អង្គការសហប្រជាជាតិជំរុញគោលដៅអាកាសធាតុប្រកបដោយមហិច្ឆតាសម្រាប់ COP29

(VOVWORLD) - ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែមិថុនា អង្គការសហប្រជាជាតិ (UN) បានបើកសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។ នេះគឺជាសន្និសិទពាក់កណ្តាលអាណត្តិ ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការអនុវត្តការសន្យានានាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុលើពិភពលោក ព្រមទាំងកសាងគោលដៅប្រកបដោយមហិច្ឆិតាថ្មីសម្រាប់សន្និសីទបណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី ២៩ - COP29 ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ នៅប្រទេសអាហ្សេបៃហ្សង់។

អង្គការសហប្រជាជាតិជំរុញគោលដៅអាកាសធាតុប្រកបដោយមហិច្ឆតាសម្រាប់ COP29 - ảnh 1សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។ (រូបថត៖ Euronews)

គណៈប្រតិភូប្រហែល ៦០០០ នាក់មកពីប្រទេស និងតំបន់ដែនដី ១៩៨ រួមជាមួយតំណាងអង្គការអន្តរជាតិ និងសមាគមស៊ីវិលជាច្រើនបានចូលរួមក្នុងសន្និសីទនៅទីក្រុង Bonn ។

 ផ្ដោតសំខាន់លើហិរញ្ញវត្ថុអាកាសធាតុ

សន្និសីទនៅទីក្រុង Bonn មានអត្ថន័យសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ពីព្រោះក្រៅពីកិច្ចប្រជុំកំពូល COP ប្រចាំឆ្នាំ សន្និសីទនៅទីក្រុង Bonn គឺជាវេទិកាជាប្រចាំតែមួយគត់លើប្រធានបទបម្រែបម្រួលអាកាសធាតុ ដែលរៀបចំដោយ UNFCCC។

នៅ Bonn ប្រធានបទសំខាន់មួយគឺហិរញ្ញវត្ថុអាកាសធាតុ ជាពិសេសកំណត់យ៉ាងច្បាស់នូវគោលដៅ និងទំហំនៃការរួមវិភាគទានផ្នែកហិរញ្ញវត្ថុពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាយន្តការនៃការរួមវិភាគទានទាំងនេះ ថាតើវាស្ថិតក្នុងទម្រង់ឧបត្ថម្ភធនឬប្រាក់កម្ចី។ ការកំណត់យ៉ាងច្បាស់នូវគោលដៅ និងយន្តការទាំងនេះនៅក្នុងទីក្រុង Bonn នឹងជួយភាគីនានា មានឱកាសបន្ថែមទៀតដើម្បីសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយប្រកបដោយលក្ខណៈទម្លុះទម្លាយស្តីពីហិរញ្ញវត្ថុអាកាសធាតុនៅ COP29 ក្នុងកាលៈទេសៈដែលមានការព្រួយបារម្ភកាន់តែច្រើនឡើងអំពីកង្វះខាតការសន្យាហិរញ្ញវត្ថុអាកាសធាតុប្រកបដោយមហិច្ឆតាសម្រាប់ដំណាក់កាលក្រោយឆ្នាំ ២០២៥។ នាយកប្រតិបត្តិ UNFCCC លោក Simon Stiell បានឲ្យដឹងថា៖

"ការផ្ដល់កញ្ចប់ឧបត្ថម្ភធនថ្មី និងទម្រង់ហិរញ្ញវត្ថុអនុគ្រោះផ្សេងទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល តាមនោះបន្ធូរបន្ថយបន្ទុកបំណុលលើប្រទេសនានា ផ្តល់ប្រភពហិរញ្ញវត្ថុដ៏សមរម្យ និងស្វែងរកប្រភពហិរញ្ញវត្ថុថ្មីៗនិងច្នៃប្រឌិត ក្រៅពីដំណើរការធម្មតា។ យើងក៏ត្រូវកសាងទីផ្សារកាបូនដែលមានប្រសិទ្ធភាពជាងមុនផងដែរ ព្រោះទីផ្សារនេះអាចនាំមកនូវប្រាក់ចំណូលច្រើនជាងសម្រាប់កម្មវិធីអាកាសធាតុរបស់ប្រទេសនានា”។

ក្រៅពីនោះ សន្និសីទ Bonn ក៏ជាកន្លែងសម្រាប់ធ្វើការចរចាជុំចុងក្រោយនៃ "កិច្ចសន្ទនា Glasgow" ដែលបានចាប់ផ្តើមនៅ COP26 ក្នុងឆ្នាំ ២០២១ នៅទីក្រុង Glasgow (ប្រទេសស្កុតលែន) ស្តីពីការការពារ កាត់បន្ថយ និងដោះស្រាយការខាតបង់និងការខូចខាតដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

អាទិភាពបន្ទាប់នៃសន្និសីទ Bonn គឺពិភាក្សាអំពីការធ្វើជាក់ស្ដែងភាវូបនីយកម្មនូវការសន្យាលុបបំបាត់ឥន្ធនៈហ្វូស៊ីលដែលត្រូវបានចាត់ទុកថា ជាលទ្ធផលគួរឱ្យកត់សម្គាល់បំផុតនៃ COP28 ចូលទៅក្នុងផែនការចូលរួមចំណែកដោយស្វ័យកំណត់ (NDC) របស់បណ្ដាប្រទេស។ យោងតាមផែនការ បណ្ដាប្រទេសនឹងត្រូវដាក់ NDC ថ្មីជូនអង្គការសហប្រជាជាតិនៅដើមឆ្នាំក្រោយ។

ពន្លឿនដំណើរការលុបបំបាត់ឥន្ធនៈហ្វូស៊ីល

ទោះបីជាហិរញ្ញវត្ថុអាកាសធាតុត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទស្នូលនៅ COP29 នៅចុងឆ្នាំនេះនៅប្រទេសអាហ្សេបៃហ្សង់ក៏ដោយ ប៉ុន្តែនៅឯសន្និសីទ Bonn ក៏ដូចជាព្រឹត្តិការណ៍អាកាសធាតុផ្សេងទៀតនាពេលថ្មីៗនេះ សម្ពាធក្នុងការពន្លឿនដំណើរការលុបបំបាត់ឥន្ធនៈហ្វូស៊ីលក៏កាន់តែកើនឡើងៗផងដែរ បន្ទាប់ពីរបាយការណ៍វិទ្យាសាស្ត្រថ្មីៗជាច្រើន បានបង្ហាញថា ផែនដីកំពុងបន្តឡើងកំដៅក្នុងអត្រាប្រកាសអាសន្ន។ ជាក់ស្តែងកាលពីថ្ងៃទី ៦ ខែមិថុនា អង្គការឧតុនិយមពិភពលោក (WMO) បានប្រកាសរបាយការណ៍មួយដែលបង្ហាញថា មានលទ្ធភាពប្រហែល ៨០% ដែលសីតុណ្ហភាពជាមធ្យមនៃភពផែនដីនឹងកើនឡើងជាបណ្តោះអាសន្នយ៉ាងហោចណាស់ ១,៥ អង្សាសេ ខ្ពស់ជាងសម័យមុនឧស្សាហកម្ម ក្នុងរយៈពេល ៥ ខាងមុខ ឆ្នាំ ពោលគឺលើសពីគោលដៅដែលបានកំណត់ដោយប្រទេសនានានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ អំពីការរក្សាផែនដីមិនឱ្យឡើងកំដៅលើសពី ១,៥ អង្សាសេនៅចុងសតវត្សនេះ។

អង្គការសហប្រជាជាតិជំរុញគោលដៅអាកាសធាតុប្រកបដោយមហិច្ឆតាសម្រាប់ COP29 - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ THX/VNA)

ទីភ្នាក់ងារត្រួតពិនិត្យអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប (EU) ក៏បាននិយាយផងដែរថា ខែមុនគឺជាខែឧសភាក្តៅបំផុតតាំងពីមុនមក និងជាខែទី ១២ ជាប់ៗគ្នាដែលបំបែកកំណត់ត្រាបែបនេះហើយ។ សីតុណ្ហភាពសកលជាមធ្យមចាប់ពីខែមិថុនាឆ្នាំមុនដល់ខែឧសភាឆ្នាំនេះបានកើនឡើង ១,៦៣ អង្សាសេបើធៀបទៅនឹងសម័យមុនឧស្សាហកម្ម។ នៅចំពោះមុខស្ថានភាពនេះ កាលពីថ្ងៃទី ៥ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកបញ្ឈប់ការផ្សាយពាណិជ្ជកម្មសម្រាប់ឥន្ធនៈហ្វូស៊ីល ព្រមទាំងពន្លឿនដំណើរការលុបបំបាត់ប្រភេទឥន្ធនៈដែលជាមូលហេតុចម្បងបង្កឡើងបាតុភូតឧស្ម័នផ្ទះកញ្ចក់នេះតែម្ដង។ យោងតាមប្រមុខអង្គការសហប្រជាជាតិ គោលដៅរក្សាផែនដីមិនឱ្យឡើងកំដៅ ១,៥ អង្សាសេគឺមានលក្ខណៈស្លាប់រស់សម្រាប់ប្រទេសនិងសហគមន៍ជាច្រើន។

“ភាពខុសគ្នារវាង ១,៥ អង្សាសេ និង ២ អង្សាសេ អាចជាភាពខុសគ្នារវាងការបំផ្លិចបំផ្លាញ ឬការរស់រានមានជីវិតរបស់ប្រទេសកោះតូចៗ និងសហគមន៍ជាប់ឆ្នេរសមុទ្រ ជាភាពខុសគ្នារវាងការកាត់បន្ថយគ្រោះមហន្តរាយអាកាសធាតុ ឬការឆ្លងកាត់ចំណុចបំបែកដ៏គ្រោះថ្នាក់។ ដូច្នេះ ១,៥ អង្សាសេមិនមែនជាសូចនាករ ឬគោលដៅទេ ប៉ុន្តែជាដែនកំណត់រូបវិទ្យាមួយដែរ”។

យោងតាមអ្នកជំនាញអាកាសធាតុ សូម្បីតែការបំភាយឧស្ម័នឈានដល់សូន្យនៅត្រឹមពេលនេះក៏ដោយ ក៏ការប្រែប្រួលអាកាសធាតុនឹងនៅតែបង្កការខូចខាតយ៉ាងហោចណាស់ ៣៨ ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ ២០៥០។ បរិមាណនេះគឺធំជាងតួរលេខ ២,៤ ទ្រីលានដុល្លារអាមេរិកច្រើនដង ដែលត្រូវការនៅឆ្នាំ ២០៣០ សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍នានា បោះបង់ចោលឥន្ធនៈហ្វូស៊ីល ហើយសម្របខ្លួនទៅនឹងស្ថានការណ៍ឡើងកំដៅនៃភពផែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ