យុវជនស៊ីឈ្នួលរែកទឹកក្លាយជាអាជីវករឆ្នើមរបស់ខេត្តទៀនយ៉ាង
(VOVWORLD) - នាយកក្រុមហ៊ុនចំកាត់ HK លោក Chau Minh Hai កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករដែលនៅប្រកបមុខរបរធ្វើស្រែជាច្រើនជំនាន់។ ដោយយល់អំពីកង្វល់ និងបញ្ហាប្រឈមរបស់កសិករក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤នេះ លោក Hai បានប្តេជ្ញាចិត្ត រួមដំណើរជាមួយប្រជាកសិករក្នុងការផ្សារភ្ជាប់ផលិតកម្មតាមគំរូវាលស្រែធំ ដោះស្រាយធាតុចេញសម្រាប់ទិន្នផលស្រូវនិងកសាង លើកកំពស់ម៉ាកយីហោអង្ករវៀតណាមនៅខេត្ត ទៀន យ៉ាង។
លោក Chau Minh Hai តែងតែប្រគៀកស្មារជាមួយប្រជាកសិករ ច្បាមជាប់វាលស្រែជានិច្ច (រូបថត៖ VOV) |
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត HK របស់លោក Chau Minh Hai កំពុងសហការជាមួយកសិករនៅបណ្តាស្រុកភាគខាងកើតរបស់ខេត្តទៀន យ៉ាង ដើម្បីអនុវត្តកម្មវិធីតភ្ជាប់វាលស្រែធំ ដោយមានផ្ទៃដីសរុប ២.៣០០ ហិកតា/រដូវមួយ។ ពេលចូលរួមនៅក្នុងវាលស្រែធំ ប្រជាកសិករត្រូវបានបុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនណែនាំនិងផ្ទេរបច្ចេក ទេសកសិកម្ម ផ្គត់ផ្គងសម្ភារៈឧបករណ៍កសិកម្ម ដោយបង់ក្រោយពេលប្រមូលផលរួចនិងគ្មានការប្រាក់។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផ្គត់ផ្គង់ជីគ្រប់ប្រភេទប្រមាណ ៥.០០០តោន ដើម្បីជួយកសិករកាត់បន្ថយថ្លៃដើម បង្កើនផលិតភាព បង្កើនគុណភាព និងបង្កើនប្រាក់ចំណេញ។ ដើម្បីលើកទឹកចិត្តកសិករឱ្យចូលរួមក្នុងការដាំដុះស្រូវប្រភេទ VD20 ស្របតាមគំរូវាលស្រែធំ ក្រុមហ៊ុនបានវិនិយោគលើកញ្ចប់ចំណាយពេញលេញរួមមានៈ គ្រាប់ ពូជ ជីសរីរាង្គ និងសារធាតុគីមីការពាររុក្ខជាតិក្នុងទម្រង់ជាជំនួយដើមទុនដោយគ្មានការប្រាក់។ ក្នុងរដូវប្រមូលផល ក្រុមហ៊ុនក៏ជួយឧបត្ថម្ភប្រាក់បន្ថែម ៣០០.០០០ ដុងក្នុងមួយហិចតា។
លោក Chau Minh Hai បានឲ្យដឹងថា៖ “កាលពី ២០ ឆ្នាំមុន កសិករធ្វើស្រែបានប្រាក់ចំណេញតិចតួចណាស់ ដូច្នេះ ពេលសិក្សាពីបច្ចេកទេស ខ្ញុំឃើញ ថា យើងត្រូវធ្វើអ្វីមួយសម្រាប់ប្រជាកសិករ។ រូបខ្ញុំផ្ទាល់សង្ឃឹមថាពេលកសិករអភិវឌ្ឍន៍ខ្ញុំជាអាជីវកម្មក៏មានការអភិវឌ្ឍដែរ ហើយប្រការនេះអាចផ្តល់អត្ថប្រយោជន៍ទាំងសងខាង។ ចាប់ពីពេលនោះមក ខ្ញុំសម្រេចចិត្តវិនិយោគលើដើមស្រូវ។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំ ខ្ញុំឃើញថា គំរូនេះអាចដំណើរការបានល្អដែរ។ ប្រការដែលសំខាន់នោះគឺដំណើរការផលិត ពោលគឺ នៅពេលដែលយើងមានដំណើរការផលិតល្អៗ យើងនឹងកាត់បន្ថយការវិនិយោគមិនចាំបាច់ៗ”។
មជ្ឈឹមសមាគមកសិករវៀតណាមប្រគល់ប័ណ្ណសរសើរ កសិករវៀតណាមឆ្នើមឆ្នាំ ២០២៣ ជូនលោក Chau Minh Hai (រូបថត៖ VOV) |
ការដាំស្រូវក្នុងវាលស្រែធំៗ ក្នុងខ្សែសង្វាក់តភ្ជាប់ជាមួយក្រុមហ៊ុនរបស់លោក Chau Minh Hai កសិករទទួលបានប្រាក់ចំណេញសុទ្ធពី ៥០% ទៅ ៥៥% នៃប្រាក់ចំណូលសរុបនៃរដូវដាំដុះនីមួយៗ។ ក្រុមហ៊ុនមានបំណងបង្កើតតំបន់វត្ថុធាតុដើមកែច្នៃអង្ករប្រកបដោយគុណភាព សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ជប៉ុន អឺរ៉ុប សហរដ្ឋអាមេរិក...។ លើសពីនេះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត HK ក៏សហការជាមួយមជ្ឈមណ្ឌលសេវាកសិកម្មស្រុក Go Cong Tay ដាក់ពង្រាយអនុវត្តន៍គំរូ “ផលិតអង្ករសរីរាង្គប្រកបដោយសុវត្ថិភាពជាមួយនឹងការគ្រប់គ្រងសំណល់ថ្នាំសម្លាប់សត្វល្អិតចង្រៃតាមបទប្បញ្ញត្តិអឺរ៉ុប”។ ពេលផលិតតាមគំរូនេះ កសិករកាត់បន្ថយការចំណាយប្រហែល ២ លានដុង/ហិចតា ខណៈប្រាក់ចំណេញកើនឡើងពី ៣ ទៅ ៤ លានដុង/ហិកតា បើធៀបនឹងផលិតកម្មខាងក្រៅ។ ជាពិសេស គំរូនេះក៏ជួយឱ្យមូលដ្ឋានបើកទិសដៅតភ្ជាប់អាជីវកម្មដើម្បីកសាងខ្សែសង្វាក់តម្លៃលើអង្ករ បង្កើតតំបន់វត្ថុធាតុដើមអង្ករស្អាតសម្រាប់នាំចេញទៅកាន់ទីផ្សារដែលមានតម្រូវការតឹងរឹង និងបញ្ជាក់ពីម៉ាកយីហោ “អង្ករ Go Cong”។ លោក Nguyen Van Tu អតីតកម្មាភិបាលមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត ទៀន យ៉ាង បានចែករំលែកថា៖ “លោក Hai មានចំណង់ចំណូលចិត្តខ្លាំងណាស់។ រហូតមកដល់ពេលនេះ លោកបានចូលរួមក្នុងគំរូរដ្ឋជាច្រើន និងចូលរួមជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ទៀនយ៉ាង។ គំរូជាច្រើនរបស់លោក ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់”។
ដោយមានតំបន់វត្ថុធាតុដើមស្រូវអង្ករដែលមានគុណភាពខ្ពស់ លោក Chau Minh Hai បន្តតភ្ជាប់រោងម៉ាស៊ីនកិនស្រូវនិងកែច្នៃអង្ករក្នុងតំបន់ដោយបើកដំណើរការផលិតផលអង្ករដែលមានគុណភាពខ្ពស់ ក្រោមម៉ាកយីហោ៖ "Gaochukeo - អង្ករពិសេសប្រចាំខេត្តទៀនយ៉ាង”។ នេះជាផលិតផលតែមួយគត់ពីប្រភពគ្រាប់ពូជ គួបផ្សំនឹងការផ្ទេរបច្ចេកវិជ្ជាដល់កសិករដែលបានដាំដុះជាយូរណាស់មកហើយ ដែលលោក Hai បានអនុវត្តជាមួយនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។ “Gaochukeo - អង្ករពិសេសប្រចាំខេត្តទៀន យ៉ាង” ត្រូវបានវាយតម្លៃថា ជាជោគជ័យថ្មីរបស់នាយក Chau Minh Hai លើមាគ៌ាកសាងម៉ាកយីហោអង្ករពិសេសប្រចាំតំបន់ទាំងកម្រិតជាតិនិងអន្តរជាតិ។ លោក Chau Minh Hai បានចែករំលែកថា៖ “ខ្ញុំនឹងចម្លងគំរូនេះបន្ថែមទៀតដើម្បីឱ្យមានផលិតផលអង្ករពិសេស ដែលមានសុវត្ថិភាពចំណីអាហារ និងគុណភាពអនាម័យ។ ខ្ញុំក៏ស្វែងរកអាជីវកម្មបរទេសដែលត្រូវការម៉ាកអង្ករមានគុណភាពសម្រាប់នាំចេញ។ ពេលនាំចេញតម្លៃអង្ករនឹងឡើងថ្លៃដែរ”។
ដោយសារការរួមចំណែកក្នុងការកសាងកសិកម្មទំនិញនៅខេត្តទៀនយ៉ាង អនុវត្តជាក់ស្តែងលើកកំពស់ជំនាញកសិកម្ម និងប្រាក់ចំណូលសម្រាប់ប្រជាកសិករ រួមចំណែកដល់ការច្នៃប្រឌិតកសិកម្ម-ជនបទ និងកសាងជនបទថ្មីក្នុងមូលដ្ឋានប្រកបដោយជោគជ័យ លោក Chau Minh Hai មានកិត្តិយសទទួលបានរង្វាន់ដ៏ថ្លៃថ្លាជាច្រើន ដូចជា៖ ប័ណ្ណសរសើររបស់ប្រធានសមាគមកសិករខេត្ត ដំណាក់កាល ២០១៧ - ២០២២, ប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឆ្នាំ ២០២២ និង អាណត្តិឆ្នាំ ២០១៩ - ២០២២។ នៅឆ្នាំ ២០២៣ លោក Hai ត្រូវបានមជ្ឈឹមសមាគមកសិករវៀតណា លើកតម្កើងជា "គំរូកសិករវៀតណាមឆ្នើម" ក្នុងគំរូទាំង ១០០ រូបទូទាំងប្រទេសផងដែរ៕