សន្និសីទ AP11៖ សញ្ញាសម្គាល់របស់វៀតណាម

(VOVWORLD) - សន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ (AP11) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ទើបតែបានបញ្ចប់កាលពីថ្ងៃទី ២៣ វិច្ឆិកា នៅទីក្រុង ហាណូយ។ សន្និសីទបានបន្សល់ទុកនូវលទ្ធផល និងការចាប់អារម្មណ៍ដ៏ល្អប្រសើរ បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមរួមជាមួយអង្គការ ដៃគូ និងមិត្តភក្តិអន្តរ ជាតិ ដើម្បីធ្វើសកម្មភាព ជួយសម្រាលការឈឺចាប់របស់មនុស្ស ព្រមទាំងជួយឧបត្ថម្ភនិង ការពារអ្នកដែលងាយរងគ្រោះនៅក្នុងគ្រប់កាលៈទេសៈ។

សន្និសីទ AP11៖ សញ្ញាសម្គាល់របស់វៀតណាម - ảnh 1សន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ីប៉ាស៊ីហ្វិកលើកទី១១ (AP11)។
(រូបថត៖ dangcongsan.vn)

សន្និសីទ AP11 គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង ដោយមានការចូលរួមពីសមាគមថ្នាក់ជាតិទាំងអស់នៅក្នុងតំបន់ និងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិកខាងជើង។ សន្និសីទនេះមានការចូលរួមពីគណៈប្រតិភូជាង ៣៥០ នាក់មកពីសមាគមជាតិជាង ៥០នៅក្នុងនិងក្រៅតំបន់ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ។ ល។

ចែករំលែកមេរៀនបទពិសោធន៍ជាច្រើន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ

ក្រោមប្រធានបទ "អាស៊ី-ប៉ាស៊ីហ្វិកត្រៀមខ្លួនរួចជាស្រេចនៅចំពោះមុខគ្រោះមហន្តរាយ" សន្និសីទ AP11 ប្រព្រឹត្តទៅក្នុងបរិបទដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទទួលរងនូវការប្រែប្រួលអាកាសធាតុជាប្រចាំ ទទួលរងហានិភ័យ និងការខូចខាតជាច្រើនពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិបើធៀបនឹងទ្វីបដទៃទៀត។ កិច្ចពិភាក្សារាប់សិបវគ្គបានធ្វើឡើងនៅក្នុងសន្និសិទ ដោយនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ និងចំណេះដឹងវិជ្ជាជីវៈ។ គំនិតផ្តួចផ្តើមជាច្រើនបានបើកចេញក្តីសង្ឃឹមសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌នៅក្នុងតំបន់ផងដែរ។

សន្និសីទ AP11៖ សញ្ញាសម្គាល់របស់វៀតណាម - ảnh 2លោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម។
(រូបថត៖ dangcongsan.vn)

លោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានអះអាងថា៖ “ខ្ញុំគិតថា ដោយសកម្មភាពជាក់លាក់ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ក៏ដូចជាតំណាងសមាគមនិងចលនាថ្នាក់ជាតិទាំងអស់ សុទ្ធតែទទួលស្គាល់ វាយតម្លៃខ្ពស់ និងផ្តល់ទំនុកចិត្តដល់សមាគមកាកបាទក្រហមវៀតណាម។ វៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយស័ក្តិសមជាអង្គការមួយដែលអាចចែករំលែកបទពិសោធន៍ មេរៀនជោគជ័យ ក៏ដូចជាផ្តល់យោបល់អំពីបញ្ហាលំបាកនានា ដើម្បីឲ្យសមាគមជាតិពិភាក្សាគ្នា និងឆ្ពោះទៅរកឯកភាព។ សេចក្តីថ្លែងការណ៍រួមរបស់សន្និសីទបានសង្កត់ធ្ងន់ទៅលើការចូលរួមរបស់រដ្ឋាភិបាល កងកម្លាំងសង្គម សហគ្រាស អង្គការ និងបុគ្គល រួមចំណែកក្នុងការបង្កើតធនធាន ដើម្បីអាចឆ្លើយតបយ៉ាងសកម្ម ហើយត្រៀមខ្លួនជាស្រេចសម្រាប់គ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា”។

ជាពិសេស វេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ីប៉ាស៊ីហ្វិក ដែលជាគំនិតផ្តួចផ្តើមមួយរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងសន្និសីទលើកនេះ បានបំផុសគំនិត លើកកំពស់តួនាទីត្រួសត្រាយ ការច្នៃប្រឌិត និងការត្រៀមខ្លួនជាស្រេចរបស់ជំនាន់យុវជននៃសមាគមជាតិ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ គ្រោះធម្មជាតិ នាពេលអនាគតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វៀតណាម - ប្រទេសដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងស្មារតីមេត្តាធម៌

ក្រៅពីលទ្ធផលជាក់លាក់ សន្និសីទ AP11 ប្រកបដោយជោគជ័យក៏បានរួមចំណែកផ្សព្វផ្សាយគុណតម្លៃរបស់វៀតណាមនោះគឺ មេត្តាធម៌ មនុស្សធម៌ អត្តសញ្ញាណវប្បធម៌ជាតិ និងរូបភាពដ៏រួសរាយរាក់ទាក់របស់វៀតណាមដល់គណៈប្រតិភូអន្តរជាតិផងដែរ។ លោកស្រី Fine Tuitupou កាកបាទក្រហមកោះ Cook និងលោកស្រី Kate Forbes ប្រធានគណៈកម្មាធិការសវនកម្ម និងគ្រប់គ្រងហានិភ័យ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ បានសម្តែងថា៖

“ការត្រៀមរៀបចំរបស់កាកបាទក្រហមវៀតណាមសម្រាប់សន្និសីទនេះគឺល្អណាស់។ យើងខ្ញុំទទួលបានការស្វាគមន៍ចាប់ពីពេលមកដល់ទីនេះមកម្លះ។ បដិសណ្ឋារកិច្ចមិនត្រឹមតែរបស់កាកបាទក្រហមប៉ុណ្ណោះទេ ថែមទាំងរបស់ប្រជាជនវៀតណាមក៏អស្ចារ្យមែនទែន។ នេះជាលើកទីមួយដែលខ្ញុំមកវៀតណាម ប៉ុន្តែវៀតណាមពិតជាកន្លែងដ៏ពេញនិយមរបស់ខ្ញុំនាពេលក្រោយ”។

“សន្និសីទនេះគឺអស្ចារ្យណាស់ កម្មវិធីសិល្បៈគឺជាវិធីដ៏ល្អមួយដើម្បីឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌របស់អ្នក។ ជាពិសេស ខ្ញុំមានការភ្ញាក់ផ្អើល និងក្ដីសោមនស្សរីករាយដែលឃើញស្ត្រីជាច្រើនកាន់តួនាទីជាអ្នកដឹកនាំនៅក្នុងកាកបាទក្រហមវៀតណាម។ អនុប្រធានសមាគមរបស់អ្នកក៏ជាសមាជិកាដ៏សកម្មម្នាក់នៃកាកបាទក្រហមអន្តរជាតិផងដែរ”។

កាលពី ២៥ ឆ្នាំមុន សមាគមកាកបាទក្រហមវៀតណាមមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ AP6 ប្រកបដោយជោគជ័យ។ ឆ្នាំនេះ ការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទ AP11 បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការជួយសង្គ្រោះមនុស្សធម៌អន្តរជាតិ។ សន្និសីទ AP11 នៅប្រទេសវៀតណាមទទួលបានជោគជ័យក្នុងការបញ្ជូនសារថា៖ បញ្ហាប្រឈមនៃគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដែលតំបន់ត្រូវប្រឈមមុខគឺមិនតូចតាចទេ ប៉ុន្តែការធ្វើសកម្មភាពរួមគ្នា នឹងបង្កើតកម្លាំងបន្ថែមទៀតដើម្បីកសាងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យកាន់តែសមាហរណកម្ម និងប្រកបដោយភាពធន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ