អាហ្វហ្គានីស្ថាន៖ ការប្រយុទ្ធគ្នាមិនទាន់បានបញ្ឈប់

(VOVWORLD) -  នៅល្ងាចថ្ងៃទី ២៦ ខែសីហា ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរបានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai  ក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន បណ្តាលឲ្យប្រជាជនជាង ៧០ នាក់ត្រូវស្លាប់ ក្នុងនោះមានទាហានអាមេរិក ១៣ នាក់។ ព្រឹត្តិការណ៍ដ៏បង្ហូរឈាមនេះគឺជាសក្ខីភាពថ្មីបំផុតបង្ហាញពីស្ថានភាពតានតឹងដែលបានកើនឡើងនៅក្នុងប្រទេសអាហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុលនិងប្រកាសគ្រប់គ្រងប្រទេសទាំងស្រុងនៅថ្ងៃទី ១៥ ខែសីហា។

អាហ្វហ្គានីស្ថាន៖ ការប្រយុទ្ធគ្នាមិនទាន់បានបញ្ឈប់ - ảnh 1កន្លែងផ្ទុះនៅព្រលានយន្តហោះក្នុងទីក្រុងកាប៊ុល (រូបថត៖ CNN)

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានថ្ងៃ មុនថ្ងៃផុតកំណត់សម្រាប់ការដកទ័ពអាមេរិកទាំងស្រុងចេញពីអាហ្វហ្គានីស្ថាន (ថ្ងៃទី ៣១ ខែសីហា) ហើយក្នុងបរិបទដែលប្រជាជន អាហ្វហ្គានីស្ថានរាប់ពាន់នាក់ បន្តប្រមូលផ្តុំគ្នាហូរចូលអាកាសយានដ្ឋាន Hamid Karzai ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេស។

បញ្ហាប្រឈមសន្តិសុខយ៉ាងធ្ងន់ធ្ងរ

នៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបាននាំចេញប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ ប្រធា នាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា នឹងមានវិធានការសមស្របដើម្បីឆ្លើយតបទៅនឹងជនល្មើសនៃឧក្រិដ្ឋកម្មនេះ ព្រមទាំងបានបញ្ជាក់ថា លោកនឹងបន្តអនុវត្តន៍ផែនការជម្លៀសនិងដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថានតាមកាលកំណត់គឺ ថ្ងៃទី ៣១ ខែសីហា។ ប៉ុន្តែ ក្រុមអ្នកវិភាគបានលើកឡើងថា ការបញ្ចប់ផែនការដកទ័ព កំពុងប្រឈមនឹងហានិភ័យនិងសម្ពាធធ្ងន់ធ្ងរជាច្រើនដែរ។

ក្រោយពីការវាយប្រហារនេះ សាខាអាហ្វហ្កានីស្ថាននៃអង្គការភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានចេញមុខទទួលខុសត្រូវជាផ្លូវការចំពោះការវាយប្រហារនេះ ហើយបានប្រកាសថា នឹងបន្តធ្វើការវាយប្រហារស្រដៀងគ្នានាពេលអនាគត។ ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក Kennetg McKenzie មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលអាមេរិកក៏បានព្រមានថា ហានិភ័យកើតមានឡើងជាច្រើនកាវាយប្រហារស្រដៀងគ្នានេះ នៅតាមព្រលានយន្តហោះ Hamid Karzai គឺខ្ពស់ខ្លាំងណាស់។

ចំណែកខ្លួនវិញ ក្រុមតាលីបង់មិនបានដាក់ចេញសញ្ញាបញ្ជាក់ណាមួយដែលថា ខ្លួននឹងផ្តល់សម្បទានចំពោះផែនការដកទ័ពរបស់អាមេរិកឡើយ។ នៅថ្ងៃទី ២៤ ខែសីហា អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid បានលើកច្បាស់ថា ប្រតិបត្តិការជម្លៀសជនបរទេសនៅអាកាសយានដ្ឋាន Hamid Karzai នឹងត្រូវចាត់ទុកថាជាការបំពានកិច្ចព្រមព្រៀង ប្រសិនបើ ប្រតិបត្តិការនេះត្រូវអនុវត្តន៍បន្តក្រោយថ្ងៃផុតកំណត់គឺថ្ងៃទី ៣១ ខែសីហា។ មុននេះ នៅថ្ងៃទី ២៣ ខែសីហា អ្នកនាំពាក្យតាលីបង់ម្នាក់ទៀតគឺ Suhail Shaheen ក៏បានព្រមានថា សម្ព័ន្ធអន្តរជាតិនឹងត្រូវបង់ថ្លៃប្រសិនបើខ្លួនរំលោភលើកិច្ចព្រមព្រៀងដកទ័ព។

អាហ្វហ្គានីស្ថាន៖ ការប្រយុទ្ធគ្នាមិនទាន់បានបញ្ឈប់ - ảnh 2បុគ្គលិកពេទ្យដឹកអ្នករបួសក្នុងហេតុការណ៍ផ្ទុះនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ Aljazeera/TTXVN)

សង្គ្រាមនិងហានិភ័យកើតមានឡើងវិបត្តិមនុស្សធម៌

ក្នុងបរិបទនោះ ចលនាប្រឆាំងនឹងតាលីប៉ង់ ដោយមានស្នូលគឺជាកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅជ្រលងភ្នំ Panjshir បានប្តេជ្ញាថា នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ បច្ចុប្បន្ន កម្លាំងនេះមានចំនួនទ័ពចាប់ពីពីរបីពាន់នាក់ រហូតដល់ជាងមួយម៉ឺននាក់ ដែលក្នុងនោះភាគច្រើនជាទាហានរដ្ឋាភិបាល។  ចលនានេះដឹកនាំដោយលោក Ahmad Massoud ដែលជាកូនប្រុសរបស់អតីតមេដឹកនាំសម្ព័ន្ធភាពតខាងជើងប្រឆាំងនឹងតាលីបង់។ អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh អ្នកដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន បន្ទាប់ពីប្រធានាធិបតី Ashraf Ghani បានចាកចេញពីប្រទេសកាលពីថ្ងៃទី ១៥ ខែសីហាក៏មានវត្តមាននៅជ្រលងភ្នំ Panjshir ផងដែរ។ Panjshir គឺជាតំបន់តែមួយគត់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលក្រុមតាលីបង់មិនទាន់អាចគ្រប់គ្រងបាន ស្រដៀងទៅនឹងដំណាក់កាលដែលក្រុមនេះធ្លាប់កាន់កាប់មុននេះ (១៩៩៦-២០០១)។

ក្រុមតាលីបង់បានប្រកាសនៅថ្ងៃទី ២៣ ខែសីហាថា ខ្លួនបានបញ្ជូនទាហានរាប់រយនាក់ទៅកាន់តំបន់ជ្រលងភ្នំ Panjshir ដើម្បីបង្ក្រាបក្រុមប្រឆាំង។ ថ្វីត្បិតតែរហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយស្តីពីការប្រយុទ្ធគ្នារវាងក្រុមតាលីបង់និងកងកម្លាំងតស៊ូនៅតំបន់ Panjshir ឡើយ ប៉ុន្តែលទ្ធភាពកើតមានឡើងការប្រយុទ្ធគ្នារវាងភាគីទាំងពីរគឺមិនអាចចៀសផុតបានឡើយ។

ការផ្ទុះឡើងនៃសង្គ្រាមនឹងធ្វើឱ្យវិបត្តិមនុស្សធម៌ដែលប្រជាជនអាហ្វហ្គានីស្ថានកំពុងប្រឈមមុខកាន់តែធ្ងន់ធ្ងរ។ បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ បូករួមទាំងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ សេដ្ឋកិច្ចអាហ្វហ្គានីស្ថានស្ទើរតែស្ថិតក្នុងស្ថានភាពដុនដាប ហើយប្រជាជនខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនជិត ១៨ លាននាក់ (ជិតពាក់កណ្តាលនៃប្រជាជនអាហ្វហ្គានីស្ថាន) កំពុងត្រូវការជំនួយមនុស្សធម៌។ ជាងនេះទៅទៀត ការប្រយុទ្ធគ្នាដែលអូសបន្លាយយ៉ាងយូរអង្វែងក៏មានហានិភ័យក្នុងការទាក់ទាញឬប៉ះពាល់ដល់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ ជាពិសេសទាក់ទងនឹងបញ្ហាជនភៀសខ្លួន។

នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះ ប្រទេសនិងអង្គការជាច្រើនបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានដំណោះស្រាយនយោបាយចំពោះអាហ្វហ្គានីស្ថាន។ ក្នុងនោះ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខ លោក Josep Borrell នៅថ្ងៃទី ២៤ ខែសីហាបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានកិច្ចសន្ទនាជាមួយក្រុមតាលីបង់ឱ្យបានឆាប់បំផុត ដើម្បីរាំងស្កាត់គ្រោះមហន្តរាយមនុស្សធម៌និងបញ្ហាចំណាកស្រុកនៅអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ