សញ្ញាសម្គាល់នៃកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២២

(VOVWORLD) - ឆ្នាំ ២០២២ បន្តជាឆ្នាំជោគជ័យផ្នែកកិច្ចការបរទេសរបស់វៀតណាម ដោយមានសកម្មភាពការទូតទ្វេភាគី និងពហុភាគីដ៏រស់រវើកជាច្រើន; រួមចំណែកជំរុញខ្លាំងការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រទេសជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ ក៏ដូចជាបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើនចំពោះមិត្តភក្តិអន្តរជាតិ។

សញ្ញាសម្គាល់នៃកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២២ - ảnh 1អ្នកជំនាញកិច្ចការអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន លោក Yang Danzhi។
(រូបថត៖ VOV)

ឆ្នាំ ២០២២ ក្នុងបរិបទដែលពិភពលោកផ្លាស់ប្តូរទៅរកស្ថានភាពសម្របខ្លួនក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងការទូតទ្វេភាគីបានក្លាយជាចំណុចលេចធ្លោក្នុងសកម្មភាពការទូតរបស់វៀតណាមជាមួយនឹងដំណើរបំពេញទស្សនកិច្ចបរទេសជាច្រើនរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល។ គួរកត់សម្គាល់គឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅចុងខែតុលា ឆ្នាំ២០២២។ នេះគឺជាដំណើរទស្សនកិច្ចដំបូងគេរបស់មេដឹកនាំបរទេសទៅកាន់ប្រទេសចិនបន្ទាប់ពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនក្នុងទំនាក់ទំនងជាមួយវៀតណាម។ អ្នកជំនាញកិច្ចការអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន លោក Yang Danzhi បានបញ្ជាក់ថា៖

“ដំណើរទស្សនកិច្ចនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងចិន-វៀតណាមក្នុងយុគសម័យថ្មី ក្នុងនោះមានការជំរុញស្ថិរភាព និងការអភិវឌ្ឍនៃតំបន់។ ខ្ញុំគិតថា លទ្ធផលទាំងនេះនឹងបង្ហាញយ៉ាងច្បាស់នូវទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបន្តឆ្ពោះទៅមុខ”។

ដំណើរទស្សនកិច្ចជាន់ខ្ពស់ជាច្រើនរវាងថ្នាក់ដឹកនាំបក្ស រដ្ឋរវាងវៀតណាមនិងឡាវ និងរវាង វៀតណាមនិងកម្ពុជា បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០២២ ក្នុងឱកាសនៃឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ ឡាវ - វៀតណាម ខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ; ខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម។

ទន្ទឹមនឹងនោះ គឺដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសសិង្ហបុរី ជប៉ុន ថៃ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីផងដែរ; ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅកាន់សហរដ្ឋអាមេរិក បែលហ្សិក ហូឡង់ លុចសំបួ និងកម្ពុជា; ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ឡាវ កម្ពុជា ហ្វីលីពីន អូស្ត្រាលី និងនូវែលសេឡង់។ ល។

ក្នុងឆ្នាំ២០២២ វៀតណាមក៏បានស្វាគមន៍មេដឹកនាំពិភពលោកជាច្រើនមកបំពេញទស្សនកិច្ចផងដែរ។ ក្នុងនោះមានដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob នាយករដ្ឋមន្ត្រីគុយបា និងមេដឹកនាំនៃប្រទេសជិតខាងឡាវ កម្ពុជា និងប្រទេសជាច្រើនទៀត។

សញ្ញាសម្គាល់នៃកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២២ - ảnh 2លោក Veeramalla Anjjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលកិច្ចការអាស៊ីអាគ្នេយ៍។
(រូបថត៖ TTXVN)

ឆ្នាំ ២០២២ ក៏ជាឆ្នាំដែលបង្ហាញពីជោគជ័យជាច្រើនក្នុងសកម្មភាពការទូតពហុភាគីរបស់ វៀតណាម។ វៀតណាមបន្តរួមចំណែកយ៉ាងសកម្មនិងសំខាន់នៅវេទិការបស់អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ... ជាពិសេស វៀតណាមបានជាប់ឆ្នោតជាលើកទីពីរ ជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥។ ការជាប់ឆ្នោតលើកទីពីរជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សបង្ហាញពីទំនុកចិត្តរបស់អន្តរជាតិចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ដើម្បីការអភិវឌ្ឍរបស់មនុស្ស។ លោក Veeramalla Anjjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលកិច្ចការអាស៊ីអាគ្នេយ៍បានឲ្យដឹងថា៖

“វៀតណាមជាប្រទេសដែលមានស្ថិរភាព និងសន្តិភាព។ រដ្ឋាភិបាលវៀតណាមសន្យាការពារបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជូនប្រជាជន។ ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវ វៀតណាមបានខិតខំប្រឹងប្រែងរួមចំណែកក្នុងតម្លៃរួម ភាពវិជ្ជមាន និងវឌ្ឍនភាពរបស់មនុស្សជាតិ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកានានាទាក់ទងនឹងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត”។

នៅចំពោះមុខព្រឹត្តិការណ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក A. Guterres ក៏បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាមផងដែរ។ ហើយក្នុងដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៤៥ ទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (១៩៧៧- ២០២២) លោកបានបន្តវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ។

“ប្រការដែលគួរឱ្យភ្ញាក់ផ្អើលបំផុត នៅពេលចូលរួមអង្គការសហប្រជាជាតិ វៀតណាមនៅតែក្រនៅឡើយទេ។ សព្វថ្ងៃនេះ វៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់ និងជាប្រទេសដែលមានសំឡេងសំខាន់ក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ។ ពីជម្លោះទៅសន្តិភាព ពីការទទួលជំនួយដល់ការផ្គត់ផ្គង់ដោយខ្លួនឯង ពីភាពក្រីក្រដល់ការអភិវឌ្ឍ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងលឿនបំផុតលើពិភពលោក”។

ការទូតវប្បធម៌ក៏ទទួលបានលទ្ធផលលេចធ្លោជាច្រើនផងដែរ។ បេតិកភណ្ឌវៀតណាមជាច្រើនត្រូវបានទទួលស្គាល់ដូចជា៖ សិល្បៈធ្វើគ្រឿងភាជន៍របស់ជនជាតិចាមត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់; បេតិកភណ្ឌឯកសារ “សិលាចរិតភ្នំ Ngu Hanh Son” និង “ប្រព័ន្ធឯកសារភូមិ Truong Luu ខេត្ត Ha Tinh (១៦៨៩-១៩៤៣)” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌឯកសារតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីទិវាវៀតណាមនៅអូទ្រីស កូរ៉េខាងត្បូង និងឥណ្ឌា បានបង្កើតឡើងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអន្តរជាតិ។

អាចបញ្ជាក់បានថា ក្នុងឆ្នាំ ២០២២ ជោគជ័យនៃសកម្មភាពកិច្ចបរទេសបានបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់វៀតណាមក្នុងការបន្តជំរុញខ្លាំងនូវបុព្វហេតុសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់មិត្តភក្តិនិងដៃគូអន្តរជាតិ ប្រជាជនក្នុងប្រទេស ជនរួមជាតិនៅឯបរទេស; ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយដៃគូ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ