សញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ដំណាក់កាលចុងឆ្នាំ

(VOVWORLD) - កិច្ចប្រជុំប្រចាំខែកញ្ញារបស់រដ្ឋាភិបាលកាលពីចុងសប្តាហ៍មុន (ថ្ងៃទី ៣០ ខែកញ្ញា) បានចង្អុលបង្ហាញចំណុចភ្លឺជាច្រើននៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាម។ ចំណុចភ្លឺទាំងនេះគឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ច ហើយក៏ជាកម្លាំងចលករដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលដែលនៅសេសសល់ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។

សញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ដំណាក់កាលចុងឆ្នាំ - ảnh 1រូបថតឧទាហរណ៍៖ tapchitaichinh

ចំណុចភ្លឺដ៏មានអត្ថន័យ

ទោះបីជាស្ថិតនៅក្នុងបរិបទដ៏លំបាកក៏ដោយ ក៏កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី៣របស់វៀតណាមនៅតែសម្រេចបាន ៥,៣៣% ពោលគឺខ្ពស់ជាងការកើនឡើងនៅក្នុងត្រីមាសមុនទាំង២។ ប្រការនេះបង្ហាញថា គោលនយោបាយ និងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលរដ្ឋាភិបាលបានដឹកនាំយ៉ាងប្ដូរផ្ដាច់និងខិតខំអនុវត្តន៍ចាប់តាំងពីដើមឆ្នាំមក បាននាំមកនូវប្រសិទ្ធភាពជាបណ្តើរៗ។ លោកស្រី Nguyen Thi Huong អគ្គនាយិកានៃអគ្គនាយកដ្ឋានស្ថិតិ ចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមបានចាត់ទុកថា៖

“នៅចំពោះមុខការលំបាក និងបញ្ហាប្រឈម ដំណោះស្រាយជាច្រើនត្រូវបានអនុវត្តន៍យ៉ាងសកម្មដូចជា៖ ការកាត់បន្ថយអត្រាការប្រាក់កម្ចី ធានាស្ថេរភាពទីផ្សារប្តូរប្រាក់បរទេស ការលើកលែងនិងពន្យារពេលបង់ពន្ធ ថ្លៃសេវា និងថ្លៃប្រើប្រាស់ដី ដើម្បីជួយទ្រទ្រង់អាជីវកម្ម ការពន្យាពេលទិដ្ឋាការអេឡិចត្រូនិកសម្រាប់ភ្ញៀវទេសចរ ការដោះស្រាយការលំបាកសម្រាប់អាជីវកម្មអចលនទ្រព្យ ទីផ្សារមូលបត្របំណុល ក៏ដូចជាការយកចិត្តទុកដាក់ដល់ការងារសុខុមាលភាពសង្គមផងដែរ។ ដូច្នេះហើយ សេដ្ឋកិច្ចសង្គមរបស់ប្រទេសយើងបន្តសម្រេចបាននូវនិន្នាការវិជ្ជមានយ៉ាងច្បាស់លាស់នៅក្នុងវិស័យជាច្រើន”។

រួមវិភាគទានយ៉ាងសកម្មទៅក្នុងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៤,២៤% នៃខឿនសេដ្ឋកិច្ចក្នុងរយៈពេល ៩ ខែកន្លងមកគឺជាសកម្មភាពវិនិយោគ។ ទុនវិនិយោគ
សាធារណៈដែលត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៩ ខែត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ៤១៥ ទ្រីលានដុង (ស្មើរ ១៧,១ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ៥៧,៤% នៃផែនការប្រចាំឆ្នាំ កើនឡើង ២៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានោះ ចំនួនអាជីវកម្មដែលវិលមកប្រតិបត្តិការវិញក៏ជាសញ្ញាវិជ្ជមានសម្រាប់ខឿនសេដ្ឋកិច្ចផងដែរ។ លោកស្រី Phi Thi Huong Nga ប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្មនិងសំណង់ ចំណុះអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា៖

“នៅក្នុងត្រីមាសទី ៣ ចំនួនអាជីវកម្មដែលវិលមកប្រតិបត្តិការវិញគឺខ្ពស់បំផុតនៅក្នុងចំណោមត្រីមាសទី ៣ នៃដំណាក់កាលឆ្នាំ២០១៨-២០២២ ហើយកើនឡើង ១,៤ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ចំណុចភ្លឺវិជ្ជមានគឺអត្រាអាជីវកម្មដែលត្រូវរំលាយក្នុងចំនួនអាជីវកម្មសរុបដែលដកខ្លួនចេញពីទីផ្សារមាននិន្នាការថយចុះជាបណ្ដើរៗចាប់តាំងពីឆ្នាំ ២០១៩ មក”។

កម្លាំងចលករសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ

ប្រសិនបើនៅក្នុងត្រីមាសមុនៗ បញ្ហាអតិផរណានៅតែជាក្តីកង្វល់សម្រាប់ធុរកិច្ចជននិងអ្នកគ្រប់គ្រងសេដ្ឋកិច្ច គឺឥឡូវនេះការបញ្ចុះកំដៅនៃអតិផរណាត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលនៅថ្ងៃទី ៣០ ខែកញ្ញា។ ប្រការនេះពិតជាសញ្ញាវិជ្ជមានសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានខែចុងឆ្នាំនេះ។ លោកស្រី Nguyen Thu Oanh ប្រធាននាយកដ្ឋានស្ថិតិតម្លៃ អគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគ បានលើកច្បាស់ថា៖

“ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំនេះ យើងអាចធានាបានថា យើងនឹងសម្រេចបានគោលដៅអតិផរណាដែលកំណត់ដោយរដ្ឋសភាសម្រាប់ឆ្នាំនេះ។ ចំពោះដំណោះស្រាយគ្រប់គ្រងអតិផរណាគឺត្រូវតែតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍តម្លៃនៃពិភពលោក ដើម្បីព្រមានឲ្យទាន់ពេលវេលាអំពីហានិភ័យដែលអាចប៉ះពាល់ដល់អតិផរណារបស់វៀតណាម។ ត្រូវត្រៀមរៀបចំប្រភពទំនិញឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន គ្រប់គ្រងតម្លៃវត្ថុធាតុដើម ឥន្ធនៈ និងសម្ភារៈនាំចូល ហើយបង្កើនការប្រើប្រាស់វត្ថុធាតុដើម ឥន្ធនៈ និងសម្ភារៈក្នុងស្រុកជាជាងប្រភពនាំចូល”។

ដើម្បីជំរុញកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងឆ្នាំ ចំណោតថាតើគួរតែបន្តបញ្ចុះអត្រាការប្រាក់ដើម្បីបង្កើនឥណទាន និងជំរុញតម្រូវការសេដ្ឋកិច្ចដែរឬអត់ នៅតែបន្តត្រូវបានដាក់ចេញ ជាពិសេសក្នុងបរិបទដែលសេដ្ឋកិច្ចអន្តរជាតិមានការប្រែប្រួលជាច្រើន។ លោក Pham Ngoc Thach អនុប្រធាននាយកដ្ឋានច្បាប់ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានចាត់ទុកថា៖

“មូលដ្ឋានដើម្បីបន្តបញ្ចុះអត្រាការប្រាក់របស់វៀតណាមនាពេលខាងមុខមិនមានច្រើនទៀតទេ ដោយសារសម្ពាធពីសហរដ្ឋអាមេរិក និងអឺរ៉ុបទាក់ទងនឹងអត្រាការប្រាក់ពិភពលោកទូទៅ។ ដើម្បីបង្កើនលទ្ធភាពទទួលបានដើមទុនសម្រាប់អាជីវកម្ម ចាំបាច់ត្រូវជួយឧបត្ថម្ភអាជីវកម្មឱ្យមានប្រសិទ្ធភាពថែមទៀតក្នុងការកសាងវិធីសាស្ត្រវិនិយោគអាជីវកម្ម កាត់បន្ថយបែបបទពាក់ព័ន្ធនានា ជាពិសេសពេលវេលាត្រួតពិនិត្យគម្រោង ដើម្បីជួយសម្រួលដល់ការទទួលដើមទុនរបស់អាជីវកម្ម”។

ការបង្កើនលទ្ធភាពទទួលបានដើមទុនសម្រាប់អាជីវកម្ម ហើយបន្តអនុវត្តន៍ដំណោះស្រាយសំខាន់ៗជាច្រើនទៀតដូចជា៖ ការប្រតិបត្តិគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធឱ្យបានសមហេតុផល; ជំរុញផលិតកម្ម ការប្រើប្រាស់ ជំរុញតម្រូវការពាណិជ្ជកម្ម សេវាកម្ម ជំរុញយ៉ាងខ្លាំងនូវការបើកចំណាយទុនវិនិយោគសាធារណៈ លើកកំពស់ប្រសិទ្ធភាពនៃការដឹកនាំ ការប្រតិបត្តិផលិតកម្ម អាជីវកម្មរបស់សហគ្រាស និងសកម្មភាពផ្សេងៗទៀត ដើម្បីឲ្យសេដ្ឋកិច្ចបន្តងើបឡើងវិញ និងរីកចម្រើនបានល្អ គឺជាមធ្យោបាយដែលរដ្ឋាភិបាលវៀតណាមនឹងបន្តដឹកនាំ និងគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ