សិទ្ធិសេរីភាពខាងជំនឿសាសនាត្រូវបានធានាលើស្ថានភាពជាក់ស្តែង

(VOVWORLD) -  ពុទ្ធសាសនិកជាង ៤.៦០០.០០០ នាក់ (បួនលាន ៦ សែននាក់) នៅវៀតណាមទើបបានប្រារព្ធមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៥ - ឆ្នាំសកល ២០២១ នៅគ្រប់តំបន់ទូទាំងប្រទេស ក្នុងទម្រង់តាមអ៊ិនធឺណែត។ ទោះបីរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺរាតត្បាតក៏ដោយ ប៉ុន្តែ មហាពិធីបុណ្យវិសាខបូជានៅតែត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម ដែលជាសក្ខីភាពបង្ហាញថា សិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ តាមតថភាពជាក់ស្តែង រហូតមកដល់បច្ចុប្បន្ននេះបក្សនិងរដ្ឋវៀតណាម តែងតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរពនិងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា ដែលរួមចំណែកដល់ផ្ទាំងគំនូរ នៃសេរីភាពខាងជំនឿសាសនាលើ សកលលោកទាំងមូល។

សិទ្ធិសេរីភាពខាងជំនឿសាសនាត្រូវបានធានាលើស្ថានភាពជាក់ស្តែង - ảnh 1ព្រះតេជព្រះគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃសមាគមព្រះពុទ្ធសាសនាវៀតណាមបានអានសារនៃមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២១ (រូបថត៖ TTXVN)

វៀតណាមគឺជាប្រទេសពហុសាសនាដែលមានប្រជាជនចំនួន ៩៥% មានជីវភាពខាងជំនឿសាសនា និងមានអ្នកកាន់សាសនាជាង ២៦.៥ លាននាក់។ សិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាយ៉ាងល្អក្នុងតថភាពជាក់ស្តែង។ប្រសិនបើមិនមានការឆ្លងរាលដាលជំងឺកូវីដ ១៩ នោះទេ នឹងមានពិធីបុណ្យទាន និងសកម្មភាពជំនឿសាសនា ជាង ៨.៥០០ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។

សកម្មភាពសាសនាសំខាន់ៗត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក ដោយមានការចូលរួមពីមនុស្សរាប់សែននាក់។ ហើយសកម្មភាពសាសនាប្រព្រឹត្តទៅយ៉ាងរស់រវើកពាសពេញប្រទេស ដោយធានានូវតម្រូវការខាងជំនឿសាសនារបស់ប្រជាជននិងអង្គការសាសនា។ រដ្ឋវៀតណាមបានទទួលស្គាល់និងផ្តល់សិទ្ធិប្រតិបត្តិសកម្មភាពសាសនាដល់អង្គការសាសនាចំនួន ៤១ ចំណុះសាសនាចំនួន ១៦ ក្រៅពីនោះ មានសកម្មភាពរាប់ពាន់កន្លែងដែលត្រូវបានរដ្ឋាភិបាលផ្តល់ការចុះឈ្មោះធ្វើសកម្មភាពផងដែរ។ អង្គការសាសនាត្រូវបានអនុញ្ញាតឱ្យបង្កើតសាលាបណ្តុះបណ្តាលនិងបើកវគ្គបណ្តុះបណ្តាល សម្រាប់ប្រជាជនប្រតិបត្តិសកម្មភាពសាសនា។ រហូតមកដល់ពេលនេះ កន្លែងទីសក្ការៈបូជាសាសនាភាគច្រើនត្រូវបានជួសជុល កន្លែងគោរពបូជាជាច្រើនត្រូវបានសាងសង់ថ្មី។ ហើយការផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី លើផ្ទៃដីនៃគ្រឹះស្ថានសាសនាដែលកំពុងប្រើប្រាស់ ត្រូវអនុវត្តន៍តាមច្បាប់។ អង្គការសាសនាត្រូវបានអនុញ្ញាតឱ្យបោះពុម្ពនិងចែកចាយគម្ពីរធម៌និងឧបករណ៍ប្រើប្រាស់សាសនាដើម្បីបម្រើដល់សកម្មភាពសាសនា។ សកម្មភាពទំនាក់ទំនងអន្តរជាតិរបស់អង្គការសាសនាត្រូវបានពង្រីកកាន់តែខ្លាំងឡើង និងសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ជនជាតិភាគតិចក៏ត្រូវបានធានាយ៉ាងល្អផងដែរ។

ក្នុងបរិបទដែលវៀតណាមបង្កើនការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនោះ វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងយន្តការសន្ទនាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសាសនាជារៀងរាល់ឆ្នាំជាមួយដៃគូអាមេរិកនិង EU និងការពារប្រកបដោយជោគជ័យនូវរបាយការណ៍ជាតិនៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៣ រួមទាំងរបាយការណ៍ជាតិស្តីពីការប្រតិបត្តិសន្ធិអន្តរជាតិស្តីពីសិទិ្ធស៊ីវិលនិងសិទិ្ធនយោបាយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះវៀតណាមបានផ្តល់ព័ត៌មានយ៉ាងសកម្មអំពីសមិទ្ធិផលនានាក្នុងការធានាសេរីភាពខាងជំនឿសាសនានៅវៀតណាមដល់គណៈប្រតិភូសមាជិកសភា មន្ត្រីរដ្ឋាភិបាល មកពីប្រទេសដទៃទៀតដែលមកបំពេញការងារនៅវៀតណាម ស្ថានទូតនៃប្រទេសដទៃទៀតនៅហាណូយ រួមទាំងបង្កើតក្រុមការងារទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចខ្លះ ដើម្បីពិភាក្សានិងផ្លាស់ប្តូរដោយផ្ទាល់លើបញ្ហាសាសនានានា។ វៀតណាមក៏បង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងសន្ទនាជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក លើវិស័យជំនឿសាសនា; បង្កើនការងារឃោសនានិងកិច្ចការបរទេសស្តីពីការអនុវត្តគោលនយោបាយនិងសមិទ្ធិផលនានាលើជំនឿសាសនា ព្រមទាំងបដិសេធព័ត៌មានមិនពិតស្តីពីស្ថានភាពសាសនានៅវៀតណាម។ ដោយសារតែសមិទ្ធិផលទាំងនេះ នៅឆ្នាំ ២០២០ ក្រសួងការបរទេសអាមេរិកលែងមានហេតុផលដើម្បីដាក់បញ្ចូលប្រទេសវៀតណាមនិងកម្ពុជាចូលក្នុង “បញ្ជីប្រទេសត្រូវឃ្លាំមើលពិសេស - SWL” ទៀតឡើយ។

សិទ្ធិសេរីភាពខាងជំនឿសាសនាត្រូវបានធានាលើស្ថានភាពជាក់ស្តែង - ảnh 2ព្រះតេជព្រះគុណនិងព្រះសង្ឃអនុវត្តន៍ពិធីស្រង់ទឹកព្រះពុទ្ធរូប (រូបថត៖ TTXVN)

ដើម្បីធានាបាននូវសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន វៀតណាមបាននិងកំពុងធ្វើឲ្យកាន់តែប្រសើរឡើងនូវគោលការណ៍ណែនាំ គោលនយោបាយនិងច្បាប់ ស្តីពីជំនឿសាសនា; លើកកំពស់សុពលភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋអំពីសាសនា ធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋ; ទប់ស្កាត់បាតុភូតសាសនានិងជំនឿថ្មីជ្រុលនិយម; ចាត់វិធានការយ៉ាងម៉ឺងម៉ាត់នូវសកម្មភាពរំលោភសេរីភាពខាងជំនឿសាសនា និងការឆ្លៀតយកសេរីភាពខាងជុំនឿសាសនា ដើម្បីមូលបង្កាច់និងប្រឆាំងជំទាស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមបាននិងកំពុងពង្រឹងការឃោសនានិងផ្សព្វផ្សាយច្បាប់ស្តីពីសេរីភាពខាងជំនឿសាសនា និងជំរុញឱ្យ ស្ថាប័នសាសនាចូលរួមក្នុងសកម្មភាពសន្ទនាស្តីពីសិទ្ធិមនុស្សនិងការទូតប្រជាជន តាមនោះ ជួយសហគមន៍អន្តរជាតិធ្វើការវាយតម្លៃយ៉ាងត្រឹមត្រូវអំពីស្ថានភាពជំនឿសាសនា នៅវៀត ណាម។ ជាងនេះទៅទៀត វៀតណាមបានជំរុញការងារការទូតអំពីសាសនា ចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសាសនាអន្តរជាតិនិងក្នុងតំបន់ ហើយបានជូនដំណឹងអំពីស្ថានភាពសាសនានៅ វៀតណាមដល់សហគមន៍អន្តរជាតិឲ្យបានយល់កាន់តែច្បាស់ ព្រមទាំងបដិសេធរាល់ការចោទប្រកាន់លើឧបាយកលមូលបង្កាច់; ផ្សព្វផ្សាយការងារឃោសនានិងជូនព័ត៌មានអំពីកិច្ចការបរទេសសាសនា។ ម្យ៉ាងវិញទៀត បន្តគាំទ្រសកម្មភាពជំនឿសាសនារបស់សហគមន៍វៀតណាមនៅឯបរទេស រួមទាំងដឹកនាំសកម្មភាពសាសនាស្របតាមទំនៀមទម្លាប់និងប្រពៃណីល្អរបស់ប្រទេសជាតិនិងបទប្បញ្ញត្តិនៃច្បាប់វៀតណាម។

ឈរលើតថភាពជាក់ស្តែង បក្សនិងរដ្ឋវៀតណាមតែងតែបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរពនិងការពារសេរីភាពខាងជំនឿសាសនានិងធានានូវសមភាព រវាងសាសនា ដោយពង្រីកតម្លៃវប្បធម៌និងសីលធម៌ល្អប្រសើរ ក៏ដូចជាប្រភពធនធាននៃសាសនាសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ