីជាប្រធានអាស៊ាន បំពេញភារកិច្ចក្នុងលេខាធិការដ្ឋានអាស៊ាន ឬជាអ្នកសម្របសម្រួលជាមួយប្រទេសដៃគូសន្ទនានោះទេ វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ហើយនៅវេទិកាអន្តរជាតិ វៀតណាមក៏តែងតែជំរុញផលប្រយោជន៍របស់ប្រទេសអាស៊ានផងដែរ។ អាចនិយាយបានថា វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការ ហើយមានការរួមចំណែកដ៏ធំធេងសម្រាប់អាស៊ាន”។

វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ក្នុងស្មារតីម្ចាស់ការ សកម្ម ការទទួលខុសត្រូវ ភាពច្នៃប្រឌិត រួមចំណែកក្នុងជោគជ័យរួមនៃកិច្ចប្រជុំ។ សារដែលវៀតណាមនាំយកមកកិច្ចប្រជុំលើកនេះគឺពង្រឹងសាមគ្គីភាព ភាពធន់ លើកកំពស់សមត្ថភាពឆ្លើយតប និងការសម្របខ្លួនដោយភាពបត់បែនរបស់អាស៊ានទៅនឹងការប្រែប្រួល ព្រមទាំងពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវតួនាទី សំឡេង និងការទទួលខុសត្រូវរបស់អាស៊ាននៅពេលចូលរួមក្នុងការងាររួមនៃតំបន់ និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ