សេចក្តីសម្រេចចិត្តលេខ ៣៦ បើកចេញសក្កានុពលពីសមុទ្រសម្រាប់វៀតណាមអភិវឌ្ឍន៍

(VOVWORLD) - វៀតណាមជាប្រទេសមួយនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតដែលមានសន្ទស្សន៍សមុទ្រខ្ពស់ជាងមធ្យមភាគពិភពលោក ៦ ដង។ ជាមួយនឹងខេត្ត-ក្រុងជាប់ឆ្នេរសមុទ្រចំនួន ២៨/៦៣ ដែលស្មើនឹង ៤២% នៃផ្ទៃដី និង ៤៥% នៃចំនួនប្រជាជនសរុប វៀតណាមមានគុណសម្បត្តិ និងសក្តានុពលធនធានខ្លាំងក្លាពីសមុទ្រ និងកោះ។ សេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាតមជ្ឈឹមទី ៨ នីតិកាលទី ១២   ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានអះអាងពីសារៈសំខាន់ក៏ដូចជាសក្កានុពលការអភិវឌ្ឍសេដ្ឋកិច្ចពីកោះសមុទ្រ   ហើយទន្ទឹមនឹងនោះ កំណត់ភារកិច្ចប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួន និងសម្បូរធូធារពីសមុទ្រ។

ប្រទេសវៀតណាមមានមាត់សមុទ្រប្រវែង ៣.២៦០ គីឡូម៉ែត្រ លាតត្រដាងពីខាងជើងទៅខាងត្បូងជាមួយនឹងសមាមាត្រប្រហែល ១០០គីឡូម៉ែត្រក្រឡានៃដីគោក/១ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ ខណៈដែលជាមធ្យមពិភពលោកគឺ ៦០០ គីឡូម៉ែត្រក្រឡានៃដីគោក/១ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ។ ដោយមានកោះជាង ៣.០០០ រួមទាំងប្រជុំកោះ Hoang Sa និង Truong Sa តំបន់សមុទ្រ និងខ្ពង់រាបបាតសមុទ្រ ក្រោមអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម មានទទឹងជាង ១ លានគីឡូម៉ែត្រការ៉េ ធំជាងបីដងនៃផ្ទៃដីគោក។

ការធ្វើពិពិធកម្មសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

សមុទ្ររបស់វៀតណាមមានរ៉ែប្រហែល ៣៥ ប្រភេទ ដោយមានបរិមាណធ្វើអាជីវកម្មផ្សេងៗគ្នា។ ក្នុងនោះ ប្រេង និងឧស្ម័នគឺជាធនធានដ៏ធំបំផុតនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ នៅឆ្នាំ២០២២ បរិមាណនៃការផលិតប្រេងឆៅរបស់វៀតណាមកើនដល់ ១០,៨៤លានតោន។ នៅតាមផ្ទៃសមុទ្រវៀតណាម បានរកឃើញសត្វមានជីវិតប្រហែល ១១.០០០ ប្រភេទ ក្នុងប្រព័ន្ធអេកូឡូស៊ីធម្មតាជាង ២០ ប្រភេទ ស្ថិតក្នុងតំបន់ជីវចម្រុះសមុទ្រចំនួន ៦ និងមានសត្វប្រហែល ១.៣០០ ប្រភេទនៅលើកោះ។ ជីវចម្រុះសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីបានផ្តល់ធនធានដ៏ធំសម្បើមសម្រាប់សេដ្ឋកិច្ច។ កាលពីឆ្នាំមុន ផលិតកម្មនេសាទសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ៩ លានតោន ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ តួលេខនេះត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៤,២៧ លានតោន។ សាស្ត្រាចារ្យរង បណ្ឌិត Chu Hoi ប្រធានសមាគមជល ផលវៀតណាមបានឲ្យដឹងថា៖ “ខេត្តជាប់មាត់សមុទ្រតាមរយៈការអភិវឌ្ឍក្នុងឆ្នាំ ២០២២ និងឆ្នាំមុនៗ ដោយក្រឡេកមើល លើ GRDP (សន្ទស្សន៍ផលិតផលសេដ្ឋកិច្ចមូលដ្ឋានសរុប) ការរួមចំណែកនៃសេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់។ វិស័យសេដ្ឋកិច្ចសមុទ្រដែលបានអភិវឌ្ឍថ្មីៗមួយចំនួន ដូចជា ថាមពលសមុទ្រកកើតឡើងវិញ រួមទាំងថាមពលខ្យល់តាមឆ្នេរសមុទ្រក៏បានអភិវឌ្ឍន៍ផងដែរ”។

ឆ្នេរសមុទ្រធំ និងតូចចំនួន ១២៥កន្លែង ដែលពន្លឺព្រះអាទិត្យក្តៅពេញមួយឆ្នាំ ខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតជាច្រើន... គឺជាលក្ខខណ្ឌដ៏ល្អសម្រាប់វៀតណាមក្នុងការសាងសង់រមណីយដ្ឋាន និងមណ្ឌលទេសចរណ៍លំដាប់ខ្ពស់។ លើសពីនេះទៀត កោះ និងតំបន់ឆ្នេរសមុទ្រប្រមូលផ្តុំបេតិកភណ្ឌពិភពលោកជាច្រើន បម្រុងជីវមណ្ឌល ឧទ្យានជាតិ និងមណ្ឌលអភិរក្សធម្មជាតិ រួមទាំងបេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រជាច្រើន; ពិធីបុណ្យប្រពៃណីរបស់ប្រជាជននៅតាមឆ្នេរសមុទ្រ; ជំនឿ ទំនៀមទម្លាប់ ដែលទាក់ទងនឹងសមុទ្រ...។ ជាមួយអត្ថប្រយោជន៍នេះ ទេសចរណ៍សមុទ្ររបស់វៀតណាមជារៀងរាល់ឆ្នាំបានរួមចំណែកប្រហែល ៧០% នៃប្រាក់ចំណូលរបស់វិស័យទេសចរណ៍ទូទាំងប្រទេស។

អត្ថប្រយោជន៍សំខាន់មួយទៀត គឺតំបន់សមុទ្រវៀតណាមស្ថិតក្នុងសមុទ្រខាងកើត ដែលជាផ្លូវពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដោយតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ឆ្នេរសមុទ្រវៀតណាមបើកទៅកាន់ទិសទាំងបី គឺខាងកើត ខាងត្បូង និងនិរតី ដូច្នេះមានភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ និងសមាហរណកម្មសេដ្ឋកិច្ចសមុទ្រ។ នៅតាមបណ្តោយឆ្នេរសមុទ្រពីខាងជើងទៅខាងត្បូងមាន ១០ ចំណុចដែលអាចសាងសង់កំពង់ផែទឹកជ្រៅ និងកំពង់ផែមធ្យមជាច្រើនដែលមានបរិមាណទំនិញសរុប ៧៣៣,១៨ លានតោនកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែនសមុទ្រជាមួយប្រទេសចំនួន ២៦។ តំបន់សមុទ្រដ៏ធំដែលមានកោះជាច្រើនក៏ជាលំហសំខាន់ដើម្បីធានាសន្តិសុខ ការពារជាតិ ដើម្បីបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បើកចេញសក្កានុពលជាច្រើនពីសមុទ្រសម្រប់វៀតណាមអភិវឌ្ឍន៍

សេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១២ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានដាក់ចេញគោលដៅទូទៅ និងគោលដៅជាក់ស្តែងដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួនពីសមុទ្រ មានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ធានាសន្តិសុខ និងសុវត្ថិភាពនៃសេដ្ឋកិច្ចសមុទ្រ។ បណ្ឌិត Ta Dinh Thi អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ដើម្បីដោះស្រាយបញ្ហាសមុទ្រ និងកោះ និងអភិវឌ្ឍន៍ គណៈកម្មាធិការមជ្ឈិម បានចេញសេចក្តីសម្រេចចិត្តលេខ ៣៦ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ តាមនោះ ដាក់ចេញវិធីសាស្រ្តអភិក្រមថ្មីមួយ ដោយឈរលើសសរស្តម្ភសំខាន់ៗចំនួន ៣។ មួយគឺសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ ទី២ គឺការពារជាតិ និងសន្តិសុខ។ ទី៣ គឺកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូចនេះ នេះគឺជាវិធីសាស្រ្តអភិក្រមរួម និងជាវិធីសាស្រ្ត លើគ្រប់ទិដ្ឋភាពពាក់ព័ន្ធទាំងអស់”។

ដំណោះស្រាយលេខ ៣៦-NQ/TW កំណត់ថានៅឆ្នាំ ២០៣០ វិស័យសេដ្ឋកិច្ចសមុទ្រនឹងរួមចំណែកដល់ GDP របស់ប្រទេសប្រហែល ១០%; សេដ្ឋកិច្ចនៃខេត្ត និងក្រុងជាប់ឆ្នេរសមុទ្រចំនួន ២៨ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៦៥-៧០% នៃ GDP សរុបរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ វិស័យសេដ្ឋកិច្ចសមុទ្រមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមស្តង់ដារអន្តរជាតិ។ វៀតណាមក៏បង្កើនការគ្រប់គ្រងលើការធ្វើអាជីវកម្មធនធានសមុទ្រដោយផ្សារភ្ជាប់ជាមួយការធានាលទ្ធភាពស្តារឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ លោក Nguyen Van Phuc អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្តាស្ថាប័នបក្សបានវាយតម្លៃថា៖ “សេចក្តីសម្រេចចិត្តនេះមានអត្ថន័យដ៏ធំធេងណាស់។ ធំធេងត្រង់ថា វាជាមូលដ្ឋានផ្លាស់ប្តូរការយល់ឃើញរបស់បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូលរបស់យើង អំពីការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។ លើសពីនេះ សេចក្តីសម្រេចចិត្តលេខ ៣៦ នេះ បង្កើតចំណុចលោតផ្លោះ ក្នុងសកម្មភាពរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូល លើការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។ ហើយទីបី ដំណោះស្រាយលេខ ៣៦ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យើងក្នុងការពង្រាយ និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រឱ្យកាន់តែមាននិរន្តរភាព”។

សេចក្តីសម្រេចចិត្តលេខ ៣៦ ត្រូវបានចាត់ទុកថាជាគន្លឹះសំខាន់ដើម្បីបំពេញ គោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួន និងសម្បូរធូធារពីសមុទ្រ បំពេញតាមលក្ខណៈវិនិច្ឆ័យអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងនោះសេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់ នាំមុខ កសាងវប្បធម៌សមុទ្រ ឆ្លើយតបយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុ ឆ្លើយតបយ៉ាងសកម្មចំពោះការកើនឡើងនីវ៉ូទឹកសមុទ្រ និងទប់ស្កាត់ការបំពុល។ តាមរយៈការអនុវត្តជាក់ស្តែងដំណោះស្រាយលេខ ៣៦-NQ/TW ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ដំណោះស្រាយនេះបើកចេញនូវទិដ្ឋភាពថ្មីសម្រាប់វៀតណាមអភិវឌ្ឍន៍ខ្លាំងមាំមួននិងសម្បូធូធារពីសមុទ្រយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ