សញ្ញាសម្គាល់ថ្មីៗក្នុងទំនាក់ទំនងវៀតណាម - អ៊ីតាលី និងវៀតណាម - បុរីវ៉ាទីកង់

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និង សម្រេចប៉ាប់ Francis។
សញ្ញាសម្គាល់ថ្មីៗក្នុងទំនាក់ទំនងវៀតណាម - អ៊ីតាលី និងវៀតណាម - បុរីវ៉ាទីកង់ - ảnh 1លោកប្រធានរដ្ឋ  Vo Van Thuong និងលោកជំទាវភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងទស្សនាបុរីវ៉ាទីកង់។ រូបថត៖ VNA

ក្នុងបរិបទដែលវៀតណាម - អ៊ីតាលីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីយ៉ាងរស់រវើក និងប្រកបដោយប្រសិទ្ធភាពថែមទៀតរវាងវៀតណាម និងអ៊ីតាលី។ ដំណើរទស្សនកិច្ចនេះក៏មានអត្ថន័យដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់។

កិច្ចសហប្រតិបត្តិការសម្បូរបែបក្នុងទំនាក់ទំនងវៀតណាម-អ៊ីតាលី

ចាប់តាំងពីពេលវៀតណាម - អ៊ីតាលីបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧៣មក ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ជាពិសេស ចាប់តាំងពីពេលបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនាខែមករា ឆ្នាំ២០១៣ មក ប្រទេសទាំងពីរបានសកម្មជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ៖ នយោបាយ ការទូត សេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំ ការពារជាតិ សន្តិសុខ ការពារបរិស្ថាន កិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងនានា។ភាគីទាំងពីរតែងតែផ្លាស់ប្ដូរជំនួបជាន់ខ្ពស់ គ្រប់កម្រិត និងយន្តការសហប្រតិបត្តិការទ្វេភាគីជាប្រចាំ។

គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលធ្លាប់បានទៅបំពេញទស្សនកិច្ចនៅអ៊ីតាលីដូចជា៖ លោកអគ្គលេខាបក្ស Nguyen Phu Trong (ខែមករា ឆ្នាំ ២០១៣) ប្រធានរដ្ឋសភាលោក Nguyen Sinh Hung (ខែមីនា ២០១៤) និងប្រធានរដ្ឋលោក Tran Dai Quang (ខែវិច្ឆិកា ឆ្នាំ ២០១៦)។ នាពេលថ្មីៗបំផុត នាខែធ្នូឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី Giorgia Meloni នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។ ក្នុងពេលនោះ គណៈប្រតិភូជាន់ខ្ពស់អ៊ីតាលីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមរួមមាន៖ រដ្ឋមន្ត្រីការពារជាតិលោក Giampaolo di Paola (ខែមករា ឆ្នាំ ២០១៣) អនុប្រធានសភាជាន់ទាបលោកស្រី Marina Sereni (ខែមករា ២០១៤) លោកនាយករដ្ឋមន្ត្រី Matteo Renzi (ខែមិថុនា ឆ្នាំ ២០១៤) លោកប្រធានាធិបតី Sergio Mattarella (ខែវិច្ឆិកា ឆ្នាំ ២០១៥) លោករដ្ឋមន្ត្រីការបរទេស Enzo Moavero Milanesi (ខែឧសភា ឆ្នាំ ២០១៩) លោកនាយករដ្ឋមន្រ្តី Giuseppe Conte (ខែមិថុនា ឆ្នាំ ២០១៩) ។ ក្នុងជំនួបផ្លាស់ប្តូរជាន់ខ្ពស់ អ៊ីតាលីតែងតែអះអាងពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ហើយចាត់ទុកវៀតណាមគឺជាអាទិភាពអភិវឌ្ឍន៍ទំនាក់ទំនងនៅតំបន់អាស៊ីអាគ្នេយ៍។

អំពីសេដ្ឋកិច្ចវិញ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីសម្រេចបានជាង ៦,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងឆ្នាំ ២០២១ ហើយភាគីទាំងពីរំពឹងថានឹងសម្រេចបាន ៧ ទៅ ៨ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ បច្ចុប្បន្ន អ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាមនៅសហភាពអឺរ៉ុប ហើយជាវិនិយោគិនផ្ទាល់ពីបរទេសជាប់ចំណាត់ថ្នាក់ទី ៣៦/១៤១ របស់វៀតណាម ព្រមទាំងផ្ដល់ប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់វៀតណាមជាមួយនឹងទុនចុះបញ្ជីសរុបជាង ១១៧ លានអឺរ៉ូ។ សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់អ៊ីតាលីបានប្រតិបត្តិការយ៉ាងសកម្មនៅវៀតណាមលើវិស័យឧស្សាហកម្មកែច្នៃ។ វៀតណាម-អ៊ីតាលីមានទំនាក់ទំនងសហប្រតិបត្តិការកាន់តែរីកចម្រើនលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងក្នុងតំបន់។ កាលពីឆ្នាំមុន វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអ៊ីតាលីជាង ១៥ ០០០ នាក់។ អ៊ីតាលីក៏ជាគោលដៅចម្បងមួយរបស់ភ្ញៀវទេសចរវៀតណាមនៅពេលទៅទស្សនាអឺរ៉ុបផងដែរ។

សញ្ញាសម្គាល់ថ្មីៗក្នុងទំនាក់ទំនងវៀតណាម - អ៊ីតាលី និងវៀតណាម - បុរីវ៉ាទីកង់ - ảnh 2ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយាបានមកដល់ទីក្រុងរ៉ូម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់។ រូបថត៖ VNA

វឌ្ឍនភាពវិជ្ជមានជាច្រើនក្នុងទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់

ទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់នារយៈពេលកន្លងទៅមានវឌ្ឍនភាពជាច្រើន។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក។ ភាគីវៀតណាមអញ្ជើញទៅទស្សនាវ៉ាទីកង់រួមមាន៖ អគ្គលេខាបក្ស លោក Nguyen Phu Trong (ខែមករា ឆ្នាំ ២០១៣) ; ប្រធានរដ្ឋលោក Nguyen Minh Triet (ខែធ្នូ ឆ្នាំ ២០០៩); ប្រធានរដ្ឋលោក Tran Dai Quang (ខែវិច្ចិកា ឆ្នាំ ២០១៦); នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung (ខែកុម្ភៈ ឆ្នាំ ២០០៧ និង ខែតុលា ឆ្នាំ ២០១៤; ប្រធានរដ្ឋសភាលោក Nguyen Sinh Hung (ខែមីនា ឆ្នាំ ២០១៤)។ ភាគីបុរីវ៉ាទីកង់រួមមាន៖ រដ្ឋមន្ត្រីផ្សព្វផ្សាយសាសនា កាឌីណាល់ Fernando Filoni (ខែកុម្ភៈ ឆ្នាំ ២០១៥) ជាដើម។ នាំខែកុម្ភៈឆ្នាំ ២០០៧ ក្នុងដំណើរទស្សនកិច្ចនៅអ៊ីតាលី លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញជួបធ្វើការជាមួយសម្តេចប៉ាប់ Benedict XVI និងរដ្ឋលេខាធិការលោក Tarcisio Bertone។ នេះគឺជាជំនួបជាន់ខ្ពស់ដើមដំបូងរវាងភាគីទាំងពីរ។ នាខែមិថុនា ឆ្នាំ ២០០៩ នៅក្នុងជំនួបជាមួយអែវ៉ែកវៀតណាមក្នុងឱកាសពិធីបុណ្យ Ad Limina (ធម្មយាត្រារបស់សានាកាតូលិក) នៅទីក្រុងរ៉ូម សម្តេចប៉ាបបានចេញសេចក្តីណែនាំមួយដោយអំពាវនាវឱ្យ "អ្នកកាន់សាសនាត្រូវជាពលរដ្ឋល្អ" ហើយបានរំលឹកដល់សមាគមន៍សាសនាកាតូលិកវៀតណាមអនុវត្តន៍គោលមាគ៌ារស់នៅល្អទាំងផ្លូវធម៌ និងផ្លូវលោកដែលបានចែងក្នុងសារឆ្នាំ ១៩៨០។ នាបច្ចុប្បន្ននេះ ភាគីទាំងពីរបានបើកកិច្ចប្រជុំចំនួន ១០ លើក ក្នុងនោះមានកិច្ចប្រជុំទី ១០ ក្រុមការងារចម្រុះវៀតណាម- បុរីវ៉ាទីកង់ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang និងអនុរដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Miroslaw Wachowski កាលពីថ្ងៃទី ៣១ ខែមិនាឆ្នាំនេះ។

ការដែលប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលីលើកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចំពោះការពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី។ ដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់ក៏បង្ហាញពីអត្ថន័យបង្ហាញពីគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមគឺជានិច្ចកាលគោរពសេរីភាពខាងជំនឿសាសនា ហើយមានគោលបំណងជំរុញទំនាក់ទំនង វៀតណាម - វ៉ាទីកង់ ក៏ដូចជាជំរុញបុរីវ៉ាទីកង់បន្តសហប្រតិបត្តិការ ដឹកនាំសមាគមន៍សាសនាកាតូលិកវៀតណាម រួមដំណើរជាមួយរដ្ឋ និងប្រជាជនវៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។សកម្មភាពនេះរួមចំណែកអះអាងឋានៈ និងតួនាទីដែលកាន់តែខ្ពស់របស់វៀតណាមនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ