វៀតណាម-អូស្ត្រាលីពង្រឹងការជឿទុកចិត្តជាយុទ្ធសាស្ត្រ

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នាថ្ងៃទី៣ ខែមេសា អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសមួយរូបមកវៀតណាមក្នុងឆ្នាំនេះ និងជាភ្ញៀវថ្នាក់ជាតិដំបូងគេរបស់លោកប្រធានរដ្ឋ Vo Van Thuong ក្នុងតួនាទីថ្មី។

វៀតណាមនិងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣។ ឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី ៥ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៨-២០២៣)។ នាបច្ចុប្បន្ន ថ្នាក់ដឹកនាំវៀតណាមនិងអូស្ត្រាលី សុទ្ធតែគាំទ្រចំពោះការលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បី
បើកទំជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

វៀតណាម-អូស្ត្រាលីពង្រឹងការជឿទុកចិត្តជាយុទ្ធសាស្ត្រ - ảnh 1ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ឆ្លើយសម្ភាសន៍អ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley។ (រូបថត៖ Viet Nguyen/baoquocte.vn)

ទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីនាពេលកន្លងមកបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ លើវិស័យនយោបាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាប្រចាំ ដើម្បីពង្រឹងទំនាក់ទំនងនយោបាយគួរឲ្យជឿទុកចិត្តកាន់តែខ្លាំងឡើងៗ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាម ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានវាយតម្លៃថា៖

“នេះជាដំណើរទស្សនកិច្ចដ៏សំខាន់សម្រាប់យើងខ្ញុំ។ ឯកឧត្តម David Hurley គឺជាប្រមុខរដ្ឋ ជាមេដឹកនាំអូស្ត្រាលីខាងពិធីការទូត។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ឯកឧត្តមអគ្គទេសាភិបាលមានអត្ថន័យនិមិត្តរូបជាច្រើន។ នេះជាលើកទី៣ហើយ ដែលឯកឧត្តមមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីអបអរសាទរខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដូច្នេះ យើងបានកសាងកម្មវិធីដ៏អស្ចារ្យមួយសម្រាប់ដំណើរទស្សនកិច្ចលើកនេះ។ ឯកឧត្តមអគ្គទេសាភិបាលគឺជាភ្ញៀវមួយរូបចំណោមភ្ញៀវសំខាន់ៗដែលនឹងអញ្ជើញមកទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំនេះ”។

ទាក់ទងនឹងពាណិជ្ជកម្ម យន្តការសហប្រតិបត្តិការកំពុងត្រូវបានប្រទេសទាំងពីរដាក់ឲ្យដំណើរការតាមទម្រង់ផ្ទាល់ផងនិងតាមអ៊ីនធឺណិតផង។ កម្មវិធីសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រ
វៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២០ - ២០២៣ ត្រូវបានអនុវត្តន៍យ៉ាងសកម្ម សម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជាង ១៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០,៣% បើធៀបនឹងឆ្នាំមុននោះ។

លើវិស័យសន្តិសុខការពារជាតិ ប្រទេសទាំងពីរបន្តសហប្រតិបត្តិការគ្នាយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ កងទ័ពជើងអាកាសអាកាសអូស្ត្រាលីបានជួយដឹកជញ្ជូនកងពេទ្យកម្រិត២បស់វៀតណាមចំនួន ៤ ដងទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ប្រទេសទាំងពីរបាននិងកំពុងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គ្រឿងញៀន ការរត់ពន្ធ និងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនទៀត។

កិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ អប់រំ-បណ្តុះបណ្តាល កសិកម្ម ទេសចរណ៍... មានការអភិវឌ្ឍដ៏ល្អប្រសើរ និងមានសក្តានុពលជាច្រើន។ អូស្ត្រាលីជានិច្ចកាលផ្តល់ឲ្យវៀតណាមនូវប្រភពកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយស្ថិរភាព ជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ យកចិត្តទុកដាក់ដល់ការជំរុញវិស័យសហប្រតិបត្តិការថ្មីៗមួយចំនួនដូចជា ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល និងថាមពល។ ល។

ប្រទេសទាំងពីរក៏សហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ ក្នុងនោះមានបញ្ហាសមុទ្រខាង; កើតការជំរុញកិច្ចសហប្រតិបត្តិការនៅអង្គការ វេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ... និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរជាសមាជិក ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។

សហប្រតិបត្តិការគ្នាដើម្បីជំនះលើបញ្ហាប្រឈម

ក្រៅពីសសរស្តម្ភចំនួនបី៖ បង្កើនការតភ្ជាប់សេដ្ឋកិច្ច; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខ; កសាងទំនាក់ទំនងភាពជាដៃគូផ្នែកប្រាជ្ញានិងនវានុវត្តន៍ក្នុងកម្មវិធីសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២០-២០២៣នោះ វៀតណាមនិងអូស្ត្រាលីនៅតែមានឱកាសនិងសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទេសចរណ៍ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានធ្វើអត្ថាធិប្បាយថា៖

“ចាប់តាំងពីមកវៀតណាម ខ្ញុំបានយល់ឃើញថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តម្លៃដែលថ្នាក់ដឹកនាំរបស់អ្នកហៅថា ជំនឿទុកចិត្តជាយុទ្ធសាស្ត្រ។ នោះគឺជាប្រការសំខាន់។ នៅក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន យើងបានជ្រើសរើសគ្នាជាមិត្តដ៏គួរឲ្យជឿទុកចិត្ត។ វៀតណាមនិងអូស្ត្រាលីបានសម្រេចចិត្តសហការគ្នាដើម្បីជំនះលើបញ្ហាប្រឈមនានា មិនថាជាបញ្ហាប្រឈមខាងសេដ្ឋកិច្ច ឬសន្តិសុខ ឬបញ្ហាបរិស្ថាននោះឡើយ។ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គទេសាភិបាលពិតជានឹងរួមចំណែកពង្រឹងជំនឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ”។

ជំនឿទុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលីកំពុងស្ថិតនៅកម្រិតខ្ពស់។ ប្រទេសទាំងពីរមានការសម្របសម្រួលគោលនយោបាយយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ នេះគឺជាសញ្ញាវិជ្ជមាន និងអំណោយផល។ ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley នឹងបង្កើតកម្លាំងចលករសម្រាប់ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ