Vinh Khuat៖ អ្នកចម្រៀងអាណិកជនវៀតណាមមានទេពកោសល្យ

(VOVWORLD) - ដោយបានឈ្នះពានរង្វាន់តន្ត្រីអន្តរជាតិជាច្រើន Vinh Khuat គឺជាតារាចម្រៀងអាណិកជនវៀតណាមម្នាក់ ដែលមានទេពកោសល្យជាមួយនឹងសកម្មភាពសិល្បៈលេចធ្លោ។ បុរសអាណិកនវៀតណាមនៅអាល្លឺម៉ង់រូបនេះ តែងតែប្រាថ្នាចង់នាំតន្ត្រីជនជាតិវៀតណាម ទៅកាន់ពិភពលោក។

Vinh Khuat៖ អ្នកចម្រៀងអាណិកជនវៀតណាមមានទេពកោសល្យ - ảnh 1តារាចម្រៀង Vinh Khuat  (រូបថត៖ Ngoc Anh)

Khuat Duy Vinh (កើតថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៩០) ដែលត្រូវបានស្គាល់ដោយឈ្មោះឆាកគឺ Vinh Khuat  ជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាផលិតតន្ត្រីជនជាតិអាល្លឺម៉ង់ដើមកំណើតវៀតណាម។ ក្នុងវ័យកុមារភាព យុវជន Khuat Duy Vinh បានដើរតាមគ្រួសារទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីតាំងទីលំនៅ និងរស់នៅ។ តារាចម្រៀង Vinh Khuat បានរំឮកឡើងវិញថា៖ “ខ្ញុំមានស្រុកកំណើតនៅហាណូយ។ នៅអាយុ ១៨ ខែ ខ្ញុំបានតាមម្តាយទៅរស់នៅប្រទេសអាល្លឺម៉ង់។  ខ្ញុំធំដឹងក្តីនៅប្រទេសអាល្លឺម៉ង់។ ជីតារបស់ខ្ញុំគឺជាតន្ត្រីករ  ម្តាយរបស់ខ្ញុំ មីង និងពូគឺជាតន្ត្រីករដែរ ហើយខ្ញុំក៏បន្តប្រដេញតាមអាជីពផងដែរ។ កាលនៅក្មេង ខ្ញុំលេងព្យាណូដំបូង បន្ទាប់មកចេះច្រៀង។ ខ្ញុំចង់និពន្ធបទចម្រៀង ព្រោះចង់ដើរតាមផ្លូវជីវិតផ្ទាល់របស់ខ្លួន។ ប្រសិនបើខ្ញុំគ្រាន់តែច្រៀងចម្រៀងរបស់អ្នកនិពន្ធដ៏ទៃ ខ្ញុំនឹងពឹងផ្អែកលើអ្នកដ៏ទៃប៉ុណ្ណោះ ហើយខ្ញុំមិនអាចនិយាយរឿងផ្ទាល់ខ្លួនរបស់ខ្ញុំបានទេ។ ដូច្នេះ ខ្ញុំតែងតែមានគំនិតថា ត្រូវចេះតែងតន្ត្រី”

ពេលធំឡើង លោក Khuat Duy Vinh បានសិក្សានៅវិទ្យាស្ថានតន្រ្តី Hannover (ប្រទេសអាល្លឺម៉ង់) ហើយបានបញ្ចប់ការសិក្សាដោយជំនាញពីរផ្នែកខាងការច្រៀង និងការតែងនិពន្ធចង្វាក់ jazz។ នៅពេលលោកមានអាយុ ១៥ឆ្នាំ Khuat Duy Vinh បានចូលរួមក្នុងការប្រឡងសំឡេងមាសដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ (នៅឆ្នាំ ២០០៥) ហើយបានឈ្នះពានរង្វាន់ចំនួនពីរគឺ “បេក្ខជនដែលគួរអោយចាប់អារម្មណ៍បំផុត" និង "ទេពកោសល្យវ័យក្មេង”។ នៅអាយុ ១៨ ឆ្នាំ លោកបានឈ្នះរង្វាន់ទីមួយក្នុងការប្រឡងពានរង្វាន់ Made in Schauburg ដែលធ្វើឡើងរៀងរាល់ ៣ ឆ្នាំម្តងនៅប្រទេសអាល្លឺម៉ង់ (នៅឆ្នំា ២០០៨)។ ក្នុងឆ្នាំ ២០១១ យុវជន Vinh Khuat បានចូលរួមក្នុងការប្រឡងអន្តរជាតិនៅប្រទេសអូទ្រីសជាមួយក្រុម អំពីប្រភេទតន្ត្រី Acappella (ជាការច្រៀងដោយគ្មានភ្លេង) ហើយបន្តឈ្នះរង្វាន់លេខមួយ។ ក្នុងឆ្នាំ ២០១២ លោកបានចូលរួមក្នុងការប្រឡងចម្រៀង Hannover Songcontes ដែលនិពន្ធនិងសម្តែងដោយខ្លួនឯង តារាចម្រៀង Vinh Khuat បានឈ្នះរង្វាន់ ចំនួនពីរសម្រាប់គណៈវិនិច័្ឆយ និងការបោះឆ្នោតរបស់ទស្សនិកជន រួមជាមួយនឹងរង្វាន់ប្រព័ន្ធផ្សព្វផ្សាយបន្ថែមសម្រាប់បុគ្គលដែលមានប្រជាប្រិយបំផុត។ នៅឆ្នាំនោះផងដែរ លោកបានបន្តចូលរួមក្នុងការប្រកួត Boss Loop Station Word Championship សម្រាប់ប្រទេសចំនួនបីគឺ អាល្លឺម៉ង់ អូទ្រីស និងស្វីស ហើយបានឈ្នះរង្វាន់លេខមួយដែរ។ ក្នុងឆ្នាំ ២០១៣ លោកបានចូលរួមក្នុងការប្រកួតប្រជែងតន្ត្រី New Ware នៅប្រទេសឡាតវី បានទទួលរង្វាន់លេខបី និងបានបង្ហាញខ្លួននៅលើតែមរាប្រៃសណីយ៍របស់ប្រទេសនេះ។ New Ware គឺជាការប្រកួតប្រជែងដែលធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាច្រើនឆ្នាំដើម្បីស្វែងរកគំរូវ័យក្មេងតំណាងឱ្យតន្ត្រី Pop សហសម័យ។

Vinh Khuat៖ អ្នកចម្រៀងអាណិកជនវៀតណាមមានទេពកោសល្យ - ảnh 2តារាចម្រៀង Vinh Khuat ច្រៀងក្នុងមហោស្រព "We are One" នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង (រូបថត៖ Ngoc Anh)
ថ្មីៗនេះ ក្នុងខែមិថុនា ឆ្នាំ ២០២៤ តារាចម្រៀង Vinh Khuat មានកិត្តិយសដែលទទួលបានការអញ្ជើញទៅសម្តែងក្នុងពិធីបុណ្យ "We Are One" នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសខួបលើកទី ៣២ នៃការបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម - កូរ៉េខាងត្បូង (២២ ធ្នូ ១៩៩២-២២ ធ្នូ ២០២៤)។ នៅឯមហោស្រព ការសម្តែងរបស់សិល្បករ វៀតណាម និងកូរ៉េខាងត្បូង ក្នុងនោះមានតារាចម្រៀង Vinh Khuat ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ លោក Ho Dinh Viet ភ្ញៀវទេសចរមកពីវៀតណាមទៅកាន់កូរ៉េខាងត្បូងទស្សនាពិធីបុណ្យ "We Are One" បានសម្តែងចំណាប់អារម្មណ៍ថា៖ “ខ្ញុំមើលឃើញថា មជ្ឈដ្ឋានយុវវ័យស្រឡាញ់អ្នកចម្រៀង Vinh Khuat ខ្លាំងណាស់។ នេះជាអ្នកចម្រៀងពហុជំនាញ។ លោកបានបន្សល់ទុកនូវចំណាប់អារម្មណ៍សម្រាប់ទស្សនិកជនក្នុងអំឡុងពេលសម្តែងតន្ត្រី”

ទោះបីជារស់នៅនិងធ្វើការនៅប្រទេសអាល្លឺម៉ង់ក៏ដោយ ក៏លោក Vinh Khuat តែងតែយកចិត្តទុកដាក់និងតាមដានសកម្មភាពតន្ត្រីនៅប្រទេស វៀតណាម។ លោកបានវិលត្រឡប់ទៅប្រទេសវៀតណាមលើកដំបូងក្នុងឆ្នាំ ២០០១, ២០០២ ហើយរហូតដល់ឆ្នាំ ២០១៩ ទើបលោកបានវិលត្រឡប់មកវិញម្តងទៀត។ ពោលគឺ នៅដើមឆ្នាំ ២០១៩ តារាចម្រៀង Vinh Khuat ត្រូវបានអញ្ជើញវិលត្រឡប់មកវៀតណាមវិញ ដើម្បីសម្តែងក្នុងកម្មវិធី “បុណ្យតេតឆ្នាំកុរឯកស័ក”។  នៅខែតុលា ឆ្នាំ ២០១៩ តារាចម្រៀង Vinh Khuat បានវិលត្រឡប់មកប្រទេសវៀតណាមម្តងទៀត ដើម្បីចូលរួមក្នុងពិធីបុណ្យ Monsoon Music Festival ២០១៩ ជាមួយនឹងតារាចម្រៀងទាំងជាតិនិងអន្តរជាតិ។ លើសពីនេះ លោកក៏បានចូលរួមកម្មវិធីឆ្នាំថ្មី “របាំពន្លឺ - Countdown ២០២០” នៅទីក្រុងហាណូយផងដែរ។

Vinh Khuat ចូលចិត្តលេងភ្លេងតាមម៉ូដែល "one man band" លោកតែឯង ចេះលេងព្យាណូ saxophone ប្រើឧបករណ៍ភ្លេងបុរាណ ច្រៀង និងរ៉េបពេលសម្តែងបទចម្រៀងដែលនិពន្ធដោយខ្លួនឯង។ បទចម្រៀងត្រូវបានលោកនិពន្ធជាភាសាអង់គ្លេស ភាសាអាល្លឺម៉ង់ និងបកប្រែជាភាសាវៀតណាម។ ចម្រៀងនេះច្រើនតែលាយឡំគ្នារវាងចង្វាក់ Jazz, Rock, Reggae និងតន្ត្រីប្រពៃណីវៀតណាម។ បទចម្រៀង៖ "នៅទីនេះ", "យូរពេក", "ចាកចេញពីបងម្នាក់នោះទៅ" ... បាននាំឈ្មោះរបស់ Vinh Khuat ទៅជាមួយសាធារណៈជនយ៉ាងទូលំទូលាយ។

“ខ្ញុំមិនត្រឹមតែចេះនិពន្ធបទភ្លេងប៉ុណ្ណោះទេ ប៉ុន្តែក៏ចេះរៀបចំភ្លេងឲ្យក្រុមផងដែរ។ ខ្ញុំបានហាត់ជាមួយឧបករណ៍ភ្លេង និងបច្ចេកទេសជាមូលដ្ឋាន ព្រោះការសម្តែងឧបករណ៍ភ្លេងប្រៀបដូចជាភាសាដាច់ដោយឡែក ក្នុងតន្ត្រីអញ្ជឹង។ ឧបករណ៍នីមួយៗទាមទារចំណេះដឹងតិចតួចដើម្បីយល់ពីវា ទើបប្រើវាល្អក្នុងការសម្តែង”

តារាចម្រៀង Vinh Khuat មិនលាក់បាំងក្តីស្រមៃរបស់ខ្លួនក្នុងការតែងនិពន្ធបទភ្លេងបស្ចិមប្រទេសឲ្យកាន់តែប៉ិនប្រសប់ រួមផ្សំជាមួយឧបករណ៍ភ្លេងប្រពៃណីវៀតណាម រួមចំណែកផ្សព្វផ្សាយតន្ត្រីវៀតណាមទៅកាន់ពិភពលោក។ ព្រោះបើតាមលោក ការប្រើឧបករណ៍ភ្លេងបុរាណប្រៀបដូចជាការណែនាំស្រុកកំណើតដល់មិត្តភ័ក្តិអន្តរជាតិអញ្ជឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ