សារព័ត៌មានក្នុងលំហូរនៃ "យុគសម័យស្ទុះឈានទៅមុខ"
(VOVWORLD) - សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយវៀតណាមកំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងក្នុងជីវភាពទំនើប។ ក្នុងបរិបទថ្មី រួមជាមួយនឹងការអនុវត្តបច្ចេកវិទ្យា និងការធ្វើវិសោធនកម្មច្បាប់សារព័ត៌មាននោះ សារព័ត៌មានវៀតណាមមានឱកាសជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាព សម្របខ្លួនទៅនឹងតថភាពជាក់ស្តែង ច្នៃប្រឌិត និងជំរុញយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួនក្នុងយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
សារព័ត៌មានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ តម្លាភាព និងទំនួលខុសត្រូវគណនេយ្យភាព។ នៅវៀតណាម ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ សារៈសំខាន់នៃការលើកកម្ពស់ភាពសម្បូរបែបនៃសំឡេង និងការជំរុញសិទ្ធិទទួលបានព័ត៌មានបើកចំហ បានទទួលការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង។
រូបភាព៖ VOV |
ហេដ្ឋារចនាសម្ព័ន្ធជួយសម្រួលការទទួលបាននិងពង្រីកព័ត៌មាន
ចាប់តាំងពីការតភ្ជាប់ជាផ្លូវការនៅឆ្នាំ ១៩៩៧ អ៊ីនធឺណែតបានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាជនលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន បង្កើតលក្ខខណ្ឌសម្រាប់ប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែកក្នុងបញ្ហាសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ លោក Luu Vu Hai អតីតប្រធាននាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានចាត់ទុកថា៖ “នៅវៀតណាម ប្រជាជនអាចចូលប្រើប្រាស់អ៊ីនធឺណិតបានយ៉ាងងាយស្រួល ប្រកបដោយសេរី និងមានតម្លៃថោក។ ប្រការនេះមិនងាយរកឃើញក្នុងប្រទេសផ្សេងទៀតជុំវិញពិភពលោកទេ។វៀតណាមជាប្រទេសដែលមានអត្រាកំណើនអ៊ីនធឺណិតលឿនបំផុតនៅក្នុងតំបន់ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងពិភពលោក។ ប្រការនេះ បានបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយជំរុញការអភិវឌ្ឍអ៊ីនធឺណិតនៅវៀតណាម”។
រហូតមកដល់បច្ចុប្បន្ន ក្រៅពីវេទិកាអ៊ីនធឺណិត ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានបន្តផ្លាស់ប្តូរថ្មីជានិច្ច និងអនុវត្តបច្ចេកវិទ្យាឌីជីថល បង្កើតបណ្តាញផ្សព្វផ្សាយផ្ទាល់ខ្លួននៅលើវេទិកាអនឡាញដូចជា Facebook, Youtube, Tiktok...។ ប្រការនេះ បានរួមចំណែកដល់ការបង្កើតសហគមន៍ដែលមានចំណេះដឹង និងចូលរួមកាន់តែច្រើន ក៏ដូចជាការលេចឡើងនៃអ្នកសារព័ត៌មានឯករាជ្យ និងអ្នកសរសេរប្លុក ដែលជួយផ្តល់ទស្សនវិស័យពហុវិមាត្រចំពោះបញ្ហាសង្គម។ លោក Nguyen Duc Loi អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាមបានចាត់ទុកថា៖ “នៅក្នុងយុគសម័យឌីជីថល សារព័ត៌មានបានម្ចាស់ការធ្វើបរិវត្តកម្មឌីជីថល និងផ្លាស់ប្តូរថ្មីវិធីសាស្រ្តប្រតិបត្តិការ ដើម្បីតាមទាន់និន្នាការផ្សព្វផ្សាយទំនើប។ ទីភ្នាក់ងារសារព័ត៌មានត្រូវវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យា អនុវត្តបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big Data) ដើម្បីកែលម្អគុណភាពនៃព័ត៌មាន ទន្ទឹមនឹងនោះ អះអាងពីតួនាទីជាប្រភពព័ត៌មានផ្លូវការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតនិងល្បិចកលខុសឆ្គង់តនៅលើអ៊ីនធឺណែត”។
លើសពីនេះ រដ្ឋបានវិនិយោគសម្រាប់ស្ថាប័នសារព័ត៌មានធំៗដើម្បីធ្វើទំនើបកម្ម អនុវត្តភារកិច្ចរបស់សារព័ត៌មានបដិវត្តន៍វៀតណាមឱ្យកាន់តែប្រសើរឡើងក្នុងបរិបទថ្មី រួមចំណែកបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី លើកទឹកចិត្ត និងបង្កើតចលនាប្រឡងប្រណាំងច្នៃប្រឌិត ប្រយុទ្ធប្រឆាំងនឹងរាល់ឧបសគ្គ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍន៍។ ក្នុងពិធីប្រគល់ពានរង្វាន់ញញួរកណ្តៀវមាស លើកទី៩ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាងថា៖ “សារព័ត៌មានបំពេញល្អនូវភារកិច្ចដាស់ស្មារតីនវានុវត្តន៍ និងទំនួលខុសត្រូវសង្គមនៅក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយរួមបញ្ចូលទៅក្នុងលំហូរនៃជីវភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏បានសកម្ម បំផុសនិងស្នើដំណោះស្រាយជាក់ស្តែងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយ “ចំណុចកកស្ទះ” ដែលកំពុងរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ"។
បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗជាច្រើននៅលើពិភពលោក កំពុងមានវត្តមាននៅវៀតណាម ហើយរដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ អ្នកសារព័ត៌មានវៀតណាមក៏ត្រូវបានបង្កើតលក្ខណ្ឌទៅសិក្សារៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងធ្វើការផ្នែកសារព័ត៌មាននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក តាមរយៈយន្តការសហប្រតិបត្តិការផ្សព្វផ្សាយដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូអន្តរជាតិ។ ប្រការនេះបង្ហាញថា វៀតណាមតែងតែបង្កើតលក្ខខណ្ឌសម្រាប់សារព័ត៌មានដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍។
បង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់សេរីភាពសារព័ត៌មាន
ដើម្បីបង្កើតបរិយាកាសអំណោយផលថែមទៀតសម្រាប់សេរីភាពសារព័ត៌មាន វៀតណាមកំពុងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់។ ច្បាប់សារព័ត៌មាន (ធ្វើវិសោធនកម្ម) ត្រូវបានរំពឹងថានឹងដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នាខែឧសភាខាងមុខ ជាមួយនឹងបទប្បញ្ញត្តិថ្មីជាច្រើន ដែលធានានូវច្រករបៀងច្បាស់លាស់សម្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងការអភិវឌ្ឍ ជាពិសេសការលើកទឹកចិត្តដល់ការអភិវឌ្ឍពហុវេទិកា និងពហុសេវាកម្ម និងជំរុញសេដ្ឋកិច្ចសារព័ត៌មាន។ ទន្ទឹមនឹងនោះ បើកចេញបរិយាកាសនវានុវត្តន៍ថ្មី នាំឱ្យសារព័ត៌មានក្លាយជាស្ពានរវាងបក្ស រដ្ឋ និងប្រជាជនយ៉ាងពិតប្រាកដ។ ដូចដែលលោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនាអប់រំមជ្ឈិមបានអះអាងថា៖ “គ្មានអំណាចណាមួយស្មើនឹងអំណាចនៃប្រពន្ធផ្សព្វផ្សាយ គ្មានអំណាចណាមួយស្មើនឹងអំណាចនៃការប្រើប្រាស់បច្ចេកវិទ្យា ៤.០ អ៊ីនធឺណែត បណ្តាញសង្គម ដើម្បីជំរុញគោលដៅសេដ្ឋកិច្ច-សង្គម ប្តេជ្ញាធ្វើបានល្អនូវស្មារតីសាមគ្គីភាព ស្នេហាជាតិ និងការបំផុសកម្លាំងពលំរបស់ប្រជាជនវៀតណាម”។
នៅក្នុងយុគសម័យឌីជីថល ព័ត៌មានគឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលវៀតណាមកំពុងអនុវត្តន៍ សារព័ត៌មានកំពុងរួមចំណែកការពារតម្លៃពិត ពង្រឹងទំនុកចិត្ត និងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយស្ថេរភាព រួមដំណើរជាមួយប្រទេសឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ជាមួយនឹងកំណែទម្រង់យ៉ាងទូលំទូលាយ សម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅពាក់កណ្តាលសតវត្សទី ២១។ ជាពិសេស សារព័ត៌មានបានរួមចំណែក អះអាងពីឋានៈរបស់វៀតណាមជាប្រទេសមានការត្រិះរិះជឿនលឿនលើឆាកអន្តរជាតិ៕