(VOVWORLD) - សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨ ដែលត្រូវបានអគ្គលេខាបក្ស លោក តូ ឡឹមចុះហត្ថលេខាចេញផ្សាយ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ គឺជាឯកសារសំខាន់របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ តួនាទីនៃតំបន់សេដ្ឋកិច្ចឯកជន ត្រូវបានបញ្ជាក់យ៉ាងខ្លាំងក្លា ក្នុងសេចក្តីសម្រេចចិត្តលេខ ៦៨ នៅពេលដែលជាលើកដំបូង សេដ្ឋកិច្ចឯកជនត្រូវបានកំណត់ថា ជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។ នេះជារបកគំហើញក្នុងការត្រិះរិះអភិវឌ្ឍន៍។
វិស័យសេដ្ឋកិច្ចឯកជនបានរួមចំណែកប្រហែល ៥០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ច្រើនជាង ៣០% នៃចំណូលថវិការដ្ឋ និងជាពិសេសដោះស្រាយបានជាង ៨២% នៃកម្លាំងពលកម្មទូទាំងប្រទេស (រូបថត៖ VGP) |
តំបន់សេដ្ឋកិច្ចឯកជនបានរួមចំណែកប្រហែល ៥០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ច្រើនជាង ៣០% នៃចំណូលថវិការដ្ឋ និងជាពិសេស ដោះស្រាយបានជាង ៨២% នៃកម្លាំងពលកម្មទូទាំងប្រទេស។ តួរលេខទាំងនេះបង្ហាញពីឋានៈ និងតួនាទីដ៏សំខាន់បំផុតរបស់តំបន់សេដ្ឋ កិច្ចឯកជនក្នុងសេដ្ឋកិច្ចវៀតណាម។
សេចក្តីបញ្ជាក់ច្បាស់លាស់អំពីតួនាទីរបស់សេដ្ឋកិច្ចឯកជនក្នុងសេដ្ឋកិច្ចជាតិ
សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន មិនត្រឹមតែជាសារនយោបាយដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់យ៉ាងច្បាស់លាស់អំពីតួនាទីរបស់សេដ្ឋកិច្ចឯកជនក្នុងសេដ្ឋកិច្ចជាតិផងដែរ។
របកគំហើញដំបូងរបស់សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨ គឺការលុបបំបាត់ទស្សនៈអូសបន្លារយៈពេលយូរអំពីតួនាទីនៃសេដ្ឋកិច្ចឯកជន។ ជាលើកដំបូង វិស័យនេះត្រូវបានកំណត់ថា ជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។ លើសពីនេះ សេចក្តីសម្រេចចិត្តក៏បានដាក់ចេញនូវគោលនយោបាយជាក់ស្តែងមួយចំនួនដូចជា៖ ការលើកលែងពន្ធសម្រាប់រយៈពេលបីឆ្នាំដំបូង ការលុបបំបាត់ថ្លៃអាជ្ញាប័ណ្ណអាជីវកម្ម បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសធុនតូច និងមធ្យម ចូលរួមក្នុងវិស័យដែលធ្លាប់ជាសម្រាប់សហគ្រាសរដ្ឋដូចជា៖ ឧស្សាហកម្មការពារជាតិ សន្តិសុខ និងយុត្តិធម៌ប៉ុណ្ណោះ។
លោក Mac Quoc Anh អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមទីក្រុងហាណូយ |
គោលនយោបាយមួយក្នុងចំណោមគោលនយោបាយដែលត្រូវបានអង្គភាពអាជីវកម្មទទួលស្គាល់ នោះគឺការបំបែកយ៉ាងច្បាស់រវាងការទទួលខុសត្រូវផ្ទាល់ខ្លួន និងផ្លូវច្បាប់ក្នុងការរំលោភលើសេដ្ឋកិច្ច។ អាចនិយាយបានថា នេះជាការបោះជំហានទៅមុខយ៉ាងធំក្នុងកំណែទម្រង់ច្បាប់។ នេះក៏ជាការ គូសបញ្ជាក់យ៉ាងសំខាន់ដើម្បីជួយបរិយាកាសធុរកិច្ចរបស់វៀតណាមកាន់ តែមានភាពរួសរាយរាក់ទាក់ និងទាក់ទាញដល់អ្នកវិនិយោគក្នុងស្រុកនិងបរទេស។ លោក Mac Quoc Anh អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមទីក្រុងហាណូយ បានឲ្យដឹងថា៖ “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចចិត្តមជ្ឈិមលើកនេះ ព្រោះនេះជាលើកទីមួយហើយដែលការិយាល័យនយោបាយបានអះអាងថា សេដ្ឋកិច្ចឯកជនដើរតួនាទីសំខាន់បំផុត និងជាកម្លាំងចលករស្នូលនៃសេដ្ឋកិច្ច។ សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់យើងគឺដើម្បីបង្កើនចំនួនអង្គភាពអាជីវកម្ម និងបង្កើនកំណើនបៃតង។ ប្រការមានសារៈសំខាន់ខ្លាំងណាស់ដែលមិនត្រូវប្រព្រឹត្តិបទល្មើសសេដ្ឋកិច្ច ដើម្បីផ្តល់កន្លែងថ្មីដល់សហគ្រាសឯកជនក្នុងការអភិវឌ្ឍ”។
គោលដៅដ៏មានមហិច្ឆិតា និងមានលក្ខណៈលោតផ្លោះនៃសេចក្តីសម្រេចចិត្តលេខ ៦៨ គឺនៅឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសចំនួន ២ លាន ហើយនៅឆ្នាំ ២០៤៥ ចំនួននេះនឹងកើនឡើងដល់ ៣ លាន។ នេះជាសក្ខីភាពបញ្ជាក់ពីការផ្លាស់ប្តូរនៃ សេដ្ឋកិច្ចឯកជនពីការចាត់ទុកថាទន់ខ្សោយ និងបែកខ្ញែកទៅជាកម្លាំងចលករសំខាន់នៃសេដ្ឋកិច្ចជាតិ។ ការសម្រេចបានគោលដៅនេះនឹងបង្កើតការងាររាប់លានកន្លែង បង្កើនចំណូលថវិកា និងដាក់សេដ្ឋកិច្ចវៀតណាមលើគន្លងកំណើនប្រកបដោយចីរភាព។ នោះក៏ជាឱកាសសម្រាប់សហគ្រាសវៀតណាមងើបឡើងក្នុងខ្សែសង្វាក់តម្លៃសកល ក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងបណ្តាញផលិតកម្មអន្តរជាតិ។
ដាក់ពង្រាយអនុវត្តន៍ជាបន្ទាន់
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំស្ដីពីការរៀបចំសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន (រូបថត៖ VGP) |
បន្ទាប់ពីសេចក្តីសម្រេចចិត្តលេខ ៦៨ ត្រូវបានចេញផ្សាយភ្លាមក្នុងរយៈពេលប៉ុន្មានថ្ងៃ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានដឹកនាំកិច្ចប្រជុំចំនួនពីរស្តីពីការព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និង គោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការតម្រូវឱ្យដាក់ជូន រដ្ឋសភា សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ក្នុងសម័យប្រជុំលើកទី៩ ដើម្បីដោះស្រាយភ្លាម នូវបញ្ហាបន្ទាន់បំផុត៖
“ស្មារតីនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺគ្មានដែនកំណត់។ ដើម្បីគោលដៅប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យប្រកបដោយយុត្តិធម៍ និងអរិយធម៌របស់ប្រទេសយើងក្នុងយុគសម័យថ្មី ដោយមានស្មារតីរដ្ឋច្នៃប្រឌិត មនុស្សជាមូលដ្ឋានគ្រឹះ សហគ្រាសជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុ។ យន្តការគោលនយោបាយជាកម្លាំងចលករ។ សេចក្តីសម្រេចចិត្តនេះត្រូវតែបង្កើតចលនា និងនិន្នាការសម្រាប់ការអភិវឌ្ឍសហគ្រាសឯកជន។ មនុស្សគ្រប់រូប គ្រប់គ្រួសារប្រឡងប្រណាំងធ្វើជាអ្នកមាន។ ការប្រកួតប្រជែងក្នុងអាជីវកម្ម ជាពិសេសសមភាពក្នុងការទទួលបានដើមទុន ដីធ្លី និងទ្រព្យសម្បត្តិសាធារណៈ”។
ក្នុងពេលជាមួយគ្នានោះ នៅសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (ថ្ងៃទី ១០ ឧសភា) ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានអះអាងថា សារៈសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ៦៨ គឺបន្ទាន់ដូចសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។ លោកប្រធានរដ្ឋសភាបានចាត់ឱ្យគណៈកម្មាធិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលយ៉ាងសកម្ម ដាក់ជូនរដ្ឋសភានៅថ្ងៃទី១២ ខែមិថុនា។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញពីការស៊ីសង្វាក់គ្នាពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ចាប់ពីផែនការរហូតដល់ការអនុវត្ត។
សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨ កំពុងបើកទំព័រថ្មីសម្រាប់សេដ្ឋកិច្ចឯកជនរបស់វៀតណាម។ សេចក្តីសម្រេចចិត្តនេះជាកាតាលីករដ៏សំខាន់ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់វៀតណាមក្នុងយុគសម័យថ្មី៕