សម្របខ្លួនយ៉ាងបត់បែននឹងជម្ងឺរាតត្បាតដើម្បីស្ដារផលិតកម្ម

(VOVWORLD) - បណ្ដាថ្ងៃកន្លងមក ក្រសួង ស្ថាប័ន ខេត្តក្រុងជាច្រើននៅវៀតណាមបានផ្លាស់ប្ដូរ យ៉ាងឆាប់រហ័ស ចាប់ពីស្ថានការណ៍ “បិទទ្វារ” ទៅកាន់ស្ថានការណ៍ធម្មតាបែបគន្លងថ្មី បន្ទាប់ពីរដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២៨កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលកំណត់ជាបណ្ដោះអាសន្នពី “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព”។ ការរៀបចំអនុវត្តន៍ សេចក្ដីសម្រេចចិត្តលេខ១២៨ដោយព្រមៗគ្នា ស៊ីសង្វាក់គ្នាលើទូទាំងប្រទេស គឺជា កត្តាដ៏សែនសំខាន់ដើម្បីជួយវៀតណាមស្ដារផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចក្នុងពេល ឆាប់ៗ។

សម្របខ្លួនយ៉ាងបត់បែននឹងជម្ងឺរាតត្បាតដើម្បីស្ដារផលិតកម្ម - ảnh 1លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ចុះទៅត្រួតពិនិត្យប្រតិបត្តិការផលិតកម្មនៅតាមរោងចក្រក្នុងតំបន់។ (រូបថត៖ congthuong.vn)
បង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការផលិតកម្មអាជីវកម្ម
នៅតំបន់ដីសណ្ដទន្លេ Cuu Long ក្រោយពីរយៈពេល៣ខែផ្ដោតសំខាន់ទៅលើការងារ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមកដល់ពេលនេះ ស្ថានភាពជម្ងឺរាតត្បា តត្រូវបានគ្រប់គ្រងជាស្ថាពរនៅតាមខេត្តជាច្រើន។ ក្នុងនោះដោយឡែកខេត្ត Dong Thap នាបច្ចុប្បន្នមានអង្គភាពអាជីវកម្មចំនួនជាង២០០បានបើកប្រតិបត្តិការផលិតកម្ម ឡើងវិញជាបណ្ដើរៗ។ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Dong Thap ឲ្យដឹងថា ខេត្តបានបង្កើតក្រុមជំនួយការដើម្បីដោះស្រាយការលំបាក ឲ្យទាន់ពេលវេលាសម្រាប់អង្គភាពអាជីវកម្ម ហើយនឹងមានគោលនយោបាយអាទិភាព ដើម្បីជួយអង្គភាពអាជីវកម្មបើកប្រតិបត្តិការផលិតកម្មឡើងវិញផងដែរ។ Dong Thap ក៏បានកសាងសេណារីយ៉ូមួយចំនួនអំពីការស្ដារសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត ហើយ សម្របខ្លួនជាជំហានៗនិងរួមរស់ជាមួយជម្ងឺរាតត្បាតកូវីដ-១៩ផងដែរ។ លោក Pham Thien Nghia បានឲ្យដឹងថែមទៀតថា៖
“ខេត្តបានកសាងសេណារីយ៉ូដើម្បីស្ដារ អភិវឌ្ឍសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងឆ្នាំ។ Dong Thap កំពុងផ្ដោតសំខាន់ទៅលើការបង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្ម អនុវត្តន៍ ការស្ដារឡើងវិញតាមការគ្រោងទុក”។
ក៏សំដៅអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ១២៨ដែរ ខេត្ត Lang Son បាននិង កំពុងបង្កលក្ខណៈងាយស្រួលដើម្បីការធ្វើចរាចរណ៍ទំនិញតាមច្រកទ្វារព្រំដែន ប្រព្រឹត្ត ទៅប្រកបដោយសុវត្ថិភាព ឆាប់រហ័ស ធានាបាននូវគោលដៅ២ដើរទន្ទឹមគ្នាដោយ បង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង និងស្ដារ អភិវឌ្ឍសេដ្ឋកិច្ចផង។ វរសេនីយ៍ឯក Tran Thi Thu Trang អនុប្រធានការិយាល័យប៉ូលីសគ្រប់គ្រងរដ្ឋបាលអំពីសណ្ដាប់ធ្នាប់សង្គម ចំណុះនគរបាលខេត្ត Lang Son ឲ្យដឹងថា៖
“ការប្រើប្រាស់សូហ្វវ៉ែគ្រប់គ្រងពលរដ្ឋនៅតំបន់កើតជម្ងឺរាតត្បាតដោយឈរលើមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន បានជួយសន្សំសម្ចៃពេលវេលា ការចំណាយ ធនធានមនុស្ស ហើយជាពិសេសគឺ ជៀសវាងការប៉ះពាល់គ្នាដោយផ្ទាល់នៅពេល រាយការណ៍ស្ថានភាពសុខភាព និងគ្រប់គ្រងការធ្វើដំណើររបស់ពលរដ្ឋ ព្រមទាំងក៏ ជួយតាមរកស្លាកស្នាមជាបន្ទាន់និងត្រឹមត្រូវនូវករណីនីមួយៗផងដែរ។ ជាខេត្តមួយ ដែលត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលនាំចេញដ៏ធំនៃប្រទេសទាំងមូល ការអនុវត្ត សូហ្វវ៉ែនេះ បានជួយយើងខ្ញុំធ្វើបច្ចុប្បន្នកម្មយ៉ាងត្រឹមត្រូវនូវព័ត៌មានរបស់អ្នកបើកបរ រថយន្ត តាមរកស្លាកស្នាមករណី F1 F2 ហើយបានរកឃើញករណីទាំងនោះបាន ទាន់ពេលវេលាដើម្បីធ្វើចត្តាឡីស័ក ធានាសុវត្ថិភាពក្នុងការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត”។
ចំពោះក្រសួងគមនាគមន៍និងដឹកជញ្ជូនវិញ ថ្នាក់ដឹកនាំក្រសួងឲ្យដឹងថា នឹង ចេញផ្សាយបទបញ្ញត្តិបន្ថែមទៀតដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍។ លោក អនុរដ្ឋមន្រ្តី Le Dinh Tho បានបញ្ជាក់ថា៖
“ផ្នែកចរាចរណ៍មានវិស័យស្នូលចំនួន២នោះគឺ ដឹកជញ្ជូនទំនិញនិងដឹកជញ្ជូនអ្នក ដំណើរ។ ការដឹកជញ្ជូនទំនិញនៅតែត្រូវបានថែរក្សាក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាត។ នៅពេលអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ១២៨ យើងបានពិនិត្យមើល ចេញផ្សាយបទបញ្ញត្តិថ្មីឲ្យបានសមស្របនឹងគោលដៅ តម្រូវការ ជាពិសេសគឺបទ បញ្ញត្តិថ្មីនៃក្រសួងសុខាភិបាល។ យើងបានចេញផ្សាយបទបញ្ញត្តិស្ដីពីការដឹកជញ្ជូន តាមផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ ជាសាកល្បង។ រហូតដល់ថ្ងៃទី២០ ខែតុលា បន្ទាប់ ពីសាកល្បងរួច យើងអាចកែសម្រួលឲ្យបានសមស្របនឹងស្ថានភាព។ យើងបាន កំណត់យ៉ាងច្បាស់ថា ការបើកប្រតិបត្តិការដឹកជញ្ជូនឡើងវិញ ត្រូវមានផែនការ ជំហានដ៏សមស្រប។ នេះគឺជាភាពបត់បែន”។
សម្របខ្លួនយ៉ាងបត់បែននឹងជម្ងឺរាតត្បាតដើម្បីស្ដារផលិតកម្ម - ảnh 2កម្មការិនីនៅក្រុមហ៊ុន Thien Long ទីក្រុងហូជីមិញធ្វើការតាមទម្រង់ "នៅហ្នឹងកន្លែង៣យ៉ាង"។ (រូបថត៖ baobinhduong.vn)
ធានាការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត
តាមលោកTran Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា ខេត្តកំពុងផ្លាស់ប្ដូរស្ថានការណ៍ពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតទៅកាន់ការបង្ការការពារ និងសម្របខ្លួនប្រកបដោយសុវត្ថិភាព។ ខេត្តបាន បង្កើតក្រុមការងារពិសេសនិងក្រុមប្រតិកម្មរហ័ស ដើម្បីជួយឧបត្ថម្ភ ដោះស្រាយការ លំបាកសម្រាប់អង្គភាពអាជីវកម្ម ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាត។
“នៅពេលផ្លាស់ប្ដូរស្ថានការណ៍ពីការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតទៅការបង្ការការពារជម្ងឺរាតត្បាត ត្រូវមានក្រុមប្រតិកម្មរហ័ស។ ប្រសិនបើរកឃើញករណីឆ្លងក្នុងសហ គមន៍ គឺក្រុមប្រតិកម្មរហ័សត្រូវបានដាក់ពង្រាយភ្លាមមួយរំពិច ចូលរួមជាមួយមូលដ្ឋាន ដើម្បីកំណត់តំបន់កើតជម្ងឺ ហើយកំចាត់ការរីករាលដាលឲ្យបានឆាប់បំផុត។ យើងខ្ញុំ កំពុងស្ដារផលិតកម្មអាជីវកម្ម ប្រតិបត្តិការពាណិជ្ជកម្មសេវាកម្ម តាមជំហាននីមួយៗ ដើម្បីស្ដារសេដ្ឋកិច្ចសង្គម ដោយមានបាវចនា៖ សុវត្ថិភាពដល់ទីណាគឺបើកទ្វារដល់ ទីនោះ”។
សេចក្ដីសម្រេចចិត្តលេខ១២៨របស់រដ្ឋាភិបាលជាការសម្រេចចិត្តដោយទាន់ ពេលវេលាក្នុងយុទ្ធនាការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩នៅវៀតណាម នាបច្ចុប្បន្ន។ ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពនឹងបង្ហាញ ឲ្យឃើញនូវភាពបត់បែន ម្ចាស់ការនៃខេត្ត ក្រុងនីមួយៗ ក្រសួង ស្ថាប័ននីមួយៗ ហើយ បង្កើតឡើងវឌ្ឍនភាពសម្រាប់ការធ្វើផលិតកម្មអាជីវកម្ម នាំឲ្យជីវភាពរស់នៅរបស់ ប្រជាជនវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ