សន្តិសុខនាវាចរណ៍សកលកំពុងជួបប្រទះនឹងបញ្ហាប្រឈមកាន់តែច្រើនឡើង

(VOVWORLD) - ការលេចឡើងនៃការគំរាមកំហែងបែបប្រពៃណី រួមជាមួយនឹងហានិភ័យថ្មីក្នុង យុគសម័យបច្ចេកវិទ្យាខ្ពស់ កំពុងគំរាមកំហែងដល់សន្តិសុខនាវាចរណ៍សកល។ ការ ព្រមាននេះត្រូវបានអង្គការសហប្រជាជាតិ លើកឡើងនាពេលថ្មីៗនេះក្នុងបរិបទដែល អស្ថិរភាពជាសកល បណ្ដាលឲ្យសន្តិសុខនាវាចរណ៍ត្រូវជួបប្រទះនឹងបញ្ហាប្រឈម កាន់តែច្រើនឡើង។

សន្តិសុខនាវាចរណ៍សកលកំពុងជួបប្រទះនឹងបញ្ហាប្រឈមកាន់តែច្រើនឡើង - ảnh 1នាវាដឹកប្រេងនៅសមុទ្រក្រហម។ (រូបថត៖ THX/TTXVN)

ការព្រមាននេះត្រូវបានអង្គការសហប្រជាជាតិនាំចេញនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១១ ខែសីហានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានប្រធានបទ "សន្តិសុខនាវាចរណ៍៖ ទប់ស្កាត់ ច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលទើបលេចចេញ"។ នេះគឺជាកិច្ចប្រជុំពិភាក្សា លើកទីពីររបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីសន្តិសុខនាវាចរណ៍ក្នុងរយៈពេលជាង ២ ខែ កន្លងមក ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហគមន៍អន្តរជាតិ លើបណ្ដាបញ្ហាប្រឈមក្នុងវិស័យដែលដើរតួនាទីស្លាប់រស់ ចំពោះសេដ្ឋកិច្ចពិភពលោក។

ការគំរាមកំហែងបែបប្រពៃណី

ក្នុងកិច្ចពិភាក្សា លោក Jose Raul Mulino ប្រធានាធិបតីប៉ាណាម៉ា ដែលកំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែ សីហា បានសង្កត់ធ្ងន់ថា បរិមាណ ៨០% នៃពាណិជ្ជកម្មសកល ត្រូវបានអនុវត្តន៍តាមផ្លូវសមុទ្រ ដូច្នេះសន្តិសុខនាវាចរណ៍គឺជា "សរសៃឈាម" ដ៏សំខាន់បំផុត ដើរតួនាទីស្លាប់រស់ ចំពោះសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗរបស់អង្គការ សហប្រជាជាតិ និងអង្គការនាវាចរណ៍ពិភពលោក (IMO) បានបង្ហាញថា ពិភពលោក កំពុងកត់ត្រាការកើនឡើងគួរឱ្យព្រួយបារម្ភនៃអស្ថិរភាព ចំពោះសន្តិសុខនាវាចរណ៍។ ករណីចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធ ដែលត្រូវបានរាយការណ៍ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ បានកើនឡើង ៤៧,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អគ្គលេខាធិការអង្គការ IMO លោក Arsenio Dominguez បាននិយាយថា៖

“សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍មានសារៈសំខាន់ខ្លាំងណាស់ ចំពោះស្ថិរភាពសេដ្ឋកិច្ច ការអភិវឌ្ឍនាវាចរណ៍ប្រកបដោយនិរន្តរភាព ក៏ដូចជាចំពោះជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់ ប៉ុន្តែការគំរាមកំហែងដល់ការដឹកជញ្ជូននាវាចរណ៍ កំពុង លេចឡើងយ៉ាងច្បាស់ជាងពេលណាៗទាំងអស់។ ដោយឡែកឆ្នាំ ២០២៤ មានករណី ចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធជិត ១៥០ ករណីត្រុវបានរាយការណ៍”។

ដោយចែករំលែកក្ដីបារម្ភទាំងនេះ អគ្គលេខាធិការនៃអង្គការប៉ូលិសព្រហ្មទណ្ឌ អន្តរជាតិ (INTERPOL) លោក Valdecy Urquiza បាននិយាយថា ការគំរាមកំហែង បែបប្រពៃណីក្នុងវិស័យនាវាចរណ៍ ដូចជា៖ ចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ មិនត្រឹម តែកើតមានដោយរាំរ៉ៃប៉ុណ្ណោះទេ ថែមទាំងមាននិន្នាការកើនឡើងនៅក្នុងតំបន់ជាច្រើន ដូចជា ឈូងសមុទ្រហ្គីណេនៅអាហ្វ្រិកខាងលិច ច្រកសមុទ្រម៉ាឡាកា ឬសមុទ្រ ក្រហមទៀតផង។ គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ការគំរាមកំហែងបែបប្រពៃណី ទាំងនេះកាន់តែស្មុគស្មាញ នៅពេលដែលពួកគេតភ្ជាប់គ្នាបង្កើតជាបណ្តាញឧក្រិដ្ឋកម្ម មិនត្រឹមតែឈប់នៅការវាយប្រហារលើនាវា និងប្លន់ទំនិញដោយឯកោ ប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងជាមួយអង្គការភេរវកម្ម ឬឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅក្នុងតំបន់ ទៀតផង។

"យើងបន្តមើលឃើញទំនាក់ទំនងរវាងឧក្រិដ្ឋជន និងភេរវករនៅសមុទ្រ នៅពេលដែលបណ្ដាក្រុមឧក្រិដ្ឋជនភ្ជាប់គ្នាក្លាយជាខ្សែសង្វាក់ឧក្រិដ្ឋកម្មមួយ ចាប់ពីការជួញ ដូរអាវុធ ទំនិញហាមប្រាម រហូតដល់ការផ្ដល់ហិញ្ញប្បទានដល់សកម្មភាពនៃក្រុម ទាំងនេះ។ និន្នាការនេ គូសសញ្ញានៃការផ្លាស់ប្តូរដ៏ធំមួយ នៅពេលដែលការវាយប្រហារដោយ ឯកោពីមុន បានក្លាយទៅជាការគំរាមកំហែងនាវាចរណ៍កាន់តែស្មុគស្មាញឡើង ដែល រៀបចំតាមរយៈរចនាសម្ព័ន្ធដឹកនាំ ផែនការ និងលំហូរប្រាក់តែមួយ"។

ហានិភ័យផ្នែកបច្ចេកវិទ្យា

ក្រៅពីលើការគំរាមកំហែងបែបប្រពៃណី ហានិភ័យផ្នែកបច្ចេកវិទ្យាក៏កំពុងបង្កើតបញ្ហាប្រឈមជាច្រើនដល់សន្តិសុខនាវាចរណ៍ផងដែរ។ ការវាយប្រហារតាម អ៊ីនធឺណិតអាចរំខានដល់ផ្លូវធ្វើដំណើររបស់នាវា  ប៉ះពាល់ដល់សុវត្ថិភាពនៅសមុទ្រ ធ្វើឲ្យបែកធ្លាយទិន្នន័យពាណិជ្ជកម្មដ៏រសើប សូម្បីតែបង្កឲ្យមានគ្រោះមហន្តរាយ បរិស្ថានផងដែរ។ លើសពីនេះ ការដែលបណ្ដាញឧក្រិដ្ឋជនបង្កើនការប្រើប្រាស់បច្ចេក វិទ្យាតាមដាន ក៏បណ្ដាលឱ្យនាវា អាចត្រូវបានរកឃើញយ៉ាងងាយស្រួល ហើយក្លាយ ជាគោលដៅនៃការវាយប្រហារ។ សូម្បីតែកំពង់ផែសមុទ្រ ក៏មិនមានសុវត្ថិភាពចំពោះមុខការ គំរាមកំហែងថ្មីបែបនេះដែរ។ អគ្គលេខាធិការ INTERPOL លោក Valdecy Urquiza មានប្រសាសន៍ថា៖

"នៅពេលដែលកំពង់ផែធ្វើឌីជីថលភាវូបនីយកម្ម គ្រប់គ្រងកប៉ាល់ដោយស្វ័យប្រវត្តិ ការតាមដានផ្លូវធ្វើដំណើរនៃទំនិញ ក៏ដូចជាសកម្មភាពឡូជីស្ទីកនោះ ចន្លោះ ប្រហោងនឹងលេចឡើងលឿនជាងការការពារ។ កំពង់ផែកំពុងប្រឈមមុខនឹងរលក នៃការជ្រៀតចូលតាមអ៊ីនធឺណិតដែលសំដៅទៅលើប្រព័ន្ធអគ្គីសនី ទូរគមនាគមន៍ និង ឡូជីស្ទីក។ ឧក្រិដ្ឋជនតាមអ៊ីនធឺណិតអាចប្រើបញ្ញាសិប្បនិម្មិត (AI) ជាអាវុធ ដើម្បីវាយ ប្រហារដោយទ្រង់ទ្រាយ ល្បឿន និងភាពជាក់លាក់ខ្ពស់"។

ក្នុងបរិបទបច្ចុប្បន្ន អស្ថិរភាពភូមិសាស្ត្រនយោបាយគឺជាការគំរាមកំហែងមួយទៀតដែលមិនអាចទាយទុកមុនដល់សន្តិសុខនាវាចរណ៍។ ប្រធានទីភ្នាក់ងារគ្រប់គ្រងព្រែកជីក Suez របស់អេហ្ស៊ីប (SCA) កាលពីថ្ងៃទី ១ សីហា បានឲ្យដឹងថា ការវាយ ប្រហារដោយកងកម្លាំង Houthi នៅយេម៉ែនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមបាន រំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនតាមព្រែកជីក Suez ដែលតភ្ជាប់សមុទ្រ មេឌីទែរ៉ាណេ និងសមុទ្រក្រហម នៅពេលដែលចំនួននាវាដឹកជញ្ជូនឆ្លង កាត់ព្រែកជីកនេះ បានធ្លាក់ចុះពី ៧០-៨០ គ្រឿងក្នុងមួយថ្ងៃ មកត្រឹម ៣០-៣៥ គ្រឿងក្នុងមួយថ្ងៃប៉ុណ្ណោះ។

យោងតាមប្រធានាធិបតីប៉ាណាម៉ាលោក José Raúl Mulino ដើម្បីឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ ប្រការដ៏សំខាន់នោះ គឺប្រទេសនានាត្រូវតែរក្សា និងការពារច្បាប់ បទប្បញ្ញត្តិអន្តរជាតិ ខណៈពេលដែល ធានាសមភាពសម្រាប់ភាគីទាំងអស់ក្នុងការចូលផ្លូវសារាចរណ៍សំខាន់ៗ។ មេដឹកនាំ ប៉ាណាម៉ាបានលើកយកព្រែកជីក
ប៉ាណាម៉ាជាឧទាហរណ៍មួយ នៅពេលដែលវិធី អភិក្រមនេះបានជួយព្រែកជីកប៉ាណាម៉ាបង្កើនសមត្ថភាពទ្វេដងក្នុងការទទួល-ផ្ទុកនាវា ក៏ដូចជាបង្កើនសន្តិសុខព្រែកជីក ក្នុងអំឡុងពេល ២៥ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ