វៀតណាមឈរឈ្មោះចូលរួមក្រុមប្រឹក្សាសន្តិសុខ៖ ការទទួលខុសត្រូវដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព

(VOVWORLD) - នាថ្ងៃទី៧ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអ.ស.បបានបោះឆ្នោតជ្រើសរើស សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន៥អាសនៈសម្រាប់អាណត្តិ ២០២០-២០២១ ដែលក្នុងនោះវៀតណាមជាបេក្ខជនតែមួយគត់តំណាងអោយ ក្រុមបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកដើម្បីឈរឈ្មោះចូលកាន់តំណែងនេះ។
វៀតណាមឈរឈ្មោះចូលរួមក្រុមប្រឹក្សាសន្តិសុខ៖ ការទទួលខុសត្រូវដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

  ការជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិ២០២០-២០២១ ជាកាលានុវត្តភាពដើម្បីវៀតណាមរួមចំណែកជាច្រើនថែមទៀតទៅក្នុងការធានាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

       ស្ថានភាពអន្តរជាតិមានការសាកល្បងជាច្រើន

        វៀតណាមធ្លាប់បានជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០០៨- ២០០៩ ហើយទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនាខែកក្កដាឆ្នាំ២០០៨និងខែតុលាឆ្នាំ ២០០៩។ ភាពជោគជ័យនៃអាណត្តិដំបូងនេះ បានបន្សល់ទុកនូវកិត្យានុភាពរបស់វៀតណាមចំពោះមិត្តភក្តិអន្តរជាតិ។ នេះក៏ជាបទពិសោធន៍ដ៏ល្អដែលជួយវៀតណាមត្រៀមរៀបចំអោយផែនការនាពេលខាងមុខ ក្នុងករណីជាប់ឆ្នោតចូលកាន់មុខតំណែងនេះលើកទី២។

        ប៉ុន្តែ ខុសពីរយៈ១០ឆ្នាំមុននេះ ស្ថានភាពសន្តិសុខអន្តរជាតិនាបច្ចុប្បន្នកំពុងមានការសាក ល្បងស្មុគស្មាញជាច្រើន។ ការពិតជាក់ស្ដែងនេះទាមទារអោយវៀតណាមត្រូវត្រៀមរៀបចំយ៉ាងហ្មត់ ចត់ដើម្បីអនុវត្តន៍តួនាទីរបស់ខ្លួនអោយបានល្អ។ អតីតអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Vinh បានចាត់ទុកថា៖

        “ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ស្ថានភាពពិភពលោកមានការវិវត្តន៍ជាច្រើន។ ទោះបីជាសន្តិភាពនិងការអភិវឌ្ឍនៅតែជាអាទិភាពចម្បងក្ដី ប៉ុន្តែបញ្ហាស្មុគស្មាញថ្មីបានកើតមានឡើងជាច្រើនផងដែរ។ នោះគឺការប្រកួតប្រជែងយ៉ាងតឹងតែងរវាងមហាអំណាចពិភពលោក ហើយជម្លោះរវាងតំបន់នានាទៀតផង។ ក្រៅពីនោះ បញ្ហាមួយទៀតគឺការសម្លឹងមើលពីសន្តិភាពនិងសន្តិសុខរបស់ប្រទេសនានាក៏មានភាពខុសគ្នាបើធៀបនឹងរយៈពេលមុនផងដែរ។ ហេតុដូច្នេះហើយ យើងត្រូវគិតគូធ្វើយ៉ាងណាដើម្បីអាចរួមជាមួយប្រទេសដទៃរួមចំណែកទៅក្នុងសន្តិភាពពិភពលោកអោយបានច្រើនបំផុត ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងឡាយលើពិភពលោក ផងដែរ”។

        វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថា ជាប្រទេសសមាជិកដ៏សកម្ម មានការទទួលខុសត្រូវរបស់អ.ស.ប ដោយគាំទ្រលទ្ធិពហុភាគីនិយម គោរពយ៉ាងមឺងម៉ាត់នូវធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ តាមពិតទៅ ក្នុងអាណត្តិ២០០៨-២០០៩មុននេះ វៀតណាមបានបន្សល់ទុកនូវស្នាដៃដ៏សកម្មក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ហេតុនេះហើយ ពេលដែល វៀតណាមឈរឈ្មោះលើកនេះ គឺសហគមន៍អន្តរជាតិបានទន្ទឹងរង់ចាំវៀតណាម នឹងបន្តពង្រីកនូវតួនាទីនិងឋានៈរបស់ខ្លួន ដោយលើកត្រដែតការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។ លោក Shahriman Lockman នៅវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិម៉ាឡេស៊ីបានចាត់ទុកថា៖

        “អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានជម្លោះបង្កប់លាក់បាំងជាច្រើន ហើយតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាចស្របពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០។ ហេតុនេះហើយ ការទទួលខុសត្រូវរបស់វៀតណាមគឺធ្ងន់ធ្ងរណាស់។ ប៉ុន្តែដោយបទពិសោធន៍ដែលទទួលបានពីសង្គ្រាមចំនួន២ពេល ក៏ដូចជាបទពិសោធន៍ក្នុងការដោះស្រាយបញ្ហានានានៅសមុទ្រខាងកើតនោះ វៀតណាមអាចដោះស្រាយនិងរាំងស្កាត់ជម្លោះយ៉ាងឆ្លាតវៃ”។

       ការទទួលខុសត្រូវដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព

        ក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកកំពុងមានការសាកល្បងជាច្រើននោះ វៀតណាមបានត្រៀមរៀបចំយ៉ាងហ្មត់ចត់លើគ្រប់វិស័យដើម្បីពេលដែលជាប់ឆ្នោតចូលរួមក្រុមប្រឹក្សាសន្តិសុខអ.ស.ប វៀតណាមអាចបង្កើតឡើងកម្លាំងចលករជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងឡាយលើពិភពលោក។ អតីតអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Vinh បានចាត់ទុកថា៖

        “ជាមួយការទទួលខុសត្រូវជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខយើងត្រូវក្ដាប់ជាប់ស្ថានភាពពិភពលោក។ មិនមែនជាការទទួលខុសត្រូវនៃប្រទេសតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួម។ ទីពីរគឺយើងត្រូវត្រៀមរៀបចំអោយបានហ្មត់ចត់ដើម្បីពិគ្រោះយោបល់ជាមួយប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងៗ ក៏ដូចជាប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងៗ ដើម្បីធ្វើយ៉ាងណាយើងអាចផ្ដល់មតិនិងរួមចំណែកដោះស្រាយបញ្ហាយ៉ាងល្អបំផុត។ ទន្ទឹមនឹងនោះ យើងត្រូវត្រៀមរៀបចំអំពីយន្តការ គោលនយោបាយ សម្ភារៈ និងធនធានមនុស្សទៀតផង”។

        មនសិការថ្មីអំពីពហុភាគីនិយមនិងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ ដោយប្រែក្លាយពីការ “ចូលរួមយ៉ាងសកម្ម” ទៅការ “រួមចំណែក ស្ថាបនានិងរៀបចំស្ថាប័នពហុភាគីយ៉ាងសកម្មនិងម្ចាស់ការ” រួមជាមួយបទពិសោធន៍នៃការចូលរួមកាលពី១០ឆ្នាំមុននេះ នឹងជាមូលដ្ឋានដើម្បីជួយអោយវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ