វៀតណាមផ្តោតលើការដោះស្រាយលំបាកសម្រាប់សេដ្ឋកិច្ច

(VOVWORLD) - រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងសម័យបើកនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី ២៣ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានរំលេចនូវទិសដៅ និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀត
ណាមក្នុងឆ្នាំបន្ទាប់។ ទន្ទឹមនឹងនោះគឺដំណោះស្រាយសំខាន់ៗជាច្រើនដែលរដ្ឋាភិបាលវៀតណាមនឹងអនុវត្តន៍។ របាយការណ៍នេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ដោយប្រមូលធនធានសម្រាប់កំណើន ហើយផ្តោតលើការដោះស្រាយការលំបាកសម្រាប់សេដ្ឋកិច្ច។

សេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់រហ័ស ឋានៈរបស់វៀតណាមត្រូវបានលើកកំពស់

ជាមួយនឹងបាវចនា "សាមគ្គីភាព វិន័យ ឫទ្ធានុភាព បត់បែន ច្នៃប្រឌិត ទាន់ពេលវេលានិងមានប្រសិទ្ធភាព" ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានផ្តោតលើការដឹកនាំការអនុវត្តដោយព្រមៗគ្នានូវគោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងគោលនយោបាយផ្សេងៗទៀត ដើម្បីផ្តល់អាទិភាពដល់កំណើន រក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

ជាលទ្ធផល កំណើន GDP រយៈពេល ៩ ខែ សម្រេចបាន ៤,២៤%។ សន្ទស្សន៍តម្លៃប្រើប្រាស់ជាមធ្យម (CPI) រយៈពេល ៩ ខែបានកើនឡើង ៣,១៦%។ ទីផ្សាររូបិយវត្ថុ និងរូបិយប័ណ្ណបរទេសមានស្ថេរភាពជាមូលដ្ឋាន អត្រាការប្រាក់ថយចុះ។ ការនាំចូល-នាំចេញបានកើនឡើងជាបណ្ដើរៗ ក្នុងរយៈពេល៩ខែ អតិរេកពាណិជ្ជកម្មមានចំនួន ២២ ពាន់លានដុល្លារអាមេរិក។ សន្តិសុខថាមពល សន្តិសុខស្បៀងអាហារត្រូវបានធានា។ ការបើកចំណាយទុនវិនិយោគសាធារណៈរហូតដល់ខែកញ្ញាគឺខ្ពស់ជាង ៤,៦៨% បើធៀបនឹងរយៈពេលដូចគ្នា; ការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានប្រហែល ១៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២,២%។ មូលនិធិប្រាក់បៀវត្សរ៍រហូតមកដល់បច្ចុប្បន្នមានប្រហែល ៥៦០ ទ្រីលានដុង (២៣,៥ ពាន់លានដុល្លារអាមេរិក) ធានាបាននូវប្រភពគ្រប់គ្រាន់សម្រាប់ការកែទម្រង់ប្រាក់បៀវត្សរ៍ក្នុងរយៈពេល ៣ ឆ្នាំ ២០២៤ - ២០២៦។ ជាមួយនឹងលទ្ធផលទាំងនោះ ប្រមុខរដ្ឋាភិបាលបានមានប្រសាសន៍ថា៖

“អង្គការអន្តរជាតិមានកិត្យានុភាពជាច្រើនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងយថាទស្សន៍នៃសេដ្ឋកិច្ច ហើយព្យាករណ៍ថា វៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនាពេលខាងមុខ។ តម្លៃម៉ាកយីហោជាតិរបស់វៀតណាមសម្រេចបាន ៤៣១ ពាន់លានដុល្លារអាមេរិក កើនឡើង ១ កាំដល់ចំណាត់ថ្នាក់តី ៣២ ក្នុងចំណោមម៉ាកយីហោជាតិខ្លាំងជាងគេទាំង ១០០ លើពិភពលោក”។

ទន្ទឹមនឹងការគ្រប់គ្រងបញ្ហាក្នុងស្រុក វៀតណាមក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការបរទេសផងដែរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖

“កិច្ចការបរទេស និងការងារសមាហរណកម្មអន្តរជាតិត្រូវបានដាក់ពង្រាយយ៉ាងរស់រវើក ជាបន្តបន្ទាប់ ហើយជាចំណុចលេចធ្លោនៃឆ្នាំ ២០២៣ សម្រេចបានសមិទ្ធិផលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន បង្កើតឱកាសថ្មីៗ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកំពស់តួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ មកដល់បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឬដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេស G២០ ជាច្រើន; រួមចំណែកថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាង និងការពារមាតុភូមិ”។

ឆ្នាំ ២០២៤៖ ជំនះការលំបាក ប្រមូលធនធានសម្រាប់កំណើន

ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ដោយត្រង់ថា កំណើន GDP ឆ្នាំនេះ (រំពឹងថាលើសពី ៥%) មិនសម្រេចបានគោលដៅដែលបានកំណត់ (៦,៥%) ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនទាន់រឹងមាំជាពិតប្រាកដនោះទេ។ ផលិតកម្មឧស្សាហកម្មបានងើបឡើងវិញយ៉ាងយឺតយ៉ាវ ជាពិសេសឧស្សាហកម្មកែច្នៃ និងផលិត...

ជាងនេះទៅទៀត ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចវៀតណាមត្រូវបានគេព្យាករណ៍ថា នៅតែទទួលរងផលប៉ះពាល់អវិជ្ជមានទ្វេដង និងបញ្ហាប្រឈមជាច្រើនទៀត។ ក្នុងបរិបទនោះ រដ្ឋាភិបាលកំណត់គោលដៅថា GDP នៅឆ្នាំក្រោយនឹងសម្រេចបានក្នុងចន្លោះពី ៦-៦,៥% ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានប្រមាណ ៤.៧០០-៤.៧៣០ ដុល្លារ ហើយអតិផរណាជាមធ្យមប្រហែល ៤-៤,៥%...។

ដើម្បីសម្រេចបានគោលដៅនេះ ក្រៅពីការប្រតិបត្តិការគោលនយោបាយរូបិយវត្ថុឲ្យបានបត់បែន និងពង្រីកគោលនយោបាយសារពើពន្ធដោយសមហេតុផលនោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាននិយាយថា នឹងបន្តខិតខំកាត់បន្ថយអត្រាការប្រាក់កម្ចី; ប្រមូលឥណទានសម្រាប់កម្លាំងចលករនៃកំណើន (ការវិនិយោគ ការប្រើប្រាស់ ការនាំចេញ) និងវិស័យអាទិភាព… ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏នឹងជំរុញការកសាង និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រឲ្យកាន់តែស៊ីសង្វាក់ និងទំនើប ជាពិសេសប្រព័ន្ធផ្លូវល្បឿនលឿន ការលើកកម្រិតអាកាសយានដ្ឋាន កំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងអន្តរតំបន់ជាដើម។

“សម្រេចគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួន; ទន្ទឹមនឹងនោះ ជំរុញគម្រោងផ្លូវល្បឿនលឿន ដើម្បីធានាគោលដៅសម្រេចបានជាង ៣០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥។ បន្តវិនិយោគលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងជនបទដោយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធថាមពល... ជាដាច់ខាតមិនទុកឲ្យខ្វះអគ្គិសនីសម្រាប់ផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់នោះទេ”។

លើវិស័យសុខុមាលភាពសង្គម រដ្ឋាភិបាលនឹងបន្តអនុវត្តន៍គម្រោងវិនិយោគសាងសង់លំនៅឋានសង្គមយ៉ាងហោចណាស់ ១ លានខ្នង់ ត្រឹមឆ្នាំ២០៣០។ អភិវឌ្ឍន៍ទីផ្សារពលកម្មប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព; អនុវត្តន៍បានយ៉ាងល្អនូវគោលនយោបាយជនជាតិ សាសនា និងជំនឿ... ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖

“ដាក់ពង្រាយយ៉ាងប្ដូរផ្ដាច់នូវកម្មវិធីសកម្មភាពអនុវត្តន៍ការសន្យានៅកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ ២០២១ របស់អង្គការសហប្រជាជាតិ (COP២៦) និងសេចក្តីប្រកាសនយោបាយស្តីពីការផ្លាស់ប្តូរថាមពល (JETP); ជំរុញការផ្លាស់ប្ដូរថាមពលបៃតង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងអ៊ីដ្រូសែន; សម្រេចការអង្កេតនិងការវាយតម្លៃចំពោះថាមពលកកើតឡើងវិញនៅនាយសមុទ្រ”។

លើសពីនេះ វៀតណាមក៏នឹងលើកកំពស់ប្រសិទ្ធភាពនៃការងារការទូតសេដ្ឋកិច្ចផងដែរ។ ជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីយ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាព; ជំរុញការទូតវប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន; អនុវត្តន៍បានល្អនូវការងារព័ត៌មានកិច្ចការបរទេស និងការការពារពលរដ្ឋ; រក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព ហើយបង្កើតលក្ខខណ្ឌអំណោយផល ទាក់ទាញធនធានដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ ពង្រឹងនិងលើកកំពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ