Loc Van Huy - អ្នកដឹកនាំយុវវ័យជនជាតិ La Chi ស្ម័គ្រចិត្តដើម្បីសហគមន៍

(VOVWORLD) - ជិតស្និទ្ធជាមួយប្រជាជន ហើយតែងតែចូលរួមយ៉ាងសកម្ម ប្រកបដោយភាព ក្លៀវក្លាក្នុងចលនាយុវជន។ នោះគឺលោក Loc Van Huy ជនជាតិ La Chi លេខាសម្ព័ន្ធ យុវជនស្រុក Xin Man ខេត្ត Ha Giang។ លោក Loc Van Huy បានចលនាសមាជិក សម្ព័ន្ធយុវជននៅមូលដ្ឋាន អនុវត្តន៍ការងារ និងកសាងសំណង់ប្រកបដោយអត្ថន័យជា ច្រើនដើម្បីសហគមន៍។

Loc Van Huy - អ្នកដឹកនាំយុវវ័យជនជាតិ La Chi ស្ម័គ្រចិត្តដើម្បីសហគមន៍ - ảnh 1លោក Loc Van Huy (ក្រៅបង្អស់ខាងឆ្វេង) ចលនាប្រភពធនធានសម្រាប់ជួយឧបត្ថម្ភប្រជាជនក្រីក្រក្នុងបរិបទនៃជម្ងឺ កូវីដ ១៩។ (រូបថត៖ VOV)
ចូលរួមការងារនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញចាប់តាំងពីឆ្នាំ២០១១ ក្នុង តួនាទីជាកម្មា ភិបាលសម្ព័ន្ធយុវជនឃុំ Pa Vay Su ស្រុក Sin Man លោក Loc Van Huy រួមជាមួយយុវជនក្នុងឃុំ បានរៀបចំសកម្មភាពសុខុមាលភាពសង្គមជាច្រើនដូចជា៖ បុណ្យតេតកក់ក្ដៅសម្រាប់កុមារ រដូវរងារកក់ក្ដៅដោយក្ដីស្រឡាញ់; គៀងគរ យុវជនស្ម័គ្រចិត្តជួសជុលផ្លូវគមនាគមន៍; កសាងសាលារៀន; រៀបចំកម្មវិធីស្ម័គ្រចិត្ត ប្រគល់អំណោយរាប់រយកញ្ចប់ជូនប្រជាជននិងសិស្សានុសិស្សក្រីក្រ។ ក្រោយមក ក្នុងនាមជាលេខារងសម្ព័ន្ធយុវជនស្រុក Xin Man ប្រធានសម្ព័ន្ធសមាគមន៍យុវជន ស្រុក រហូតដល់លេខាសម្ព័ន្ធយុវជនស្រុក Xin Man រូបលោក Huy ផ្ទាល់បានចលនា កសាងថ្នាក់មត្តេយ្យសិក្សានិងបឋមសិក្សាចំនួន៤កន្លែង ទូរដាក់សៀវភៅរបស់កុមារ ចំនួន២០ទូរ ហើយរៀបចំកម្មវិធីសុខុមាលភាពសង្គមដើម្បីសហគមន៍ជាច្រើននៅតាម ភូមិក្រីក្រនានា។ លោក Loc Van Huy បានសំណេះសំណាលថា៖ “ចាប់តាំងពីពេលសិក្សានៅសាកលវិទ្យាល័យវប្បធម៌ហាណូយ ខ្ញុំបានមានបំណង ចង់ចូលរួមចំណែកក្នុងសកម្មភាពសុខុមាលភាពសង្គម។ នៅពេលវិលត្រឡប់មកមូល ដ្ឋានវិញ ខ្ញុំមានគំនិតជាច្រើនដោយផ្សាភ្ជាប់នឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន។ ដោយសារស្រុកកំណើតរបស់ខ្ញុំនៅតែជួបការលំបាក ការខ្វះខាតជាច្រើន អំពីមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺផ្ទះនៅសម្រាប់ជនក្រីក្រ ឬស្ពាន បានជាខ្ញុំបានផ្ដួច ផ្ដើមគំនិតអំពីការកសាងសំណង់របស់យុវជន ដោយភ្ជាប់នឹងសកម្មភាពសុខុមាលភាព សង្គម ដើម្បីជីវភាពរស់នៅរបស់សហគមន៍”។
អាស្រ័យដោយមានការអំពាវនាវកសាងស្ពានដោយសម្ព័ន្ធយុវជន Xin Man  អ្នក ស្រុកអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងរដូវទឹកជំនន់។ នេះត្រឹមតែជាសំណង់ មួយក្នុងចំណោមសំណង់ដ៏មានអត្ថន័យជាក់ស្ដែងជាច្រើនសម្រាប់សហគមន៍របស់ យុវជនស្រុក Xin Man ក្នុងនោះមានការចូលរួមចំណែកគួរឲ្យកត់សម្គាល់ របស់លោក Loc Van Huy។ លោក Vang Van Tu នៅភូមិ Tong Tao ឃុំ Coc Re ស្រុក Xin Man បានចែករំលែកថា៖ “កាលពីមុន មិនទាន់មានស្ពាននេះទេ ការធ្វើដំណើររបស់ប្រជាជនជួបការ លំបាកខ្លាំងណាស់។ ពេលក្មួយៗទៅរៀន ឪពុកម្ដាយត្រូវអៀវកូនដើរឆ្លងជ្រោះ។ ឥឡូវនេះ មានស្ពានហើយ បានជាក្មួយៗទៅរៀន ឬបងប្អូនធ្វើដំណើរជួញដូរទំនិញ យ៉ាងងាយស្រួលណាស់”។
Loc Van Huy - អ្នកដឹកនាំយុវវ័យជនជាតិ La Chi ស្ម័គ្រចិត្តដើម្បីសហគមន៍ - ảnh 2លោក Huy និងក្រុមយុវជនផ្ដល់ឧបត្ថម្ភជាស្បៀងអាហារជូនជនក្រីក្រ។
ដោយជួយជ្រោមជ្រែងចលនាបរិច្ចាគឈាមសង្គ្រោះមនុស្ស លោក Loc Van Huy បានបង្កើតក្លឹបធនាគារឈាមស្រុក Xin Man ដែលទាក់ទាញយុវជនចូលរួម បរិច្ចាគឈាមមនុស្សធម៌យ៉ាងច្រើនកុះករ។ លោក Huy ក៏បានលើកសំណើរបង្កើត ក្រុមប្រឹក្សាកុមារនៅមូលដ្ឋាន ដើម្បីចូលរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការថែទាំកុមារ ផងដែរ។ រាល់ការងារបស់លោក Loc Van Huy សុទ្ធតែទទួលបានការគោរពនិងកោត សរសើររបស់មិត្តភក្តិ។ លោក Then Van Nghiem លេខារងសម្ព័ន្ធយុវជនស្រុក Xin Man ឲ្យដឹងថា៖ “បង Loc Van Huy ជាមនុស្សសកម្មម្នាក់ដែលមានភាពក្លៀវក្លា មានសមត្ថភាព ដើម្បីគៀងគរប្រភពធនធាននានាសម្រាប់កសាងសំណង់ជាច្រើន។ កាន់តំណែងជា លេខាសម្ព័ន្ធយុវជនបានជិត២ឆ្នាំ បង Huy ធ្វើបានសំណង់ជាច្រើនសម្រាប់ប្រជាជន ក៏ដូចជាសាលារៀនសម្រាប់កុមារផងដែរ។ ប្រជាជនស្រឡាញ់រាប់អានគាត់ច្រើនណាស់”។
ដើម្បីសម្រេចបានជោគជ័យក្នុងសកម្មភាពសហគមន៍ លោក Loc Van Huy បានចែករំលែកថា ជាកម្មាភិបាលសម្ព័ន្ធយុវជនម្នាក់ ក្រៅពីភាពសកម្មនិងក្លៀវក្លា ត្រូវតែជិតស្និទ្ធជាមួយប្រជាជននៅមូលដ្ឋានទៀតផង។ “តែពេលប្រមូលផ្ដុំយុវជនដោយមានសាមគ្គីភាព ទើបមានឱកាសរៀបចំអនុវត្តន៍ និងពង្រីកសកម្មភាពរបស់សម្ព័ន្ធយុវជន។ ខ្ញុំបានសិក្សារៀនសូត្រតាមបទពិសោធន៍ របស់បងៗជំនាន់មុន ស្វែងយល់ពីបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់បណ្ដាមិត្តយុវជន ហើយរៀបចំសកម្មភាពឲ្យបានសមស្របនឹងបំណងប្រាថ្នានោះ ដើម្បីឲ្យបណ្ដាមិត្តអាច ចូលរួម។ ក្រៅពីនោះ ដើម្បីមានភាពរស់រវើក ខ្ញុំក៏បានគួបផ្សំសកម្មភាពយុវជន ការ ជួបប្រាស្រ័យ ការលេងល្បែងកំសាន្ត កីឡានិងសកម្មភាពមនុស្សធម៌ជាមួយនឹងសកម្ម ភាពសុខុមាលភាពសង្គម ទៀតផង”។
ឆ្នាំ២០២០ លោក Loc Van Huy មានកិត្តិយសដោយក្លាយទៅជាយុវជនគំរូមួយ នាក់ក្នុងចំណោមយុវជនគំរូទាំង៧៥នាក់លើទូទាំងប្រទេសក្នុងការងារការពារសន្តិសុខមាតុភូមិ។ ទោះបីជាទទួលបានប័ណ្ណសរសើរជាច្រើនពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដោយ ប៉ុន្តែចំពោះរូបលោក Huy ផ្ទាល់ ពានរង្វាន់ធំបំផុតនោះគឺការលះបង់កម្លាំងយុវវ័យ ជូនស្រុកកំណើត ដើម្បីដឹកនាំសម្ព័ន្ធយុវជនស្រុក Xin Man ប្រតិបត្តិការកាន់តែប្រសិទ្ធ ភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ