វៀតណាមរំលេចកិច្ចសហប្រតិបត្តិការពហុភាគីក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន

(VOVWORLD) - នាថ្ងៃទី ២៤ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក។ នៅទីនេះ ជាថ្មីម្តងទៀត ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានសង្កត់ធ្ងន់លើទស្សនៈរបស់ រដ្ឋាភិបាលវៀតណាមដែលរំលេចកិច្ចសហប្រតិបត្តិការពហុភាគី ហើយអំពាវនាវឲ្យពិភពលោករួមសហការគ្នាដោយឈរលើស្មារតីសាមគ្គីភាព រួមគ្នាជំនះពុះពារលើរាល់បញ្ហាប្រឈមប្រទាក់ក្រឡាគ្នានាបច្ចុប្បន្ន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោក។

វៀតណាមរំលេចកិច្ចសហប្រតិបត្តិការពហុភាគីក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន - ảnh 1ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល វៀតណាមលោក Pham Binh Minh អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ
អាណត្តិទី ៧៧។ (រូបថត៖ VNA)

ពិភពលោកកំពុងស្ថិតនៅក្នុងគ្រា “របត់នៃប្រវត្តិសាស្ត្រ” នៅពេលដែលការប្រឈមមុខដាក់គ្នា ជម្លោះ និងការរំលោភបំពានលើច្បាប់អន្តរជាតិបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីការប្រកួតប្រជែងរវាងប្រទេសធំៗ និងឯកតោភាគីនិយម។ ទន្ទឹមនឹងនោះ ផលប៉ះពាល់នៃជំងឺរាតត្បាត

កូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណីជាច្រើនទៀត កំពុងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់មនុស្សជាតិ រុញថយក្រោយកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

ក្នុងបរិបទនោះ ក្នុងសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការត្រិះរិះ បង្កើតជារូបរាងឡើងវិញនូវវិធីអភិក្រមនឹងបញ្ហាសកលនានា ក្នុងនោះ ប្រជាជនគួរតែជាមជ្ឈភាពនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងអស់។

រំលេចសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម

ដោយចាត់ទុកថា តថភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជា “កូនសោរ” សំខាន់ដើម្បីជំនះពុះពារលើបញ្ហាប្រឈមនានា ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានស្នើថា ប្រទេសនានាចាំបាច់ត្រូវលុបបំបាត់ទំនោរប្រឈមមុខដាក់គ្នា គំនិតនៃការ “ឈ្នះ-ចាញ់” ហើយជំនួសមកវិញគួរតែជំរុញពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ បរិយាប័ន្ន សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ តាមនោះ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិត្រូវតែគោរព ជាពិសេសគឺគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា ហើយដោះស្រាយជម្លោះដោយសន្តិវិធី។

ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកសាងស្ថាប័នពហុភាគីដ៏រឹងមាំ និងមានប្រសិទ្ធភាព ជាមួយនឹងមជ្ឈភាពនៃអង្គការសហប្រជាជាតិ ជំរុញភាពជាដៃគូសកល រួមទាំងតួនាទីសំខាន់របស់អង្គការតំបន់នានា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដ៏រឹងមាំ សាមគ្គីភាព ដើរតួនាទីមជ្ឈភាពក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ ហើយជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា; រំលេចកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានសំដៅស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់បញ្ហានៅក្នុងតំបន់។ ជាពិសេសគឺត្រូវរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ដែលក្នុងនោះភាគីនានាដោះស្រាយជម្លោះដោយសន្តិវិធី គោរពដំណើរការផ្លូវច្បាប់ និងការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

វៀតណាមមានការគោរពជាពិសេសចំពោះតួនាទីរបស់ស្ថាប័នពហុភាគី រួមទាំងអង្គការសហប្រជាជាតិ

ក្នុងសម័យប្រជុំនោះ ដោយបានរំលឹកឡើងវិញនូវពាក្យសម្ដីរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិទី៣២ លោក Lazar Mojsor ថា “ការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម គឺជាការបោះជំហានដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព និងសន្តិសុខលើពិភពលោក” ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានចាត់ទុកថា ការវាយតម្លៃនោះនៅតែមានតម្លៃដដែល ឆ្លុះបញ្ចាំងតាមរយៈការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ បង្កើនការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំរុញវិធីអភិក្រមប្រកបដោយតុល្យភាព និងស្ថាបនា រួមគ្នាស្វែងរកដំណោះស្រាយយូរអង្វែងចំពោះបញ្ហាអន្តរជាតិដើម្បី ផលប្រយោជន៍រួមរបស់ប្រទេសសមាជិកទាំងអស់។ វៀតណាមតែងតែជំរុញការយោគយល់ និងការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយមានបំណងចង់ទទួលបានការគាំទ្រពីប្រទេសដទៃទៀតសម្រាប់បេក្ខភាពរបស់វៀតណាមក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

ចាប់តាំងពីវៀតណាមបានក្លាយជាសមាជិកទី ១៤៩ នៃអង្គការសហប្រជាជាតិនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៧៧ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងក្លាយជាសមាជិកគួរឲ្យទុកចិត្ត និងមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។ វៀតណាមជាប្រទេសដែលអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ខិតខំការពារ រំលេចភាពចាំបាច់នៃការគោរពតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ភាពស្រដៀងគ្នានៃតម្លៃ និងគោលការណ៍សំខាន់ៗ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងវៀតណាម និងអង្គការសហប្រជាជាតិ។ រាល់តម្លៃដែលជំរុញដោយអង្គការសហប្រជាជាតិ ក៏ជាតម្លៃដែលប្រជាជនវៀតណាមជាច្រើនជំនាន់បានតស៊ូប្រយុទ្ធ ហើយពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារផងដែរ នោះគឺសន្តិភាព ឯករាជ្យជាតិ និងយុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ