អាណត្តិពោរពេញដោយការលំបាករបស់ប្រធានាធិបតីបារាំង

(VOVWORLD) - បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៤ ខែមេសា លោក Emmanuel Macron នឹងបន្តដឹកនាំប្រទេសបារាំងរយៈពេល ៥ ឆ្នាំទៀត។ ថ្វីត្បិតដូច្នេះក៏ដោយ បើតាមមជ្ឈដ្ឋានអ្នកវិភាគ នៅចំពោះមុខប្រធានាធិបតីវ័យ ៤៤ ឆ្នាំរូបនេះគឺពោរពេញទៅដោយបញ្ហាប្រឈម  ជាពិសេសការផ្សះផ្សារប្រទេសដែលកំពុងបែកបាក់គ្នាយ៉ាងខ្លាំងនេះ។

អាណត្តិពោរពេញដោយការលំបាករបស់ប្រធានាធិបតីបារាំង - ảnh 1អ្នកគាំទ្រអបអរជ័យជម្នះរបស់លោក Emmanuel Macron ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីពីរក្នុងទីក្រុងប៉ារីសថ្ងៃទី ២៤ ខែមេសា (រូបថត៖ AFP/TTXVN)

យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃបារាំង លោក Macron អាយុ ៤៤ ឆ្នាំ តំណាងឱ្យគណបក្សសាធារណៈរដ្ឋឆ្ពោះទៅមុខ និងដើរតាមនិន្នាការកណ្តាលនិយម ទទួលបានសំឡេងគាំទ្រចំនួន ៥៨,៥៥% ក្នុងការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតី (ជុំចុងក្រោយ)  នាថ្ងៃទី ២៤ ខែមេសា។ គូប្រជែងរបស់លោកគឺបេក្ខភាពស្តាំនិយមលោកស្រី Marie Le Pen បានទទួលសំឡេងគាំទ្រ ៤១,៤៥% ដែលជាអត្រាមិនទាបទេ។

ការបង្រួបបង្រួមប្រជាជន

មជ្ឈដ្ឋានអ្នកសង្កេតការណ៍និយាយថា នឹងមិនមានអាណត្តិ ៥ ឆ្នាំ ទីពីរ ដែលងាយស្រួល សម្រាប់លោកប្រធានាធិបតី Macron ទេ។ លោកត្រូវតែបង្រួបបង្រួមប្រទេសបារាំងដែលបែកបាក់ ជាពិសេស បម្រួបបង្រួមជាមួយសមាជិកភាគច្រើននៃគណបក្សស្តាំនិយមដែលមិនបោះឆ្នោតឱ្យលោក។ ការពិតនេះក៏ត្រូវបានមេដឹកនាំស្តាំនិយម លោកស្រី Marine Le Pen លើកឡើង បន្ទាប់ពីការបោះឆ្នោត។ លោកស្រីបានចាត់ទុកសំឡេងគាំទ្រ ៥៨,៥៥% របស់លោក Macron ថាជាជ័យជំនះសម្រាប់គណបក្សប្រឆាំង។ នោះក៏ព្រោះតែ ចំនួនសន្លឹកឆ្នោតគាំទ្រប្រធានាធិបតីកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំង។

ម្លោះហើយ នៅក្នុងសុន្ទរកថាអំណរជ័យជម្នះរបស់ខ្លួននៅយប់ថ្ងៃទី ២៤ ខែមេសា នៅទីក្រុងប៉ារីស លោកប្រធានាធិបតី Macron បានសង្កត់ធ្ងន់ពីទំនួលខុសត្រូវរបស់ខ្លួនថា “ត្រូវស្វែងរកចម្លើយចំពោះកំហឹងនិងការខ្វែងគំនិតគ្នាដែលបានបណ្តាលឱ្យម្ចាស់ឆ្នោតបារាំងជាច្រើនគាំទ្រស្តាំនិយម"។  លោកបានបញ្ជាក់ថា លោកចង់ធ្វើជាប្រធានាធិបតីរបស់ប្រជាជនបារាំងទាំងអស់។

ការបង្រួបបង្រួមជាមួយនឹងក្រុមស្តាំជ្រុលនិយមភាគច្រើន ប្រសិនបើទទួលបានជោគជ័យ នឹងក្លាយជាគុណសម្បត្តិមួយសម្រាប់ប្រធានាធិបតីក្នុងការដោះស្រាយឧបសគ្គបន្ត គឺលទ្ធភាពប្រឆាំងរបស់ប្រជាជនចំពោះរាល់ផែនកែកំណែទម្រង់ ជាពិសេសកំណែទម្រង់សោធននិវត្តន៍ ជាមួយនឹងការកើនឡើង      បន្តិចម្តងៗ នៃអាយុចូលនិវត្តន៍អប្បបរមាពីអាយុ ៦២ ទៅអាយុ ៦៥ឆ្នាំវិញ។ មជ្ឈដ្ឋានអ្នកវិភាគបាននិយាយថា លោក Macron អាចប្រឈមមុខនឹងការបាត់បង់ប្រជាប្រិយភាពក្នុងសង្គម ប្រសិនបើលោកចង់អនុវត្តន៍កំណែទម្រង់ដ៏រសើប ដូចជាប្រាក់សោធននិវត្តន៍ជាដើម។ សញ្ញាមួយទៀតបង្ហាញពីការលំបាកគឺថា អ្នកបោះឆ្នោតដែលប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍បានព្រមានថាលោកនឹងត្រូវបង្ខំឱ្យអនុម័តអាយុចូលនិវត្តន៍ដែលមានអាយុ ៦៤ ឆ្នាំ។ សូម្បីតែមានមតិថា អាចកើតមានឡើងបាតុកម្មប្រសិនបើលោក Macron មិនផ្លាស់ប្តូរទស្សនៈផ្ទាល់ខ្លួន។

អាណត្តិពោរពេញដោយការលំបាករបស់ប្រធានាធិបតីបារាំង - ảnh 2ប្រធានាធិបតីបារាំងដែលកំពុងកាន់អំណាច Emmanuel Macron អំឡុងពេលជួបជាមួយអ្នកគាំទ្រ បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN)

នៅក្នុងឆាកនយោបាយ នាខែមិថុនាខាងមុខនៅប្រទេសបារាំងនឹងប្រព្រឹត្តទៅការបោះឆ្នោតសភា។ នៅឆ្នាំ ២០១៧ ការបោះឆ្នោតបានដំណើរការយ៉ាងរលូនសម្រាប់ប្រធានាធិបតីបារាំង ប៉ុន្តែនៅពេលនេះ អ្វីៗកាន់តែនឹកស្មានមិនដល់។ ធ្វើការវិភាគលើជ័យជម្នះរបស់លោក Macron អ្នកសង្កេតការណ៍បានរកឃើញថា ជ័យជម្នះនេះក៏កើតចេញពីសំឡេងឆ្នោតដើម្បីប្រឆាំងនឹងបេក្ខជនស្តាំនិយមដែលមានន័យថា អ្នកបោះ ឆ្នោតចង់រារាំងលោកស្រី Le Pen ពីការខិតជិតកៅអីប្រធានាធិបតី ប៉ុន្តែពិតមែនជាការគាំទ្រលោក Macron នោះទេ។ ជាលទ្ធផល នយោបាយបារាំងចែកចេញជាបីប្លុក គឺប្លុកគាំទ្រសហភាពអឺរ៉ុបរបស់លោក Macron ប្លុកជាតិនិយមរបស់លោកស្រី Le Pen និងប្លុកឆ្វេងនិយមរបស់លោក Melenchon។ ប្លុកនីមួយៗ ទទួលបានការសំឡេងគាំទ្រច្រើនជាងមួយភាគបី ហើយរដ្ឋាភិបាលដែលមានពីរភាគបីនៃក្រុមប្រឆាំងនៅក្នុងសភាទំនងជាមិនដំណើរការដោយរលូននោះទេ។ នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅទីក្រុងប៉ារីសបន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតី លោកស្រី Le Pen បាននិយាយថា លោកស្រីនឹង "មិនបោះបង់ចោល" ប្រទេសបារាំងឡើយ ហើយថា លោកស្រីបានត្រៀមជាស្រេចសម្រាប់ការ “ដណ្តើមមួយ” នៅក្នុងការបោះឆ្នោតរដ្ឋសភាខាងមុខ។

បញ្ហាប្រឈមក្នុងការអះអាងតួនាទីរបស់បារាំងនៅអឺរ៉ុប

លើឆាកអន្តរជាតិ ការផ្តោតលើអឺរ៉ុបគឺជាសារដ៏សំខាន់មួយរបស់លោកMacron ចាប់តាំងពីលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ២០១៧។ ប្រធានាធិបតីបារាំងរូបនេះ ចង់ផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅវិញទៅមករវាងបណ្តាប្រទេស EU ដែលជាអត្រាពន្ធរួមនៅក្នុងប្លុក ដោយអភិវឌ្ឍន៍បច្ចេកវិទ្យា និងពង្រឹងលទ្ធភាពការពារក្នុងចំណោមប្រទេសនៅក្នុងបរិបទយោធា។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់លោក Macron សព្វថ្ងៃនេះ គឺជម្លោះនៅអ៊ុយក្រែន ព្រោះវាធ្វើឱ្យរចនាសម្ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយ ក៏ដូចជាការគណនាយុទ្ធសាស្ត្រនៅអឺរ៉ុប ធ្លាក់ក្នុងភាពច្របូកច្របល់។ មុនពេលជម្លោះនេះផ្ទុះឡើង លោក Macron និងមេដឹកនាំនៃ  គណៈកម្មការអឺរ៉ុបបានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលការពារសហភាពអឺរ៉ុបលើកដំបូងនៅខែមីនាឆ្នាំ ២០២២ នៅទីក្រុងប៉ារីស ក្នុងគោលបំណង ប្រែក្លាយ EU ទៅជាសហភាពអន្តរជាតិ បោះជំហានលើផ្លូវស្វ័យភាពជាយុទ្ធសាស្ត្រ។ ប៉ុន្តែ នៅពេលជួបគ្នានៅវិមាន Versailles នៅថ្ងៃទី ១១ ខែមីនា មេដឹកនាំអឺរ៉ុបមានប្រធានបទតែមួយគត់ដែលត្រូវពិភាក្សាគឺ សង្រ្គាមនៅអ៊ុយក្រែននិងការឆ្លើយតបបន្ទាប់របស់អឺរ៉ុប។ តួនាទីរបស់អង្គការណាតូបានរស់រានឡើងវិញ ហើយបណ្តាប្រទេសនៅអឺរ៉ុបឥឡូវនេះឈប់និយាយអំពីការកសាងកម្លាំងការពាររបស់ខ្លួន។ ក្នុងនាមជាប្រទេសមានចលនាដ៏ខ្លាំងបំផុត សម្រាប់ស្វ័យភាពជាយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ច្បាស់ណាស់ថា ប្រទេសបារាំងនិងលោក Macron ផ្ទាល់នឹងពិបាកក្នុងការធ្វើឱ្យគម្រោងទាំងនេះរស់រានឡើងវិញ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។

បញ្ហានៅសេសសល់របស់ប្រទេសបារាំងតាំងពីអាណត្តិដំបូង បញ្ហាប្រឈមសម្រាប់ពង្រឹងតួនាទីនៅអឺរ៉ុប ឬការធ្លាក់ចុះនៃចំនួនអ្នកបោះឆ្នោតកំពុងបង្ហាញយ៉ាងច្បាស់ពីការលំបាកដែលទន្ទឹងរង់ចាំប្រធានាធិបតីអាយុ ៤៤ ឆ្នាំរបស់ប្រទេសបារាំងក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ