អាស៊ានផ្សារភ្ជាប់និងបន្សាំ - ការពារសុខភាពជូនប្រជាជន
(VOVWORLD) - ដោយយកប្រជាជនធ្វើជាមជ្ឈភាព ដែលក្នុងនោះពង្រឹង លើកម្ពស់សុខភាពជូនប្រជាជន គឺជាគោលដៅដែលសហគមន៍អាស៊ានបានផ្ដោតការយកចិត្តទុកដាក់ជានិច្ច។
អគ្គលេខាធិការអាស៊ានលោក Lin Jock Hoi (រូបថត៖ chinhphu.vn) |
ក្នុងបរិបទ ដែលជំងឺឆ្លង Covid-19 កំពុងរាតត្បាតយ៉ាងទូលំទូលាយ និងមានការវិវត្តយ៉ាងស្មុគស្មាញនោះ អាស៊ានបានសាមគ្គីគ្នា ទប់ទល់ និងធានាសុវត្ថិភាពសុខភាព ជូនប្រជាជននៃបណ្ដាប្រទេសជាសមាជិក ក៏ដូចជារក្សាវិបុលភាពរួមរបស់អាស៊ានផងដែរ។
សកម្មទប់ទល់នឹងជំងឺឆ្លងរាតត្បាត
ក្នុងបរិបទនៃជំងឺឆ្លងCovid-19 កំពុងមានការវិវត្តដ៏ស្មុគស្មាញនៅ ប្រទេសចិន និងប្រទេសជាច្រើនទៀត ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាននោះ មេដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងនូវការសន្យាយ៉ាងខ្លាំងក្លា ក្នុងការរួមដៃគ្នាគ្រប់គ្រង និងទប់ស្កាត់ការឆ្លងជំងឺរាតត្បាត ធានាជីវភាពរស់នៅសុខសាន្តជូនប្រជាជន។ អាស៊ានបានសង្កត់ធ្ងន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ និងតំបន់ សម្របសម្រួលរាល់សកម្មភាពសហប្រតិបត្តិការរួមរវាងស្ថាប័នជំនាញដែលជាប់ពាក់ព័ន្ធ ដើម្បីឯកភាពគ្នា យ៉ាង ប្រកបដោយប្រសិទ្ធភាពរបស់សហគមន៍អាស៊ាន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អង្គការសុខភាពពិភពលោក (WHO) ដៃគូ អង្គការអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាត។ សេចក្តីថ្លែងការណ៍នេះក៏បានអះអាងនូវសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងក្លារបស់អាស៊ាន និងសហគមន៍អន្តរជាតិនិយាយរួមក្នុងការទប់ទល់នឹងជំងឺរាតត្បាត។
នាថ្ងៃទី ២២ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ស្មារតីសកម្មក្នុងការទប់ទល់នឹងជំងឺរាតត្បាតនេះ ត្រូវបានអះអាងសារជាថ្មី ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន ក្នុងការទប់ទល់នឹង Covid-19។ អគ្គលេខាធិការអាស៊ានលោក Lin Jock Hoi បានចាត់ទុកថា៖
“ទោះបីជាជំងឺរាតត្បាតនេះមានប្រភពដើមមកពីចិនក៏ដោយ ប៉ុន្តែយើងខ្ញុំចាត់ទុកថា របាយការណ៍របស់ប្រធានអាស៊ាន ដែលប្រកាសដោយនាយករដ្ឋមន្រ្តីវៀតណាម និងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសអាស៊ានគឺជាសក្ខីភាពនៃសាមគ្គីភាព ការជួយឧបត្ថម្ភ និងរួមសហការធ្វើសកម្មភាពក្នុងអាស៊ាន ដើម្បីទប់ទល់នឹងបញ្ហាសំខាន់ៗ អំពីសុខភាពរបស់ប្រជាជនក្នុងប្លុក។ អាស្រ័យហេតុនេះ បានបង្ហាញនូវការជួយឧបត្ថម្ភរបស់អាស៊ាន ដើម្បីធានាបរិយាកាសរស់នៅប្រកបដោយសុខភាពជូនប្រជាជនផងដែរ”។
ពង្រីកតួនាទីជាប្រធានអាស៊ាន ២០២០
ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានកំណត់ថា ការទប់ទល់នឹងជំងឺរាតត្បាតនេះ គឺជាភារកិច្ចសំខាន់ជួរមុខ។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ នាថ្ងៃទី ៣០ ខែមករា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានផ្ញើសារលិខិតជូនទៅរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាន ដោយលើកវិធានការជាច្រើន ដើម្បីរួមសហការទប់ទល់នឹងជំងឺរាតត្បាតនេះ ។ នាថ្ងៃទី ១៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ បានធ្វើការផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា និងចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid 19។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ស្ដីពីការទប់ទល់នឹងជំងឺរាតត្បាតត្រូវបានរៀបចំ និងអនុម័តយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់វៀតណាម។ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានចាត់ទុកថាសេចក្តីថ្លែងការណ៍រួមនេះ គឺសមស្របនឹងប្រធានបទនៃឆ្នាំអាស៊ាន ២០២០ របស់វៀតណាម គឺ ផ្សារភ្ជាប់ និងបន្សាំដោយម្ចាស់ការ។ លោកបានថ្លែងថា៖
”យើងចាំបាច់ត្រូវផ្សារភ្ជាប់ និងបន្សាំនឹងរាល់បញ្ហា ទាំងការដោះស្រាយការសាកលល្បងដោយសារជំងឺរាតត្បាត Covid 19 ដែរ។ យើងខ្ញុំសង្ឃឹមថា នឹងអាចកសាងបានកម្មវិធីធ្វើសកម្មរួមប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺលើវិស័យសុខភាព សុខាភិបាល។ យោធាបានដើរតួនាទីដ៏សំខាន់ក្នុងការទប់ទល់នឹងការរីករាលដាលនៃ ជំងឺរាតត្បាត Covid 19។ ក្រោមការដឹកនាំរបស់វៀតណាម សេចក្តីថ្លែងការណ៍រួម ADMM ត្រូវបានរៀបចំ និងអនុម័តយ៉ាងឆាប់រហ័ស ពោលគឺត្រឹមតែ១ ដល់ ២ ថ្ងៃប៉ុណ្ណោះ”។
អាស៊ានមានបទពិសោធន៍ក្នុងការទប់ទល់នឹងជំងឺរាតត្បត SARS នាឆ្នាំ២០០៣ ហើយ អាស៊ានកំពុងបន្តខិតខំប្រឹងប្រែង រួមសហការធ្វើសកម្មភាពជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាយ៉ាងមុតមាំថាសុខភាពរបស់ប្រជាជនត្រូវបានធានា ហើយការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់អាស៊ានក៏ត្រូវបានរក្សាជាបន្តផងដែរ៕