វៀតណាមនិងសិង្ហបុរីរួមគ្នាឆ្ពោះទៅអនាគត

(VOVWORLD) - នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងលោកជំទាវកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (ថ្ងៃទី ២៧-២៩ ខែសីហា)។ នេះជាលើកទី៥ហើយ ដែលលោក Lee Hsien Loong អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដោយបង្ហាញពីភាពស្និទ្ធស្នាល និងស្អិតរមួតរវាងសិង្ហបុរី ក៏ដូចជាលោកនាយករដ្ឋមន្ត្រីផ្ទាល់ជាមួយវៀតណាម។

វៀតណាមនិងសិង្ហបុរីរួមគ្នាឆ្ពោះទៅអនាគត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី
លោក Lee Hsien Loong ថតរូបជាមួយគ្នា។ (រូបថត៖ VOV)

បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបង្កើតសន្តិភាពឡើងវិញនៅវៀតណាមត្រូវបានចុះហត្ថលេខា (ខែមករា ឆ្នាំ ១៩៧៣) សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ (សព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម) នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣។ ជាពិសេស សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលវៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពី ១០ ឆ្នាំមុន (ខែកញ្ញា ឆ្នាំ ២០១៣)។

ដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពីជំនាន់មួយទៅជំនាន់មួយទៀត។ ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់តែងតែបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ បច្ចុប្បន្ន ប្រទេសទាំងពីរគឺជាដៃគូដ៏សំខាន់ជួរមុខរបស់គ្នាទៅវិញទៅមកលើវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម វិនិយោគ រហូតដល់ការទូត សន្តិសុខ និងការពារជាតិ។ គួរឲ្យកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជា
សសរស្តម្ភនិងជាកម្លាំងចលករដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-សិង្ហបុរី។

ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងបីដងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ពីជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៧ ឡើងដល់ជាង ៩ ពាន់លានដុល្លារកាលពីឆ្នាំមុន សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីបូព៌ា (អាស៊ាន)។

ក្នុងរយៈពេលបីឆ្នាំថ្មីៗនេះ សិង្ហបុរីបន្តជាដៃគូវិនិយោគដ៏ធំជាងគេ ហើយបានចូលរួមក្នុងវិស័យ និងផ្នែកសេដ្ឋកិច្ចភាគច្រើនរបស់វៀតណាម។ ពីតំបន់ឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) ដំបូងដែលបានចាប់ផ្ដើមនៅឆ្នាំ ១៩៩៦ នៅទីក្រុង Binh Duong រហូតមកដល់បច្ចុប្បន្ន វៀតណាមជាប្រទេសដែលសិង្ហបុរីបានសាងសង់តំបន់ឧស្សាហកម្មច្រើនបំផុតលើពិភពលោក (នៅ ខេត្តក្រុងចំនួន ១០) ដោយទាក់ទាញទុនវិនិយោគជាង ១៧ ពាន់លានដុល្លារអាមេរិក និងគម្រោងប្រហែល ៩០០ បង្កើតការងារសម្រាប់កម្មករជិត ៣០ ម៉ឺននាក់។ លោក Vu Viet Ngoan ប្រធានសមាគមមិត្តភាពវៀតណាម-សិង្ហបុរីបានឲ្យដឹងថា៖

“ក្របខ័ណ្ឌវិនិយោគរួមមួយត្រូវបានបង្កើតឡើងរវាងវៀតណាមនិងសិង្ហបុរីដែលជានិមិត្តសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរី។ នោះគឺជាការវិនិយោគលើតំបន់ឧស្សាហកម្ម VSIP ហើយបច្ចុប្បន្ននេះមានតំបន់ឧស្សាហកម្ម VSIP ចំនួន ១៤ កន្លែងនៅក្នុងប្រទេសវៀត
ណាម ហើយកំពុងបន្តពង្រីកបន្ថែមទៀត។ នេះគឺជាវិធីសាស្ត្រវិនិយោគប្រកបដោយប្រសិទ្ធភាព និងជោគជ័យ”។

ភាពស្និទ្ធស្នាលនិងស្អិតរមួតរវាងសិង្ហបុរីនិងវៀតណាម

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ជាដំណើរទស្សនកិច្ចលើកទីប្រាំ របស់លោកនៅវៀតណាមក្នុងនាមជានាយករដ្ឋមន្ត្រី។ លោកធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០០៤, ២០១០, ២០១៣ និង ២០១៧។ ប្រការនេះបង្ហាញពីភាពស្និទ្ធស្នាល និងស្អិតរមួតរវាងសិង្ហបុរី និងវៀតណាម ក៏ដូចជារវាងលោក Lee Hsien Loong ផ្ទាល់ជាមួយប្រទេស ដែលនៅក្នុងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ឪពុកលោក អតីតនាយករដ្ឋមន្ត្រី Lee Kuan Yew គឺជាដៃគូពិសេសរបស់សិង្ហបុរីនៅក្នុងអាស៊ាន។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ស្ថិតនៅក្នុងចំណោមព្រឹត្តិការណ៍ដែលភាគីទាំងពីររៀបចំឡើងដើម្បីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបរយៈពេល ១០ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ វត្តមានរបស់ប្រមុខរដ្ឋាភិបាលសិង្ហបុរីនៅទីក្រុងហាណូយ គឺដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់សិង្ហបុរីក្នុងខែកុម្ភៈកន្លងទៅ ដែលបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam បានឲ្យដឹងថា៖

“ឆ្នាំ២០២៣មានអត្ថន័យដ៏សែនសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម - សិង្ហបុរី ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នៅវៀតណាមលើកនេះ បានប្រព្រឹត្តទៅក្នុងពេលវេលាដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះគឺជាឱកាសមួយមិនត្រឹមតែដើម្បីឲ្យភាគីទាំងពីរក្រឡេកមើលឡើងវិញនូវដំណាក់កាលកន្លងទៅប៉ុណ្ណោះទេ ថែមទាំងរួមគ្នាស្វែងរក និងបង្កើតរបៀបវារៈសម្រាប់អនាគតផងដែរ។ នៅទីនោះ ភាគីទាំងពីរនឹងរួមគ្នាខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងនោះវិស័យផ្លាស់ប្តូរឌីជីថល ឬការប្រែប្រួលអាកាសធាតុ គឺជាវិស័យដែលប្រទេសទាំងពីរអាចសហការ និងគាំទ្រគ្នាទៅវិញទៅមក”។

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ធ្លាប់បានសង្កត់ធ្ងន់ថា៖ សិង្ហបុរី និងវៀតណាមមានចក្ខុវិស័យយុទ្ធសាស្ត្រដូចគ្នា មានទំនុកចិត្តនយោបាយខ្ពស់ និងមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរឹងមាំ ក៏ដូចជាមានឱកាសសហប្រតិបត្តិការជាច្រើនក្នុងវិស័យថ្មីៗផងដែរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់លោក នឹងរួមចំណែកក្នុងការសម្រេចបានសេចក្តីថ្លែងការណ៍នេះ ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបុរី ឱ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ