(VOVWORLD) - សន្និសីទមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិ (UNOC3) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំង។ សន្និសីទនេះ មានគោលបំណងសម្រេចបានការឯកភាពជាសកល និងកៀងគរមូលនិធិសម្រាប់ការអភិរក្សសមុទ្រ ក្នុងបរិបទដែលប្រទេសជាច្រើននៅមានការខ្វែងគំនិតគ្នា លើការជីកយករ៉ែក្នុងសមុទ្រជ្រៅ កាកសំណល់ប្លាស្ទិក និងការនេសាទលើសបរិមាណ។
ប្រទេសម្ចាស់ផ្ទះបារាំងគ្រោងនឹងស្វាគមន៍មេដឹកនាំប្រទេសនិងរដ្ឋាភិបាលប្រមាណ ៧០ នាក់នៅទីក្រុង Nice។ សន្និសីទនេះក៏មានការចូលរួមពីអ្នកដឹកនាំធុរកិច្ច ម្ចាស់ជំនួយអន្តរជាតិ និងសកម្មជនបរិស្ថានសមុទ្រផងដែរ។ គោលដៅគឺសម្រេចបានការឯកភាពគ្នា ក្នុងការប្រមូលធនធានហិរញ្ញវត្ថុដើម្បីអភិរក្សនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ; គាំទ្រការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៤ (SDG ១៤) ស្តីពីបរិស្ថានសមុទ្រ។
សន្និសិទមហាសមុទ្រនៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់ ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។ រូបភាពរូបភាព៖ REUTERS/Rodrigo Antunes |
សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សសមុទ្រ
តាមការព្យាករណ៍ តម្លៃសេដ្ឋកិច្ចនៃមហាសមុទ្រនឹងលើសពី ៣.០០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលធ្វើឱ្យមហាសមុទ្រក្លាយជាខឿនសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក។ ដូច្នេះហើយ ការពារមហាសមុទ្រ មិនត្រឹមតែការពារប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ថែមទាំងជួយដល់ជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ ដោយយល់ច្បាស់ពីបញ្ហានេះ នាប៉ុន្មានឆ្នាំកន្លងមក សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ជាពិសេសចំពោះការងារអភិរក្សមហាសមុទ្រ។
នៅឆ្នាំ ២០២២ ក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal ត្រូវបានអនុម័ត ដែលកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ ស្តារនិងអភិរក្សយ៉ាងហោចណាស់ ៣០% នៃផ្ទៃដីនិងផ្ទៃសមុទ្ររបស់ភពផែនដី។ នៅឆ្នាំ ២០២៣ កិច្ចព្រមព្រៀងស្តីពីមហាសមុទ្រ បានចាប់កំណើតជាផ្លូវការ ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ លោកស្រី Minna Epps ប្រធានក្រុមមហាសមុទ្រ នៃសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) បានឲ្យដឹងថា៖ “សន្ធិសញ្ញាមហាសមុទ្រ គ្របដណ្តប់ប្រហែល ៦៤% នៃមហាសមុទ្រ។ ប្រទេសនីមួយៗមានតំបន់សេដ្ឋកិច្ចផ្តាច់មុខប្រហែល ២០០ ម៉ាយល៍ ដូច្នេះហើយ អ្វីៗនៅខាងក្រៅតំបន់នោះត្រូវបានចាត់ទុកជាមហាសមុទ្រ។ បច្ចុប្បន្ននេះ មហាសមុទ្ររងការគំរាមកំហែងយ៉ាងខ្លាំងពីការបំពុលប្លាស្ទីក និងការនេសាទហួសកម្រិត ក៏ដូចជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃជាតិអាស៊ីត បានក្លាយជាកត្តាប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងគំរាមកំហែងដល់ផលប្រយោជន៍របស់មនុស្ស។ ដូច្នេះហើយ យើងត្រូវជំរុញសកម្មភាព ដោយលើកឡើងពីតួនាទីសំខាន់របស់មហាសមុទ្រក្នុងការកាត់បន្ថយ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ”។
ទោះយ៉ាងណាក៏ដោយ ពីការសន្យាដល់សកម្មភាពជាក់ស្តែង គឺជាកំណត់ផ្លូវដ៏វែងឆ្ងាយមួយ។ ការស្រាវជ្រាវនាពេលថ្មីៗនេះបានព្រមានថា គោលដៅសកលក្នុងការប្រែក្លាយ ៣០%នៃមហាសមុទ្រទៅជាតំបន់ការពារនៅឆ្នាំ២០៣០ ដូចដែលបានកំណត់ក្នុងក្របខណ្ឌជីវចម្រុះសកល Kunming-Montreal ២០២២ កំពុងផុយស្រួយជាងពេលណាៗទាំងអស់ នៅពេលដែលមហាសមុទ្របានក្លាយជាតំបន់ការពារ មានត្រឹមតែជាង ២,៧% ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងមហាសមុទ្រមិនទាន់ទទួលបានសច្ចាប័នរបស់ប្រទេសចំនួន ៦០ ដើម្បីចូលជាធរមានជាផ្លូវការនៅឡើយ។ សមិទ្ធិផលសហប្រតិបត្តិការអន្តរជាតិដែលមានកម្រិតទាំងនេះមិនគ្រប់គ្រាន់ទេ។
ការរំពឹងទុកជាច្រើនតាមរយៈ UNOC3
ដូច្នេះហើយ សន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) ដែលប្រព្រឹត្តទៅនៅទីក្រុង Nice ប្រទេសបារាំង ត្រូវបានរំពឹងថានឹងបង្កើតចំណុចរបត់មួយក្នុងការលើកកម្ពស់សកម្មភាព និងកៀងគរភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអភិរក្ស និងប្រើប្រាស់មហាសមុទ្រប្រកបដោយនិរន្តរភាព។
នៅមុនសន្និសីទ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ៦ បានប្រកាសផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមហាសមុទ្រ ដោយនាំមកនូវចំនួនប្រទេសសរុបដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឡើងដល់ទៅ ២៨ ប្រទេស។ ប្រទេសម្ចាស់ផ្ទះបារាំង មានបំណងចង់ឱ្យប្រទេសចំនួន ៦០ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដើម្បីនាំយកឯកសារផ្លូវច្បាប់នេះចូលជាធរមានជាផ្លូវការនៅក្នុងសន្និសីទ។ ប្រេសិតមហាសមុទ្ររបស់បារាំង លោក Olivier Poivre d'Arvor បានឲ្យដឹងថា៖ “អ្វីដែលយើងរំពឹងទុក គឺសន្និសីទសម្រេចបានលទ្ធផលសមស្រប។ ខ្ញុំបានចូលរួមក្នុងសន្និសីទមហាសមុទ្របៃតងជាច្រើន ការប្តេជ្ញាចិត្តជាច្រើនត្រូវបានធ្វើឡើងជាមួយនឹងប្រាក់រាប់ពាន់លានដុល្លារដែលត្រូវបានសន្មត់ថា នឹងជួយសង្គ្រោះមហាសមុទ្រ ប៉ុន្តែតាមពិតទៅ មហាសមុទ្រនៅតែស្ថិតក្នុងគ្រោះថ្នាក់។ ដូច្នេះហើយ យើងត្រូវធ្វើសកម្មភាពដើម្បីឈានដល់កិច្ចព្រមព្រៀងលើមហាសមុទ្រ”។
ទន្ទឹមនឹងនេះ វេទិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតង ដែលរៀបចំដោយប្រទេស Monaco បានសន្យាចូលរួមជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាល ធុរកិច្ច ហិរញ្ញវត្ថុ និងសង្គមស៊ីវិល ធ្វើការវិនិយោគលើសេដ្ឋកិច្ចបៃតង និងការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ស្នើឧបករណ៍ហិរញ្ញវត្ថុបៃតងប្រកបដោយភាពច្នៃប្រឌិត។ Olivier Wenden អនុប្រធាន និងជានាយកប្រតិបត្តិនៃមូលនិធី ព្រះអង្គម្ចាស់ Albert II របស់ Monaco បានបញ្ជាក់ថា៖ “យើងមិនចង់ឱ្យវេទិកានេះគ្រាន់តែជាកិច្ចប្រជុំ ឬសន្និសិទធម្មតានោះទេ ប៉ុន្តែជាជំនួបដោយផ្ទាល់រវាងធុរកិច្ចនិងភាគីពាក់ព័ន្ធ ដើម្បីបង្កើតការផ្លាស់ប្តូរឆ្ពោះទៅរកខឿនសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាពថ្មី។ យើងនឹងរួមគ្នាស្វែងរកដំណោះស្រាយ លើកកម្ពស់ការច្នៃប្រឌិតដើម្បីបង្កើតការងារ បង្កើតរបរចិញ្ជឹងជីវិត ជះឥទ្ធិពលជាវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រមូលធនធានហិរញ្ញវត្ថុដើម្បីការពារសុខភាពមហាសមុទ្រ”។
ប្រទេសកូស្តារីកា ដែលជាសហអធិបតីនៃសន្និសីទជាមួយប្រទេសបារាំង សង្ឃឹមថា សន្និសីទនេះនឹងរៃអង្គាសថវិកាប្រហែល ១០០ ពាន់លានដុល្លារ នៅក្នុងការសន្យារដ្ឋ-ឯកជន ជាមួយនឹងកាលបរិច្ឆេទ ថវិកា និងយន្តការត្រួតពិនិត្យជាក់លាក់។ សន្និសិទ UNOC3 ជាមួយនឹងសេចក្តីប្រកាស Nice ដែលគ្រោងនឹងត្រូវបានអនុម័ត ត្រូវបានរំពឹងថា នឹងបើកយន្តការសម្រាប់ការកៀងគរមូលនិធិសម្រាប់ការអភិរក្សសមុទ្រ ជំរុញសកម្មភាពជាសកលជាក់ស្តែងដើម្បីការពារសមុទ្រប្រកបដោយចីរភាព៕