(VOVWORLD) - សហគ្រាសបច្ចេកវិទ្យាសសរស្តម្ភ បានដើរតួនាទីគន្លឹះក្នុងការសម្រេចបាននូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ដែលក្នុងនោះកំណត់ថា “ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ” ជារបកគំហើញសំខាន់ជួរមុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រកបដោយវិបុលភាព ក្នុងសម័យកាលថ្មី។ ក្រុមហ៊ុនបច្ចេកវិទ្យាបានស្វាគមន៍ និងជួយជ្រោមជ្រែងយ៉ាងសកម្ម ធ្វើការសន្យា និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងអនុវត្តន៍ជាមួយនឹងសកម្មភាពជាក់លាក់។
បន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៥៧ ហើយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញកម្មវិធីសកម្មភាពអនុវត្តន៍សេចក្តីសម្រេចចិត្ត ស្មារតីនៃការជួយជ្រោមជ្រែងបានរីកសាយភាយយ៉ាងខ្លាំងក្លានៅក្នុងសហគមន៍អាជីវកម្មបច្ចេកវិទ្យាវៀតណាម។
ត្រៀមខ្លួនសម្រាប់ឱកាសថ្មី
ក្រុមហ៊ុនបច្ចេកវិទ្យា FPT Group ដែលជាក្រុមបច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសវៀតណាម នាពេលកន្លងមក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការទាក់ទាញដើមទុនវិនិយោគលើវិស័យ semiconductor ចូលមកប្រទេសវៀតណាម ហើយតភ្ជាប់ឆ្លងដែន និងពហុជាតិ; នាំវិស័យនាំចេញសូហ្វវែរ និងសេវាផ្លាស់ប្ដូរឌីជីថលរបស់វៀតណាមទៅកាន់ពិភពលោក។ ជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ៥៧ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុន FPT Group បានអះអាងថា៖
“យើងខ្ញុំខ្នះខ្នែងចូលរួមក្នុងកម្មវិធីនានានៃសេចក្ដីសម្រេចចិត្ត។ យើងខ្ញុំបានសន្យា ទីមួយ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលសកល ដោយសម្រេចបានប្រាក់ចំណូលពីបរទេសចំនួន ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ទីពីរ FPT បច្ចុប្បន្នមាននិស្សិតប្រហែល ១៥០០ នាក់ដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យា semiconductor យើងខ្ញុំនឹងបណ្តុះបណ្តាលវិស្វករ semiconductor ចំនួន ១ ម៉ឺននាក់ បណ្តុះបណ្តាលវិស្វករបញ្ញាសិប្បនិម្មិតចំនួន ៥ ម៉ឺននាក់ ហើយផ្គត់ផ្គង់ជំនាញ និងចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិតដល់វិស្វករបច្ចេកវិទ្យាព័ត៌មានប្រមាណកន្លះលាននាក់”។
ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន CMC Group លោក Nguyen Trung Chinh បានដាក់ចេញគោលដៅរួមចំណែកនាំឱ្យវៀតណាមក្លាយជាប្រទេសនាំមុខគេក្នុងវិស័យនវានុវត្តន៍ក្នុងតំបន់ បង្កើតសេដ្ឋកិច្ចឌីជីថលប្រកបដោយស្វ័យភាពនិងនិរន្តរភាព។ ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុននេះមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ច្បាស់លាស់ និងការត្រៀមរៀបចំដូចជា៖ យុទ្ធសាស្ត្រផ្លាស់ប្តូរ AI (C.OpenAI); ការកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រលើពពកមិនត្រឹមតែឈានមុខគេក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។ ក្នុងវេទិកាថ្នាក់ជាតិលើកទី៦ អំពីសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាម ដែលបានប្រារព្ធឡើងកាលពីខែមករាកន្លងទៅ លោក Nguyen Trung Chinh បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំនឹងសាងសង់មជ្ឈមណ្ឌល R&D អំពីនវានុវត្តន៍ដ៏ធំបំផុត។ យើងខ្ញុំបានទិញដីកាលពី៣ឆ្នាំមុនហើយ ប៉ុន្តែនីតិវិធីនៅមិនទាន់បញ្ចប់នៅឡើយ។ ខ្ញុំគិតថាជាមួយនឹងសេចក្ដីសម្រេចចិត្តលេខ ៥៧ នីតិវិធីផ្លូវច្បាប់នឹងត្រូវបានពន្លឿនដើម្បីអនុវត្តន៍គម្រោងក្នុងពេលឆាប់ៗនេះ”។
ក្រុមហ៊ុន VNPT Group បានសន្យា ត្រឹមឆ្នាំ ២០២៧ នឹងធ្វើជាម្ចាស់គំរូ GenAI Make in Vietnam ក្នុងវិស័យភាសា រូបភាព សំឡេង និងទិន្នន័យ។ ក្រុមហ៊ុន Viettel Group ដាក់ចេញគោលដៅ ត្រឹមឆ្នាំ ២០២៧ នឹងមានឧបករណ៍ 5G កម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ នឹងមានឧបករណ៍ 6G ដំបូងសម្រាប់ការផ្គត់ផ្គង់ពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ នៅឆ្នាំនេះ នឹងសម្រេចគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីប semiconductor ដើម្បីដាក់ជូនរដ្ឋាភិបាល ដើម្បីបង្កើតសន្ទុះ សម្រេចរោងចក្រផលិតបន្ទះឈីប semiconductor ដំបូងគេនៅវៀតណាមក្នុងឆ្នាំ២០៣០។
សម្រាប់សហគ្រាសបច្ចេកវិទ្យាខ្នាតតូច សេចក្ដីសម្រេចចិត្តលេខ ៥៧ ក៏ត្រូវបានប្រៀបប្រដូចជាខ្យល់អាកាសថ្មីថ្មោងអញ្ចឹង ដែលបង្កើតឱកាសឱ្យពួកគេចូលរួមក្នុងបច្ចេកវិទ្យាថ្មីៗ និងអនុវត្តន៍បច្ចេកវិទ្យា តាមនោះជំរុញទីផ្សារក្នុងស្រុកឱ្យកាន់តែស្វាហាប់ កសាងម៉ាកយីហោជាតិដ៏រឹងមាំខាងបច្ចេកវិទ្យា ដើម្បីបង្កើតសន្ទុះជ្រៀតចូលទីផ្សារអន្តរជាតិកាន់តែស៊ីជម្រៅ។ ជាពិសេស មានយន្តការរបកគំហើញ ដើម្បីបង្កើតធនធានមនុស្សបច្ចេកវិទ្យាប្រកបដោយគុណភាព។ លោក Tran Phuc Hong អគ្គនាយករងក្រុមហ៊ុនបច្ចកវិទ្យា TMA បានចាត់ទុកថា៖
“យើងខ្ញុំសង្ឃឹមថា នឹងមានគោលនយោបាយ និងដំណោះស្រាយជារបកគំហើញ ដើម្បីជួយអាជីវកម្មកាត់បន្ថយការចំណាយ។ ទីពីរគឺជួយឱ្យអាជីវកម្មមានធនធានច្រើនសម្បូរហូររហៀរ។ បច្ចុប្បន្ននេះយើងមានធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាននិងបច្ចេកវិទ្យាឌីជីដថលច្រើនសម្បូរហូរហៀរ និងមានគុណភាពខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាថ្មីៗដូចជា semiconductor និងបញ្ញាសិប្បនិម្មិតនៅតែខ្វះខាតច្រើនណាស់”។
ទីបង្អែកសម្រាប់សហគ្រាសស្វែងរកគំនិត និងទិសដៅថ្មីៗយ៉ាងក្លាហាន
នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ សេចក្ដីសម្រេចចិត្តលេខ ៥៧ ត្រូវបានចាត់ទុកថាជា "ខ្យល់អាកាសថ្មីថ្មោង" ដែលបង្កើតឱកាសសម្រាប់អាជីវកម្មបច្ចេកវិទ្យា
ឌីជីថល។ ចំណុចដែលគួរកត់សម្គាល់បំផុតនោះគឺថា ពីការត្រូវប្រើដំណោះស្រាយបរទេស ហើយផលិតផល និងដំណោះស្រាយបច្ចេកវិទ្យា Make in Vietnam មិនទាន់មានច្រើននៅឡើយ សេចក្ដីសម្រេចចិត្តលេខ ៥៧ នឹងជួយជំរុញយ៉ាងខ្លាំងក្លាបន្ថែមទៀតនូវដំណើរការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅពេលចំណាយ ២% នៃផលិតផលក្នុងស្រុកសរុបលើការងារនេះ។ សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមនឹងមានឱកាសកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ដំណោះស្រាយឆ្លាតវៃ បម្រើគ្រប់ឧស្សាហកម្ម វិស័យ អនុវត្តន៍ទៅក្នុងដំណើរការផលិតកម្មរបស់សហគ្រាសក៏ដូចជាជីវភាពរបស់ប្រជាជនផងដែរ។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនឹងដើរតួនាទីយ៉ាងសំខាន់ពិសេស ដើម្បីជួយវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ក្នុងនោះ សហគ្រាសសកលដ៏រឹងមាំគឺមិនអាចខ្វះបានឡើយ។ នៅក្នុងបរិបទនោះ សេចក្ដីសម្រេចចិត្តលេខ ៥៧ បានបំផុសគំនិត និងលើកកំពស់មនសិការ ទំនួលខុសត្រូវរបស់សហគមន៍សហគ្រាស ដោយជួយពួកគេឱ្យស្វែងរកគំនិត និងទិសដៅថ្មីៗយ៉ាងក្លាហាន ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់យកឱកាស។ សេចក្ដីសម្រេចចិត្តលេខ ៥៧ គឺជាទីបង្អែកសម្រាប់សហគ្រាសដើម្បីឈានចូលយុគសម័យថ្មីប្រកបដោយទំនុកចិត្តជាមួយប្រទេសជាតិ៕