វៀតណាមអះអាងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍
(VOVWORLD) - ថ្ងៃទី ៤ ខែកក្កដានេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធប្រេស៊ីល Lula da Silva នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញនិងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ ឆ្នាំ ២០២៥ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នេះជាសកម្មភាពការទូតលេចធ្លោរបស់វៀតណាមក្នុងឆ្នាំនេះ មិនត្រឹមតែបង្ហាញពីតួនាទីសកម្មនិងវិជ្ជមានរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងអះអាងនូវសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បើកចេញឱកាស ឆ្ពោះទៅរកទីផ្សារថ្មី ក្នុងបរិបទដែល ពាណិជ្ជកម្មពិភពលោកកំពុងមានការប្រែប្រួលជាច្រើន។
ដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងគោលបំណងអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយការបរទេសរបស់វៀតណាម ហើយក៏ជាសកម្មភាពសំខាន់ ក្នុងការអនុវត្តភារកិច្ចនិងគោលដៅ ក្នុងសេចក្តីសម្រេចចិត្តលេខ ៥៩ នៃការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីមានសារៈសំខាន់ពិសេសទាំងពហុភាគី និងទ្វេភាគី។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញនិងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ ឆ្នាំ ២០២៥ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ រូបថត៖ chinhphu.vn |
ពង្រឹងស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយតំបន់អាមេរិកឡាទីន
នេះជាលើកទីមួយហើយដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុងនាមជាប្រទេសដៃគូក្នុងកិច្ចប្រជុំកំពូល BRICS។ BRICS មានសម្ព័ន្ធភាពសេដ្ឋកិច្ច និងនយោបាយសំខាន់ៗ នៃប្រទេសកំពុងអភិវឌ្ឍន៍។ ការចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ ក្នុងនាមជាប្រទេសដៃគូ ជួយឲ្យវៀតណាមមានវេទិកាមួយផ្សេងទៀត ដើម្បីចែករំលែកទស្សនៈនិងបទពិសោធន៍ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាសកល ជាពិសេសគឺពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខអន្តរជាតិ។
ដោយប្រធានបទនៃកិច្ចប្រជុំកំពូល BRICS ២០២៥ គឺ “ជំរុញកិច្ចសហប្រតិបត្តិការភាគខាងត្បូង ដើម្បីអភិបាលកិច្ចបរិយាប័ន្ននិងនិរន្តរភាព” អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី ហ្វៀន មិញ ហាំង បានអះអាងថា៖ “នេះក៏ជាប្រធានបទដែលឆ្លើយតបនឹងផលប្រយោជន៍របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេលបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនឹងពិភាក្សាជាមួយមេដឹកនាំប្រទេស BRICS និងបណ្តាប្រទេសដៃគូ រួមទាំងភ្ញៀវកិត្តិតយស ដើម្បីលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការភាគខាងត្បូង សំដៅកសាងប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយតម្លាភាព បរិយាប័ន្ន និងនិរន្តរភាព ដែលឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសក្នុងសហគមន៍អន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍”។
ការចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយលើកនេះ ក៏នឹងផ្តល់ឱកាសសម្រាប់វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែជាមួយបណ្តាប្រទេសសមាជិក BRIC ប៉ុណ្ណោះទេ ថែមទាំងប្រទេសផ្សេងទៀត ជាពិសេសទីផ្សារអាមេរិកខាងត្បូង ដែលពោរពេញដោយសក្តានុពល។ ក្នុងពិធីបើកសម្ពោធស្ថានទូតអាហ្សង់ទីន នៅទីក្រុងហាណូយ នាថ្ងៃទី ១ កក្កដា រដ្ឋលេខាធិការរង Agustín Tejeda Rodriguez បានសង្កត់ធ្ងន់លើបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៖ “ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាហ្សង់ទីននិងវៀតណាមបានរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែស្ថិតនៅឆ្ងាយពីសក្តានុពលអភិវឌ្ឍន៍របស់ខ្លួន។ ដូច្នេះហើយ យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយវៀតណាម សហប្រតិបត្តិការដើម្បីលុបចេញឬកាត់បន្ថយឧបសគ្គ ចំពោះពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្ម”។
សារៈសំខាន់សំខាន់លើកម្រិតទ្វេភាគី
លើកម្រិតទ្វេភាគី ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប្រេស៊ីលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ នេះគឺជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសប្រេស៊ីល បន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះក៏គូសញ្ញាសម្គាល់រយៈពេល ៣ឆ្នាំ ជាប់ៗគ្នាដែលប្រមុខរដ្ឋាភិបាលវៀតណាមបានទៅបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាមេរិកឡាទីន និងលំដាប់កំពូលលេខ ៣ នៅទ្វីបអាមេរិក។
ដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីបានរួមចំណែកអនុវត្តន៍ជាក់ស្តែង និងជំរុញលទ្ធផលប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ការច្នៃប្រឌិត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ស្រី ហ្វៀន មិញ ហាំង បានអះអាងថា៖ “ដំណើរទស្សនកិច្ចនេះនឹងជំរុញលទ្ធផលជាច្រើនក្នុងការបើកទីផ្សារសម្រាប់ផលិតផល និងទំនិញរបស់ភាគីទាំងពីរ។ នេះជាលទ្ធផលសំខាន់ក្នុងបរិបទដែលវៀតណាមកំពុងជំរុញការធ្វើពិពិធកម្មទីផ្សារ ការធ្វើពិពិធកម្មផលិតផល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រទេសប្រេស៊ីលគឺជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញនាំចេញរបស់វៀតណាមដែរ។ លទ្ធផលដែលយើងសម្រេចបាននៅពេលនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការធ្វើពិពិធកម្មទីផ្សារក្នុងបរិបទពាណិជ្ជកម្មពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញដូចសព្វថ្ងៃនេះ”។
ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ប្រេស៊ីល។ សំខាន់ជាងនេះទៅទៀត ដំណើរទស្សនកិច្ចនឹងរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាមជាមួយនឹងទីផ្សារដ៏មានសក្ដានុពលខ្លាំងនៅតំបន់អាមេរិកឡាទីន និងការាបៀន។ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីក៏បានបន្តពង្រឹងថែមទៀតនូវតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី ដោយអះអាងថា វៀតណាមជា “មិត្តនិងជាដៃគូដ៏គួរឱ្យទុកចិត្ត” របស់មិត្តភក្តិអន្តរជាតិ៕