អង្គការសហប្រជាជាតិជាមួយបេសកកម្មអាទិភាពជួរមុខក្នុងឆ្នាំ ២០២៣

(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ បានរៀបចំសម័យប្រជុំពេញអង្គស្ដីពីភារកិច្ចស្នូលក្នុងឆ្នាំ ២០២៣។ 
អង្គការសហប្រជាជាតិជាមួយបេសកកម្មអាទិភាពជួរមុខក្នុងឆ្នាំ ២០២៣ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ  រូបថត៖ Thanh Tuan/VNA

ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក ក្នុងសម័យប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើអាទិភាពធ្វើសកម្មភាពរបស់អង្គការពហុភាគីធំបំផុតនៅលើភពផែនដីក្នុងឆ្នាំនេះ ដោយអំពាវនាវឱ្យប្រទេសនានាដាក់សន្តិភាពជាស្នូលក្នុងសំដីនិយាយ និងសកម្មភាពគ្រប់បែបយ៉ាង ដោយឆ្ពោះទៅរកការកសាងពិភពលោកប្រកបដោយនិរន្តរភាពជាងនេះ។

ពិភពលោកបានផ្លាស់ប្តូរជាច្រើន

ពិភពលោកកំពុងមានការផ្លាស់ប្តូរជាច្រើនក្នុងឆ្នាំ ២០២២។ ខឿនសេដ្ឋកិច្ចសកលបានរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផលវិបាកនៃជំងឺរាតត្បាតកូវីដ ១៩ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៀតគឺ ជម្លោះជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ឆ្នាំនេះ ជម្លោះនៅគ្រប់ទីកន្លែងនៅលើពិភពលោកនៅតែស្មុគស្មាញទៀតផង។

ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ឆ្នាំទីពីរជាមួយនឹងការវិវឌ្ឍដ៏ស្មុគស្មាញ ហើយឱកាសសម្រេចឲ្យបានដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះនេះហាក់ដូចជាកាន់តែឆ្ងាយទៅៗ។ នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ដំណោះស្រាយរដ្ឋពីរក៏ស្ថិតក្នុងភាពទាល់ច្រកផងដែរ។ នៅអាហ្វហ្គានីស្ថាន ការវាយប្រហារភេររកម្មបង្ហូរឈាមនៅតែប្រព្រឹត្តិទៅជាប្រចាំ។ ទន្ទឹមនឹងនោះ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ វិបត្តិអាកាសធាតុ អំពើហឹង្សា និងវិសមភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបានកើតឡើងនៅតាមតំបន់ជាច្រើន។ មនុស្សរាប់រយលាននាក់ត្រូវភៀសខ្លួនដោយសារអំពើហឹង្សា ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងភាពក្រីក្រ។ នៅតំបន់អាស៊ី ចំណុចក្តៅគគុកនៅតែឡើងកំដៅ ខណៈពេលដែលសកម្មភាពយោធាថ្មីៗ បានប្រព្រឹត្តិទៅនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ (ចិន) ឬកម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង។ ភាពតានតឹងរវាងអាមេរិកនិងចិនក៏មិនបានធូរស្រាលផងដែរ នៅពេលដែលទំនាក់ទំនងទ្វេភាគីជួបប្រទះនឹងការវិវឌ្ឍតានតឹងថ្មីៗ។

ទាក់ទងនឹងវិបត្តិអាកាសធាតុ ពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យជាបន្ទាន់ នៅពេលដែលសីតុណ្ហភាពផែនដីកើនឡើងលើសពីកម្រិត ១,៥ អង្សាសេ ហើយឆ្ពោះទៅរកការកើនឡើងដែលមិនចង់បានគឺ ២,៨ អង្សាសេ។ មនុស្សនៅតែបង្កផលវិបាកដ៏ធ្ងន់ធ្ងរចំពោះជីវៈចម្រុះនៃភពផែនដី។ មហាសមុទ្រត្រូវបានបំពុលកាន់តែខ្លាំងឡើងដោយសារកាកសំណល់ ប្លាស្ទិក និងសារធាតុគីមី។

ក្នុងពេលនោះ អតិផរណាខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវកាត់ផ្ដាច់ តម្លៃថាមពលបានហក់ឡើងខ្ពស់ គ្រោះអាសន្នឱនភាពសេដ្ឋកិច្ច និងការគំរាមកំហែងអសន្តិសុខស្បៀងអាហារជាដើម បានបង្ហាញពីភាពស្មុគស្មាញ និងបញ្ហាប្រឈមសម្រាប់

ក្របខណ្ឌ និងរបៀបរបបអន្តរជាតិបច្ចុប្បន្ន។ បញ្ហាប្រឈមទាំង នេះកំពុងតម្រូវឲ្យអង្គការសហប្រជាជាតិ ដែលជាអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដី នូវភារកិច្ចដ៏ធ្ងន់ធ្ងរក្នុងការលើកតម្កើងទង់សន្តិភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ កាត់បន្ថយជម្លោះ ធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើងជូនប្រជាជនគ្រប់រូប។

អង្គការសហប្រជាជាតិជាមួយបេសកកម្មអាទិភាពជួរមុខក្នុងឆ្នាំ ២០២៣ - ảnh 2លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិ។ រូបថត៖ VOV

ដាក់សន្តិភាពជាស្នូលក្នុងគ្រប់ពាក្យសម្ដី និងគ្រប់សកម្មភាព

យោងតាមលោកអគ្គលេខាធិកា António Guterres ឥឡូវនេះគឺជាពេលវេលា ដែលពិភពលោកត្រូវភ្ញាក់រលឹក ហើយរួមគ្នាធ្វើសកម្មភាព។ ដល់ពេលហើយ ដែលប្រទេសនានាត្រូវសន្យាឡើងវិញនូវការគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដោយដាក់សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាចម្បង ព្រមទាំងដាក់ការទប់ស្កាត់ជាស្នូលក្នុងគ្រប់ពាក្យសម្ដី និងសកម្មភាព។

លោក Guterres បានសង្កត់ធ្ងន់សារជាថ្មីនូវខ្លឹមសារនៃសារដើមឆ្នាំថ្មី ២០២៣។ នោះគឺ ក្នុងឆ្នាំ ២០២៣ ពិភពលោកត្រូវការសន្តិភាពច្រើនជាងពេលណាៗទាំងអស់។ សន្តិភាពជាមួយគ្នាទៅវិញទៅមក តាមរយៈការសន្ទនាគ្នា ដើម្បីបញ្ចប់ជម្លោះ។ សន្តិភាពជាមួយធម្មជាតិ និងអាកាសធាតុ ដើម្បីកសាងពិភពលោកប្រកបដោយនិរន្តរភាពជាង។ សន្តិភាពក៏មានសារៈសំខាន់ក្នុងគ្រប់គ្រួសារ ដើម្បីស្ត្រី និងកុមារីអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព ក៏ដូចជាសន្តិភាពនៅតាមដងផ្លូវផងដែរ។ លើសពីនេះ ក៏ត្រូវការសន្តិភាពនៅតាមលំហរអ៊ីនធឺណេត ជំនួសឱ្យព័ត៌មានមិនពិត និងទ្រឹស្តីឧបាយកល ដើម្បីសង្គមទាំងមូលទទួលបានអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។

ឆ្នាំ ២០២៣ បានគូសសញ្ញារយៈពេល ៧៨ ឆ្នាំ នៃការបម្រើសន្តិភាពពិភពលោក ដែលពោរពេញទៅដោយមោទនភាពរបស់អង្គការពហុភាគីធំបំផុតនៃភពផែនដី ប៉ុន្តែក៏ជាឆ្នាំដែលអង្គការសហប្រជាជាតិជួបប្រទះការលំបាក និងបញ្ហាប្រឈមជាច្រើន។ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវថា៖ មេរៀនច្រើនពេកក្នុងអតីតកាលក៏ជាឱកាសសម្រាប់សហគមន៍អន្តរជាតិនិយាយរួម និងអង្គការសហប្រជាជាតិនិយាយដោយឡែកជំរុញការកសាងពិភពលោកសមភាពជាង និងសង្គមមួយ ដែលនៅទីនោះមានបញ្ហាធំៗដូចជា៖ ការអប់រំ ការងារធ្វើ ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាសន្តិសុខសង្គម ហើយតែងតែបានបានផ្អែកលើគោលការណ៍ “សិទ្ធិសមភាព” និង “ឱកាសសម្រាប់មនុស្សទាំងអស់គ្នា”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ