វៀតណាមរួមជាមួយបណ្តាប្រទេសជំរុញពហុភាគីនិយម និង​សាមគ្គីភាពអន្តរជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីរដ្ឋធានីហាណូយដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រទេស BRICS បើកទូលាយ នៅទីក្រុងកាហ្សង់ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៣-២៤ ខែតុលាឆ្នាំ ២០២៤ ។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin ប្រធាន BRICS ឆ្នាំ ២០២៤ ។ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំបានបញ្ជូនសាររបស់វៀតណាមក្នុងការគាំទ្រតួនាទីបៃបណ្តាវេទិកានិងយន្តការសហប្រតិបត្តិការពហុភាគី ក្នុងនោះរួមមាន BRICS ផងដែរ។

កិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ ឆ្នាំ ២០២៤ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៦ ។ កិច្ចប្រជុំ BRICS បើកទូលាយមានសម័យប្រជុំពេញអង្គក្រោមប្រធានបទ “BRICS និងអឌ្ឍគោលខាងត្បូង៖ រួមគ្នាកសាងពិភពលោកមួយដ៏ល្អប្រសើរជាង” ដោយបានអះអាងពីការផ្តោតសំខាន់ និងអាទិភាពបង្កើនកិច្ចសហប្រតិបតិ្តការរវាង BRICS និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរួមដៃគ្នា កសាងពិភពលោកមួយកាន់តែល្អប្រសើរសម្រាប់ប្រជាជនគ្រប់រូប។

ការអនុវត្តដ៏សំខាន់អំពីគោលមាគ៌ាកិច្ចការបរទេស

ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ជាជំហានអនុវត្តគោលមាគ៌ាកិច្ចការបរទេសឥតងាករេរបស់វៀតណាម គឺឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត ជាសមាជិកសកម្ម មានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាគោលការណ៍ជំរុញខ្លាំងនិងលើកកម្ពស់កិច្ចការបរទេសពហុភាគី។  

វៀតណាមរួមជាមួយបណ្តាប្រទេសជំរុញពហុភាគីនិយម និង​សាមគ្គីភាពអន្តរជាតិ - ảnh 1នាយករដ្ឋមន្រ្តីលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រទេស BRICS បើកទូលាយ នៅទីក្រុងកាហ្សង់ សហព័ន្ធរុស្ស៊ី។ រូបថត៖ Duong Giang/TTXVN

ដំណើរទស្សនកិច្ចលើកនេះ បានផ្ញើសារអំពីការចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវរបស់វៀតណាមនៅក្នុងយន្តការពហុភាគី ក្នុងនោះមាន BRICS បើកទូលាយ សំដៅសហការជាមួយប្រទេសដទៃទៀតដោះស្រាយបញ្ហាប្រឈមជាសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ នេះក៏ជាការអះអាងពីបំណងប្រាថ្នារបស់វៀតណាមក្នុងការលើកកម្ពស់សម្លេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអភិបាលកិច្ចសកល តាមនោះ រួមចំណែកកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលប្រកបដោយយុត្តិធម៌ រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

ការចូលរួមរបស់ប្រមុខរដ្ឋាភិបាលវៀតណាមនៅកិច្ចប្រជុំ BRICS បើកទូលាយក៏បានអះអាងយ៉ាងខ្លាំងក្លានូវស្មារតីម្ចាស់ការ សកម្ម មានទំនួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានអះអាងថា៖ “ការចូលរួមកិច្ចប្រជុំ BRICS បើកទូលាយ គឺជាសក្ខីភាពមួយដែលបង្ហាញពីការសន្យានិងទំនួលខុសត្រូវរបស់វៀតណាមក្នុងការរួមដំណើរជាមួយបណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ រួមគ្នាជំរុញពហុភាគីនិយម សាមគ្គីភាពអន្តរជាតិ លើកកម្ពស់ស្មារតីគោរពច្បាប់និងរួមចំណែកលើកកម្ពស់សម្លេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចូលក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់ការពូនជ្រុំសន្តិភាព ជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក”។

បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-រុស្ស៊ី

ការដែលនាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រទេស BRICS បើកទូលាយ ក្នុងឆ្នាំដែលសហព័ន្ធរុស្ស៊ីកាន់តំណែងជាប្រធាន BRICS បានសរឲ្យឃើញថា វៀតណាមបានកំណត់ទំនាក់ទំនងជាមួយរុស្ស៊ីមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ព្រមទាំងមានបំណងបន្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងមានប្រសិទ្ធភាពជាមួយរុស្ស៊ី។

ជាមួយដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលកន្លងទៅ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក ហ្វាម មិញជីញ បានរួមចំណែកបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជំរុញនិងបើកចេញឱកាសសហប្រតិបត្តិការជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ឲ្យបានសក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ លោក Maxim Syunnerberg សាស្ត្រាចារ្យរង បណ្ឌិត នៅវិទ្យាស្ថានអាស៊ី - អាហ្វ្រិក នៃសាកលវិទ្យាល័យជាតិទីក្រុងម៉ូស្គូបានមាន ប្រសាសន៍ថា៖ “ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ីនិងវៀតណាមនឹងបន្តអភិវឌ្ឍន៍តាមទិសដៅវិជ្ជមាន។ នៅខែមករាឆ្នាំ ២០២៥ នឹងមានថ្ងៃដ៏គួរឱ្យចងចាំ គឺខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបមួយនៅទីក្រុងហាណូយ (ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤) លោកប្រធានាធិបតី Vladimir Putin និងលោកអគ្គលេខាបក្ស តូឡឹម បានលើកច្បាស់ថា ទំនាក់ទំនងរុស្ស៊ី - វៀតណាមមានប្រពៃណីមិត្តភាព និងផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំនៃការធ្វើអន្តរកម្មយ៉ាងជិតស្និទ្ធ។ ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ មនុស្សធម៌ និងការអប់រំ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ”។

ជាមួយនឹងបាវចនា ពង្រឹងការរួមចំណែកនិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងវិបុលភាពរួម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមយ៉ាងសកម្មនិងរួមចំណែកប្រកបដោយការទទួលខុសត្រូវនៅក្នុងកិច្ចប្រជុំ BRICS បើកទូលាយ ដើម្បីដែលរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ អះអាងនូវឋានៈជាដៃគូគួរឱ្យទុកចិត្ត និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ បង្កើតការបំផុសគំនិតនិងបំណងប្រាថ្នាសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ