អឺរ៉ុបជំរុញខ្លាំងការគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្ស

(VOVWORLD) - នាថ្ងៃទី ៧ ខែមីនា ច្បាប់ទីផ្សារឌីជីថល (DMA) នៃសហភាពអឺរ៉ុប (EU) បានចូលជាធរមានជាផ្លូវការ។ នេះត្រូវបានចាត់ទុកថាជាការបោះជំហានដ៏តឹងរឹងរបស់ EU សំដៅគ្រប់គ្រងរាល់សកម្មភាពអាជីវកម្មដ៏ចម្រូងចម្រាសរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។
អឺរ៉ុបជំរុញខ្លាំងការគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្ស - ảnh 1រូបតំណាងរបស់ Facebook, WhatsApp និង Instagram ។ រូបថត៖ AFP/TTXVN

ច្បាប់ទីផ្សារឌីជីថល (DMA) ត្រូវបាន EU ប្រកាសនឹងចូលជាធរមានកាលពីចុងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នគ្រប់គ្រងរបស់ EU បានកំណត់រយៈពេល ៦ ខែ សម្រាប់សម្ព័ន្ធក្រុមហ៊ុនយក្សចំនួន ៦ ធ្វើការផ្លាស់ប្តូរតាមសំណើរ មុនពេល DMA ចូលជាធរមានយ៉ាងពេញលេញជាផ្លូវការចាប់ពីថ្ងៃទី ៧ មិនា។

រឹតបន្តឹងការគ្រប់គ្រង Big Tech

យោងតាមខ្លឹមសាររបស់ DMA បានចែងថា  EU បានដាក់ស្លាក "អ្នកយាមក្លោងទ្វារ" ប្រតិបត្តិការរាល់សេវាកម្មស្នូលរបស់អ៊ីនធឺណិតចំពោះសម្ព័ន្ធក្រុមហ៊ុនយក្សចំនួន ៦ លើវិស័យបច្ចេកវិទ្យា រួមមាន៖ Alphabet, Amazon, Apple, Meta, Microsoft របស់សហរដ្ឋអាមេរិក និង ByteDance (ចិន) ដែលជាម្ចាស់កម្មវិធី TikTok ។ តាមនោះ សេវាកម្មមូលដ្ឋានគ្រឹះចំនួន ២២ របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៦ នោះ ក្នុងនោះមាន App Store របស់ Apple ; Facebook, Instagram និង WhatsApp របស់ Meta; កម្មវិធី YouTube; កម្មវិធី Chrome របស់ Google និង Safari របស់ Apple នឹងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់ទីភ្នាក់ងារគ្រប់គ្រងអឺរ៉ុប។ ប្រសិនបើរកឃើញថាមានសកម្មភាពរំលោភបំពាន DMA ដូចជា៖ ការប្រកួតប្រជែងមិនយុត្តិធម៌ កង្វះការគ្រប់គ្រងខ្លឹមសារ ព័ត៌មានមិនពិតនោះ សម្ព័ន្ធក្រុមហ៊ុន" អ្នកយាមក្លោងទ្វារ" ទាំង ៦ នឹងត្រូវផាកពិន័យទឹកប្រាក់ពី ១០ ទៅ ២០% នៃប្រាក់ចំណូលសកល ឬត្រូវហាមប្រាមសកម្មភាពប្រព្រឹត្តិរំលោភបំពាន។

ប្រការនេះត្រូវបានចាត់ទុកថាជាចំណាត់ការដ៏ខ្លាំងក្លារបស់ EU ចំពោះសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សបន្ទាប់ពីការជជែកដេញដោលយ៉ាងខ្លាំងក្លាជាច្រើនឆ្នាំជុំវិញការគ្រប់គ្រងការប្រកួតប្រជែង និងការគ្រប់គ្រងសកម្មភាពអាជីវកម្ម ដែលត្រូវបានអឺរ៉ុបចាត់ទុកថាអយុត្តិធម៌។ ជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តនោះ នាថ្ងៃទី ៤ មិនា EU បានចេញសាលក្រមផាកពិន័យសម្ព័ន្ធក្រុមហ៊ុន Apple (សហរដ្ឋអាមេរិក) ទឹកប្រាក់រហូតដល់ ១,៨៤ ពាន់លានអឺរ៉ូ (២ ពាន់លានដុល្លារអាមេរិក) ព្រោះរំលោភបំពានលើច្បាប់ប្រឆាំងការផ្កាច់មុខរបស់ប្លុកនេះ នៅពេលដែលរារាំងកម្មវិធីតន្ត្រី Spotify និងសេវាកម្មតន្ត្រីស្ទ្រីមផ្សេងទៀតដោយមិនជូនដំណឹងដល់អតិថិជន

អំពីជម្រើសទូទាត់នៅខាងក្រៅ App Store របស់ Apple ។ អនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងជាស្នងការអឺរ៉ុបទទួលបន្ទុកបញ្ហាប្រឆាំងការផ្ដាច់មុខ លោកស្រី Margrethe Vestager ក៏បានស្នើឱ្យ Apple ដកការរឹតបន្តឹងខាងលើរបស់ App Store ដើម្បីធានាការគោរពបទប្បញ្ញត្តិក្នុង DMA របស់ EU ។ អ្នកស្រី Vestager បានព្រមានថា៖

“ប្រការដ៏សំខាន់គឺចាំបាច់ត្រូវបង្ខំឲ្យក្រុមហ៊ុននានាដូចជា Apple ត្រូវទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់របស់សហភាពអឺរ៉ុប។ ប្រសិនបើពួកគេទាញយកប្រយោជន៍ពីការគ្រប់គ្រងទីផ្សារ យើងខ្ញុំនឹងរកឃើញនូវទង្វើខុសច្បាប់ទាំងនោះផងដែរ”។

ឱកាសសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធុនតូច

អឺរ៉ុបជំរុញខ្លាំងការគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្ស - ảnh 2អនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងជាស្នងការអឺរ៉ុបទទួលបន្ទុកបញ្ហាប្រឆាំងការទុកចិត្តលោកស្រី Margrethe Vestager ។ រូបថត៖ AFP/TTXVN

ក្រៅពីការកាត់បន្ថយអំណាចដែលកាន់តែកើនឡើងរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចំណុចគួរឱ្យកត់សម្គាល់បំផុតមួយដែល DMA នាំយកមកគឺសក្តានុពលជំរុញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមអភិវឌ្ឍន៍។ អ្នកជំនាញ Christophe Carugati មកពីក្រុមហ៊ុនពិគ្រោះយោបល់ Digital Competition បានវាយតម្លៃថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូចនៅអឺរ៉ុបទទួលបានអត្ថប្រយោជន៍ដ៏ធំធេងពី DMA នៅពេលដែលពួកគេមានជម្រើស និងលំហអភិវឌ្ឍន៍បន្ថែម។ ប្រការនេះក៏ត្រូវបានចាត់ទុកថាជាគោលដៅស្នូល នៅពេលដែល EU តាក់តែង DMA ព្រោះថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបមានភាពទន់ខ្សោយក្រោមសម្ពាធប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីសម្ព័ន្ធក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក និងចិន។ អនុប្រធាន EC លោកស្រី Margrethe Vestager មានប្រសាសន៍ថា៖

"DMA បាននាំមកនូវអត្ថប្រយោជន៍ដល់អ្នកចូលរួមទាំងអស់គ្នាទៅក្នុងទីផ្សារឌីជីថល ព្រោះថាទស្សនៈទាំងមូលរបស់ DMA គឺ ទីផ្សារឌីជីថលចាំបាច់ត្រូវតែបើកចំហ មានការផ្លាស់ប្ដូរថ្មី មានការប្រកួតប្រជែង និងសេរីភាពក្នុងការជម្រើសរបស់អតិថិជនផងដែរ"។

ដោយវាយតម្លៃ DMA ជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ EU ប៉ុន្តែ លោកស្រី Sophie Dembinski នាយិកាផ្នែកផ្សាយពាណិជ្ជកម្មនៅ Ecosia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ឧបករណ៍ស្វែងរកអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ បានចាត់ទុកថា នៅតែលឿនពេក ដើម្បីវាយតម្លៃថានឹងមានការផ្លាស់ប្ដូរដ៏ធំធេងអំពីចំណែកទីផ្សារនៅលើទីផ្សារឌីជីថល។ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវទ្យាដែលគ្រប់គ្រងដោយ DMA កំពុងមានផែនការខាងគតិយុត្ត ដើម្បីប្រឆាំងជំទាស់ EU។ យោងតាម Apple បានឲ្យដឹងថា ការដែល EU ចាប់បង្ខំសម្ព័ន្ធក្រុមហ៊ុននេះធ្វើការផ្លាស់ប្តូរក្នុងប្រព័ន្ធប្រតិបត្តិការ iOS កម្មវិធី Safari ឬ App Store នឹងធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍មានហានិភ័យ ផ្នែកសុវត្ថិភាព បន្ថែម នៅពេលដែលភាគីទី ៣ អាចដំឡើងកម្មវិធីបង្កគ្រោះថ្នាក់ទៅក្នុងប្រព័ន្ធ តាមនោះ បង្កើនទង្វើក្លែងបន្លំ និងរំលោភបំពានលើភាពឯកជនរបស់អ្នកប្រើប្រាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ