សហរដ្ឋអាមេរិកប្តេជ្ញាប្រដេញតាម “ឥណ្ឌាប៉ាស៊ីហ្វិកមួយប្រកបដោយសេរីនិងបើកចំហ”

(VOVWORLD) - នាពេលថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានប្រកាសយុទ្ធសាស្ត្រថ្មីមួយអំពីតំបន់ឥណ្ឌាប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ពីសារៈសំខាន់របស់តំបន់នេះ។ សារពីសហរដ្ឋ អាមេរិក និងប្រទេសស្ថិតក្នុងក្រុម “Quad” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការប្រដេញតាមការកសាងតំបន់ឥណ្ឌាប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ លើគ្រប់វិស័យ ចាប់ពីសន្តិសុខ រហូតដល់សេដ្ឋកិច្ច។

សហរដ្ឋអាមេរិកប្តេជ្ញាប្រដេញតាម “ឥណ្ឌាប៉ាស៊ីហ្វិកមួយប្រកបដោយសេរីនិងបើកចំហ” - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ global.chinadaily.com.cn)

កំណែយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិកថ្មីមួយច្បាប់នេះរបស់អាមេរិកត្រូវបានប្រកាសក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់ ហើយថ្មីបំផុតគឺដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសមួយចំនួននៅកោះប៉ាស៊ីហ្វិក…។

ខ្លឹមសារសំខាន់នៃយុទ្ធសាស្ត្រថ្មី

កំណែយុទ្ធសាស្ត្រមានចំនួន១២ទំព័រ ដែលត្រូវបានសេតវិមានប្រកាសកាលពីថ្ងៃទី ១១ខែកុម្ភៈ គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រដេញតាម “ឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីនិងបើកចំហ” តាមរយៈការកសាងសម្ព័ន្ធភាពកាន់តែខ្លាំងក្លា បង្កើនការពង្រឹងភាពជាដៃគូដែលទើបលេចចេញ និងបណ្តាក់ទុនវិនិយោគកាន់តែច្រើននៅក្នុងតំបន់។ ក្នុងចំណោមសកម្មភាពដែលរំពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ដល់២ ឆ្នាំខាងមុខ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងពង្រឹងលទ្ធភាពគំរាមរបស់ខ្លួនចំពោះមុខការបង្ករឿងហេតុផ្នែកយោធាតម្រង់លើសហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងតំបន់។ សហរដ្ឋអាមេរិកក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតផងដែរ។

ការប្រកាសឯកសារនេះធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិករបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីបញ្ជាក់ពីអាទិភាពរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់។ ស្មារតីនៃតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីនិងបើកចំហក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម “Quad” ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne; រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken; រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi នៅទីក្រុង Melbourne (អូស្ត្រាលី) នាថ្ងៃទី ១១ ខែកុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនេះ ក្រុម “Quad” បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមជាមួយដៃគូក្នុងតំបន់ រួមទាំងតាមរយៈការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយបញ្ហាប្រឈមនានា ដូចជាការនេសាទខុសច្បាប់ ទន្ទឹមនឹងការលើកកម្ពស់សុវត្ថិភាពនិងសន្តិសុខនៃខ្សែផ្តល់ព័ត៌មានលើសមុទ្រ។

ការប្រកួតប្រជែងជាយុទ្ធសាស្ត្រនិងបញ្ហាប្រឈមសម្រាប់តំបន់

តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកបច្ចុប្បន្នមានប្រទេសចំនួន ៣ ដែលមានសេដ្ឋកិច្ចធំជាងគេលើ ពិភពលោក គឺសហរដ្ឋអាមេរិក ចិន និងជប៉ុន។ មានទីផ្សារចំនួន ៧ ក្នុងចំណោមទីផ្សារទាំង ៨ ដែលមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ជាក់ស្តែងគឺ ឥណ្ឌា ចិន បង់ក្លាដែស ទីម័រខាងកើត ប៉ាពួញូហ្គីណេ និងមានកងកម្លាំងយោធាចំនួន ៧ ក្នុងចំណោមកងកម្លាំងយោធាធំបំផុតទាំង ១០ នៅលើពិភពលោក គឺសហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន និងអូស្ត្រាលី។ មិនត្រឹមតែប៉ុណ្ណោះ តំបន់នេះជាកន្លែងបានឃើញផ្ទាល់ភ្នែកពីការប្រកួតប្រជែងយ៉ាងខ្លាំងក្លាលើផ្នែកភូមិសាស្ត្រយុទ្ធសាស្ត្រ លើប្រភពធនធានធម្មជាតិ ដូច្នេះហើយទីនេះតែងតែបង្កប់គ្រោះអាសន្ន ផ្ទុះឡើងក្លាយជាចំណុចក្តៅទៀតសោត។ ដោយសារតែទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់កាន់តែខ្លាំងឡើងរបស់តំបន់ មហាអំណាចពិភពលោកទាំងអស់បានធ្វើការកែសម្រួលយុទ្ធសាស្ត្រដើម្បីបង្កើនឥទ្ធិពលនិងការពារផលប្រយោជន៍នៅទីនេះ។

ការប្រកាសអំពីយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក J. Biden ដើម្បីបញ្ជាក់អំពីសារៈសំខាន់របស់ខ្លួនក្នុងតំបន់ ដែលកើតចេញពីតួនាទីដ៏សំខាន់នៃភូមិសាស្ត្រសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនោះ ការគំរាមកំហែងជាបន្តបន្ទាប់បានលេចឡើងក្នុងពេលកន្លងមក ដូចជាជំងឺរាតត្បាតកូវីដ ១៩ ការគំរាមកំហែងផ្នែកសន្តិសុខ ការប្រកួតប្រជែងសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្រជាដើម។ ទាំងនេះធ្វើឲ្យតួនាទីនៃតំបន់នេះត្រូវការការយកចិត្តទុកដាក់បន្ថែមទៀតជាងពេលណាៗទាំងអស់។

ក្រឡេកមើលលើជ្រុងវិជ្ជមានមួយ មជ្ឈដ្ឋានអ្នកជំនាញនិយាយថា មហាអំណាចពិភពលោកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាបណ្តើរៗ ដើម្បីបង្កើតកម្លាំងសមូហភាពដ៏ធំមួយ ដោយធានាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ក៏ដូចជាការបើកឱកាសដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ យ៉ាងណាមិញ ការផ្លាស់ប្តូរយុទ្ធសាស្ត្រទាំងនេះក៏បង្កបញ្ហាប្រឈមសម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក រួមទាំងប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ ដូច្នេះហើយ នៅពេលចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ចាំបាច់ត្រូវមានយុទ្ធសាស្ត្រសមស្របមួយ ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព និងធានាផលប្រយោជន៍ជាតិ-ប្រជាជាតិ ដោយមិនត្រូវធ្លាក់ទៅក្នុងរង្វិលប្រកួតប្រជែងផលប្រយោជន៍រវាងមហាអំណាចទាល់តែសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ