“កសិករវៀតណាមឆ្នើម” លោក Duong Van Tao ប្រឹងប្រែងយ៉ាងអស់ពីចិត្តដើម្បីជនក្រីក្រ

(VOVWORLD) - ធ្លាប់ជាធ្វើការងារស៊ីឈ្នួលគេម្នាក់ក៏ប៉ុន្តែដោយមានការប្ដេជ្ញាចិត្តសិក្សារៀនសូត្រគំរូល្អៗដើម្បីរួចផុតពីភាពក្រីក្រនោះ បានជួយឲ្យលោក Duong Van Tao នៅភូមិ Chom Chuoi ឃុំ Phuoc Hung ស្រុក Tra Cu ខេត្ត Tra Vinh ទទួលបានកិត្តិនាម “កសិករវៀតណាមឆ្នើម” ដែលបានប្រគល់ជូនដោយ មជ្ឈឹមសមាគមន៍កសិករវៀតណាម។ ពីភាពជោគជ័យរបស់ខ្លួន លោក មិនស្ទាក់ស្ទើរក្នុងការចែករំលែកបទពិសោធន៍ដើម្បីជួយឲ្យប្រជាជនប្រចាំតំបន់រាប់សិបគ្រួសារមានការងារធ្វើប្រកបដោយស្ថិរភាពហើយរួចផុតពីភាពក្រីក្រ ប្រកបដោយចីរភាព។
“កសិករវៀតណាមឆ្នើម” លោក Duong Van Tao ប្រឹងប្រែងយ៉ាងអស់ពីចិត្តដើម្បីជនក្រីក្រ - ảnh 1លោក Duong Van Tao។ (រូបថត៖ VOV) 

មុននេះ គ្រួសារលោក Duong Van Tao ក៏ដូចនឹងគ្រួសារដទៃទៀត ដែរ ដោយត្រូវតែឆ្លងកាត់រយៈពេលដ៏លំបាកលំបិនធ្វើការងារគ្រប់បែបយ៉ាងសម្រាប់ជីវភាពប្រចាំថ្ងៃ។ លោកបានចែករំលែកថា មុននេះ គ្រួសារលោកត្រឹមតែ ពឹងផ្អែកលើដំណាំស្រូវតែមួយមុខប៉ុណ្ណោះ ហេតុដូច្នេះមិនអាចរួចផុតពីភាពក្រីក្រ បានឡើយ។ ពីនោះ លោកបានសម្រេចចិត្តឆ្លៀតយកអនុផល ចំបើងនិង ជញ្ជ្រាំងសម្រាប់ចិញ្ចឹមសត្វ ដាំផ្សិតចំបើងបន្ថែមទៀត ហើយទៅយកផលិតផលទៅបោះឲ្យម៉ូយនៅទីក្រុងហូជីមិញផ្ទាល់ទៀត។ លោក Tao បានរៀបរាប់ថា៖

“មុននេះ ខ្ញុំត្រឹមតែប្រកបរបរស៊ីឈ្នួលគេតែប៉ុណ្ណោះ។ ក្រោយមកទើប ចិញ្ចឹមមាន់ ទា ហើយយកទៅលក់នៅទីក្រុង ហេតុដូច្នេះខ្ញុំមានឱកាស ជួបជាមួយបងប្អូនជាច្រើនដោយ សិក្សាគេពីរបៀបធ្វើសេដ្ឋកិច្ច។ ខ្ញុំជ្រើស រើសគំរូណាដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើនបំផុតដើម្បីយកធ្វើតម្រាប់តាម ហើយពង្រីកបន្ថែមជាបណ្ដើរៗ។ មុននេះ ខ្ញុំមិនចេះដាំផ្សិតចំបើងនោះទេ ប៉ុន្តែក្រោយមក ខ្ញុំរៀនបានបច្ចេកទេសល្អៗសម្រាប់ធ្វើផលិតកម្ម”។

ជោគជ័យដើមដំបូងរបស់លោក Duong Van Tao គឺមកពីរបរដាំផ្សិត ចំបើងនេះ។ មានពេលខ្លះដែលទិន្នផលផ្សិតចំបើងឡើងដល់ទៅ១តោន ក្នុងមួយថ្ងៃ។ក្រៅពីនោះ ដើម្បីឆ្លៀតយកអស់ពីអនុផលនៃដំណាំស្រូវ លោក បានចិញ្ចឹមគោនិងដាំដូងបន្ថែមទៀត។ រាល់គំរូទាំងនេះសុទ្ធតែផ្ដល់នូវប្រាក់ ចំណេញបានល្អ។ នាគ្រានោះ ចម្ការដូងនាំមកនូវប្រាក់ចំណូលចំនួន២៥លាន ដុងក្នុងមួយឆ្នាំ ហ្វូងគោនាំមកនូវប្រាក់ចំណូល១៥០លានដុង ហើយផ្សិត ចំបើងផ្ដល់នូវប្រាក់ចំណេញ៣២លានដុងផងដែរ។

ពីជោគជ័យដំបូងនេះ លោកសន្សំបានដើមទុនបន្តិចម្ដងៗ ហើយទិញ ដីធ្លីបន្ថែមសម្រាប់ពង្រីកផលិតកម្ម។ នៅពេលដែលជីវភាពរស់នៅរបស់ គ្រួសារមានស្ថិរភាពហើយ លោកបានបន្តវិនិយោគលើវិស័យសម្ភារៈ សំណង់និងគ្រឿងសង្ហារឹមទៀត។ អាជីវកម្មនេះបាននាំមកនូវប្រាក់ចំណូល ចន្លោះ ១ដល់១,៣ពាន់លានដុងក្នុងមួយឆ្នាំ។ រៀបរាប់ពីលោក Duong Van Tao លោក Kim Giang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phuoc Hung បានឲ្យដឹងថា៖

“លោក Tao ជាមនុស្សឧស្សាហ៍ព្យាយាម ហើយតែងតែសិក្សាបទ ពិសោធន៍ពីអ្នកដទៃ។ នាបច្ចុប្បន្ន គំរូផលិតកម្ម អាជីវកម្មរបស់លោក កំពុងប្រតិបត្តិប្រកបដោយប្រសិទ្ធភាព។ លោកក៏បានបង្កើតការងារធ្វើ សម្រាប់មនុស្សចំនួន១០នាក់ ហើយជួយប្រជាជនចំនួន៥គ្រួសារឲ្យរួចផុតពី ភាពក្រីក្រផងដែរ”។

“កសិករវៀតណាមឆ្នើម” លោក Duong Van Tao ប្រឹងប្រែងយ៉ាងអស់ពីចិត្តដើម្បីជនក្រីក្រ - ảnh 2លោក Duong Van Tao ចែករំលែកបទពិសោធន៍ក្នុងការធ្វើផលិតកម្ម អាជីវកម្មជាមួយលោក Kim Bet។ (រូបថត៖ VOV) 

គ្រួសារលោក Kim Bet នៅភូមិ Chom Chuoi កាលពីមុននេះគឺគ្រួសារ ក្រីក្រ គ្មានដីផលិតកម្មនោះឡើយ។ លោក Duong Van Tao មិនត្រឹមតែ ជួយឲ្យលោក Bet មានការងារធ្វើប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រាក់កម្ចី សម្រាប់សាងសង់ផ្ទះសម្បែងទៀតផង។ លោក Kim Bet បានឲ្យដឹងថា៖

“គ្រួសារខ្ញុំមិនមានវាលស្រែនោះទេ។ ផ្ទះនេះត្រូវបានរដ្ឋជួយឧបត្ថម្ភ ចំនួន២៥លានដុង ប៉ុន្តែការចំណាយសរុបគឺច្រើនជាងនោះទៅទៀត។ លោក Tao បានឲ្យខ្ញុំខ្ចីទុន ហើយសងរំលស់ជាបណ្ដើរៗ មួយឆ្នាំសង៣ដង ក្នុងចន្លោះពី៥ដល់១០លានដុងម្ដងតាមលទ្ធភាព។ ក្រៅពីនោះ លោកក៏ បានបង្កើតការងារធ្វើប្រចាំថ្ងៃសម្រាប់ខ្ញុំផងដែរ”។

ទោះបីជាមានអាយុចាស់ជរាហើយក៏ដោយ ប៉ុន្តែលោក Duong Van Tao នៅតែឧស្សាហ៍ព្យាយាមរៀនសូត្រគំរូដ៏ល្អៗ។ ហេតុដូច្នេះ ក្នុងរយៈ ពេល៣ឆ្នាំកន្លងមក លោកបានចាប់ផ្ដើមធ្វើផ្ទះចិញ្ចឹមត្រចៀកកាំដោយមាន ទំហំប្រមាណ៤០០ម៉ែត្រការ៉េ។

នាបច្ចុប្បន្ននេះ ដោយការអភិវឌ្ឍគំរូសេដ្ឋកិច្ចចម្រុះបែបនេះ លោក Duong Van Tao បានបង្កើតការងារធ្វើជាប្រចាំនិងតាមរដូវកាលសម្រាប់ ពលករចំនួន១៥នាក់ហើយជួយឲ្យប្រជាពលរដ្ឋចំនួន ១៥គ្រួសាររួចផុតពី ភាពក្រីក្រដោយទទួលបានប្រាក់ចំណូលចន្លោះ៦ដល់៨លានដុងក្នុងមួយខែ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងឆ្នាំនេះគ្រួសារលោកថែមទាំងឲ្យប្រជា ពលរដ្ឋក្រីក្រក្នុងភូមិខ្ចីទុនដោយគ្មានការប្រាក់ចំនួន១៥០លានដុង ហើយ រួមវិភាគទានទឹកប្រាក់ចំនួន១២០លានដុងសម្រាប់មូលនិធិសុខុមាលភាព សង្គមទៀតផង។

ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក លោក Duong Van Tao ទទួលបាន ប័ណ្ណសរសើរជាច្រើនក្នុងចលនា “កសិករប្រឡងប្រណាំងធ្វើផលិតកម្ម អាជីវកម្មពូកែ” ហើយទទួលបានកិត្តិនាម “កសិករ វៀតណាមឆ្នើម” ឆ្នាំ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ