អាមេរិកនិងចិន ជំរុញការចរចាពាណិជ្ជកម្មជុំថ្មី
(VOVWORLD) - មន្ត្រីសេដ្ឋកិច្ចជួរមុខរបស់សហរដ្ឋអាមេរិក និងចិននាថ្ងៃទី ៩ មិថុនា បានចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មថ្មីនៅទីក្រុងឡុងដ៍ សំដៅដោះស្រាយការខ្វែងគំនិតគ្នាដែលកំពុងមានហានិភ័យនៃការឡើងជណ្ដើរ ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចាប់តាំងពីសម្រេចបានកិច្ចព្រមព្រៀងបណ្តោះអាសន្ន កាលពីថ្ងៃទី ១២ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ការចរចានៅទីក្រុងឡុងដ៍បានធ្វើឡើងរយៈពេល៤ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping បានជួបសន្ទនាតាមទូរស័ព្ទ ក្នុងនោះមេដឹកនាំទាំងពីរបានបង្ហាញពីចេតនាកែលម្អទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏ស្មុគស្មាញរវាងប្រទេសទាំងពីរ។
សុច្ឆន្ទៈពីភាគីទាំងពីរ
ការចរចាជុំថ្មីរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក នៅឯ Lancaster House ក្នុងទីក្រុងឡុងដ៍ បានគូសសញ្ញាជាលើកទីមួយដែលប្រទេសទាំងពីរបានអនុវត្តយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែឧសភា។ គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng ខណៈដែលគណៈប្រតិភូអាមេរិករួមមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick និងតំណាងពាណិជ្ជកម្ម លោក Jamieson Greer ។
គណៈប្រតិភូអាមេរិក និងចិនចូលរួមការចរចាពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥។ រូថបត៖ United States Treasury/Handout via REUTERS |
គោលដៅនៃការចរចាជុំថ្មីគឺដើម្បីរក្សានិងជំរុញបទឈប់បាញ់ពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយពន្ធគយរយៈពេល ៩០ ថ្ងៃនៅទីក្រុងហ្សឺណែវ។ យោងតាមអ្នកសង្កេតការណ៍ ការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ដែលអវត្តមានក្នុងទីក្រុងហ្សឺណែវកាលពីខែឧសភា គឺជាសញ្ញាមួយដោយបង្ហាញថា ការរឹតបន្តឹងការនាំចេញរវាងភាគីទាំងពីរ រួមទាំងសារធាតុរ៉ែកម្រពីប្រទេសចិនទៅកាន់អាមេរិក និងបន្ទះឈីប semiconductor ទំនើបពីអាមេរិកមកកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិនវិញ គឺជាបញ្ហាសំខាន់មួយក្នុងការចរចារវាងភាគីទាំងពីរ។
ការចរចារជុំថ្មីក៏បានធ្វើឡើងតែបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាតាមទូរស័ព្ទលើកដំបូងនៅថ្ងៃទី ៥ ខែមិថុនា ចាប់តាំងពីលោក Donald Trump បានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកវិញកាលពីដើមឆ្នាំនេះ។ កាយវិការទាំងនេះបង្ហាញថា ទាំងសហរដ្ឋអាមេរិកនិងចិនកំពុងមានបំណង់ចងនាំយកទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ឲ្យវិលត្រឡប់ទៅរកគន្លងស្ថិរភាពជាបណ្ដើរៗ បន្ទាប់ពីភាពចលាចលដែលបណ្តាលមកពីគោលនយោបាយពន្ធគយថ្មីរបស់អាមេរិក។ ថ្លែងបន្ទាប់ពីថ្ងៃដំបូងនៃការចរចានៅទីក្រុងឡុងដ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ “យើងចង់បើកទីផ្សារចិន (សម្រាប់ទំនិញអាមេរិក)។ ប្រសិនបើយើងមិនចង់បានរឿងនេះទេ ប្រហែលជាយើងនឹងមិនធ្វើអ្វីទាំងអស់ ប៉ុន្តែយើងចង់បើកទីផ្សារចិន។ វាក៏ជារឿងល្អសម្រាប់ប្រទេសចិននិងផ្នែកដែលនៅសេសសល់របស់ពិភពលោកផងដែរ”។
មជ្ឈដ្ឋានអ្នកជំនាញក៏បានចាត់ទុកថា ទោះបីជាការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្មរវាងភាគីទាំងពីរនៅតែមាន ហើយប្រធានបទមួយចំនួនស្ទើរតែមិនអាចសម្របសម្រួលបានក៏ដោយ ប៉ុន្តែទាំងអាមេរិកនិងចិន បានដឹងហើយថា ស្ថានភាពបច្ចុប្បន្នមិនផ្តល់អត្ថប្រយោជន៍ដល់ភាគីណាមួយឡើយ។ លោក Kent Kedl ស្ថាបនិកក្រុមហ៊ុនប្រឹក្សា Blue Ocean ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ (ប្រទេសចិន) បានអត្ថាធិប្បាយថា៖ “ប្រការអ្វីដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវការគឺការសន្ទនាធម្មតា។ ពួកគេគួរតែអង្គុយជាមួយគ្នា ហើយបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលភាគីនីមួយៗចង់បាន តាមនោះ ឆ្ពោះទៅរកបញ្ហាដ៏ធំជាង។ ខ្ញុំគិតថា ភាគីទាំងពីរកំពុងរៀបចំផែនការ និងយុទ្ធសាស្រ្តដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ពីព្រោះស្ថានភាពមិនអាចបន្តដូចបច្ចុប្បន្នឡើយ"។
ការខូចខាតសេដ្ឋកិច្ច
វិនិយោគិនអន្តរជាតិកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៃកិច្ចចរចានៅទីក្រុងឡុងដ៍ ដោយសារតែតួរលេខនាពេលថ្មីៗនេះបានបង្ហាញថា ភាពតានតឹងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរ បានចាប់ផ្តើមជះឥទ្ធិពលអវិជ្ជមានមិនត្រឹមតែលើអាមេរិកនិងចិនប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចពិភពលោកទៀតផង។
កាលពីថ្ងៃទី ៩ ខែមិថុនា គយចិនបានប្រកាសតួរលេខដែលបង្ហាញថា ក្នុងខែឧសភា ការនាំចេញរបស់ចិនទៅកាន់អាមេរិកបានធ្លាក់ចុះ ៣៤,៥% ជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ មក នៅពេលជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ពាណិជ្ជកម្មពិភពលោក។ ការនាំចូលរបស់ចិនពីអាមេរិកក៏ធ្លាក់ចុះ១៨,១%ផងដែរ។ ទោះបីជាអត្រានេះបានធ្លាក់ចុះបើធៀបនឹងខែមេសាក៏ដោយ វានៅតែជាការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ដៃគ្នានៅពេលពួកគេចាប់ផ្តើមការចរចាពាណិជ្ជកម្មទ្វេភាគីនៅទីក្រុងឡុងដ៍ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥។ រូថបត៖ United States Treasury/Handout via REUTERS |
ក្នុងពេលជាមួយគ្នានោះ នៅខាងភាគីអាមេរិកវិញ បើទោះបីអត្រាអតិផរណាត្រុវបានគ្រប់គ្រងយ៉ាងល្អ ហើយទីផ្សារការងារនៅតែមានស្ថិរភាពក៏ដោយ ផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះពន្ធគយជាមួយចិន និងសេដ្ឋកិច្ចផ្សេងទៀតក៏ចាប់ផ្តើមលេចឡើងផងដែរ។ ក្រុមហ៊ុនអាមេរិកជាច្រើន ជាពិសេសក្នុងវិស័យលក់រាយ បានរងការខាតបង់រាប់សិបពាន់លានដុល្លារអាមេរិក ដោយសារតែមិនអាចនាំចេញទំនិញទៅកាន់ប្រទេសចិន ហើយត្រូវដំឡើងថ្លៃទំនិញនាំចូលក្នុងស្រុក ដើម្បីទូទាត់ថ្លៃពន្ធគយ។ លោក Eric Zheng ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងសៀងហៃ (Amcham Shanghai) បានឲ្យដឹងថា៖ “អត្រាពន្ធគយនាពេលបច្ចុប្បន្ននេះគឺខ្ពស់ពេកសម្រាប់ក្រុមហ៊ុនរបស់យើង ដោយសារក្រុមហ៊ុនរបស់យើងបន្តនាំចូលវត្ថុធាតុដើមពីអាមេរិក ហើយក៏នាំចេញផលិតផលមួយចំនួនទៅសហរដ្ឋអាមេរិកផងដែរ។ អត្រាពន្ធនាពេលបច្ចុប្បន្នកំពុងរារាំងក្រុមហ៊ុនរបស់យើងមិនឱ្យបន្តប្រតិបត្តិការ។ ដូច្នេះហើយ យើងសង្ខឹមថា រដ្ឋាភិបាលទាំងពីរអាមេរិកនិងចិនអាចដោះស្រាយការខ្វែងគំនិតគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយសម្រាប់កាត់បន្ថយអត្រាពន្ធគយ”។
ក្រៅពីសហគ្រាសអាមេរិក-ចិន សហគ្រាសនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកក៏កំពុងរង់ចាំការកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។ នាប៉ុន្មានថ្ងៃកន្លងទៅ សមាគមមួយចំនួនមកពីប្រទេសនានា ដូចជា៖ សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) តំណាងឱ្យក្រុមហ៊ុនផលិតរថយន្តនិងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តអាល្លឺម៉ង់ ឬសម្ព័ន្ធភាពច្នៃប្រឌិតឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក និង Bajaj Auto (ឥណ្ឌា) បានព្រមានថា ការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន អាចធ្វើឲ្យអាក់ខាន ឬសម្បីតែធ្វើឲ្យជាប់គាំងប្រតិបត្តិការផលិតរថយន្ត នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក មិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ លើសពីនេះ វិស័យអេឡិចត្រូនិក អាកាសចរណ៍ ឧស្សាហកម្មការពារជាតិ... ក៏នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរឹតបន្តឹងការនាំចេញរបស់អាមេរិក-ចិនផងដែរ៕